លោកប្រធានាធិបតី Muhammadu Buhari បានឈ្នះការបោះឆ្នោតជាប្រវត្តិសាស្រ្តមួយ នៅក្នុងប្រទេសនីហ្សេរីយ៉ាក្នុងឆ្នាំនេះ ដោយបានសន្យាថា នឹងដោះស្រាយអំពើពុករលួយ។ ប៉ុន្តែរយៈពេលជិតប្រាំខែហើយ បន្ទាប់ពីលោកបានកាន់តំណែង មនុស្សមួយចំនួនមានការសង្ស័យ ថាតើគាត់បានធ្វើទៅតាមការសន្យារបស់គាត់ដែរឬទេ។
ខណៈដែលលោក Buhariបានធ្វើយុទ្ធនាការសម្រាប់តំណែងប្រធានាធិបតីនៅដើមឆ្នាំនេះ អ្នកគាំទ្ររបស់លោកបានរំឮកសាធារណជនពីការបំពេញតួនាទីរបស់លោកក្នុងនាមជា ប្រមុខយោធារបស់ប្រទេសនៅក្នុងពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៨០ នៅពេលដែលជនពុករលួយត្រូវបានគេដាក់ពន្ធនាគារ និងក្រុមអ្នកអនុវត្តច្បាប់ប្រដាប់ដោយខ្សែតឺធ្វើការរក្សាសណ្តាប់ធ្នាប់នៅតាមដងផ្លូវ។
លោកបានសន្យានឹងធ្វើការបញ្ចប់រឿងអាស្រូវអំពើពុករលួយរាប់ពាន់លានដុល្លារ ដែលបានកើតមានមកលើគូបដិបក្ខរបស់លោក គឺលោកប្រធានាធិបតី Goodluck Jonathan។ លោក Goodluck Jonathan បានរងការចោទប្រកាន់ថា បានបង្កឲ្យមានលំហូរថវិកាចេញពីរតនាគារជាតិ ខណៈពេល ជិតពាក់កណ្តាលនៃប្រជាជននីហ្សេរីយ៉ាស្ថិតនៅក្នុងភាពក្រីក្រ។
លោក Buhari នៅតែប្រឆាំងអំពើពុករលួយ ចាប់តាំងពីពេលចូលកាន់តំណែងនៅខែឧសភា។ លោកបានធ្វើឲ្យមានការចាប់អារម្មណ៍នៅតាមបណ្តាញសារព័ត៌មាន ដូចជា ការប្រកាសទ្រព្យសម្បត្តិរបស់លោក ការកាត់បន្ថយប្រមុខក្រុមហ៊ុនប្រេងរបស់រដ្ឋ និងការប្រកាសថា លោកនឹងទទួលខុសត្រូវក្នុងតំណែងរដ្ឋមន្រ្តីឧស្សាហកម្មឥន្ធនៈដោយខ្លួនឯង។
លោកClement Nwankwo ដែលបម្រើការនៅមជ្ឈមណ្ឌលគោលនយោបាយ និងគាំពារផ្នែកច្បាប់ ក្នុងក្រុងអាប៊ូចា (Abuja) បាននិយាយថា កំណែទម្រង់ពិតប្រាកដពិតជាត្រូវការចាំបាច់ដើម្បីទប់ស្កាត់អំពើពុករលួយ។
«ក្រៅពីការចាប់ខ្លួន ឬការកាត់ទោសមន្រ្តីចាត់តាំងនៅក្នុងជួររដ្ឋាភិបាលមុន វាមិនទាន់មានភាពច្បាស់លាស់សម្រាប់ប្រជាជននីហ្សេរីយ៉ា ថាតើប្រព័ន្ធថ្មីណាមួយកំពុងត្រូវបានដាក់ឡើងសម្រាប់អនុវត្ត» ។
