ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីលបាល់លីស្ទិកវង់ប្រតិបត្តិខ្លីនៅព្រឹកថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់របស់យោធាកូរ៉េខាងត្បូង។ ការបាញ់បង្ហោះលើកទី២របស់រដ្ឋាភិបាលក្រុងព្យុងយ៉ាងមិនដល់មួយសប្តាហ៍នៅពេលដែលការចរចានុយក្លែអ៊ែរបានជាប់គាំង។
នាយអគ្គសេនាធិការយោធារបស់កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា កាំជ្រួចមីស៊ីលដែលបានត្រូវបាញ់បង្ហោះនៅជិតកំពង់ផែ Wonsan ភាគខាងកើតបានហោះចម្ងាយប្រហែល២៥០គីឡូម៉ែត្រ ហើយបានទៅដល់កម្ពស់ ៣០គីឡូម៉ែត្រ។
ការបាញ់បង្ហោះនេះកើតមានឡើង ៦ថ្ងៃ បន្ទាប់ពីការសាកល្បងកាំជ្រួចមីស៊ីលបាល់លីស្ទិកកាលពីពេលមុនរបស់កូរ៉េខាងជើង ដែលកូរ៉េខាងជើង និយាយថា ជាការឆ្លើយតបទៅនឹងការសម្រេចរបស់កូរ៉េខាងត្បូង ដើម្បីទិញអាវុធរបស់សហរដ្ឋអាមេរិក និងធ្វើសមយុទ្ធយោធាជាមួយសហរដ្ឋអាមេរិក។
ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង រាយការណ៍ថា មន្រ្តីម្នាក់របស់ក្រសួងការពារប្រទេសកូរ៉េខាងត្បូងនិយាយថា កាំជ្រួចមីស៊ីលបាញ់បង្ហោះនៅថ្ងៃពុធនេះ ទំនងប្រហាក់ប្រហែលគ្នាទៅនឹងកាំជ្រួចដែលបានបាញ់បង្ហោះកាលពីសប្តាហ៍មុន ពីព្រោះតែកាំជ្រួចទាំងនោះបានហោះក្នុងកម្ពស់ទាប។
ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង ដែលបានធ្វើការប្រជុំក្នុងគ្រាអាសន្ននៅថ្ងៃពុធនេះ បានសម្តែងនូវការព្រួយកង្វល់អំពីការបាញ់បង្ហោះនេះ។ ក្រុមប្រឹក្សាសន្តិសុខកូរ៉េខាងត្បូង និយាយថា ការបាញ់សាកល្បងនេះ អាចមានផលប៉ះពាល់ជាអវិជ្ជមានលើការខំប្រឹងប្រែងដើម្បីបង្កើតសន្តិភាពនៅលើឧបទ្វីបកូរ៉េ៕