កិច្ចចរចាគ្នារវាងក្រុមមេដឹកនាំនៃប្រទេសរុស្សី បារាំងនិងអាល្លឺម៉ង់អំពីផែនការសន្តិភាពមួយសម្រាប់ប្រទេសអ៊ុយក្រែនបានចប់កាលពីព្រឹកថ្ងៃសៅរ៍នេះដោយគ្មានបានលទ្ធផលអ្វីជាដុំកំភួនទេ ក៏ប៉ុន្តែអ្នកនាំពាក្យរុស្សីម្នាក់បាននិយាយថាការងារអំពីផែនការនេះកំពុងដំណើរការទៅមុខហើយ។
អ្នកនាំពាក្យ Dmitri Peskov បាននិយាយថាប្រធានាធិបតីរុស្សី Vladimir Putin លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel ប្រធានាធិបតីបារាំងលោក Francois Hollande និងប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko នឹងធ្វើការចរចាចតុភាគីតាមទូរស័ព្ទនៅថ្ងៃអាទិត្យស្អែកនេះ។
លោក Putin បានធ្វើជាម្ចាស់ផ្ទះទទួលលោកស្រី Merkel និងលោក Hollande ដើម្បីធ្វើការចរចាគ្នាកាលពីយប់ថ្ងៃសុក្រនៅក្នុងក្រុងមូស្គូអំពីសំណើរសន្តិភាពមួយសម្រាប់បញ្ចប់ការបះបោរ១០ខែរបស់ក្រុមលម្អៀងទៅខាងរុស្សីនៅក្នុងផ្នែកខាងកើតនៃប្រទេសអ៊ុយក្រែន។ក្រុមមន្ត្រីដោយមានរួមបញ្ចូលទាំងលោក Peskov ផងបានពណ៌នាកិច្ចចរចាគ្នារហូតដល់យប់ជ្រៅថាមាន«ច្រើនគួរសមនិងប្រកបដោយការស្ថាបនា»ផងដែរ ក៏ប៉ុន្តែក្រុមមន្ត្រីទាំងនោះមិនបានផ្តល់សេចក្តីលម្អិតទេ។
នៅថ្ងៃសៅរ៍នេះដែរ លោក Philip Breedlove អគ្គមេបញ្ជាការក្រុមទាហានអូតង់នៅក្នុងទ្វីបអឺរ៉ុបបានមានប្រសាសន៍ថា ពួកបស្ចឹមប្រទេសមិនគួរបដិសេធជម្រើសយោធានៅក្នុងប្រទេសអ៊ុយក្រែនទេ។ថ្លែងនៅក្នុងសន្និសីទសន្តិសុខមួយក្នុងក្រុង Munich លោក Breedlove គាំទ្រការបញ្ជូនគ្រឿងអាវុធទៅឲ្យប្រទេសអ៊ុយក្រែន ក៏ប៉ុន្តែមិនបញ្ជូនទាហានទៅប្រទេសនោះទេ។
ប្រភពបារាំងបាននិយាយថាកិច្ចចរចាគ្នានៅថ្ងៃអាទិត្យនឹងផ្តោតការយកចិត្តទុកដាក់ដល់ការធ្វើឲ្យមានប្រសិទ្ធិភាពទ្បើងវិញនូវកិច្ចព្រមព្រៀងសន្តិភាពមួយដែលបានត្រូវចុះហត្ថលេខាកាលពីខែកញ្ញាដែលចាប់តាំងពីពេលនោះមកមិនបានត្រូវអើពើដោយភាគីទាំងពីរទេ។ ជាងមួយភាគបួននៃចំនួនមនុស្សស្លាប់ជិត៥.៤០០នាក់នៃការបះបោរនេះបានកើតមានទ្បើងចាប់តាំងពីពេលនោះមក។
ប្រទេសអ៊ុយក្រែនបាននិយាយទទូចថាកិច្ចព្រមព្រៀងថ្មីណាមួយត្រូវតែគោរពព្រំដែនដែលបានត្រូវព្រមព្រៀងគ្នាតាមបទឈប់បាញ់គ្នាកាលពីខែកញ្ញាហើយមិនអាចរូមបញ្ចូលដែនដីដែលក្រុមឧទ្ទាមវាយយកបានកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះបន្ទាប់ពីការវាយប្រហារគ្នាយ៉ាងខ្លាំងនោះទេ៕