ការបង្ហាញនាវាមុជទឹកនេះ ជាវិធីចុងក្រោយបង្អស់ដែលកូរ៉េខាងជើងធ្វើឡើងដើម្បីដាក់សម្ពាធទៅលើសហរដ្ឋអាមេរិក ខណៈពេលដែលការចរចាអាវុធនុយក្លេអ៊ែរនៅមានភាពស្មុគស្មាញក្នុងការចាប់ផ្តើម។
កាលពីថ្ងៃអង្គារកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានចេញផ្សាយរូបភាពនៃលោក គីម ជុងអ៊ុន ក្នុងការត្រួតពិនិត្យនាវាមុជទឹកដែលទើបនឹងសាងសង់ថ្មីមួយ។ ប្រព័ន្ធផ្សព្វផ្សាយនេះបានឲ្យដឹងថា នាវានេះនឹងត្រូវបានដាក់ឲ្យប្រើប្រាស់នៅសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង។
ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េបានរាយការណ៍ថា៖ «លោក គីម ជុងអ៊ុន បានបង្ហាញការពេញចិត្តជាខ្លាំងពីការពិតដែលថា នាវាមុជទឹកនេះត្រូវបានរចនានិងសង់ឡើងដោយមានសមត្ថភាពក្នុងការប្រតិបត្តិឲ្យបានពេញលេញ នូវគោលបំណងយុទ្ធសាស្រ្តយោធារបស់គណបក្សក្នុងស្ថានការណ៍ផ្សេងៗ»។
បើទោះបីជាអត្ថបទនេះមិនបានបញ្ចេញថា តើសព្វាវុធប្រភេទណាដែលបំពាក់នៅនាវាមុជទឹកថ្មីនេះក៏ដោយ សេចក្តីរាយការណ៍នេះនិយាយយោងទៅលើសមត្ថភាពយុទ្ធសាស្រ្តដែលបានបង្ហាញថា នាវានេះអាចផ្ទុកកាំជ្រួចមីស៊ីលនុយក្លេអ៊ែរសម្រាប់គោលបំណងកំញើញភាគីម្ខាងទៀត។
នាវាមុជទឹកថ្មីនេះគឺជាការក្រើនរំឭកថា កូរ៉េខាងជើងកំពុងបន្តអភិវឌ្ឍនិងបង្កើនកម្មវិធីសព្វាវុធរបស់ខ្លួន ខណៈពេលដែលមានការពន្យារការចរចាអាវុធនុយក្លេអ៊ែរជាមួយនឹងសហរដ្ឋអាមេរិកមួយទៀត។
ការគំរាមកំហែងថ្មីមួយដែលមិនអាចស្មានទុកជាមុន
ការអភិវឌ្ឍនៃនាវាមុជទឹកដែលអាចបាញ់បង្ហោះកាំជ្រួចមីស៊ីលឆ្លងទ្វីប ឬក៏ហៅកាត់ថា SLBMs នឹងបន្ថែមសមាសភាគថ្មីមួយទៀតទៅក្នុងឃ្លាំងសព្វាវុធរបស់កូរ៉េខាងជើងដែលមិនអាចស្មានទុកជាមុនបាន។ នាវាមុជទឹកដែលអាចបាញ់បង្ហោះកាំជ្រួចមីស៊ីលឆ្លងទ្វីបនេះអាចផ្លាស់ទីបាន ដែលអាចនឹងបង្កើនវិសាលគមនៃវង់ប្រតិបត្តិការរបស់មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង។ នាវាមុជទឹកងាយស្រួលជាងនាវាផ្សេងៗក្នុងការលាក់ទុក។
លោក Vipin Narang អ្នកជំនាញផ្នែកអាវុធនុយក្លេអ៊ែរមួយរូបនៅឯវិទ្យាស្ថានបច្ចេកវិទ្យានៃរដ្ឋ Massachusetts (MIT) បានបង្ហោះតាមសារ Twitterថា៖ «កាំជ្រួចមីស៊ីលអន្តរទ្វីប ICBMs គឺប្រើសម្រាប់ការឆ្លើយតបនឹងការវាយប្រហារនិងប្រតិបត្តិការរយៈចម្ងាយឆ្ងាយ ចំណែកឯនាវាមុជទឹកដែលអាចបាញ់បង្ហោះកាំជ្រួចមីស៊ីលឆ្លងទ្វីប SLBMs នេះវិញគឺប្រើសម្រាប់ការជួយឲ្យរស់រានជីវិត»។
