ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតាមដាន​មាន​មតិ​ចម្រុះ​ជុំវិញ​ជំនួប​របស់​លោក ហ៊ុន ម៉ាណែត ជាមួយ​កម្មករ


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថតរូបនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដែរ នៅជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ថតរូបនៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដែរ នៅជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។

ក្រោយ​ការ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្រ្តី​ជិត​៣​ខែ លោក ហ៊ុន ម៉ាណែត បាន​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ប្រមាណ២០​ម៉ឺន​នាក់​ដែល​សរុប​មក​មាន​ចំនួន​១០​លើក ហើយ​លោក​បាន​ចាត់​ទុក​ការ​ជួប​សំណេះ​សំណាល​នេះ​ ជា​របៀប​វារៈ​នយោបាយអាទិភាព​មួយ​របស់​លោក។ លោក ហ៊ុន ម៉ាណែត ថ្លែង​បែប​នេះ​នៅ​ក្នុង​ជំនួប​លើក​ទី​១០​រវាង​លោក និង​កម្មករ​កម្មាការិនី ក្នុង​ខណ្ឌ​កំពូល រាជធានី​ភ្នំពេញ កាល​ព្រឹកថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

លោក​នាយក​រដ្ឋមន្ត្រី​ថ្លែង​ថា៖ «ឃើញ​អ្នក​ខ្លះ​ថា ​រដ្ឋា​ភិបាល​ថ្មី​បង្កើត​មក​ដេក​រហូត​តាំង​ពី​៣​ខែ​នេះ ខ្ញុំ​ថា​រឿង​មើល​ដេក​នេះ​វា​មាន​ពីរ រដ្ឋា​ភិបាល​ដេក​មែន ឬ​មួយ​អ្នក​និយាយ​ហ្នឹង​ដេក​បាន​អត់​ឃើញ​គេ​ធ្វើ ខ្ញុំ​សង្ស័យ​អ្នក​ដែល​ថា​គេ​គឺ​ដេក​ហើយ​។ ជួប​កម្ម​ករ​ កម្មាការិនី​ជិត​២០​ម៉ឺន​នាក់​មិន​មែន​ជួប​ក្នុង​សុបិន​ទេ ជួប​មែន​ទែន​ណា។ បង​ប្អូន​មក​ជួប​ខ្ញុំ​ថ្ងៃ​នេះ​ងើប​តាំង​ពី​ម៉ោង​១ ខ្លះ​អត់​គេង​ផង​មាន​ទេ​អ្នក​គេង មាន​ន័យ​ថា​ ងើប​តាំង​ពី​ម្សិល។ ជា​ការ​ពិត​មិន​មែន​ក្នុង​ស្រមៃ​ទេ អ៊ីចឹង​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​មិន​ឈប់​ឈរ​ទេ​ ហើយ​មិន​មែន​ត្រឹម​៩០​ថ្ងៃ​នេះ​មិន​ឈប់​ឈរ​ទេ ៥​ឆ្នាំ​នេះ ​គឺ​ហ្នឹង​មិន​ឈប់​ឈរ​និង​បង្កើត​សន្ទុះ»។

រូបឯកសារ៖ កម្មករ កម្មការិនីស្តាប់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងពិធី​ជួប​សំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដែរ នៅជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ កម្មករ កម្មការិនីស្តាប់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅក្នុងពិធី​ជួប​សំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដែរ នៅជាយក្រុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣។

ទោះ​ជា​យ៉ាង​ណា អ្នក​តាម​ដាន​មាន​មតិ​ចម្រុះ​ជុំវិញជំនួប​សំណេះ​សំណាល​របស់​នាយក​រដ្ឋមន្ត្រី​ជាមួយ​កម្មករ។

