លោកអនុប្រធានាធិបតីស.រ.អា. Joe Biden បានមានប្រសាសន៍ថាស.រ.អា.ចង់ឱ្យមានដំណោះស្រាយមួយដោយសន្តិវិធីនៅក្នុងប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែលោកបាននិយាយថាស.រ.អា.នឹងជួយរដ្ឋាភិបាលក្រុងកៀវ (Kiev) ការពារខ្លួនប្រឆាំងនឹងប្រទេសរុស្ស៊ីបើវាជាការចាំបាច់។
នៅក្នុងសុន្ទរកថាមួយដែលលោកបានថ្លែងនៅក្នុងសន្និសីទសន្តិសុខអន្តរជាតិក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់ លោក Biden បានមានប្រសាសន៍ថាលោកប្រធានាធិបតី Vladimir Putin នៃប្រទេសរុស្ស៊ីបានសន្យាច្រើនដងថាធ្វើការដើម្បីឱ្យមានសន្តិភាពក៏ប៉ុន្តែលោកបានបញ្ជូន «កងរថក្រោះ ក្រុមទាហាននិងគ្រឿងអាវុធ» ទៅកាន់តំបន់ជម្លោះនេះទៅវិញ។ លោកបាននិយាយថាប្រទេសរុស្ស៊ីគួរតែវិនិច្ឆ័យតាមរយៈសកម្មភាពរបស់ខ្លួនមិនមែនដោយពាក្យសម្តីរបស់ខ្លួនទេ។
លោក Biden បានមានប្រសាសន៍ថាស.រ.អា.នឹងបន្តផ្តល់ «ជំនួយផ្នែកសន្តិសុខ» ទៅឱ្យប្រទេសអ៊ុយក្រែនមិនមែនដើម្បីលើកទឹកចិត្តឱ្យមានសង្គ្រាមទេ ក៏ប៉ុន្តែដើម្បីអនុញ្ញាតឱ្យប្រទេសអ៊ុយក្រែនការពារខ្លូន។ លោកអនុប្រធានាធិបតី Biden បានមានប្រសាសន៍ថា «យើងមានជំនឿថាយើងគួរប៉ុនប៉ងធ្វើឱ្យមានសន្តិភាពមួយប្រកបដោយកិត្តិយស។ ក៏ប៉ុន្តែយើងក៏មានជំនឿដែរថាប្រជារាស្ត្រអ៊ុយក្រែនមានសិទ្ធិក្នុងការពារខ្លួនឯង»។
មួយភ្លែតក្រោយមក លោកប្រធានាធិបតីអ៊ុយក្រែន Petro Poreshenko បាននិយាយមកទៅកាន់សន្និសីទនេះដោយលោកបានកាន់លិខិតឆ្លងដែនរុស្ស៊ីមួយចំនួនលើកទ្បើងហើយលោកបាននិយាយថាលិខិតឆ្លងដែនទាំងនេះបានត្រូវប្រមូលពីក្រុមទាហានរុស្ស៊ីនៅច្រើនគ.ម.ខាងក្នុងព្រំដែននៃប្រទេសអ៊ុយក្រែន។
លោកប្រធានាធិបតីអ៊ុយក្រែនបាននិយាយថាមានជនស៊ីវិល៥ពាន់៦រយនាក់ហើយបានត្រូវសម្លាប់នៅក្នុងជម្លោះនេះចាប់តាំងពីខែមេសាមុនហើយលោកបានហៅជម្លោះនេះថាជា «សោកនាដកម្មវិលវល់មួយសម្រាប់ប្រទេសជាតិខ្ញុំ»៕