បន្ទាប់ពីមានការបរាជ័យក្នុងការសាកល្បងពីបីដងរួចមក កូរ៉េខាងជើង កាលពីឆ្នាំ២០១៦ បានធ្វើការសាកល្បងបាញ់កាំជ្រួចមីស៊ីលឆ្លងទ្វីបដែលបានបង្ហោះចេញពីនាវាមុជទឹកពិសោធន៍ Gorae-class បានយ៉ាងជោគជ័យ។
សេចក្តីរាយការណ៍មួយចំនួនដែលផ្អែកទៅលើរូបភាពផ្កាយរណប បានបង្ហាញឲ្យដឹងថា កូរ៉េខាងជើងកំពុងធ្វើការសាងសង់នាវាមុជទឹកខា្នតធំមួយថ្មីដែលអាចបាញ់កាំជ្រួចមីស៊ីលអន្តរទ្វីបបានច្រើន។
នាវាមុជទឹកដែលត្រូវបានបង្ហាញឲ្យឃើញកាលពីថ្ងៃអង្គារកន្លងទៅនេះហាក់ដូចជាបានបញ្ជាក់របាយការណ៍ទាំងនោះ។ នេះបើយោងតាមអ្នកវិភាគជាច្រើន។ អ្នកវិភាគផ្សេងទៀតបានឲ្យដឹងថា នាវាថ្មីនេះប្រហែលជាប្រភេទនាវាមុជទឹករបស់កូរ៉េខាងជើងដែលមានស្រាប់ហើយត្រូវបានគេកែច្នៃឲ្យមានសមត្ថភាពផ្ទុកកាំជ្រួចមីស៊ីលអន្តរទ្វីបបាន។
លោក Park Won-gon សាស្រ្តាចារ្យនៅឯសាកលវិទ្យាល័យ Handong Global បានមានប្រសាសន៍ថា៖ «វាហាក់បីដូចជានាវាមុជទឹកដែលមានទម្ងន់ ៣ពាន់តោន ដែលអាចផ្ទុកកាំជ្រួចមីស៊ីលដែលត្រូវបានបង្ហោះចេញពីនាវាមុជទឹក បាន៣ទៅ៤គ្រឿង។ នាវាមុជទឹកនេះពិបាកក្នុងការប្រយុទ្ធប្រឆាំង។ នេះគឺជាប្រភេទឱសានវាទមួយនៅពេលដែលវាមានសមត្ថភាពខាងផ្នែកថាមពលនុយក្លេអ៊ែ»។
បង្កើនអនុភាព?
ការបង្ហាញនាវាមុជទឹកនេះគឺជាការព្យាយាមចុងក្រោយបង្អស់របស់កូរ៉េខាងជើងដើម្បីបង្កើនអនុភាពរបស់ខ្លួនក្នុងការចរចារអាវុធនុយក្លេអ៊ែរជាមួយនឹងសហរដ្ឋអាមេរិក។
កាលពីខែឧសភាកន្លងទៅនេះ កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីលអន្តរទ្វីបរយៈចម្ងាយខ្លីមួយចំនួននិងគ្រាប់កាំភ្លើងផ្សេងៗទៀត។ នេះគឺជាការបាញ់កាំជ្រួចមីស៊ីលអន្តរទ្វីបលើកដំបូងក្នុងរយៈពេល១ឆ្នាំកន្លះមកនេះ។
កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានគំរាមបន្តបាញ់កាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយក៏ដូចជាការសាកល្បងអាវុធនុយក្លេអ៊ែរ ប្រសិនបើសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងមិនបញ្ឈប់សមយុទ្ធយោធាដែលគ្រោងនឹងចាប់ផ្តើមនៅខែក្រោយ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកDonald Trump មិនបានបញ្ចេញយោបល់អ្វីទៅលើនាវាមុជទឹកថ្មីនេះទេ ប៉ុន្តែលោកបានព្រងើយកន្តើយនឹងការរករឿងរបស់កូរ៉េខាងជើង ដោយបាននិយាយថា លោកមិនប្រញាប់នោះទេសម្រាប់កិច្ចព្រមព្រៀង។
