ក្រុមហ៊ុនរុករកប្រេងមួយរបស់ប្រទេសអង់គ្លេស ត្រូវបានចោទប្រកាន់ពីការសូកប៉ាន់មន្ត្រីរដ្ឋាភិបាលនៃប្រទេសសូម៉ាលី ជាថ្នូរក្នុងការទទួលបានសិទ្ធិរុករកឧស្ម័នអ៊ីដ្រូកាបូននៅតាមឆ្នេរសមុទ្រ។ ក្រុមហ៊ុននេះបានបដិសេធទាំងស្រុងនូវការអះអាងនេះ ហើយបាននិយាយថាជំនួញនេះនឹងអាចជាជំនួយដល់ការចាប់ផ្តើមនៃសេដ្ឋកិច្ចរបស់ប្រទេសសូម៉ាលី ដែលខ្ទេចខ្ទាំដោយសារសង្គ្រាម។
គ្មាននរណាដឹងច្បាស់ថា មានប្រេងនិងឧស្ម័នធម្មជាតិប៉ុន្មាន ដែលបង្កប់នៅក្នុងសមុទ្រនៃប្រទេសសូម៉ាលីទេ ប៉ុន្តែអ្នកឯកទេសឧស្សាហកម្មព្យាករណ៍ទិន្នន័យថាវាស្ថិតនៅខ្ទង់១១០ពាន់លានបារ៉ែល។
នៅក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនអង់គ្លេសដែលទើបនឹងបង្កើតឡើងឈ្មោះ Soma Oil and Gas បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលប្រទេសសូម៉ាលី ដើម្បីរុករកឧស្ម័នអ៊ីដ្រូកាបូន។ នេះជាកិច្ចព្រមព្រៀងរុករកឧស្ម័នដំបូងបំផុត ក្រោយពីប្រទេសសូម៉ាលីបានធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលនៅដើមទសវត្សរ៍ទី៩០។
ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Soma គឺលោក Bob Sheppard បានប្រាប់ VOA ថា ជំនួញនេះមានសក្តានុពលខ្លាំងណាស់។ លោកបាននិយាយថា៖
«យើងគិតថា យើងគឺពិតជាបានចាប់ផ្តើមសម័យកាលឧស្ម័នអ៊ីដ្រូកាបូននៅប្រទេសសូម៉ាលី។ ហើយវានឹងអាចមានលទ្ធផល ផ្គួបផ្សំនឹងសំណាងបន្តិចបន្តួច ការអត់ធ្មត់ និងការប្តេជ្ញាចិត្ត។ យើងសង្ឃឹមថា ប្រទេសសូម៉ាលីអាចចូលក្នុងចំណោមផ្នែកមួយនៃបណ្តាខេត្តមានឧស្ម័នអ៊ីដ្រូកាបូនធំៗនៅទ្វីបអាហ្រ្វិកប៉ែកខាងកើត»។
កិច្ចព្រមព្រៀងនេះបានដាក់បញ្ចូលនូវកម្មវិធីមួយ ដែលត្រូវបានស្គាល់ថាជា «កម្មវិធីបង្កើនសមត្ថភាព» ដែលលោក Sheppard និយាយថា មានគោលបំណងផ្តល់ប្រាក់បៀវត្សរ៍ទៅឲ្យបុគ្គលសំខាន់ដូចជាភូគព្ភវិទូ។
ប៉ុន្តែរបាយការណ៍ត្រួតពិនិត្យសម្ងាត់របស់អង្គការសហប្រជាជាតិ ដែលបានលេចចេញទៅដល់ប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ក្រុមហ៊ុន Soma បានបង់ថវិកាប្រមាណជាកន្លះលានដុល្លារដល់មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ដែលក្នុងនោះមានរដ្ឋមន្ត្រីក្រសួងប្រេងរបស់ប្រទេសសូម៉ាលី។ លោក Sheppard បានបដិសេធរាល់ការប្រព្រឹត្តខុសឆ្គងទាំងអស់។ លោកបាននិយាយថា៖
«យើងគិតថា ការចោទប្រកាន់នេះគឺគ្មានភស្តុតាងច្បាស់លាស់។ ក្រុមហ៊ុន Soma បានដំណើរការដោយគោរពច្បាប់ និងមានវិជ្ជាជីវៈរហូតមក»។
ការិយាល័យស៊ើបអង្កេតករណីក្លែងបន្លំធ្ងន់ធ្ងរ (Serious Fraud Office) របស់ប្រទេសអង់គ្លេស បានចាប់ផ្តើមការស៊ើបអង្កេតទៅលើជំនួញនេះ ហើយរដ្ឋាភិបាលប្រទេសសូម៉ាលីក៏ថ្លែងថា ខ្លួនកំពុងស៊ើបអង្កេតទៅលើការអះអាងទាំងនេះដែរ។ ប៉ុន្តែក្រុមមន្រ្តីនៃក្រសួងប្រេងប្រចាំទីក្រុងម៉ូហ្គាឌីស្យូ (Mogadishu) បានចង្អុលបង្ហាញថា ក្រុមហ៊ុន Soma គឺជាក្រុមហ៊ុនតែមួយគត់ ដែលស្ម័គ្រចិត្តប្រថុយសុវត្ថិភាពដើម្បីរុករកប្រេងក្នុងប្រទេសសូម៉ាលីដែលត្រូវបានចាត់ចូលក្នុងចំណោមប្រទេសអស្ថេរភាពជាងគេលើពិភពលោក។
ប្រធានាធិបតីរបស់ប្រទេសសូម៉ាលី លោក Hassan Sheikh Mohamud មានប្រសាសន៍ថា ប្រទេសសូម៉ាលីកំពុងព្យាយាមទាក់ទាញការវិនិយោគបន្ថែមទៀត។ លោកបានមានប្រសាសន៍ថា៖
«ចាប់តាំងពីយើងបានកាន់តួនាទីនេះ រដ្ឋាភិបាលសូម៉ាលីកំពុងតែព្យាយាមយ៉ាងខ្លាំង ដើម្បីទាក់ទាញការបណ្តាក់ទុនពីបរទេសក្នុងពេលអនាគតយ៉ាងខ្លីខាងមុខនេះ។ ដើម្បីឲ្យសុបិននេះក្លាយជាការពិត យើងកំពុងរៀបចំក្របខ័ណ្ឌច្បាប់ ដែលអាចធ្វើឲ្យវាកើតឡើងយ៉ាងជាក់ស្តែង»។
ក្រុមហ៊ុន Soma និយាយថា ការបណ្តាក់ទុននេះអាចផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសសូម៉ាលី។ ប៉ុន្តែជាដំបូង ក្រុមហ៊ុននេះត្រូវប្រឈមមុខនឹងការស៊ើបអង្កេតក្នុងការចោទប្រកាន់ពីបទពុករលួយជាមុនសិន៕
ប្រែសម្រួលដោយ៖ វិញ សុជាតា