ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាងត្បូង​ព្រមាន​កូរ៉េ​ខាងជើង​មិន​ឱ្យ​បាញ់​បង្ហោះ​ផ្កាយរណប​ឈ្លប​យកការណ៍


នៅក្នុង​រូប​ដែល​ផ្តល់​ឱ្យ​ដោយ Korea Defense Daily និង​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​កូរ៉េ​ខាងត្បូង បង្ហាញ​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កូរ៉េខាងត្បូង​លោក Kang Hopil ថ្លែង​នៅ​ក្រសួង​ការពារ​ជាតិ​ក្នុង​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុង​រូប​ដែល​ផ្តល់​ឱ្យ​ដោយ Korea Defense Daily និង​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​កូរ៉េ​ខាងត្បូង បង្ហាញ​ពី​មន្ត្រី​យោធា​ជាន់ខ្ពស់​របស់​កូរ៉េខាងត្បូង​លោក Kang Hopil ថ្លែង​នៅ​ក្រសួង​ការពារ​ជាតិ​ក្នុង​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។

យោធា​កូរ៉េខាង​ត្បូង​បាន​ព្រមានកូរ៉េខាង​ជើង​ឱ្យ​លុបចោល​ផែនការ​បង្ហោះ​ផ្កាយ​រណប​ឈ្លប​យកការណ៍​របស់​ខ្លួន​ដោយ​លើក​ឡើង​ថា រដ្ឋាភិបាល​កូរ៉េខាង​ត្បូងអាច​ផ្អាក​កិច្ចព្រមព្រៀង​អន្តរកូរ៉េ ដែល​មាន​បំណងបន្ធូរបន្ថយ​ភាព​តានតឹង​ និង​ដាក់​ឡើង​វិញ​នូវ​ឧបករណ៍​តាមដាននៅ​ប៉ុស្តិ៍​ជួរមុខ​ជា​ការ​ឆ្លើយ​តប​។​ ​នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទី​ភ្នាក់​ងារ​សារព័ត៌មាន​ AP។​

កូរ៉េខាង​ជើង​បាន​បរាជ័យ​ក្នុង​ការ​ប៉ុនប៉ង​ពីរ​លើក​រួច​មក​ហើយ ក្នុង​ការ​បង្ហោះ​ផ្កាយ​រណបស៊ើប​ការណ៍​យោធា​មួយ​គ្រឿងទៅ​ក្នុង​គន្លង​តារាវិថី​ កាល​ពីពេល​កន្លង​ទៅ​ក្នុង​ឆ្នាំ​នេះ​ ប៉ុន្តែ​មិន​បាន​ធ្វើ​ជា​លើក​ទី​៣​ទៅ​តាម​ការ​សន្យា​របស់​ខ្លួនកាល​ពី​ខែ​តុលា​កន្លង​ទៅ​នេះ​ទេ។​ ​មន្ត្រី​កូរ៉េខាង​ត្បូង​និយាយ​ថា ការ​ពន្យារ​ពេល​នេះ​ ទំនង​ជា​កូរ៉េខាង​ជើងកំពុង​ទទួល​បាន​ជំនួយ​បច្ចេកវិទ្យារបស់រុស្ស៊ី ​ហើយ​ការ​បាញ់​បង្ហោះ​អាច​កើតមាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។​ ​

មន្ត្រី​យោធា​ជាន់​ខ្ពស់​កូរ៉េខាង​ត្បូង​ លោក Kang Hopil​ បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ផ្សាយតាម​ទូរទស្សន៍​ថា៖​ «​យោធា​របស់​យើង​នឹង​ដាក់​ចេញវិធានការ​ចាំបាច់​មួយ​ចំនួន​ ដើម្បី​ការពារ​ជីវិតនិង​សុវត្ថិភាពពលរដ្ឋ​កូរ៉េ​ ប្រសិន​បើ​កូរ៉េខាង​ជើង​នៅ​តែមាន​គម្រោង​បាញ់​បង្ហោះ​ផ្កាយរណប​ចារកម្មរបស់​ខ្លួន​ ក្នុង​ពេល​ដែល​មាន​ការ​ព្រមានពី​យើង​រួច​ហើយ​នោះ»។​

រដ្ឋមន្ត្រី​ការពារ​ជាតិ​កូរ៉េខាង​ត្បូង​លោក Shin Wonsik បានផ្តល់​បទ​សម្ភាសន៍​មួយ​ជា​មួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​ KBS របស់​កូរ៉េកាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ថា​ ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​ឈ្លបយកការណ៍​របស់​កូរ៉េខាង​ជើង​ អាច​កើត​មាន​ឡើង​នៅក្នុង​ខែវិច្ឆិកា​នេះ​ ហើយ​លោក​ថា​ អាជ្ញាធរ​កូរ៉េខាងត្បូង​និង​សហរដ្ឋ​អាមេរិក​ កំពុង​តាមដាន​ត្រួតពិនិត្យលើសកម្មភាព​របស់​កូរ៉េខាង​ជើង​ជុំវិញ​រឿង​នេះ។

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ​បាន​ដាក់​បម្រាមដល់​កូរ៉េខាង​ជើង​ មិន​ឱ្យ​បាញ់​បង្ហោះ​ផ្កាយ​រណប​ណា​មួយ​ឡើយ ព្រោះ​ខ្លួន​ចាត់​ទុក​ថា​ នេះ​ជា​ការ​ធ្វើ​តេស្ត​បន្លំភ្នែកលើ​បច្ចេកវិទ្យា​មីស៊ីល​របស់​ខ្លួន​តែ​ប៉ុណ្ណោះ៕

XS
SM
MD
LG