ការស្រាវជ្រាវថ្មីមួយរបស់សមាគមធាងត្នោតឱ្យដឹងថា សហគមន៍ក្រីក្រមួយចំនួននៅក្នុងរាជធានីភ្នំពេញបានប្រឈមបញ្ហាជាច្រើន ជាពិសេសការរស់នៅជាមួយក្លិនស្អុយសំរាមដែលបង្កឱ្យពួកគេមានជំងឺនានា។
នេះជាការស្រាវជ្រាវរបស់យុវជនមួយក្រុមទាក់ទងនឹងអភិបាលកិច្ចបរិស្ថានល្អក្នុងសហគមន៍ងាយរងគ្រោះក្នុងទីក្រុង។
របាយការណ៍ស្រាវជ្រាវនៃសមាគមធាងត្នោត ដែលផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃ៧ ខែកុម្ភៈ បញ្ជាក់ថា ការស្រាវជ្រាវនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ថា ការគ្រប់គ្រងសំរាមបានល្អ ឬមិនបានល្អ គឺជាប់ទាក់ទងគ្នាខ្លាំងរវាងប្រជាពលរដ្ឋដោយផ្ទាល់ តំណាងសហគមន៍ និងអាជ្ញាធរថ្នាក់មូលដ្ឋានផ្ទាល់ ហើយក្នុងនោះអាជ្ញាធរភូមិ សង្កាត់មានតួនាទីសំខាន់យ៉ាងខ្លាំងនៅក្នុងការអប់រំផ្សព្វផ្សាយ និងដោះស្រាយបញ្ហាផ្ទាល់។
ការស្រាវជ្រាវនេះធ្វើឡើងតាមរយៈការធ្វើបទសម្ភាសន៍របស់និសិត្ស និងយុវជន៤នាក់ ជាមួយប្រជាសហគមន៍ក្រីក្រីក្នុងរាជធានីភ្នំពេញ ចំនួន៤ទីតាំង រួមមានសហគមន៍ព្រែកតាគង់៦០ម៉ែត្រ សហគមន៍បឹងឈូកមានជ័យថ្មីពីរ សហគមន៍ ប្រឡាយទឹកស្អុយបឹងត្របែក សហគមន៍ក្រីក្រព្រែកតាគង់បី។ ការស្រាវជ្រាវនោះបញ្ជាក់ថា ប្រជាសហគមន៍ទាំងនោះជួបប្រទះបញ្ហាសំរាម និងកំពុងរស់នៅជាមួយក្លិនស្អុយស្ថិតនៅគ្រប់កន្លែងនៅក្នុងសហគមន៍ និងជាពិសេសសំរាមដែលសម្អាតមិនចេះអស់នៅក្នុងទឹកក្រោមផ្ទះរបស់ពួកគេ ដោយសារទីតាំងសហគមន៍ខ្លះត្រូវបានហ៊ុមព័ទ្ធទៅដោយសំណង់អគារ និងលំនៅដ្ឋានចាស់ថ្មីជាច្រើន។
សមាគមធាងត្នោតបញ្ជាក់ថា យុវជនទាំង៤នាក់បានស្រាវជ្រាវដោយចុះទៅសម្ភាសជាមួយប្រជាពលរដ្ឋរស់នៅសហគមន៍ទាំងនោះកាលអំឡុងខែកក្កដា ឆ្នាំ២០២២។
កញ្ញា វឿន សុលីតា អ្នកស្រាវជ្រាវម្នាក់ក្នុងចំណោម៤នាក់នោះ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ប្រជាពលរដ្ឋ និងប្រជាសហគមន៍មួយចំនួន នៅតែមិនទាន់យល់ដឹងអំពីការទុកដាក់ និងចោលសំរាមបានត្រឹមត្រូវនៅឡើយទេ ដូច្នេះកញ្ញាថា អាជ្ញាធរគួរតែចុះណែនាំដល់ប្រជាពលរដ្ឋបន្ថែមទៀត និងឱ្យបានជាប្រចាំ។
