មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi បាននិយាយថា រដ្ឋាភិបាលមីយ៉ាន់ម៉ាគួរតែបានដោះស្រាយស្ថានការណ៍នៃជាតិសាសន៍រ៉ូហ៊ីងយ៉ាផ្ទុយពីនេះ។
ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលសន្តិភាពរូបនេះ ត្រូវបានគេសួរអំពីវិបត្តិនេះនៅក្នុងអំឡុងពេលពិភាក្សានៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានបិទបញ្ចប់នៅថ្ងៃព្រហស្បតិ៍នេះ។
កេរ្តិ៍ឈ្មោះរបស់លោកស្រី Aung San Suu Kyi ក្នុងនាមជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលលោកស្រីទទួលបាននៅក្នុងអំឡុងពេលលោកស្រីជាប់ឃុំក្នុងរបបយោធាមីយ៉ាន់ម៉ាកាលពីអតីតកាល ត្រូវបានបំផ្លាញចោលដោយសារតែលោកស្រីមិនបាននិយាយប្រឆាំងនឹងយុទ្ធនាការឃោរឃៅរបស់ពួកយោធានៅក្នុងរដ្ឋ Rakhine ដែលបានធ្វើឲ្យជាតិសាសន៍ Rohingya ជិត ៧ សែននាក់គេចខ្លួនឆ្លងព្រំដែនទៅកាន់ប្រទេសបង់ក្លាដេសតាំងពីខែសីហា ឆ្នាំមុនមក។
លោកស្រី Aung San Suu Kyi បានប្រាប់ទស្សនិកជននៅក្នុងទីក្រុងហាណូយថា ក្រោយពីវិបត្តិ Rohingya បានកើតឡើង លោកស្រីគិតថា ស្ថានការណ៍នេះគួរតែត្រូវបានដោះស្រាយប្រសើរជាងនេះ។ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា អាជ្ញាធរមិនអាចធ្វើអ្វីស្រេចតែនឹងចិត្តនោះទេ។
លោកស្រីក៏ការពារប្រទេសលោកស្រីផងដែរប្រឆាំងនឹងការរិះគន់លើការកាត់ទោសអ្នកកាសែត Reuters ពីរនាក់កាលពីសប្ដាហ៍មុន ក្រោមបទចោទប្រកាន់ថាបានរំលោភលើច្បាប់រក្សាការសម្ងាត់ផ្លូវការរបស់ប្រទេសមីយ៉ាន់ម៉ា ដែលបានបង្កើតឡើងតាំងពីសម័យអាណានិគមអង់គ្លេស។
លោកស្រីបានស្នើអ្នកណាដែលបានរិះគន់សាលក្រមតុលាការនេះ និងអ្នកណាដែលបានអំពាវនាវឲ្យមានការដោះលែងអ្នកកាសែតទាំងពីរនាក់នេះ ឲ្យបង្ហាញភស្តុតាងណាដែលបញ្ជាក់ថា ការកាត់ទោសនេះធ្វើឡើងដោយអយុត្តិធម៌នោះ៕