អតីតទីប្រឹក្សាសន្តិសុខជាតិត្រូវបានចាប់ខ្លួន ហើយត្រូវប្រឈមមុខនឹងការកាត់ទោសទៅលើការលាងលុយកខ្វក់ និងការចោទប្រកាន់លើការប្រើប្រាស់អាវុធ។ ប៉ូលិសអង់គ្លេសបានធ្វើការឆែកឆេរផ្ទះរបស់អតីតរដ្ឋមន្រ្តីឧស្សាហកម្មឥន្ធនៈរបស់នីហេ្សរីយ៉ានៅក្នុងទីក្រុងឡុងដ៏ ហើយបានរឹបអូសប្រាក់រាប់សិបពាន់ដុល្លារ។
លោក Lawal Shuaibu ជាអនុប្រធានគណបក្ស All Progressives Congress របស់លោក Buhariបានព្យាករណ៍ពីដំណើរការជំនុំជម្រះក្តីនៅតុលាការដែលមានរយៈពេលយ៉ាងយូរ សម្រាប់អ្នកដែលត្រូវបានគេចោទប្រកាន់ពីបទអំពើពុករលួយ។ លោកបានថ្លែងថា ជនជាប់ចោទនឹងចំណាយខ្លាំងជាងមេធាវីរដ្ឋាភិបាល ដែលទទួលបានចំណាយសមគួរប៉ុណ្ណោះ។
«ពួកគេ [មេធាវីរដ្ឋាភិបាល] ធ្វើប្រតិបត្តិការទៅតាមទំហំថវិកាដែលត្រូវបានអនុម័តសម្រាប់ពួកគេ ដោយរដ្ឋសភា។ ជនប្រព្រឹត្តអំពើពុករលួយដែលត្រូវបានស៊ើបអង្កេតនឹងជួលមេធាវីជាន់ខ្ពស់ ហើយត្រូវបង់ប្រាក់រាប់ពាន់លានឲ្យមេធាវីទាំងនោះ»។
លោកបាននិយាយថា ដំណាក់កាលបន្ទាប់នៃសង្រ្គាមបង្រ្កាបអំពើពុករលួយរបស់លោក Buhari នឹងកើតឡើង នៅពេលដែលគណៈរដ្ឋមន្ត្រីរបស់លោកចូលកាន់តំណែង។ លោក Buhari ទើបតែងតាំងរដ្ឋមន្រ្តីក្នុងខែនេះ ហើយរដ្ឋមន្រ្តីទាំងនោះកំពុងតែត្រូវបានពិនិត្យដោយព្រឹទ្ធសភា។
លោក Nwankwo និយាយថា បើគ្មានការដឹកនាំក្នុងក្រសួងដើម្បីចេញកិច្ចសន្យា និងផ្តួចផ្តើមគម្រោងនោះទេ វាពិតជាលំបាកក្នុងការនិយាយថា បែបផែននៅក្នុងការបំពេញការងារផ្សេងៗនៅនីហ្សេរីយ៉ាបានផ្លាស់ប្តូរ។
«ហើយ មានតែពេលដែលអ្នកបានចំណាយប្រាក់ប៉ុណ្ណោះ ទើបអ្នកអាចប្រាប់បាន ថាតើអ្នកបានរកយុទ្ធសាស្រ្តក្នុងការដោះស្រាយជាមួយអំពើពុករលួយបាន ឬមិនបាន»។
ការធ្លាក់ចុះជាសកលនូវតម្លៃប្រេងបានធ្វើឲ្យថវិកានៃប្រទេសនីហ្សេរីយ៉ាមានបញ្ហា ដោយតម្រូវឲ្យផ្តល់ប្រាក់កម្ចីបន្ថែមជាបន្ទាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការចំណាយខ្ជះខ្ជាយផ្សេងៗ។ រដ្ឋាភិបាលទទួលបានចំណូលប្រហែល៧០ភាគរយពីការលក់ប្រេងឆៅ។
លោក Buhari បានចាប់ផ្តើមពិនិត្យកិច្ចសន្យាផ្សេងៗរបស់រដ្ឋាភិបាល៕
ប្រែសម្រួលដោយ ឆាយ គីមហ៊ង