សមត្ថកិច្ចកំពុងបន្តការស៊ើបអង្កេតរកអ្នកជាប់ពាក់ព័ន្ធនៅក្នុងករណីបង្ក្រាបទីតាំងគ្រឿងញៀនមួយកន្លែង ដែលជ្រកក្រោមផ្លាកភោជនីយដ្ឋានហាងតែ បន្ទាប់ពីបានឃាត់ខ្លួនមនុស្ស ៩៣ នាក់។ នេះបើអ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
សារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃសុក្រ បញ្ជាក់ថា អាវុធហត្ថរាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី ៣ ឈានចូលថ្ងៃទី ៤ ខែធ្នូ បានសហការជាមួយមន្រ្តីពាក់ព័ន្ធ ហើយបានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់គ្រឿងញៀនមួយកន្លែងជ្រកក្រោមផ្លាកភោជនីយដ្ឋានហាងតែ ស្ថិតក្នុងព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅក្នុងការបង្ក្រាបនោះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិ ចិន ខ្មែរ និងវៀតណាមចំនួន ៩៣ នាក់ និងរកឃើញថ្នាំញៀនចម្រុះជាង ៤០០ កញ្ចប់ បំពង់ខ្យល់ជាង ១០០ បំពង់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រាប់វីអូអេនៅថ្ងៃសុក្រថា សមត្ថកិច្ចរបស់អគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ និងខាងអន្តោប្រវេសន៍ កំពុងបន្តស៊ើបអង្កេត។
លោកថ្លែងថា៖ «ការងារនេះគឺកំពុងតែយើងធ្វើនីតិវិធីផ្លូវច្បាប់ដើម្បីកំណត់មុខសញ្ញា ឬមួយក៏មានការងារអីផ្សេងៗទៀត ដើម្បីយើងអនុវត្ត»។
វីអូអេមិនអាចសុំការអត្ថាធិប្បាយពីលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញបានទេ។
ចំណែកលោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ បដិសេធការអត្ថាធិប្បាយ ដោយឲ្យវីអូអេទាក់ទងទៅលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប៉ុន្តែលោក អេង ហ៊ី ប្រាប់ឲ្យវីអូអេទាក់ទងទៅអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
វីអូអេក៏ពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដែរ។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ លើកឡើងថា ជាទូទៅក្នុងសង្គមដែលមានការអនុវត្តច្បាប់មានភាពទន់ខ្សោយ គឺតែងតែមានបទល្មើស និងចរាចរណ៍គ្រឿងញៀនពីជនទុច្ចរិត។ លោកថា រដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធគួរបង្កើនការចុះស៊ើបអង្កេតផ្ទាល់លើទីតាំងសង្ស័យផ្សេងទៀត ដើម្បីចូលរួមលុបបំបាត់បទល្មើសគ្រឿងញៀន។
លោកថ្លែងថា៖ «មួយទៀតចំពោះឈ្មួញដែលគាត់បើកកន្លែងប្រើប្រាស់ ឬក៏ជ្រកក្រោមរូបភាពណាមួយក៏គួរតែធ្វើការសិក្សាទៅលើក្រុមដែលពាក់ព័ន្ធទៅលើហ្នឹងទាំងអស់ តើវាមានជាប់ពាក់ព័ន្ធនឹងមន្រ្តីមានសមត្ថកិច្ចណាខ្លះ សិក្សាមើលតើមានមន្រ្តីយើងធ្លាប់ចេញចូលទៅកន្លែងហ្នឹងអត់? បើសិនជាក្នុងករណីមាន គួរតែបើកការស៊ើបអង្កេតបន្តដើម្បីស្វែងរកអំពីមូលហេតុ ហើយកំណត់ឲ្យបាននូវអត្តសញ្ញាណអ្នកដែលពាក់ព័ន្ធទាំងអស់ ដើម្បីយកមកផ្តន្ទាទោស»។
ស្រដៀងគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លើកឡើងថា លោកសោកស្តាយចំពោះវត្តមាននៃចរាចរណ៍គ្រឿងញៀននៅតែបន្តកើតមានឡើង ក្រោមផ្លាកការរកស៊ីផ្សេងៗ។ លោកថា មូលហេតុនៃការបន្តមានការចរាចរគ្រឿងញៀន ដោយសារតែការត្រួតពិនិត្យនៅមានភាពខ្វះចន្លោះ ដែលគួរតែទាមទារឲ្យមានការសហការពីគ្រប់ភាគីពាក់ព័ន្ធ និងការចូលរួមពីសាធារណជនផងដែរ។
កាលពីឆ្នាំ ២០២៣ អាជ្ញាធរកម្ពុជាបានបង្ក្រាបករណីគ្រឿងញៀនប្រមាណ ៧.០០០ករណីកើនឡើងប្រមាណ ១០% ខណៈគ្រឿងញៀន និងសារធាតុញៀនសរុបជិត ៣ តោនត្រូវបានរឹបអូស។ នេះបើតាមលោក មាស វីរិទ្ធ អ្នកនាំពាក្យអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
អតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា កាលពីខែសីហា ឆ្នាំ ២០២៣ ធ្លាប់ជំរុញឲ្យរដ្ឋាភិបាលអាណត្តិទី ៧ ដែលនឹងដឹកនាំដោយលោក ហ៊ុន ម៉ាណែត ផ្តោតការយកចិត្តទុកដាក់បង្ក្រាបបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីឆ្លុះបញ្ចាំងពីសមត្ថភាពរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលលោកចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សង្គមកម្ពុជា។
គួរបញ្ជាក់ថា ក្នុងសេចក្តីព្រាងច្បាប់ស្តីពី «ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤» រដ្ឋាភិបាលអាណត្តិទី ៧ គ្រោងចំណាយថវិកាជាង ១១ លានដុល្លារអាមេរិកសម្រាប់ឆ្នាំ ២០២៤ ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន តាមរយៈគោលនយោបាយ«ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» និងការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌៕
វេទិកាបញ្ចេញមតិ