កញ្ញាថ្លែងថា៖ «ចង់ឱ្យខាងអភិបាលក្រុងជួយចុះមកណែនាំជាមួយប្រជាពលរដ្ឋក្រីក្រអ៊ីចឹង ព្រោះប្រជាជនក្រីក្រភាគតិច គាត់អត់សូវយល់ដឹងពីការទុកដាក់សំរាម គាត់ចេះតែចោលតែពាសអ៊ីចឹង»។
របាយការណ៍ស្រាវជ្រាវរបស់យុវជនដែលមានកម្រាស៣២ទំព័រឱ្យដឹងទៀតថា ប្រជាសហគមន៍បឹងឈូកមានជ័យថ្មីពីរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលមានប្រជាជនសរុប៤៨គ្រួសារ ស្មើ២៥៦នាក់ កំពុងរស់នៅរងផលប៉ះពាល់យ៉ាងខ្លាំង ពីសំរាមដែលមានក្លិនស្អុយស្ថិតនៅគ្រប់កន្លែងនៅក្នុងសហគមន៍ ជាពិសេសសំរាមដែលសម្អាតមិនចេះអស់នៅក្នុងទឹកក្រោមផ្ទះប្រជាពលរដ្ឋទាំងនោះ ដោយសារទីតាំងលើបឹងឈូក ដែលហ៊ុមព័ទ្ធទៅដោយសំណង់អគារ និងលំនៅដ្ឋានចាស់ថ្មីជាច្រើន។
ការស្រាវជ្រាវបានឱ្យដឹងថា នៅសហគមន៍បឹងឈូកមានជ័យថ្មីពីរ មានសំរាមគ្រប់ទីកន្លែងនៅក្នុងសហគមន៍ និងនៅក្រោមផ្ទះរបស់ពួកគាត់អស់រយៈពេល៣០ឆ្នាំ ហើយសំរាមនោះមានប្រភពមិនច្បាស់លាស់ និងមិនអាចប្រមូលចេញអស់។ ប្រជាសហគមន៍បឹងឈូកមានជ័យថ្មីពីរ ទាំងកូនក្មេង និងមនុស្សធំមានបញ្ហាសុខភាព។ សហគមន៍មិនមានប្រព័ន្ធលូសម្រាប់បង្ហូរទឹកចេញ និងពេលភ្លៀងធ្លាក់ គឺកម្ពស់ទឹកខិតកាន់តែជិតរនាបផ្ទះ និងនាំសំរាមមកកាន់តែច្រើន និងបញ្ហាផ្សេងទៀត។ នេះបើតាមរបាយការណ៍។
ដោយឡែកសហគមន៍ក្រីក្រព្រែកតាគង់បី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ក៏ជួបប្រទះនឹងបញ្ហាលិចទឹកជាប្រចាំ ពិសេសរៀងរាល់ពេលដែលមានភ្លៀងធ្លាក់ខ្លាំង ដោយសារគ្មានប្រព័ន្ធលូបង្ហូរទឹកចេញទៅក្រៅសហគមន៍ ដែលបង្កឱ្យពួកកាត់ប្រឈមបញ្ហាសុខភាពដូចជាបញ្ហាស្បែក រមាស់ ទឹកស៊ីជើង និងជំងឺគ្រុនឈាមជាដើម។ ក្រៅពីនេះ សហគមន៍នេះក៏ជួបប្រទះបញ្ហាសេដ្ឋកិច្ច ដោយត្រូវចំណាយច្រើនលើការដោះស្រាយជីវភាព ទិញថ្នាំពេទ្យ ជិះក្បូនចម្លងសមាជិកគ្រួសារទៅសាលានិងចំណាយលើការជួសជុលផ្ទះដែលទទួលរងការខូតខាតដោយសារលិចទឹកជាប្រចាំ។ នេះបើតាមរបាយការណ៍ដដែលនោះ។
