ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អ.ស.ប.៖ បន្ត​ដាក់​សម្ពាធ​លើ​មីយ៉ាន់ម៉ា​ឲ្យ​បញ្ឈប់​អំពើ​ឃោរឃៅ​លើ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា


រូបឯកសារ៖​ ជនភៀសខ្លួនរ៉ូហ៊ិងយ៉ា​ឈរតម្រង់ជួរ រង់ចាំទទួលជំនួយនៅក្នុងជំរំ Kutupalong ក្នុងទីក្រុង Cox's Bazar ប្រទេសបង់ក្លាដេស​ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖​ ជនភៀសខ្លួនរ៉ូហ៊ិងយ៉ា​ឈរតម្រង់ជួរ រង់ចាំទទួលជំនួយនៅក្នុងជំរំ Kutupalong ក្នុងទីក្រុង Cox's Bazar ប្រទេសបង់ក្លាដេស​ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨។

អស់​រយៈ​ពេល​ជាង​៦​ខែ​មក​ហើយ តាំង​ពី​មាន​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​របស់​ពួក​យោធា​មីយ៉ាន់ម៉ា ដែល​បង្ក​ឲ្យ​ជាតិ​សាសន៍​រ៉ូហ៊ីងយ៉ា​រាប់​សែន​នាក់​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​បង់ក្លាដេស។

ប៉ុន្តែ អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា ប្រទេស​មីយ៉ាន់ម៉ា​នៅតែ​បន្ត​យុទ្ធនាការ​របស់​ខ្លួន​ដើម្បី «បោស​សម្អាត​ពូជសាសន៍» រ៉ូហ៊ីងយ៉ា ដែល​ជា​ជនជាតិ​ភាគ​តិច​កាន់​សាសនា​ឥស្លាម​ដដែល។

លោក Andrew Gilmour អគ្គ​លេខាធិការ​រង​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស បាន​ថ្លែង​ថា៖ «មនុស្ស​នៅតែ​ត្រូវ​គេ​សម្លាប់ នៅ​តែ​ត្រូវ​គេ​ចាប់​រំលោភ និង​នៅតែ​ត្រូវ​គេ​វាយ​ដំ»។

នា​ពេល​ថ្មីៗ​នេះ លោក Andrew Gilmour បាន​ជួប​ជាមួយ​នឹង​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​ទើបតែ​មក​ដល់​ជំរំ​ជន​ភៀសខ្លួន​នៅ​ក្នុង​ទីក្រុង Cox's Bazar ប្រទេស​បង់ក្លាដេស។ លោក​និយាយ​ថា ពួក​យោធា​មីយ៉ាន់ម៉ា​កំពុង​ប្រើ​គោល​នយោបាយ​បង្ខំ​ឲ្យ​មាន​ការអត់ឃ្លាន ប្រឆាំង​ទៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា។

លោក Andrew Gilmour បាន​ថ្លែង​បន្ត​ទៀត​ថា៖ «អាជ្ញាធរ​បាន​រឹបអូស​យក​ដី​ស្រែ​ចម្ការ​របស់​កសិករ។ អ្នក​ជិត​ខាង​ដែល​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​បាន​លួច ឬ​ក៏​សម្លាប់​សត្វ​ពាហនៈ​របស់​អ្នក​ទាំង​នោះ។ ហើយ​ផ្សារ​នានា​ក៏​ត្រូវ​បាន​គេ​ដុត​បំផ្លាញ​ផង​ដែរ»។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​នៅ​តែ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​ខ្លួន​មិន​បាន​ប្រព្រឹត្តិ​អំពើ​ប្រល័យ​ពូជសាសន៍​នោះ​ទេ។

លោក Thaung Tun ទីប្រឹក្សា​សន្តិសុខ​ជាតិ​មីយ៉ាន់ម៉ា​បាន​ថ្លែង​ថា៖ «ជា​រឿយៗ យើង​បាន​ឭ​អំពី​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ដែល​ថា​មាន​ការ​បោស​សម្អាត​ពូជសាសន៍ ឬ​ក៏​អំពើ​ប្រល័យ​ពូជសាសន៍​កើត​ឡើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​និយាយ​កាល​ពី​លើក​មុន ហើយ​ខ្ញុំ​សូម​និយាយ​ម្ដង​ទៀត នេះ​មិន​មែន​ជា​គោល​នយោបាយ​របស់​រដ្ឋាភិបាល​នោះ​ទេ។ ហើយ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ យើង​អាច​ធានា​ចំពោះ​អ្នក​បាន​ថា បើ​មាន​ការ​ចោទ​ប្រកាន់ យើង​ចង់​ឃើញ​ភស្តុតាង​ច្បាស់លាស់»។

ការិយាល័យ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ បាន​បញ្ជាក់​ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​បដិសេធ​មិន​ធ្វើ​ការ​សហការ​ជាមួយ​នឹង​ក្រុម​អ្នក​ស៊ើប​អង្កេត។

លោក Andrew Gilmour បាន​បញ្ជាក់​ថា៖ «ប្រាកដ​ណាស់ ត្រូវតែ​មាន​ការ​បន្ត​ដាក់​សម្ពាធ​ពី​អន្តរជាតិ​ទៅ​លើ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ដើម្បី​រារាំង​កង​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​នេះ​កុំ​ឲ្យ​បន្ត​អនុវត្ត​សកម្មភាព​ដូច​ដែល​ពួកគេ​កំពុង​ធ្វើ​នា​ពេល​នេះ​ជា​បន្ត​ទៀត»។

មេដឹកនាំ​ប្រទេស​មីយ៉ាន់ម៉ា​លោកស្រី Aung San Suu Kyi ដែល​ធ្លាប់​ជា​និមិត្តរូប​តំណាង​ឲ្យ​សិទ្ធិ​មនុស្ស កំពុង​តែ​រង​ការ​រិះគន់​ថា​មិន​បាន​និយាយ​ប្រឆាំង​នឹង​ពួក​យោធា។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​ពាន​រង្វាន់​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូវ​បាន​ចាត់ទុក​ជា​មោឃៈ ក៏​ដូច​ជា​បណ្ដាល​ឲ្យ​មាន​ការ​រិះគន់​ជា​សាធារណៈ​ពី​អ្នក​ទទួល​ជ័យ​លាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​ដទៃ​ទៀត​ផង​ដែរ៕

ប្រែ​សម្រួល​ដោយ នូវ ពៅលក្ខិណា

XS
SM
MD
LG