លោក អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត​ដែល​ជា​អង្គ​ការ​ស្រាវ​ជ្រាវ​គោល​នយោបាយ​មើល​ឃើញ​ថា​ ការ​ជួប​កម្មករ​ជា​រឿង​ល្អ ដែល​លោក​ថា​ វា​ជា​កិច្ច​ការងារ​របស់​អ្នក​នយោបាយ​នៅ​ក្នុង​ការ​ចុះ​សួរ​សុខ​ទុក្ខ ដើម្បី​ដឹង​ពី​បញ្ហា​របស់​ប្រជាពល​រដ្ឋ។ ប៉ុន្តែ​លោក​យល់​ថា​ ការ​ជួប​កម្មករ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ទម្រង់​ជា​ការ​សន្ទនា​រវាង​នាយក​រដ្ឋមន្ត្រី និង​កម្មករ ដើម្បី​ឱ្យ​ពួកគេ​មាន​ឱកាស​លើក​ឡើង​អំពី​បញ្ហា​ប្រឈម។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​ជា​បទ​ពិ​សោធ​ន៍​មក តាម​ខ្ញុំ​សង្កេត​មក​ ការ​ជួប​ទាំង​ឡាយ​ជា​រឿង​ល្អ​ ប៉ុន្តែ​នៅ​តែ​ជា One way ផ្លូវ​តែ​មួយ បាន​ន័យ​ថា អ្នក​ន​យោ​បាយ​ទៅ​ដល់​ចង្អុល ទៅ​ដល់​និយាយ​ ទៅ​ដល់​ប្រាប់ ទៅ​ដល់​បង្រៀន។ ខ្ញុំមើល​ទៅ​ប្រជា​ពល​រដ្ឋ​ខ្មែរ​យើង​អត់​ត្រូវ​កា​រគេ​បង្រៀន​ ឬ​មួយ​ទូន្មា​ន​ច្រើន​ទាំង​ស្រុង​នោះ​ទេ​គឺ​ត្រូវ​ការ​អ្នក​ន​យោ​បាយ​យក​ចិត្ត​ទុក​ដាក់ និង​ស្តាប់​ពួ​កគាត់​ផង។ ហើយ​ការ​ដែល​ជួប​ជា​មួយ​សហ​ជីព ដែល​ជាអ្នក​តំ​ណា​ង​កម្ម​ករ​ ដែល​ឯករាជ្យ​ជា​រឿង​មួយ​ដែ​ល​ល្អ​បំផុត»។

អ្នក​វិភាគ​រូប​នោះ​ចោទ​ជា​សំណួរ​ថា តើ​គណ​បក្ស​ផ្សេង​ទៀត​មាន​ឱកាស​ដូច​គ្នា ដើម្បី​ជួប​កម្មករ​ ឬយ៉ាង​ណា។

លោក​បញ្ជាក់ថា៖ «​អ្វី​ដែល​ជា​បញ្ហា​នោះ ​គឺ​ដូច​ខ្ញុំនិយា​យ​អ៊ីចឹង​ដូច​ការ​ជួប​ដើម្បី​ទាក់​ទាញ​ផលប្រ​យោ​ជន៍ ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ ទាក់​ទាញ​ប្រជាប្រិយភាព​គឺ​ជា​រឿង​ល្អ​បំផុត​សម្រាប់​អ្នក​នយោបាយ។ អ្វី​ដែល​យើង​ចង់​បាន​គឺ​ផ្តល់​ឱកាស​ឱ្យ​គណ​បក្ស​ន​យោបា​យ​ ឬ​មួយ​អ្នក​នយោ​បាយ​ដ​ទៃ គាត់​មាន​ឱកា​ស​ដូច​គ្នា។ គាត់​អាច​ធ្វើ​បា​ន​ដោយ​សេរី​ដូច​គ្នា អា​ហ្នឹង ​គឺ​ជា​រឿង​មួយ​ល្អ​ក្នុង​រប​ប​ប្រជា​ធិប​តេ​យ្យ»។

អ្នក​តាម​ដាន​មើល​ឃើញ​ថា​ ការ​ជួប​កម្មករ​របស់​លោក ហ៊ុន ម៉ាណែត គឺ​ដូច​នឹង​អតីត​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន ដែល​បាន​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ជា​បន្ត​បន្ទាប់ ពោល​គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ ដែល​កាល​នោះ​គណ​បក្ស​ជំទាស់ គឺ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​បាន​កើន​សំឡេង​គាំទ្រ​ពី​ប្រជាពលរដ្ឋ។ ការ​ជួប​នេះ​ត្រូ​វបាន​អ្នក​តាម​ដាន​មើល​ឃើញ​ថា​ដើម្បី​ទាក់​ទាញ​ការ​គាំទ្រ​ពី​ក្រុម​កម្មករ។

អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈ​មណ្ឌ​ល​សម្ព័ន្ធ​ភាព​ការ​ងារ និង​សិទ្ធិ​មនុស្ស​រប​ស់​អង្គការ​សង់​ត្រាល់ថ្លែង​ថា​ ការ​ជួប​ជាមួយ​កម្មករ​ ជា​របៀប​វារៈ​នយោ​បាយ​មួយ​របស់​លោក​ ហ៊ុន ម៉ាណែត ខណៈ​ថា​សារ​នយោបាយ​សំខាន់​របស់​លោក​គឺ​ផ្តោ​ត​ទៅ​លើ​សុខមាលភាព​និង​កិច្ច​គាំពារ​សង្គម​សម្រាប់​កម្មករ។ ប៉ុន្តែ​លោក​ថា​ កម្មករ​ទាំង​នោះ​មិន​យល់​ច្បាស់​ពី​សារ​នយោ​បាយ​រប​ស់​នា​យក​រដ្ឋម​ន្ត្រី​ឡើយ។

បើ​តាម​លោក ឃុន ថារ៉ូ​ ថ្វី​ត្បិត​តែ​មាន​ការ​ជួប​ជាមួយ​កម្មករ​ ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​អ្វី​ឡើយ​សម្រាប់​ពួក​គេ​ជា​ពិសេស​ពាក់ព័​ន្ធ​នឹង​បញ្ហាបំណុល ទំនិញ​ឡើង​ថ្លៃ​ ការ​រំលោភ​សិទ្ធិ​ការ​ងារ​ ព្រម​ទាំង​ប្រាក់​ខែ​មិន​សមរម្យ។

លោក​បញ្ជាក់​ថា៖ «បញ្ហា​ប្រឈម​នោះ​គឺ​ថា​ទាក់​ទង​ទៅ​នឹងប​ញ្ហា​បំណុល​វ័ណ្ឌ​ករ​របស់​កម្មករ​ និ​យោ​ជិត​ បញ្ហា​ប្រាក់​ឈ្នួ​ល​មិន​ទាន់​ជា​ប្រាក់​ឈ្នួល​សមរម្យ​នៅ​ឡើយ​ ហើយ​តម្លៃ​ទំនិញ​ឱនភាព​ ទំនិញ​នៅ​លើ​ទីផ្សារ​យើង​មានការ​ខ្ពស់​ជាង​គេ បើ​ប្រៀប​ធៀ​ប​ទៅ​នឹង​បណ្តា​ប្រទេស​ជិត​ខាង​ដូច​ជា​ប្រទេស​វៀត​ណាម​និងថៃ​ជា​ដើម។ អ៊ីចឹង​បញ្ហា​ទាំង​អស់​នោះ​គឺ​ជា​វិបត្តិ​មួយ​ដែល​ធ្វើ​ឱ្យ​ជះ​ឥទ្ធិ​ពល​ធ្ងន់​ធ្ងរ​ទៅដល់​ជីវភាពរស់​នៅ​របស់​កម្មករ​និយោ​ជិត»។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ លោក ​ប៉ាវ ស៊ីណា យល់​ថា ការ​ដែល​មាន​ជំនួប​រវាង​ថ្នាក់​ដឹក​នាំ និង​កម្មករ​និយោជិត​ជា​រឿង​ដែល​ល្អ ដើម្បី​សួរ​នាំ​សុខ​ទុក្ខ​របស់​បង​ប្អួន​កម្មករ​កម្មាការិនី​ទំាង​អស់​នោះ ប៉ុន្តែ​លោក​លើក​ឡើង​ថា​ លោក​មិន​ទាន់​ឃើញ​មាន​ការ​ដោះស្រាយ​ណា​មួយ​ជូន​កម្មករ​ជុំវិញ​ករណី​នៃ​ការ​ដែល​មាន​ប្រាក់​ឈ្នួល​សមរម្យ​មួយ និង​បញ្ហា​សិទ្ធិ​សេរី​ភាព​របស់​ពួក​គេ​នោះ​ទេ។ លោក​ក៏​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ដល់​កម្មករ​ កម្មាការិនី​ ជាពិសេស​បញ្ហា​កិច្ច​សន្យា​ការងារ​រយៈ​ពេល​ខ្លី ដែល​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​ពួក​គេ។

លោក​ថ្លែង​ថា៖ «មួយ​វិញ​ទៀត​ខ្ញុំ​ក៏​មិន​បាន​ឃើញ​ការ​ផ្តល់​ឱកាស​ទៅ​ដល់​កម្មករ​និយោជិត​នៅ​ក្នុង​ជំនួប​ ដើម្បី​ឱ្យ​ពួក​គាត់​លើក​ឡើង​អំពី​បញ្ហា​របស់​បង​ប្អូន​ដោយ​ផ្ទាល់។ មួយ​វិញ​ទៀត ខ្ញុំ​ក៏​គិត​ថា​ ឱកាស​ហ្នឹង​ក៏​បង​ប្អូន​កម្មករ​អាច​នឹង​មិន​ហ៊ាន​លើក​ដែល​ទាក់​ទង​ទៅ​នឹង​បញ្ហា​ប្រាក់​ឈ្នូល​ពួក​គាត់​ដែល​យើង​មើល​ឃើញ​ថា ​នៅ​មាន​កម្រិត​នៅ​ឡើយ​ទេ ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​សេរី​ភាព​ពួក​គាត់។ ទី​៣​ ដូច​ខ្ញុំ​បាន​និយាយ​អម្បាញ់មិញ​ពាក់​ព័ន្ធ​នឹង​កិច្ច​សន្យា​ការងារ​ខ្លី​ដែល​កំពុង​សាយ​ភាយ​នៅ​គ្រប់​រោង​ចក្រ​នៅ​ស្រុក​ខ្មែរ»។

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល លោក ប៉ែន បូណា លើក​ឡើង​ថា​ ក្រោយ​ជំនួប​ចំនួន​១០​លើក​រវាង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត និង​កម្មករ​កម្មការិ​នី​ជាង​២០​ម៉ឺន​នេះ រដ្ឋា​ភិបាល​បាន​សម្រេច​លទ្ធផល​ជា​ច្រើន ដែល​ក្នុង​នោះ​រួម​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួលដល់ចំនួន​២០៤​ដុល្លារ​ដល់​កម្មករ​រោង​ចក្រ​ ការ​ត្រៀម​ដាក់​ដំណើរ​របប​សន្តិ​សុខ​សង្គម ​(ប.ស.ស) តាម​របប​ភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​ផ្នែក​ថែ​ទាំ​សុខ​ភាព ការ​ផ្តល់​នូវ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​ដល់កម្មករ​និយោជិត ក៏​ដូច​ជា​ការ​យក​ចិត្ត​ដាក់​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ទាំង​មុន និង​ក្រោយ​ពេល​សម្រាល​កូន​ជា​ដើម​។

អ្នកនាំ​ពាក្យ​រូប​នេះ​ថ្លែង​ថា​៖ «រាជ​រដ្ឋា​ភិបាល​សម្តេច​ធិបតី​ជួយ​សម្រួល​កម្មករ​និយោជិត​អាច​ចូល​រួម​ទទួល​បាន​នូវ​ការ​បណ្តុះ​បណ្តាល​ជំនាញ​វិជ្ជា​ជីវៈ​នៅ​ក្នុង​ក្រម​ខណ្ឌ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​ដល់​យុវជន​ដែល​មក​ពី​គ្រួសារ​ក្រី​ក្រ និង​រង​ហានិភ័យ​ ១​លាន​៥​សែន​ដែល​រាជ​រដ្ឋ​ភិបាល​ក្នុង​ហ្នឹង​ក៏​មាន​កម្ម​ករ​កម្មាការិនី​ដែរ លោក​អនុញ្ញាត​ឱ្យ»។

នៅ​ពេល​ជួប​កម្មករ​ម្តងៗ កម្មករ​ម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន​២ម៉ឺន​រៀល។

នៅ​ពេល​សាក​សួរ​ថា​ តើ​ថវិកា​ដែល​ផ្តល់​ឱ្យ​កម្មករជា​ថវិកា​រដ្ឋ ឬ​មាន​ប្រភព​មក​ពី​ណា លោក ប៉ែន បូណា ស្នើ​ឱ្យ​សួរ​អ្នក​នាំ​ពាក្យ​របស់​នាយក​រដ្ឋមន្រ្តី គឺ​លោក មាស សុភ័ណ្ឌ ដែល​វីអូអេ​មិន​ទាន់​អាច​ទាក់ទង​បាន​នៅ​ឡើយ​ទេ។

គួរ​បញ្ជាក់​ថា ​កម្មករ​ក្នុង​វិស័យ​វាយនភ័ណ្ឌ​កាត់​ដេរ និង​ស្បែក​ជើង​មាន​ជាង​៨០ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​ស្រ្តី៕

XS
SM
MD
LG