នៅថ្ងៃចន្ទនេះ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីប (ICBM) មួយគ្រាប់ដែលមានសមត្ថភាពអាចហោះដល់ទីតាំងនៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើការបញ្ជាក់របស់មន្ត្រីជប៉ុនម្នាក់។
នេះគឺជាការបាញ់មីស៊ីលលើកទីពីរនៅក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅពេលដែលកូរ៉េខាងជើងថ្កោលទោសការបង្ហាញកម្លាំងដែលដឹកនាំដោយសហរដ្ឋអាមេរិកថាជាវិធានការ«សង្គ្រាម»។
មីស៊ីលឆ្លងទ្វីបនេះអាចហោះបានចម្ងាយជាង១៥.០០០គីឡូម៉ែត្រដែលមានន័យថាវាអាចហោះដល់ទីតាំងណាមួយក៏បាននៅក្នុងប្រទេសជប៉ុននិងសហរដ្ឋអាមេរិក។ នេះបើតាមការបញ្ជាក់របស់អនុរដ្ឋមន្ត្រីការពារជាតិជប៉ុនលោក Shingo Miyake។
ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា មីស៊ីលនោះគឺជាមីស៊ីលឆ្លងទ្វីបដែលប្រើឥន្ធនៈរឹង។ ក្រុមប្រឹក្សានេះបានហៅការបាញ់នេះថាជាទង្វើបង្កអស្ថិរភាពដែលមិនអើពើចំពោះការព្រមានរបស់អន្តរជាតិនិងសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបញ្ជាឱ្យមានការធ្វើវិសិដ្ឋកម្មនូវប្រតិបត្តិការដ៏មានប្រសិទ្ធភាពនៃ «វិធីបង្កានុយក្លេអ៊ែរ» របស់កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិកូរ៉េខាងត្បូង។
សហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តរបស់ខ្លួននៅក្នុងការការពារជប៉ុននិងកូរ៉េខាងត្បូង បន្ទាប់ពីមានការបាញ់មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងនេះ។ នេះបើតាមការបញ្ជាក់របស់សេតវិមានកាលពីយប់ថ្ងៃអាទិត្យ។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan បាននិយាយជាមួយប្រធានការិយាល័យសន្តិសុខជាតិកូរ៉េខាងត្បូងលោក Cho Taeyong និងអគ្គនាយកលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុនលោក Akiba Takeo និងបានថ្កោលទោសការសាកល្បងរបស់កូរ៉េខាងជើងនេះថាជា «ការរំលោភយ៉ាងជាក់ស្ដែងលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។ នេះបើតាមការបញ្ជាក់របស់សេតវិមាន៕