ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​កូរ៉េ​ខាង​ជើង​និង​សមុទ្រ​ចិន​ខាង​ត្បូងស្ថិត​នៅ​លើ​របៀប​វារៈ​នៅពេល​ដែល​លោក Pompeo ទៅ​តំបន់​អាស៊ី


រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo (ទីបីពីខាងឆ្វេង) ចាប់ដៃជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត នៅក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩។

រដ្ឋមន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ចាក​ចេញ​ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោន​​ទៅកាន់​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​អង្គារ ​ដែល​នៅ​ទី​នោះ​លោក ​នឹង​ធ្វើ​ជា​សហប្រធាន​នៃ​ជំនួប​​ថ្នាក់​រដ្ឋ​មន្រ្តី​រវាង​សហរដ្ឋ​អាមេរិក​និង​​សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ឬ​អាស៊ាន​នៅ​ចុង​សប្តាហ៍​នេះ។

អ្នក​ជំនាញ​ថា ​ការ​បាញ់​មីស៊ីល​កាល​ពីពេល​ថ្មី​ៗ​នេះ​របស់​កូរ៉េ​ខាង​ជើង ​ទំនងនឹងមិនមាន​ផលប៉ះពាល់​ខ្លាំង​លើ​ការ​ខំ​ប្រឹងប្រែង​ខាង​ការទូត​នៅពេល​ថ្មី​ៗ​នេះ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនទេ។​

សហរដ្ឋ​អាមេរិកមិន​បាន​លុប​ចោល​ការចរចា​កម្រិតការងារ​ជាមួយ​ក្រុម​មន្រ្តី​កូរ៉េខាង​ជើងនៅ​ខាង​ក្រៅ​ជំនួបប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ប្រទេស​ថៃ​នៅ​សប្តាហ៍​នេះ ​ដោយ​ពួក​អ្នក​ជំនាញ​និយាយ​ថា ការបាញ់កាំជ្រួច​មីស៊ីល​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ទំនង​ជា​មិន​ប្រែក្រឡាស់​ការ​ខំ​ប្រឹងប្រែង​ខាង​ការទូតនៅ​ពេល​ថ្មី​ៗ​នេះ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ទេ។

រដ្ឋមន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​ចាក​ចេញ​ពី​រដ្ឋ​ធានី​វ៉ាស៊ីនតោនទៅកាន់​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃ​អង្គារ ​ដែល​នៅ​ទី​នោះ​លោក ​នឹង​ធ្វើ​ជា​សហប្រធាន​នៃ​ជំនួបថ្នាក់​រដ្ឋ​មន្រ្តី​រវាង​សហរដ្ឋ​អាមេរិក​និងសមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍ឬ​អាស៊ាន​នៅ​ចុង​សប្តាហ៍​នេះ។

នៅថ្ងៃ​ទី​២ ​ខែ​សីហា លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក Pompeo នឹង​ចូលរួម​សន្និ​សីទកំពូល​ថ្នាក់​រដ្ឋមន្រ្តី​របស់​តំបន់​អាស៊ី​ខាង​កើត (EAS) វេទិកា​តំបន់​អាស៊ាន (ARF) និង​ធ្វើ​ជំនួប​ទ្វេភាគី​ជាមួយ​លោក Don Pramudwinai រដ្ឋមន្រ្តី​ការបរទេស​ថៃ​ដើម្បី​ពិភាក្សា​រក​មធ្យោបាយ​ពង្រឹង​សម្ព័ន្ធភាព​រវាង​សហរដ្ឋ​អាមេរិក​និង​ថៃ។

ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ទីបញ្ជាការ​អង្គការ​សហប្រជាជាតិ​ដែល​ដឹកនាំ​ដោយ​សហ​រដ្ឋ​អាមេរិក ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ខ្លួន​នឹង​បន្ត​គាំទ្រ​វិធានការ​ដែល​ស្ថាបនាទំនុក​ចិត្ត​ដែល​រៀប​ចំ​វេទិកាសម្រាប់​ការ​សន្ទនា ​និង​សម្រាប់​ពួក​អ្នក​ការទូត​ដើម្បី​ធ្វើ​ការ​ឆ្ពោះទៅកាន់​សន្តិភាព​អចិន្រ្តៃយ៍ ​ហើយនឹងត្រួតពិនិត្យ​ពេញលេញ​ជា​ចុងក្រោយ​អំពី​ការ​រំសាយ​អាវុធ​នុយក្លែអ៊ែ​របស់​កូរ៉េខាង​ជើង។

បន្ទាប់ពី​ការសាក​ល្បង​កាំជ្រួចមីស៊ីល​បាល់​លីស្ទិក​នៅ​ពេល​ថ្មី​ៗ​បំផុត​របស់​កូរ៉េ​ខាង​ជើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ​លោក Pompeo រដ្ឋមន្រ្តី​ការបរទេសអាមេរិក​បាន​ស្នើ​ថា ​ការ​ចរចាអាច​នៅ​បន្ត។

ជំនួប​របស់​លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក Pompeo ​ជាមួយ​រដ្ឋ​មន្រ្តីការបរ​ទេស​អាស៊ាន ​ក៏​កើត​មាន​ឡើង​នៅពេល​ដែលមានចំណាត់​ការ​កើនឡើង​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិនខាងត្បូង ​ជា​តំបន់សម្បូរ​ដោយ​ធនធាន​ដែល​បាន​ទាម​ទារ​ដោយ​សមាជិក​ខ្លះ​របស់​សមាគម​អាស៊ាន​ដូចជា ​ប្រទេស​ប៊្រុយណេ ម៉ាឡេស៊ី ​ហ្វីលីពីន វៀតណាម កោះ​តៃវ៉ាន់​និង​ប្រទេស​ចិន។

