ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរកម្ពុជា៖ សុំ​អ្នក​សារព័ត៌មាន​ផ្សព្វផ្សាយ​ការ​ដុត​គ្រឿង​ញៀន​បង្ហាញ​លទ្ធផល​អនុវត្ត​ច្បាប់


រូបឯកសារ៖ គំនរគ្រឿងញៀនត្រូវបានដុតបំផ្លាញ ក្នុងទីធ្លាកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)
រូបឯកសារ៖ គំនរគ្រឿងញៀនត្រូវបានដុតបំផ្លាញ ក្នុងទីធ្លាកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ (លាស់ លីបលីប/ វីអូអេ)

កាល​ពី​ថ្ងៃ​អង្គារ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ស្នើ​ឱ្យ​អ្នក​សារ​ព័ត៌មាន​ជាតិ ​និង​អន្តរជាតិ​ ចូល​រួម​ផ្សព្វផ្សាយ​ពី​ការ​ដុត​បំផ្លាញ​គ្រឿង​ញៀន​ និង​សារធាតុ​ពាក់ព័ន្ធ​ ដើម្បីបង្ហាញ​អំពី​លទ្ធផល​នៃ​ប្រតិបត្តិ​ការ​រប​ស់​មន្ត្រី​អនុវត្ត​ច្បាប់។​ អ្នក​តាម​ដាន​សង្គម​នៅ​តែ​ជំរុញ​ឱ្យ​អាជ្ញាធរ​កម្ពុជា​គួរ​តែ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់​លើ​អ្នក​ចែក​ចាយ​ និង​អ្នក​នៅ​ពី​ក្រោយ​នៃចរាចរ​គ្រឿង​ញៀន​ និង​ដាក់​ទោស​ទណ្ឌ​តឹងរ៉ឹង​ឱ្យ​ពួកគេ​រាងចាល ​ដើម្បី​កាត់​បន្ថយ​គ្រឿង​ញៀន​នៅ​កម្ពុជា។​

លិខិត​កាល​ពី​ថ្ងៃ​អង្គារ ​ទី​ ១១ ​ខែ​មិថុនា ​ឆ្នាំ​ ២០២៤​ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ដែល​ជា​ប្រធាន​គណៈ​កម្មការ​ទទួល​បន្ទុក​ផ្សព្វផ្សាយ​អប់រំ​ សំណើ​សុំ​ជួយ​សម្រប​សម្រួល​ និង​អញ្ជើញ​អ្នក​សារ​ព័ត៌មាន​ជាតិ-អន្តរជាតិ​ ចូល​រួម​ជា​សក្ខីភាព​ ក្នុង​ការ​ផ្តិត​យក​រូបភាព​ និង​សកម្ម​ភាព​នានា​នៃ​ការ​ដុត​បំផ្លាញ​គ្រឿង​ញៀន​និង​សារធាតុ​ពាក់ព័ន្ធ ​តាម​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន ម៉ាណែត​ កាលពី​ថ្ងៃ​ទី​ ២១ ​ខែ​ឧសភា ​ឆ្នាំ ​២០២៤។​

លោក​ មាស វិរិទ្ធ​ អគ្គ​លេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហា​ផ្ទៃ​ បដិសេធ​ មិនអត្ថាធិប្បាយ​ ដោយ​លោក​ឱ្យ​អ្នក​សារ​ព័ត៌មាន​ទាំង​អស់​ចូល​រួម​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី ១៤​ ខាង​មុខ​នេះ​ ដែល​មានការ​រៀបចំ​ការ​ដុត​បំផ្លាញ​គ្រឿង​ញៀន​ មុន​ខួប​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន។​

កាល​ពី​កន្លងទៅ លោក​ធ្លាប់​ប្រាប់​វីអូអេ​ថា​ របាយ​ការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ​បាន​បង្ហាញ​ថា​ នៅ​លើ​ពិភព​លោក​មិន​មាន​សញ្ញា​ថមថយ​នៃ​បទ​ល្មើស​គ្រឿង​ញៀន​ទេ ​ប៉ុន្តែ​លោក​ថា ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​កម្ពុជា​មាន​ភាព​ថមថយ​បន្តិច​ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេង​ទៀត។​

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នឹង​រៀបចំ​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ នៅ​ថ្ងៃ​ទី​ ២២ ​ខែ​មិថុនា​ ឆ្នាំ​ ២០២៤ ​ហើយ​អាជ្ញាធរ​ជាតិ​នឹង​រៀបចំ​ពិធី​ដុត​បំផ្លាញ​គ្រឿង​ញៀន​ និង​ សារធាតុ​ពាក់ព័ន្ធ​នៅ​ថ្ងៃ​ទី ​១៤ ​ខែ​មិថុនា ​ឆ្នាំ​២ ០២៤ ​វេលា​ម៉ោង​១០​ព្រឹក​ នៅ​ទីតាំង​ ភូមិ​សំរោង ​សង្កាត់​សំរោង​ត្បូង ​ខណ្ឌ​ព្រែកព្នៅ ​រាជធានី​ភ្នំពេញ​ ដើម្បី​អបអរ​សាទរ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ថ្ងៃ​ទី ២៦ ​ខែ​មិថុនា ​ឆ្នាំ​ ២០២៤ ​ខាង​មុខ។​ ហេតុ​ដូច្នេះ​ហើយ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​សូម​ស្នើ​រដ្ឋមន្ត្រី​ជួយ​សម្រប​សម្រួល ​អញ្ជើញ​អ្នក​សារ​ព័ត៌មាន​ចូល​រួម ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​អំពី​លទ្ធផល​នៃ​ប្រតិបត្តិ​ការ​របស់​មន្ត្រី​អនុវត្ត​ច្បាប់។ ​នេះ​បើ​តាម​សំណើ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។​

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព ​លោក​ យង់ គិមអេង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ដុត​កម្ទេច​ចោល​គ្រឿង​ញៀន​គឺ​ជា​រឿង​មួយ​ដែល​សំខាន់ ​ដើម្បី​កុំ​ឱ្យ​ជន​ឆ្លៀត​ឱកាស​អាច​ចែកចាយ​គ្រឿង​ញៀន​ទាំង​អស់​នោះ​ទៅ​ក្នុង​សហគមន៍​បន្ត​ទៀត។​

ទោះជា​យ៉ាង​ណា​ លោក​ថា​ ដើម្បី​កាត់​បន្ថយ​គ្រឿង​ញៀន​ អាជ្ញាធរ​កម្ពុជា​គួរ​តែ​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់ចត់​លើ​អ្នក​ចែក​ចាយ​ និង​អ្នក​នៅ​ពី​ក្រោយ​នៃ​ការ​ចរាចរ​គ្រឿង​ញៀន​ ព្រម​ទាំង​ដាក់​ទោស​ទណ្ឌ​ឱ្យ​តឹងរ៉ឹង​ដើម្បី​ឱ្យ​ពួកគេ​រាង​ចាល។​

លោកថា៖​ «បើ​សិន​ជា​ការ​បង្ក្រាប​បាន​តិច​តួច​ទេ ​មិន​បាន​ជា​អតិបរមា​បង្ក្រាប​ឱ្យ​បាន​ច្រើន​ទេ ​ដើម្បី​កាត់​បន្ថយ​គ្រឿង​ញៀន​ឱ្យ​នៅ​កម្រិត​អប្បបរមា​មែន​ទែន​ទេ ​នោះ​បញ្ហា​គ្រឿង​ញៀន​នៅ​តែ​ជា​បញ្ហា​វិលវល់​នៅ​ក្នុង​សង្គម​យើង​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​យុវជន ​ប្រជា​ពលរដ្ឋ​ ទៅ​ដល់​សន្តិសុខ​សហគមន៍​ជា​ច្រើន»។​

លោក​បន្ត​ថា៖​ «ជា​មួយ​គ្នា​នោះ​ អាច​ស៊ើប​អង្កេត​ផង​ដែរ ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ អ្នក​ដែល​ធ្វើ​ជា​ខ្នង​បង្អែក​ឱ្យ​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន​ហ្នឹង​ ត្រូវ​តែ​ចាត់​វិធាន​ការ​កុំ​ឱ្យ​មាន​ការ​លើក​លែង ​ហើយ​ដាក់​ទោស​ទណ្ឌ​ឱ្យ​បាន​ធ្ងន់ធ្ងរ​ទៅ​តាម​ច្បាប់​កំណត់​ គឺ​អាច​កាត់​បន្ថយ​បញ្ហា​នេះ​បាន​ដែរ»។​

កាល​ពី​ឆ្នាំ​ ២០២៣​ អាជ្ញាធរ​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ជាង ​៨.០០០​ករណី​ ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ប្រមាណ ​២ ​ម៉ឺន​នាក់ ​ដែល​មាន​គ្រឿង​ញៀន​សរុប​ជិត ​៣ ​តោន ​និង​រឹប​អូស​សារធាតុ​គីមី​ផ្សំ​បាន​ចំនួន​ប្រមាណ ​១​តោន​កន្លះ ​និង​ដក​ហូត​មធ្យោបាយ​ និង​សម្ភារៈ​ ដែល​ជា​វត្ថុតាង​មួយ​ចំនួន​ទៀត។​ នេះ​បើ​តាម​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​លោក ​នេត សាវឿន ​ដែល​បាន​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំ​ឆ្នាំ​ ២០២៣ ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ កាល​ពី​ថ្ងៃ​ទី​ ២០ ​ខែ​កុម្ភៈ​ ឆ្នាំ ​២០២៤។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី​ ១៣ ​ខែ​ឧសភា ​ឆ្នាំ​ ២០២៤ ​ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ចេញ​សេចក្តី​អំពាវ​នាវ​ ដាក់​ឲ្យ​ដំណើរ​ការ​កម្មវិធី​ទូរសព្ទ​ដៃ ​NoDrug ​ដែល​មានគោល​បំណង​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ដែល​ចង់​រាយ​ការណ៍​អំពី​ករណី​ប្រើ​ប្រាស់​គ្រឿង​ញៀន ​ការ​ជួញ​ដូរ ​និង​ករណី​ផ្សេងៗ​ទៀត ​ដែល​ទាក់​ទង​នឹង​បញ្ហា​គ្រឿង​ញៀន​ ប្រសិន​បើ​ពួក​គេ​ជួប​ប្រទះ​ហេតុ​ការណ៍​សង្ស័យ​មាន​អ្នក​ប្រើ​ប្រាស់​ ឬជួញ​ដូរ​គ្រឿង​ញៀន។ ​

ពលរដ្ឋ​ក៏​អាច​រាយ​ការណ៍​ពី​បទ​ល្មើស​នោះ​ដោយ​សម្ងាត់​ តាម​រយៈ​កម្មវិធី ​NoDrug ​ដោយ​គ្រាន់​តែ​ផ្ញើ​សារ​ជា​អក្សរ​ សំឡេង ​វីដេអូ ​រួម​ជា​មួយ​ទីតាំង​កើត​ហេតុ។​ រដ្ឋាភិបាល​ក៏​បាន​ចេញ​បទ​បញ្ជា​ឱ្យ​ពិនិត្យ​រក​សារធាតុ​ញៀន​ក្នុង​ចំណោម​មន្ត្រី​រាជការ​ស៊ីវិល​ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG