មន្ត្រីសង្គមស៊ីវិល និងមេដឹកនាំសហជីពការពារសិទ្ធិកម្មករសម្តែងការសោកស្តាយចំពោះលទ្ធផលប្រាក់ឈ្នួលគោលរបស់កម្មករក្នុងឆ្នាំ ២០២៤ ដែលមានការដំឡើងចំនួន ៤ ដុល្លារ គឺប្រាក់ឈ្នួលឆ្នាំ ២០២៤ មានចំនួន ២០៤ ដុល្លារក្នុងមួយខែ។
ពួកគេលើកឡើងថា ប្រាក់ឈ្នួល ២០៤ ដុល្លារនេះនៅមានចំនួនតិចតួចនៅឡើយ ហើយមិនទាន់អាចឆ្លើយតបទៅនឹងការចាយវាយរបស់កម្មករ ខណៈទំនិញនៅលើទីផ្សារ និងប្រេងសាំងនៅតែបន្តឡើងថ្លៃ។
ការលើកឡើងបែបនេះរបស់ក្រុមអ្នកការពារសិទ្ធិកម្មករធ្វើឡើង បន្ទាប់ពីក្រុមការងារចរចាបានបោះឆ្នោតដំឡើងប្រាក់ឈ្នួលកម្មករកាលពីថ្ងៃព្រហស្បតិ៍។
តួលេខ ២០២ ដុល្លារជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលទទួលបានសំឡេងបោះឆ្នោតគាំទ្រខ្ពស់ជាងគេ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ថែមចំនួន ២ដុល្លារ ដើម្បីកំណត់ប្រាក់ឈ្នួលចំនួន ២០៤ដុល្លារ ក្នុងមួយខែសម្រាប់ឆ្នាំ ២០២៤។
អគ្គលេខាធិការសម្ព័ន្ធសហជីពកម្ពុជាលោក ម៉ៅ សុភ័ត្ត្រា ដែលបានទៅចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ប្រាប់វីអូអេថា លោកសោកស្តាយចំពោះលទ្ធផលប្រាក់ឈ្នួលគោលរបស់កម្មករ ២០៤ដុល្លារ ក្នុងមួយខែ ដោយសារវាមិនទាន់អាចឆ្លើយតបទៅនឹងការចាយវាយរបស់កម្មករក្នុងពេលដែលទំនិញឡើងថ្លៃជាបន្តបន្ទាប់។
លោកថ្លែងថា៖ «យើងមើលឃើញប្រាក់ឈ្នួលឡើង ៤ដុល្លារ បានន័យថា ២០៤ សម្រាប់ឆ្នាំ ២០២៤ តែទំនិញសព្វសារពើបានហក់ឡើងខ្ពស់ កត្តានេះហើយបានធ្វើឱ្យកម្មករនិយោជិតរបស់យើង គឺមិនអាចរស់នៅដោយសមរម្យនៅក្នុងជីវភាពជាអ្នកធ្វើការវាយនភណ្ឌ កាត់ដេរនិងដេរស្បែកជើងបានទេ»។
លោកបន្តថា៖ «ជាអ្វីដែលយើងមើលឃើញ គឺយើងមើលឃើញថា ការឡើងប្រាក់ឈ្នួលតិចហើយកំណើនទីផ្សារបានន័យថា ទំនិញនៅលើទីផ្សារហក់ឡើងខ្ពស់ វាប៉ះពាល់តែមិន[មែន]តែកម្មករនិយោជិតទេ សូម្បីតែក្រុមគ្រួសាររបស់គាត់ក៏មានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ ចំពោះការឡើងប្រាក់ឈ្នួលដ៏តិចតួចនេះបាទ»។
លោក ម៉ៅ សុភ័ត្រ្តា បន្ថែមថា តួលេខប្រាក់ឈ្នួលចំនួនបីដែលត្រូវបោះឆ្នោត គឺចំនួន ២០២ដុល្លារ ២០៤ដុល្លារ និង ២១៣ដុល្លារ។ ប៉ុន្តែចំនួន ២១៣ដុល្លារត្រូវបានបោះឆ្នោតបានតិចសំឡេង។
លោកបញ្ជាក់ថា៖ «យើងមើលឃើញថា បើសិនជាប្រាក់ឈ្នួល ២០២ និង ២០៤[ដុល្លារ] ប្រាក់ឈ្នួលដែលប្រសើរដែលអាចទប់នឹងតម្លៃទំនិញទីផ្សារមិនបាន ១០០ភាគរយទេគឺបានទប់ទល់ គឺ ២១៣[ដុល្លារ]។ បើក្នុងនាមជាអ្នកសហជីព គឺយើងសង្កេតឃើញថា ផ្ទះជួលចាប់ផ្តើមឡើង។ សាំងដែលបងប្អូនកសិករ ប្រជាពលរដ្ឋ កម្មករ ដែលប្រើប្រាស់ជាប្រចាំនោះបានហក់ឡើង។ នេះហើយ បានដែលជាកត្តាមួយដែលប៉ះពាល់»។
ប្រធានសហភាពការងារកម្ពុជា (CLC) លោក អាត់ ធន់ ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថាប្រាក់ឈ្នួលគោលរបស់កម្មករចំនួន ២០៤ដុល្លារ គឺជាចំនួនតិចពេកដែលមិនសមស្របទៅនឹងការរស់នៅរបស់កម្មករនៅក្នុងស្ថានភាពបច្ចុប្បន្ននោះទេ។
ប្រធានសហភាពការងារកម្ពុជារូបនេះពន្យល់ពីមូលហេតុដែលនាំឱ្យមានសំឡេងគាំទ្រច្រើនទៅលើតួលេខប្រាក់ឈ្នួល ២០២ដុល្លារ ដែលត្រូវបានបោះឆ្នោតគាំទ្រក្នុងសំឡេងច្រើនជាងគេថា៖ «តាមពិតទៅ មុនពេលថ្ងៃបោះឆ្នោត យើងដឹងហើយថា ខាងរដ្ឋាភិបាល ខាងនិយោជកគាត់ប្រកាន់លេខក្នុងវង្វង់ ២០២ដុល្លារហ្នឹង។ ហើយខាងសហជីព៥ហ្នឹង យើងទាមទារឱ្យផ្តល់ឱ្យ ២១៣ដុល្លារ ប៉ុន្តែខាងសហជីព ១២ផ្សេងទៀតគឺគាត់ទាមទារតែ ២០៤ទេ»។
លោកបន្តថា៖ «ពេលដែលបោះឆ្នោតសហជីពទាមទារ ២០៤ គាត់ទៅបោះលេខដែលស្នើឡើងដោយរដ្ឋាភិបាល ហើយនិយោជក ក៏គាត់គាំទ្រលេខដែលស្នើឡើងដោយរដ្ឋាភិបាល។ អ៊ីចឹងហើយបានយើងឃើញមានតែពីរលេខទេ មានតែលេខរដ្ឋាភិបាលដាក់និងជាមួយនឹងលេខដែលខាងសហជីពឯករាជ្យស្នើឡើង ២១៣ដុល្លារហ្នឹងបាទ»។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា បានឲ្យដឹងថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតឆ្នាំ ២០២៤ ដែលមានចំនួន ២០៤ដុល្លារ នៅមិនទាន់អាចឆ្លើយតបទៅនឹងការចំណាយរបស់កម្មករនៅឡើយទេ ក្នុងគ្រាដែលគេសង្កេតឃើញថា ទំនិញនៅលើទីផ្សារនៅតែបន្ដឡើងថ្លៃ។ នេះបើតាមសារដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់សម្ព័ន្ធសហជីពចលនាកម្មករ។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ លោក ឃុន ថារ៉ូ ថ្លែងថា ការដំឡើងប្រាក់ឈ្នួលរបស់កម្មករចំនួន ៤ដុល្លារបន្ថែមនេះ គឺជាការដំឡើងតិចតួចបំផុត នៅពេលដែលតួលេខរបស់សហជីពឯករាជ្យត្រូវបានមើលរំលង ដោយមានសំឡេងគាំទ្រតិច។ លោកជំរុញឱ្យរដ្ឋគួរតែយកចិត្តទុកដាក់បន្ថែមទៀតទៅលើកំណែទម្រង់ប្រាក់ឈ្នួលកម្មករ ដើម្បីធានាបានការផ្គត់ផ្គង់តម្រូវការរស់នៅរបស់កម្មករ។
លោកប្រាប់វីអូអេថា៖ «រដ្ឋគួរតែកំណែទម្រង់នូវរចនាសម្ព័ន្ធប្រាក់ឈ្នួល ជាពិសេសទាក់ទងទៅនឹងអត្ថប្រយោជន៍ការបូកបន្ថែម នៅកិច្ចការងារថែមម៉ោង ផ្សេងៗទៀត ដើម្បីដាក់បញ្ចូលនៅក្នុងប្រាក់ឈ្នួលគោល ដូចជាលក្ខខណ្ឌនៃការងារទៀងទាត់ ប្រាក់ឧបត្ថម្ភការងារទៀងទាត់ជាដើម លនិងល»។
អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមថា ប្រាក់ឈ្នួលដែលបានដំឡើង ៤ដុល្លារនេះ គឺកើតឡើងដោយសារតែការខិតខំប្រឹងប្រែងចរចាពីសំណាក់គ្រប់ភាគីពាក់ព័ន្ធទាំងអស់នៃក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើទៅតាមគោលការណ៍របស់ក្រុមប្រឹក្សាតែប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះបន្តថា កម្មករក៏មានប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតបន្ថែមពីលើប្រាក់ឈ្នួលគោលដែលបានដំឡើងនេះផងដែរ។
លោកថ្លែងថា៖ «សូមជម្រាបថា ក្រៅពីដំឡើងប្រាក់ឈ្នួលអប្បបរមានេះ បងប្អូនកម្មករនិយោជិតក៏ទទួលបានប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត បន្ថែមលើនោះ ដូចជាប្រាក់រង្វាន់ ១០ដុល្លារ ប្រាក់សោហ៊ុយធ្វើដំណើរស្នាក់នៅ ៧ដុល្លារ ប្រាក់អតីតភាពការងារ ១១ដុល្លារ ប្រាក់ថ្លៃបាយធ្វើការថែមម៉ោង ២ពាន់រៀលក្នុងមួយថ្ងៃ ប្រាក់ឈ្នួលធ្វើការបន្ថែមម៉ោងជាមធ្យម ២៦ដុល្លារ»។
លោកបន្ថែមថា ក្រៅពីមានការដំឡើងប្រាក់ឈ្នួលនេះ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ក្នុងការជួយកែសម្រួលបន្ទុកផ្សេងៗរបស់កម្មករ ទាំងថ្លៃបន្ទប់ជួល ទឹក ភ្លើង ប្រេងសាំងជាដើម។
លោក ខេន លូ អគ្គលេខាធិការនៃសមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើងនិងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បដិសេធមិនអត្ថាធិប្បាយលើករណីនេះ។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០២៣ ប្រាក់ឈ្នួលរបស់កម្មករត្រូវបានដំឡើងចំនួន ៦ដុល្លារ ដែលស្មើនឹង ២០០ដុល្លារអាមេរិកក្នុងមួយខែ គឺជាប្រាក់ឈ្នួលរបស់កម្មករបច្ចុប្បន្ននេះ៕