លោក Shin Beom-chul អ្នកវិភាគជាន់ខ្ពស់នៅឯវិទ្យាស្ថានសម្រាប់ការសិក្សាគោលនយោបាយ Asan នៅក្នុងទីក្រុង សេអ៊ូល បានមានប្រសាសន៍ថា ដោយបង្ហាញពីនាវាមុជទឹកនេះ កូរ៉េខាងជើងគឺ «ច្បាស់ណាស់ចង់ដាក់សម្ពាធទៅលើសហរដ្ឋអាមេរិក»។ ប៉ុន្តែ លោកបានបន្តទៀតថា ការរករឿងរបស់កូរ៉េខាងជើងនេះហាក់បីដូចជាត្រូវបានរៀបចំព្រៀងទុកយ៉ាងប្រុងប្រយ័ត្ន។
លោកបានមានប្រសាសន៍ទៀតថា៖ «ទាំងសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងនឹងមិនបញ្ឈប់ការពិភាក្សានោះទេ បើទោះបីជាកូរ៉េខាងជើងប្រហែលជាព្យាយាមពង្រឹងជំហរចរចារបស់ខ្លួនក៏ដោយ»។
គ្មានកាលបរិច្ឆេទសម្រាប់ការចរចា
លោកប្រធានាធិបតី Trump កាលពីថ្ងៃច័ន្ទកន្លងទៅនេះបានទទួលស្គាល់ថា មិនមានកាលបរិច្ឆេទណាមួយសម្រាប់បន្តការចរចានោះទេ។
មន្ត្រីរបស់សេតវិមានបាននិយាយអំពីការទម្លាយភាពទាល់ច្រក បន្ទាប់ពី លោក Kim និងលោកប្រធានាធិបតី Trump បានយល់ព្រមបន្តការពិភាក្សា នៅក្នុងជំនួបដែលបានរៀបចំយ៉ាងប្រញាប់ប្រញាល់កាលពីខែមុននៅឯតំបន់គ្មានយោធាដែលតំបន់នេះបានបែងចែកប្រទេសកូរ៉េទាំងពីរ។
លោក Mike Pompeo រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា លោកសង្ឃឹមថា ការពិភាក្សាកម្រិតថ្នាក់ការងារនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។ លោក Pompeo បានថ្លែងកាលពីលើកមុនថា លោកបានគិតថា ការពិភាក្សានឹងចាប់ផ្តើមនៅពាក់កណ្តាលខែកក្កដា។
អស់រយៈពេលជាងមួយឆ្នាំដែលលោកប្រធានាធិបតី Trump ព្យាយាមសម្រួលជាមួយលោក Kim នោះ មន្ត្រីសហរដ្ឋអាមេរិកបានទទួលស្គាល់ថា ភាគីទាំងសងខាងមិនទាន់បានយល់ព្រមទៅលើថា តើគំនិតនៃការដកអាវុធនុយក្លេអ៊ែរមានន័យយ៉ាងដូចម្តេចទេ។ លោក Pompeo កាលពីថ្ងៃច័ន្ទនេះមិនបានធ្វើការបកស្រាយពីការមិនយល់ស្របគ្នានោះទេ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំបាននិយាយទៅកាន់លោកប្រធាន Kim អំពីរឿងនេះជាច្រើនដងមកហើយ។ នេះគឺជាការបញ្ជាក់យ៉ាងច្បាស់លាស់មួយ។ វាគ្មានជំលោះអ្វីនោះទេ។ នេះគឺជាការខិតខំប្រឹងប្រែងកាត់បន្ថយអាវុធនុយក្លេអ៊ែរយ៉ាងល្អិតល្អន់និងពេញលេញមួយដែលពួកយើងកំពុងពិភាក្សា។ ខ្ញុំឮមនុស្សជាច្រើននិយាយថា តើអាចមានភាពស្រពិចស្រពិល ឬ ទេ។ វាមិនមានភាពស្រពិចស្រពិលអ្វីនោះទេ»។
កូរ៉េខាងជើងបានដាក់ពេលកំណត់មួយនៅចុងឆ្នាំនេះដើម្បីឲ្យសហរដ្ឋអាមេរិកភធ្វើការយល់ព្រមឲ្យបានច្រើនជាងនេះក្នុងការពិភាក្សាអាវុធនុយក្លេអ៊ែរ៕
ប្រែសម្រួលដោយកញ្ញា លី វួចនា