របាយការណ៍នោះបន្ថែមថា ប្រជាសហគមន៍មួយចំនួននៅប្រឡាយទឹកស្អុយបឹងត្របែក នៅមិនទាន់យល់ច្បាស់អំពីរបៀបថែទាំងសុខភាព អនាម័យ ទាក់ទងការគ្រប់គ្រង ទុកដាក់ វេចខ្ចប់ និងចោលសំរាមបានត្រឹមត្រូវនៅឡើយទេ។ ម្យ៉ាងទៀតនៅមានកង្វះការចូលរួមអប់រំណែនាំ គ្រប់គ្រងនិងដោះស្រាយបញ្ហាសំរាមក្នុងសហគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ហើយនឹងការប្រមូលសំរាមមិនបានត្រឹមត្រូវរបស់បុគ្គលិកក្រុមហ៊ុនប្រមូលសំរាមជាដើម។
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ ប្រាប់វីអូអេនៅថ្ងៃពុធនេះថា អាជ្ញាធរតែងតែអប់រំប្រជាពលរដ្ឋជានិច្ច ទាក់ទងការទុកដាក់សំរាមនេះ។ លោកបន្ថែមថា បញ្ហាលិចទឹកនៅក្នុងសហគមន៍លែងមានទៀតហើយ។
លោកបញ្ជាក់ថា៖ «បញ្ហាសំរាមគឺបងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ គាត់ចេះតែយកមកដាក់។ ខ្ញុំធ្លាប់កាយចេញមួយសាហើយ ដឹកយកចេញអស់ហើយរាប់តោន។ រាប់តោនកន្លែងហ្នឹងដែលគាត់ដាក់លើប្រឡាយ គឺបងប្អូននៅក្នុងសហគមន៍ហ្នឹង ខ្ញុំធ្លាប់កាយចេញមួយសាហើយ។ ប៉ុន្តែមួយរយៈនេះ ឃើញរាងស្រាលបន្តិចហើយ។ ហើយអប់រំណែនាំគាត់បន្ថែមទៀតដើម្បីឱ្យគាត់វេចខ្ចប់ឱ្យបានត្រឹមត្រូវ ហើយពេលឡានមក ចាំយកទៅដាក់»។
ចំណែកលោក ប្រាំង សុផល នាយករដ្ឋបាលខណ្ឌមានជ័យ ប្រាប់វីអូអេថា ក្នុងខណ្ឌមានជ័យ មិនមានបញ្ហាសំរាមអ្វីទៀតនោះទេ។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃសមាគមធាងត្នោត ប្រាប់វីអូអេនៅថ្ងៃពុធនេះថា បញ្ហាសំរាម សុវត្ថិភាពដីធ្លី និងស្ថានភាពទឹកលិច ក្នុងសហគមន៍ក្រីក្រមួយចំនួនមិនទាន់ឃើញមានការដោះស្រាយ និងឆ្លើយតបជាវិជ្ជមាននៅឡើយទេ ហើយបញ្ហានេះទាមទារឱ្យមានការដោះស្រាយជាប្រព័ន្ធ។
លោកថ្លែងថា៖ «សំរាមនៅក្នុងសហគមន៍ ឬក៏បញ្ហាសុវត្ថិភាពដីធ្លីហ្នឹងវានៅតែជាបញ្ហាដែលបន្តកើតមាន អត់ទាន់ដោះស្រាយ ឬក៏ឆ្លើយតបជាវិជ្ជមានពីអាជ្ញាធរពាក់ព័ន្ធនៅឡើយ»។
បើតាមសមាគមធាងត្នោត សមាគមផ្តល់ការគាំទ្រដល់យុវជនក្នុងការស្រាវជ្រាវនេះ គឺមានគោលបំណងកសាងសមត្ថភាពក្រុមយុវជន និងជួយឱ្យប្រជាសហគមន៍ក្រីក្រនៅទីក្រុងជាដើមដែលជាទូទៅមិនមានឱកាសបញ្ចេញមតិនោះ អាចបញ្ចេញមតិដើម្បីលើកកម្ពស់អភិបាលកិច្ចបរិស្ថានល្អប្រកបដោយសុវត្ថិភាព និងសន្តិភាព៕