គេរំពឹងថាក្រុមមេដឹកនាំនៃប្រទេសរុស្សី អ៊ុយក្រែន បារាំងនិងអាល្លឺម៉ង់នឹងពិភាក្សាគ្នាតាមទូរស័ព្ទនៅថ្ងៃអាទិត្យនេះអំពីផែនការសន្តិភាពមួយរបស់ប្រទេសបារាំងនិងអាល្លឺម៉ង់ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន។
កិច្ចចរចាគ្នារវាងប្រធានាធិបតីរុស្សីលោក Vladimir Putin លោកប្រធានាធិបតីអ៊ុយក្រែន Petro Poroshenko លោកប្រធានាធិបតីបារាំង Francois Hollande និងលោកស្រីអធិបការតីអាល្លឺម៉ង់ Angela Merkel នឹងត្រូវធ្វើទ្បើងនៅពេលកំពុងមានការជំរុញខាងការទូតខ្លាំងមួយដើម្បីបញ្ចប់ការបះបោរលម្អៀងទៅខាងរុស្សីនៅក្នុងប៉ែកខាងកើតនៃប្រទេសអ៊ុយក្រែន។
លោក Hollande បានមានប្រសាសន៍ថា ផែនការនេះជា«ឱកាសចុងក្រោយបង្អស់មួយ» ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែន។លោកស្រី Merkelក៏បាននិយាយផងដែរថាមិនទាន់មានការច្បាស់លាស់ថាតើផែនការនេះនឹងមានជោគជ័យឬទេ។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងការបរទេសស.រ.អា បាននិយាយថាផែនការនេះផ្អែកលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយចុះហត្ថលេខានៅក្នុងក្រុង Minsk ប្រទេសបេឡារុសកាលពីខែកញ្ញាដែលគ្មានជោគជ័យ ក៏ប៉ុន្តែមានសេចក្តីល្អត់ល្អន់បន្ថែមអំពីការកំណត់ពេលវេលា។
នៅក្នុងសន្និសីទសន្តិសុខមួយនៅក្នុងក្រុងMunich ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអាទិត្យនេះ លោករដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ Frank-Walter Steinmeier បានមានប្រសាសន៍ថា ក្រុមអ្នកធ្វើការចរចាអំពីផែនការបារាំងនិងអាល្លឺម៉ង់មិនទាន់បាន«រកឃើញដំណោះស្រាយនយោបាយ»ដល់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែននៅទ្បើយទេបន្ទាប់ពីការជជែកដេញដោលគ្នា«យ៉ាងខ្លាំង»ពីរបីថ្ងៃកន្លងមកនេះ។
លោកស្រី Federica Mogherini ប្រធានផ្នែកគោលនយោបាយការបរទេសនៃសហភាពអឺរ៉ុបបានមានប្រសាសន៍នៅក្នុងក្រុង Munich ថា សហភាពអឺរ៉ុបកំពុងព្យាយាមរកវិធីអនុវត្តកិច្ចព្រមព្រៀងក្រុង Minsk ឲ្យបានពេញលេញ៕