​ចិន ​បាន​ចាក់ដី​ធ្វើ​កោះ​និង​កន្លែង​យោ​ធា​ក្នុង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ។

​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួងការ​បរទេស​អាមេរិកនិយាយថា «​យើងមានការ​ចាប់​អារម្មណ៍​ក្នុងការ​ធ្វើ​ឲ្យ​ប្រាកដដ​ថា ​មាន​ស្ថិរភាព​នៅ​ទី​នោះ»។

សហរដ្ឋ​អាមេរិកជំទាស់​ប្រឆាំង​យ៉ាង​ខ្លាំងចំពោះ​ការ​ខំ​ប្រឹងប្រែង​របស់​ចិន​ដែល​ទាម​ទារដែន​សមុទ្រ​ខុសច្បាប់ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ​រដ្ឋា​ភិបាល​ក្រុង​វ៉ាស៊ីន​តោនកំពុង​អំពាវនាវ​ឲ្យ​មានក្រម​ប្រតិបត្តិ​រវាង​ចិន​និង​សមាគម​អាស៊ាន​ទៅតាម​ច្បាប់​អន្តរជាតិ​ដែល​មាន​ស្រាប់។

លោក Ortagus បាន​ប្រាប់ VOA ក្នុង​កិច្ច​សម្ភាសន៍​មួយកាល​ពី​ថ្ងៃ​ចន្ទ​ថា «យើង​មាន​ការព្រួយ​កង្វល់​យ៉ាង​ខ្លាំង»។ លោក​និយាយ​សំដៅ​ដល់​ការ​បាញ់​បង្ហោះ​កាំជ្រួច​មី​ស៊ីលប្រឆាំង​នឹង​កប៉ាល់កាល​ពី​ពេល​ថ្មី​ៗ​នេះ​ដោយ​បាញ់​ចេញ​ពីកោះ​ដែល​ទើប​ស្ថាប​នានៅ​ក្នុងសមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ ​ហើយ​នឹង​ការ​ប្រឈមមុខគ្នារវាង​ចិន​និង​វៀតណាម។

កាលពី​សប្តាហ៍​មុន វៀតណាម បាន​ជំរុញឲ្យ​កប៉ាល់​របស់​រដ្ឋាភិ​បាល​ចិនក្នុង​សមុទ្រ​ចិន​ខាង​ត្បូងដែល​មាន​ជម្លោះ ចាកចេញ​ជាបន្ទាន់​នៅពេល​ដែល​ការប្រឈមមុខ​កើន​ឡើង​រវាង​ប្រទេស​ទាំង២​អំពីការ​ងារ​សិក្សាភូគព្វសាស្រ្ត​របស់​ចិន កំពុង​ដំណើការ។ ចិនបាន​សុំឲ្យ​វៀត​ណាម​គោរព​សិទ្ធិ​អធិបតេយ្យ​ភាព​ និង​យុត្តា​ធិ​ការ​របស់​ចិន​លើ​តំបន់នៅ​ជិត​ប្រជុំ​កោះ Spratly ដែល​មាន​ជម្លោះ។ វៀតណាមបាន​និយាយ​ថា សកម្មភាព​របស់​នាវា​ចិន ​សិ្ថត​នៅ​ក្នុង​ដែន​ទឹក​របស់​វៀតណាម។

លោក Eliot Engel ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេស​របស់​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាល​ពីពេល​ថ្មី​ៗ​នេះ​ស្តី​ពី​ការ​ជ្រៀត​ជ្រែក​របស់​ចិន​ក្នុង​ផ្ទៃ​ទឹក​ដែល​ត្រួតត្រា​ដោយ​វៀតណាម។

លោក Engel បាន​មាន​ប្រសាសន៍​ថា «ភាព​គឃ្លើន​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​ចិន​ក្នុង​សមុទ្រ​ចិនខាង​ត្បូង ​ជា​ការ​បង្ហាញ​នូវការរំខាន​របស់​ប្រទេស​នោះ​រំលោភ​ដោយបើក​ចំហរ​លើ​ច្បាប់​អន្តរជាតិ។​ ហើយ​សំខាន់​ជាង​នោះ​ទៀត ឥរិយា​បទ​របស់​ចិនបាន​គំរាម​កំហែង​ផល​ប្រយោជន៍​របស់​ក្រុម​ហ៊ុន​សហរដ្ឋ​អាមេរិក​ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់​នោះ»។

​បន្ទាប់​ពី​ប្រទេស​ថៃ ​លោក​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក Pompeo នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អូស្រ្តាលី​នៅ​ថ្ងៃ​ទី៤ ​ខែសីហា។ លោក Mark Esper រដ្ឋមន្រ្តី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិកដែលស្បថ​ចូលកាន់​ដំណែង​ថ្មី​ ​នឹង​ចូលរួម​ជាមួយ​លោក​ Pompeo ​នៅ​ក្នុង​ទីក្រុង​ស៊ីដនី​ដើម្បី​ចូល​រួម​កិច្ចពិគ្រោះ​ថ្នាក់​រដ្ឋមន្រ្តី​រវាង​អូស្រ្តាលី​និង​សហរដ្ឋ​អាមេ​រិក៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG