ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​នីហ្សេរីយ៉ា​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ពុក​រលួយ​ទោះ​ជា​មាន​ការ​រិះ​គន់​


រូបភាពឯកសារ៖ ប្រធានាធិបតី​នីហ្សេរីយ៉ា​Muhammadu Buhari ថ្លែងក្នុង​សន្និសិទមួយបន្ទាប់​ពី​កិច្ច​ប្រជុំកំពូល​នៃ​ប្រមុខរដ្ឋនិង​រដ្ឋាភិបាលនៃ​គណកម្មាធិកា​ The Lake Chad Basin នៅ​​ អាប៊ូចា ប្រទេសនីហ្សេរីយ៉ាកាល​ពីថ្ងៃទី១១ ខែមិថុនាឆ្នាំ​ ២០១៥
រូបភាពឯកសារ៖ ប្រធានាធិបតី​នីហ្សេរីយ៉ា​Muhammadu Buhari ថ្លែងក្នុង​សន្និសិទមួយបន្ទាប់​ពី​កិច្ច​ប្រជុំកំពូល​នៃ​ប្រមុខរដ្ឋនិង​រដ្ឋាភិបាលនៃ​គណកម្មាធិកា​ The Lake Chad Basin នៅ​​ អាប៊ូចា ប្រទេសនីហ្សេរីយ៉ាកាល​ពីថ្ងៃទី១១ ខែមិថុនាឆ្នាំ​ ២០១៥

រដ្ឋ​មន្រ្តី​ផ្នែក​ព័ត៌មាន​របស់​ប្រទេស​នីហ្សេរីយ៉ា (Nigeria) បាន​ថ្លែង​ថា លោក​ Muhammadu Buhari ប្រធានាធិបតី​នៃ​ប្រទេស​នីហ្សេរីយ៉ា​នឹង​មិន​ការពារ​មន្រ្តី ឬ​សមាជិក​មួយ​ណា​នៃ​គណបក្ស​កាន់​អំណាច​របស់​លោក​ គឺ​គណបក្ស​សភា​វឌ្ឍនភាព​ទាំង​អស់​គ្នា​ ឬ All Progressives Congress ដែល​បាន​ក្លែង​បន្លំ​ផ្នែក​ហិរញ្ញវត្ថុ​ឡើយ។

រដ្ឋ​មន្រ្តី​ផ្នែក​ព័ត៌មាន​របស់​ប្រទេស​នីហ្សេរីយ៉ា (Nigeria) បាន​ថ្លែង​ថា លោក​ Muhammadu Buhari ប្រធានាធិបតី​នៃ​ប្រទេស​នីហ្សេរីយ៉ា​នឹង​មិន​ការពារ​មន្រ្តី ឬ​សមាជិក​មួយ​ណា​នៃ​គណបក្ស​កាន់​អំណាច​របស់​លោក​ គឺ​គណបក្ស​សភា​វឌ្ឍនភាព​ទាំង​អស់​គ្នា​ ឬ All Progressives Congress ដែល​បាន​ក្លែង​បន្លំ​ផ្នែក​ហិរញ្ញវត្ថុ​ឡើយ។

ប៉ុន្តែ​ក្នុង​ការ​ជជែកតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​កាល​ពី​ចុង​ខែ​ធ្នូ​ ដែល​ជា​លើក​ដំបូង​តាំង​ពី​លោក​បាន​ចូល​កាន់​តំណែង​កាលពី​ពាក់​កណ្តាល​ឆ្នាំ២០១៥​នោះ​ ​ប្រធានាធិបតី ​Buhari ​បាន​អះអាង​ថា​ គ្មាន​គណៈ​រដ្ឋ​មន្រ្តី​របស់​លោក​ណា​មួយពុក​រលួយ​ឡើយ។​ លោក​បាន​ប្រជែង​ពាក្យ​សម្តី​ជាមួយ​ប្រជាជន​នីហ្សេរីយ៉ា​ណា​ដែល​មាន​ភស្តុតាង​ពី​ភាព​មិន​ប្រក្រតី​ផ្នែក​ហិរញ្ញវត្ថុ​ប្រឆាំង​នឹង​មន្រ្តី​របស់​លោក ហើយ​ស្នើ​ឲ្យ​បង្ហាញ​ភស្តុតាង​ទាំង​នោះ។

សេចក្តី​ថ្លែងការណ៍​របស់​លោក​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​ប្រជាធិបតេយ្យប្រជាជន ឬ People's Democratic Party ​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ការ​ចោទ​ប្រកាន់​លើ​ការ​ប្រើប្រាស់​មូលនិធិ​សន្តិសុខ​ខុស​ដោយ​ក្រុម​មន្រ្តី​ជាន់​ខ្ពស់ក្នុង​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី។​

រដ្ឋ​មន្រ្តី​ផ្នែក​ព័ត៌មាន​ Lai Mohamed​ បាន​ច្រាន​ចោល​ការ​លើក​ឡើងថា​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ផ្តោត​លើ​តែ​មន្រ្តី​ក្នុង​រដ្ឋបាល​មុន​របស់​អតីត​ប្រធានាធិបតី​ Good Luck Jonathan ប៉ុណ្ណោះ។​ លោក​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​មាន​ភស្តុតាង​ជាក់​ស្តែង​ប្រឆាំង​នឹង​ក្រុម​មន្រ្តី​ពី​អាណត្តិ​មុន​ដែល​លោក​និយាយ​ថា​ បាន​ក្លែង​បន្លំ​មូលនិធិ​សាធារណៈ។​

លោក​ Mohammed និយាយ​ថា៖ «ការ​ពិត​នៃ​បញ្ហា​នេះ ​គឺ​ថា លោក​ឧត្តមសេនីយ​ Buhariនឹង​មិន​លើក​លែង​ឲ្យ​អ្នក​ណា​ដែល​ត្រូវ​រក​ឃើញ​ឬ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​ប្រព្រឹត្តិ​អំពើពុក​រលួយ​ ទោះ​បី​ជា​ពួកគេ​ជា​សមាជិក​នៃ​គណបក្ស​កាន់​អំណាច ឬ​មិន​មែន​ក៏​ដោយ។​ វា​ជា​រឿង​ធម្មតា​ទេ​បន្ទាប់​ពី​កាន់​អំណាច​អស់​រយៈពេល​១៦ឆ្នាំ​ បើសិន​ជា​មាន​ការស៊ើប​អង្កេត​ណា​មួយ​នៅ​ថ្ងៃ​នេះ​ ឬ​ក៏​មាន​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ណា​មួយ​ អ្នក​ដែល​គួរ​ត្រូវ​ស៊ើប​អង្កត​គឺអ្នក​ដែល​បាន​កាន់​អំណាច​យូរ​ឆ្នាំ​មក​ហើយ​នោះ»។

«រដ្ឋាភិបាល​នឹង​បញ្ចេញ​ការ​ពិតជាក់​ស្តែង​ជាច្រើន​ដូចជា​ឯកសារ​ប្រតិបត្តិការ​ លេខ​គណនី​ ហើយ​និង​ចំនួន​ទឹក​ប្រាក់​ដែល​បាន​បញ្ចូល​ទៅ​ក្នុង​គណនី​នីមួយៗ។​ នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ហៅ​ថា ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ មិន​មែន​ត្រឹម​តែ​ជា​ពាក្យ​បង្កាច់​បង្ខូច​នោះ​ទេ»។

ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ជាប់គាំង

ប្រជាជន​នីហ្សេរីយ៉ា​បាន​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​ Buhari ធានា​ថា​នឹង​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​អតីត​មន្រ្តី​ដែល​បាន​ប្រគល់​ទឹកប្រាក់​ដែល​បាន​លួច​មក​វិញ។​ លោកMohammed បាន​បញ្ជាក់​ថា​ មាន​អតីត​មន្រ្តី​មួយ​ចំនួន​បាន​ប្រគល់​មក​វិញ​នូវ​ថវិកា​ដែល​បាន​លួច​នោះ​ ក៏ប៉ុន្តែ​លោក​បាន​អះអាង​ថា​ ការ​ចេញ​ផ្សាយ​ឈ្មោះ​របស់​ពួក​គេ​នឹង​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ។

លោក​ Mohammed និយាយ​ថា៖ «បើ​ប្រៀបធៀប​ភាគ​រយ​នៃ​អ្នក​ដែល​មិន​ទាន់​បាន​ប្រគល់​ថវិកា​មក​វិញ​ នឹង​អ្នក​ដែល​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត​ គឺ​ពិត​ជា​មាន​ចំនួន​ស្តួច​ស្តើង​ខ្លាំង​ណាស់ ហើយ​វា​ដូច​ជាលឿន​ពេក​ក្នុង​ការ​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​ដែល​បានប្រគល់​អ្វី​ដែល​គេ​បាន​ប្លន់ ​ត្រឡប់​មក​វិញ»។​

«ទី​២​ ដូច​ដែល​លោក​ប្រធានាធិបតី​បាន​ពន្យល់​ហើយ​ បើសិន​ជា​មនុស្ស​ម្នាក់​បាន​ប្រគល់​ទឹក​ប្រាក់​មកវិញ​ក្នុង​ចំនួន​ណាមួយ ​ហើយ​អ្នក​ផ្សព្វផ្សាយ​ចំនួន​ទឹក​ប្រាក់​ដែល​គាត់​បាន​សង​នោះ​ អ្នក​បន្ទាប់​ទៀត​នឹង​មិន​ប្រគល់​ទឹក​ប្រាក់​ដែល​ច្រើន​ជាង​ចំនួន​ដែល​បាន​ចេញ​ផ្សាយ​នោះ​ទេ។​ ដូច្នេះ​សម្រាប់​ហេតុផលយុទ្ធសាស្រ្ត​និង​សន្តិសុខ​ វា​មិន​ល្អទេ​ក្នុង​កា​រផ្សាយ​ឈ្មោះ​អ្នក​ទាំង​នោះ និង​ចំនួន​ទឹក​ប្រាក់​ដែល​គេ​បាន​សងនៅ​ពេល​នេះ។​ តែ​យើង​នឹង​ផ្សព្វផ្សាយ​វា​ក្នុង​ពេល​វេលា​សម​ស្រប​ណា​មួយ»។

ក្រុម​អ្នក​រិះ​គន់និយាយ​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ហាក់​ដូច​ជា​ជាប់​គាំង​ផ្ទុយ​ពី​ការ​សន្យា​ម្តង​ហើយ​ម្តង​ទៀត​ពី​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី។​ ក៏ប៉ុន្តែ លោក​ Mohammed មិន​យល់​ស្រប​នឹង​មតិ​នេះ​ឡើយ។​

លោក​ Mohammed និយាយ​ថា៖ ​«កាលពី​មុន​ អំពើ​ពុករលួយ​ត្រូវ​បាន​គេ​សាទរ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។​ កាលពី​មុន​ ជន​ដែល​ប្រព្រឹត្ត​អំពើពុក​រលួយ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​គំរូ​ តាម​ពិត​ទៅ​ពួកគេ​ជា​អ្នក​បញ្ជា​កិច្ចការ​គ្រប់​យ៉ាង​ក្នុង​ប្រទេស​នេះ។ ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​ អ្វីៗ​ទាំងអស់បាន​ផ្លាស់​ប្តូរ​ហើយ។​ នេះ​ជា​លើកទី​១ហើយ​ ដែល​ប្រ​ជាជន​នីហ្សេរីយ៉ា​គាំទ្រ​ការ​ពិត​ដែល​ថា​អំពើពុក​រលួយ​គឺ​ជា​អំពើ​អាក្រក់​ហើយ​វា​មិនគួរ​ឲ្យ​សាទរ​ឡើយ»។​

លោក​បន្ត​ថា នៅ​ក្នុង​ឆ្នាំ​ថ្មីនេះ​ ប្រជាជន​នីហ្សេរីយ៉ា​គួរ​តែ​រំពឹង​ថា​នឹង​មាន​រដ្ឋាភិបាល​ដែល​មាន​ភាព​ស្មោះត្រង់​ និង​បេ្តជ្ញា​ចិត្ត​ក្នុង​ការ​ធ្វើ​ឲ្យ​ជីវិត​របស់​ពួកគេ​ប្រសើរ​ឡើង ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ជា​ច្រើន​ដែល​ប្រទេស​ទាំងមូល​កំពុង​ជួប​ប្រទះ​ក៏​ដោយ៕

ប្រែសម្រួល​ដោយ ទុំ ម្លិះ

XS
SM
MD
LG