ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អូបាម៉ា​និង​មឺកែល​ចាប់​ផ្តើម​កិច្ច​ពិភាក្សា​អំពី​វិបត្តិ​អ៊ុយក្រែន


លោកស្រី​អធិការបតី​ Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់​​អញ្ជើញ​មក​ដល់​សេតវិមាន​ដើម្បី​ជួប​ចរចា​ជាមួយ​លោក​ប្រធានា​ធិបតី បារ៉ាក់ ​អូបាម៉ា​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អង្គារ​ ទី​៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។​
លោកស្រី​អធិការបតី​ Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់​​អញ្ជើញ​មក​ដល់​សេតវិមាន​ដើម្បី​ជួប​ចរចា​ជាមួយ​លោក​ប្រធានា​ធិបតី បារ៉ាក់ ​អូបាម៉ា​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃ​អង្គារ​ ទី​៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥។​

លោកស្រី​អធិការបតី​ Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់បាន​អញ្ជើញ​មក​ដល់​សេតវិមាន​ដើម្បី​ជួប​ចរចា​ជាមួយ​លោក​ប្រធានា​ធិបតី បារ៉ាក់ ​អូបាម៉ា​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​អង្គារ ស្តី​ពី​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​នៅ​ពេល​ដែល​មាន​សកម្ម​ភាព​ការទូត​ខ្លាំងក្លាដើម្បី​បញ្ចប់​វិបត្តិ​នៅ​ក្នុង​ប្រទេស​នោះ។

​កាល​ពី​ថ្ងៃ​អាទិត្យ​ ​លោកស្រី Merkel ​បាន​ចូលរួម​នៅ​ក្នុង​ការចរចា​តាម​ទូរស័ព្ទ​៤​ភាគីជាមួយ​មេដឹកនាំ​នៃ​ប្រទេស​អ៊ុយក្រែន ​រុស្ស៊ី​និង​បារាំង​ ស្តី​ពី​ផែនការរបស់​បារាំង​និង​អាល្លឺម៉ង់ ​ដែល​មាន​គោល​បំណង​បញ្ចប់​ការងើប​បះបោរយ៉ាង​ខ្លាំង​របស់ក្រុម​បះបោរ​ដែល​គាំទ្រ​ដោយ​ប្រទេស​រុស្ស៊ី​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន។

​លោកស្រី​អធិការបតី​និង​លោក​ប្រធានាធិបតី Petro Poroshenko ​នៃ​ប្រទេស​អ៊ុយក្រែន ​ប្រធានាធិបតី Vladimir Putin ​នៃ​ប្រទេស​រុស្ស៊ី​និង​ប្រធានាធិបតី Francois Hollande ​នៃ​ប្រទេស​បារាំង បានយល់​ព្រម​ជួប​គ្នា​នៅ​ថ្ងៃ​ពុធ​នៅ​រដ្ឋធានី Minskនៃ​ប្រទេស Belarus ​ដើម្បី​ធ្វើ​ការចរចា​បន្ថែម​ទៀត។

​យោង​តាមមន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ផែនការ​របស់​បារាំង​និង​អាល្លឺម៉ង់​ផ្អែក​លើ​បទ​ឈប់​បាញ់​គ្នា​ដែល​ចុះ​ហត្ថលេខា​នៅ​ក្នុង​ទីក្រុង Minsk ហើយ​ទទួល​បរាជ័យកាល​ពី​ខែ​កញ្ញា ​ក៏​ប៉ុន្តែ​មាន​សេចក្តី​លម្អិត​ច្រើ​ន​ទៀត​ពី​ពេល​វេលា។

​ការ​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ​បាន​ឆក់​យក​ជី​វិត​មនុស្ស​ជាង​ប្រាំ​ពាន់​ប្រាំមួយ​រយ​នាក់ ចាប់​តាំង​ពី​ក្រុម​ឧទ្ទាម​បាន​ចាប់​ផ្តើម​បះបោរ​កាល​ពី​១០​ខែ​មុន។​ កាល​ពី​ថ្ងៃ​អាទិត្យ​ ​លោក​ប្រធានាធិបតី Poroshenko ​បាន​សម្តែង​នូវ​សុទិដ្ឋិនិយម​ថា​នឹង​មាន​ការ​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​គ្នា​មួយ​ដោយ​គ្មាន​លក្ខខណ្ឌ។

ថ្វី​បើ​មាន​សុទិដ្ឋិនិយម​នេះ​ក៏​ដោយ​ លោក​ប្រធានាធិបតី Putin នៃ​ប្រទេស​រុស្ស៊ី ​បាន​ព្រមាន​ថា ប្រទេស​អ៊ុយក្រែន​ត្រូវ​តែ​បញ្ចប់​កិច្ច​ប្រតិបត្តិការ​យោ​ធា​របស់​ខ្លួន​នៅ​ជិត​ព្រំ​ដែន​ជាមួយប្រទេស​រុស្ស៊ី។​ លោក​ក៏​និយាយ​ដែរ​ថា​ រដ្ឋាភិបាល​ទីក្រុង​គាវ​ត្រូវ​តែ​បញ្ចប់​នូវ​អ្វី​ដែល​លោក​ហៅ​ថា ​វិធានការ​ដាក់​ទណ្ឌកម្ម​ខាង​សេដ្ឋ​កិច្ច​ ​ដែល​មាន​គោល​បំណង​រំខាន​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​តំបន់​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ដែល​និយាយ​ភាសា​រុស្ស៊ី​។

ចំពោះ​បញ្ហា​នេះ ​លោក​ប្រធានាធិបតី​បារាំង Francois Hollande មាន​ប្រសាសន៍​ថា​ ការចរចា​នៅ​ពេល​ខាង​មុខ​បង្ហាញ​ពី​«ឱកាស​មួយ​ចុងក្រោយ»​ ​ដើម្បី​ឈាន​ដល់​សន្តិភាព​មួយ ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​នៅ​ក្នុង​តំបន់​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។

លោករដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ John Kerry បាន​ព្យាយាម​ការ​បញ្ចូល​ភាព​ខុស​គ្នា​រវាង​យុទ្ធសាស្រ្ត​របស់​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​ដើម្បី​បញ្ចប់​វិបត្តិ​នោះ៕

XS
SM
MD
LG