ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៨ ទទួលស្គាល់​សកម្មជន​ប្រឆាំង​អំពើ​ហិង្សា​ផ្លូវ​ភេទ


រូប​ថត​អ្នក​ទទួល​បានពាន​រង្វាន់សន្តិភាពណូប៊ែលឆ្នាំ​ ២០១៨។
រូប​ថត​អ្នក​ទទួល​បានពាន​រង្វាន់សន្តិភាពណូប៊ែលឆ្នាំ​ ២០១៨។

រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​ផ្ដល់​ជូន​មនុស្ស​ពីរ​នាក់​ គឺ​ម្នាក់​ឈ្មោះ Nadia Murad ជា​សកម្មជន​សិទ្ធិមនុស្ស​ជនជាតិYazidi ដែល​នៅ​រស់រាន​ពី​អំពើ​ទាសភាព​ផ្លូវ​ភេទ ​ប្រព្រឹត្ត​ដោយ​ពួក​រដ្ឋ​ឥស្លាម​ក្នុង​ប្រទេស​អ៊ីរ៉ាក់។​ ជ័យលាភី​ម្នាក់​ទៀត​ឈ្មោះ ​Denis Mukwege ជា​វេជ្ជបណ្ឌិត​ខាង​រាងកាយ​ស្ត្រី ដែល​ធ្វើការ​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុង​សាធារណរដ្ឋ​កុងហ្គោ ដោយ​បាន​ព្យាបាល​ជនរងគ្រោះ​ដោយ​ការរំលោភ​សេពសន្ថវៈ​និង​អំពើ​ហិង្សា​ផ្លូវ​ភេទ​ផ្សេងទៀត​ជាង​៥ម៉ឺន​នាក់។

​គណៈកម្មាធិការ​រង្វាន់​ណូបែល​ក្នុង​ប្រទេស​ន័រវែស បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​រង្វាន់​នេះ ទទួលស្គាល់​ «‍ការ​ខំ​ប្រឹងប្រែង​របស់​អ្នក​ទាំង​ពីរ ក្នុង​ការ​បញ្ចប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ផ្លូវ​ភេទ ជា​អាវុធ​នៃ​សង្គ្រាម​និង​ជម្លោះ​ប្រដាប់​អាវុធ»។

លោក​វេជ្ជបណ្ឌិត​ Mukwege អាយុ​៦៣​ឆ្នាំ គ្រប់គ្រង​មន្ទីរពេទ្យPanzi នៅ​ប៉ែក​ខាង​កើត​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ ជា​តំបន់​ដ៏​គ្រោះថ្នាក់​មួយ ដែល​ក្រុម​ប្រដាប់​អាវុធ ជា​រឿយៗ បាន​ប្រើ​ការ​រំលោភបំពាន​ផ្លូវ​ភេទ ដើម្បី​បំភិតបំភ័យ​ជនស៊ីវិល។ លោក​វេជ្ជបណ្ឌិត​រូប​នេះ និង​បុគ្គលិក​ផ្សេងទៀត​ក្នុង​មន្ទីរពេទ្យ​នេះ បាន​ព្យាបាល​ឬ​ធ្វើ​ការ​វះកាត់​ទៅលើ​សរីរាង្គ​កាយ​ស្ត្រី​រាប់​ពាន់​នាក់ ដែល​បាន​រង​របួស​ក្នុង​អំពើ​រំលោភ​សេពសន្ថវៈ​និង​រំលោភបំពារបំពាន​ផ្លូវ​ភេទ​តាម​រូបភាព​ផ្សេងៗ​ទៀត​ ក្នុង​អំឡុង​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​កុងហ្គោ។

លោក​វេជ្ជបណ្ឌិត ​Mukwege បាន​ប្រសាសន៍​ថា «‍រង្វាន់​នេះ មាន​អត្ថន័យ​ពិតប្រាកដ តែ​ពេល​ណា​វា​ជួយ​កៀរគរ​មនុស្សម្នា​ឱ្យ​ផ្លាស់ប្ដូរ​ស្ថានភាព​របស់​ជនរងគ្រោះ​នៅ​ក្នុង​តំបន់​ដែល​មាន​ជម្លោះ​ប្រដាប់​អាវុធ​តែ​ប៉ុណ្ណោះ»។

លោក​បន្ត​ទៀត​ថា​«‍ក្នុង​រយៈពេល​ជិត២០​ឆ្នាំ​មក​នេះ ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ឩក្រិដ្ឋកម្ម​សង្គ្រាម​ប្រឆាំង​នឹង​ស្ត្រី ក្មេង​ស្រី និង​សូម្បីតែ​ទារិកា​ មិនមែន​តែ​ក្នុង​ប្រទេស​របស់​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ដែរ»។ លោក​បន្ថែម​ទៀត​ថា «‍ខ្ញុំ​ចង់​ប្រាប់​ទៅ​ជនរងគ្រោះ​ទាំង​ឡាយ​នៅ​ទូទាំង​ពិភពលោក​ថា តាម​រយៈ​រង្វាន់​ណូបែល​នេះ ពិភពលោក​ទាំងមូល​ កំពុង​ស្ដាប់​អ្នក​និយាយ និង​ពួកគេ បាន​ប្រកែក មិន​នៅ​ស្ងៀម ឈ​អោបដៃ​មើល ​ក្តី​ឈឺចាប់​របស់​អ្នក​នោះ​ទេ»។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោកAntonio Guterres បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ថា លោក​វេជ្ជបណ្ឌិត ​Mukwege «‍គឺ​ជា​ជើងឯក​ដែល​ឥត​ញញើត​ ដើម្បី​សិទ្ធិ​របស់​ស្ត្រី ដែល​រងការ​ឈឺចាប់​ដោយសារ​ការ​រំលោភ​សេពសន្ថវៈ​ ការ​កេងប្រវ័ញ្ច​និង​ការ​រំលោភបំពាន​ដ៏​យង់ឃ្នង​ផ្សេងៗ​ទៀត»។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ បន្ត​ទៀត​ថា «‍ទោះបីជា​លោក​វេជ្ជបណ្ឌិត​Mukwege បាន​ទទួល​ការ​គំរាមកំហែង​អាយុជីវិត​ជាប់​ជា​ប្រចាំ​ក៏ដោយ ក៏​លោក​បាន​ធ្វើ​ឱ្យ​មន្ទីរពេទ្យ Panzi នោះ ក្លាយ​ជា​ឋានសួគ៌​ សង្គ្រោះ​អ្នក​ដែល​គេ​ធ្វើ​បាប»។

ជ័យលាភី​ណូបែល​សន្តិភាព​ម្នាក់​ទៀតនៅ​ឆ្នាំ​នេះ គឺនាង Nadia Murad អាយុ​២៥​ឆ្នាំ ជា​ស្ថាបនិក​នៃ​អង្គការ គំនិត​ផ្ដួចផ្ដើម​របស់ Nadia​ (ឬNadia's Initiative ) ដែល​បាន​បូជា​ចំពោះ​ការ​ជួយ​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ប្រល័យពូជសាសន៍​និង​អំពើឃោរឃៅ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG