ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​ភ្នំពេញ៖​ ភ្លៀង​បង្ក​ការ​ជន់​លិច​ផ្ទះ ​ក្នុង​ពេល​ប្រព័ន្ធ​លូ​កក​ស្ទះ ​ខណៈ​ពួកគេ​រិះគន់​ការចាក់​លុប​បឹង


ផ្ទះមួយចំនួន​ក្នុងបុរីពិភពថ្មីផ្លូវវេងស្រេង រងការ​ជន់លិច​ក្រោយ​ភ្លៀង​ធ្លាក់​ជាប់ៗគ្នា​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ។ (ហ៊ុល រស្មី/វីអូអេ)
ផ្ទះមួយចំនួន​ក្នុងបុរីពិភពថ្មីផ្លូវវេងស្រេង រងការ​ជន់លិច​ក្រោយ​ភ្លៀង​ធ្លាក់​ជាប់ៗគ្នា​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ។ (ហ៊ុល រស្មី/វីអូអេ)

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ​បាន​ធ្វើ​ឲ្យ​ផ្ទះ​សម្បែង​របស់​ពួកគេ​ជន់​លិច​ខ្លាំង។​ ប៉ុន្តែ​ពួក​គេ​ក៏​បាន​រិះគន់​អំពី​ការ​កក​ស្ទះ​ប្រព័ន្ធ​លូ​ និង​ការ​លុប​បឹង​នៅ​ទីក្រុង​ភ្នំពេញ ​ដែល​ជា​កន្លែង​រំដោះ​ទឹក​ពេល​ទឹក​ជន់​ខ្លាំង។​

ការ​ធ្លាក់​ភ្លៀង​នេះ​ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវ​មួយ​ចំនួន​របស់​ទីក្រុង​ភ្នំពេញ​ជន់លិច​ ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ទឹក​មិន​ទាន់​ស្រក​អស់​នៅ​ឡើយ​ទេ។​

ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម​ ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​កំពុង​រង​ឥទ្ធិពល​សម្ពាធ​ទាប​គួប​ផ្សំ​ព្យុះ​ឈ្មោះ​លីន​ហ្វា​ (LINFA)​ ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។​

កញ្ញា​ ឆាន រក្សា ​វ័យ ​១៩ ​ឆ្នាំ ​ជា​អ្នក​លក់​ដូររស់​នៅ​តាម​បណ្តោយ​ផ្លូវ​ដួងងៀប​២ ​ក្នុង​ទីក្រុង​ភ្នំពេញ។​

កញ្ញា​និយាយ​ថា៖​ «ម្តុំ​នេះ​លិច​ច្រើន​ណាស់​...​មក​ពី​បញ្ហា​លូ​ពូ​...​ស្ទះលូ»។​

នៅ​ពី​ក្រោយ​កន្លែង​លក់​ដូរ​គ្រឿង​ភេសជ្ជៈ​និង​អាហារ​សម្រន់​មួយ​ចំនួន​របស់​កញ្ញា​ គឺ​ជា​ផ្ទះ​ដែល​កញ្ញា​រស់​នៅ​ហើយ​ដែល​ជំនន់​ទឹក​ភ្លៀង​នៅ​មិន​ទាន់​ស្រក​នៅ​ឡើយ។​ កញ្ញា​និយាយ​ថា​ មិន​មាន​ការ​ខូចខាត​របស់​របរ​ក្នុង​ផ្ទះ​ច្រើន​នោះ​ទេ​ ប៉ុន្តែ​កញ្ញា​បារម្ភ​ពី​សត្វ​អាសិរពិស​ ដែល​អាច​ហែល​ចូល​ទៅ​ក្នុង​ផ្ទះ។​

«អត់​សូវ​ប៉ះ​ពាល់​តែខ្លាច​មាន​សត្វ​ពស់​ សត្វ​អី​ វា​វារ​ចូល​អ៊ីចឹង​ណ៎ា»។​

ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​រស់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ផ្លូវ​វេងស្រេង ​ក្នុង​សង្កាត់​ចោមចៅ​១ ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​និយាយ​ថា ​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ក្នុង​រយៈ​ពេល​ពីរបី​ថ្ងៃ​នេះ​ បាន​ធ្វើ​ឲ្យ​ផ្ទះ​របស់​ពួក​គេ​ជន់​លិច។​ ពួក​គេ​ថា​ ការ​ជន់​លិច​ខ្លាំង​របៀប​នេះ​មិន​ធ្លាប់​កើត​ឡើង​ទេ ​ក្នុង​រយៈ​ពេល ​១០ ​ឆ្នាំ​ចុង​ក្រោយ​នេះ។​

អ្នកស្រី ​ស្រីទូច ​ដែល​សុំ​មិន​ផ្តល់​ឈ្មោះ​ពេញ​ដោយ​ការ​ភ័យ​ខ្លាច ​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន​ប្រាប់​វីអូអេ​ នៅ​ពេល​ដើរ​លុយ​ទឹក​ចេញ​ពីផ្ទះ​ថា​ អ្នកស្រី​បាន​រស់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​ផ្លូវ​វេងស្រេង​នេះ ១០​ ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ផ្ទះ​អ្នកស្រី​មិន​ធ្លាប់​រង​ការ​ជន់​លិច​ខ្លាំង​ដូច​ឆ្នាំ​នេះ​ទេ។​ អ្នក​ស្រី​និយាយ​ថា​ ការ​អភិវឌ្ឍ​សំណង់​លំនៅ​ដ្ឋាន​ថ្មីៗ​ នៅ​ជុំវិញ​បុរី​ អាច​ជា​ហេតុ​ផល​នៃ​ការ​ជន់​លិច​ ដោយ​ទឹក​ភ្លៀង​ដែល​ជញ្ជ្រំ​ជាប់ៗ​គ្នា ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។​

«ម្តុំ​ហ្នឹង​មិន​ដឹង​ម៉េច​ដែរ​នៀក!​ ប្រហែល​ជា​វា​អាច​ស្ទះ​ប្រឡាយ​ស្ទះ អី​ព្រោះ​យើង​ធ្វើ​ផ្ទះ​ធ្វើ​អី​នៅ​ខាង​ក្រោយ​ហ្នឹង​ឡើង​ពេញ​អស់។ ​ពី​មុន​ យើង​មាន​ឯណា?​ ទៅ​ចំហៀង​ខាង​ក្រោយ​ទៅ​មាន​ផ្ទះ​មាន​អី​មក​ពី​ណា? ​អត់​មាន​ផងហ្នឹង! ​ដល់​ឥឡូវ​ផ្ទះ​ឡើង​ពេញ​ទៅ​ដល់​វត្ត​ហើយ»។​

អ្នករស់​នៅ​ក្នុងបុរីពិភពថ្មី​ផ្លូវវេងស្រេងមួយចំនួនប្រើ​ទូក​ ធ្វើ​ដំណើរ និងដឹកឥវ៉ាន់​ នៅថ្ងៃទី​១២ ខែតុលា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/វីអូអេ)
អ្នករស់​នៅ​ក្នុងបុរីពិភពថ្មី​ផ្លូវវេងស្រេងមួយចំនួនប្រើ​ទូក​ ធ្វើ​ដំណើរ និងដឹកឥវ៉ាន់​ នៅថ្ងៃទី​១២ ខែតុលា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/វីអូអេ)

ផ្ទះជន់​លិចដោយ​ទឹកភ្លៀង​នៅផ្លូវ​ដួងងៀប II ​ក្នុងទីក្រុងភ្នំពេញ​ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)
ផ្ទះជន់​លិចដោយ​ទឹកភ្លៀង​នៅផ្លូវ​ដួងងៀប II ​ក្នុងទីក្រុងភ្នំពេញ​ ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

នៅ​ត្រង់​ទីតាំង​ដែល​លិច​ទឹក​ខ្លាំង​ក្នុង​តំបន់​បុរី​នេះ​ ​ពលរដ្ឋ​ខ្លះ​បាន​ប្រើ​ទូក​ដើម្បី​ធ្វើ​ដំណើរ ​និង​ដឹក​អីវ៉ាន់​ចេញ​ផ្ទះ​ដែល​ទឹក​ជន់​លិច។​ ពលរដ្ឋ​មួយ​ចំនួន​ដែល​មក​ស្នាក់​អាស្រ័យ​និង​រស់​នៅ​ក្នុង​តំបន់​នេះ​ ក៏​បាន​និយាយ​ដែរ​ថា​ ការ​លុប​បឹង​ធំៗ​មួយ​ចំនួន​ដូច​ជា​បឹងកក់​ជាដើម ​អាច​ជា​ដើម​ចម​នៃ​ការ​ជន់​លិច​ផ្ទះ​សម្បែង។​

អ្នកស្រី​ ស្រីទូច ​និយាយ​ថា​ ការ​ចាក់​ដី​លុបបឹង​ធំៗ​មួយ​ចំនួន ​ដូចជា​បឹង​ទំពន់​ផង​នោះ​ អាច​បង្ក​ផល​ប៉ះ​ពាល់​មក​លើ​ប្រព័ន្ធ​ស្តុក​ទឹក​ដែរ​ ប៉ុន្តែ​អ្នកស្រី​មិន​ប្រាកដ​ថា​ អ្នក​លុប​បឹង​បាន​សង់​ប្រព័ន្ធ​លូ​ត្រឹមត្រូវ​ ដើម្បី​ជំនួស​ឲ្យ​ការ​ចាក់​ដី​លុប​ផ្ទៃ​បឹង​នោះ​ ឬយ៉ាង​ណា​ទេ។​

«ទេ​អាហ្នឹង ​វា​អាច​នឹង​ប៉ះ​ពាល់​ដែរ​ តែ​ធម្មតា ​គេ​តែ​គេ​លុប​គេ​មាន​ធ្វើ​ប្រព័ន្ធ​លូ​ប្រព័ន្ធ​អី​របស់​គេ​ ត្រឹម​ត្រូវ​ដែរ​អ្ហី?​ យើង​វា​មិន​ដឹង​ដែរ»។​

អ្នកស្រី​ ពេជ្រ បុផ្ផា​ អាយុ​ ៣២ ​ឆ្នាំ​ ដែល​រស់​នៅ​ក្នុង​តំបន់​បុរី​ពិភព​ថ្មី​ផ្លូវ​វេងស្រេង​មួយ​រូប​ទៀត​ និយាយ​ថា​ ការ​ជន់​លិច​ឆ្នាំ​នេះ ​គឺ​ខ្លាំង​ជាង​បណ្តា​ឆ្នាំមុនៗ។​ អ្នកស្រី​មិន​ដឹង​មូលហេតុ​ថា​ ការ​ជន់​លិច​នេះ​បណ្តាល​មក​ពី​ភ្លៀង​ខ្លាំង ​ឬ​មក​ពី​ប្រព័ន្ធ​លូ​ទឹក​នោះ​ទេ។​

«និយាយ​រួម​ខុស​ប្លែក​ពី​ឆ្នាំ​ទៅ​...​មិន​ដែល​លិច​អ៊ីចឹង​សោះ​ហ្មង។​ ទើបតែ​លើក​ទីមួយ​ហ្នឹង»។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អធិប្បាយ​ពីលោក​ ម៉េត មាសភក្តី​ អ្នកនាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​បាន​ទេ​ នៅ​ថ្ងៃ​ច័ន្ទ​នេះ។​

ប៉ុន្តែ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ អំពី​សកម្មភាព​របស់​អាជ្ញាធរ​ភ្នំពេញ ​ក្នុង​ការ​ពិនិត្យ​សកម្ម​ភាព​បូម​ទឹក​ និង​ការ​ស្តារ​ប្រឡាយ​ចេញ​ពី​តំបន់​ជន់​លិច​មួយ​ចំនួន​របស់​ទីក្រុង​ភ្នំពេញ។​

កាល​ពី​ថ្ងៃ​អាទិត្យ​ សាលា​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កុំ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវ ​៣៧១ ​ចំណុច​មុខ​ស្ថានីយ​មូប​ទឹក​បឹងទំពន់​ ខណ្ឌ​មានជ័យ​ ដោយ​សារ​អាជ្ញាធរ​រៀបចំ​ដាក់​បន្ថែម​រថយន្ត​បូម​ទឹក​ចល័ត ​ដើម្បី​បូម​ទឹក​ចេញ​ពី​បឹងទំពន់​ទៅ​កាន់​បឹង​ជើង​ឯក​ ដើម្បី​រំដោះ​ការ​ជន់​លិច​ទឹក​ភ្លៀង។​

ក្រុម​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា ​បឹង​ទំពន់​នេះ​ត្រូវ​បាន​លុប​ដើម្បី​សាងសង់​ជា​សំណង់​បុរី​ផ្សេងៗ​ដែល​ការណ៍​នេះ​នាំ​មាន​ការ​ព្រួយ​បារម្ភ​បន្ថែម​ពី​ការ​មិន​មាន​បឹង​រំដោះ​ទឹក​ជន់​លិច។​

អតីត​ស្ថាបត្យករ​និង​អ្នក​ជំនាញ​ខាង​រៀបចំ​ទីក្រុង​ដ៏ល្បី​ម្នាក់ ​គឺ​លោក ​វណ្ណ មូលីវណ្ណ​ ដែល​បាន​ទទួល​មរណ​ភាព​ កាល​ពី​ឆ្នាំ​ ២០១៧​ បាន​ចាត់​ទុក​បឹង​នៅ​រាជធានី​ភ្នំពេញ​ ជា​កន្លែង​រំដោះ​ទឹក​ជំនន់​ដ៏​សំខាន់។​ នេះ​បើ​យោង​តាម​សៀវភៅ​ «បុរី​ខ្មែរ​សម័យ​ទំនើប» ​ដែល​ត្រូវ​បាន​បោះ​ពុម្ពផ្សាយ ​កាល​ពី​ឆ្នាំ​ ២០០៤។​ លោក​ វណ្ណ មូលីវណ្ណ​ បាន​សរសេរ​ថា ​ភ្នំពេញ​នៅ​តែ​ងាយ​លិច​ទឹក​ណាស់​ ហើយ​ទំនប់​និង​ព្រែក​នានា​នៅ​ភ្នំពេញ​ជា​កន្លែង​រំដោះ​ទឹក​ដ៏​សំខាន់។​

លោក ​វណ្ណ មូលីវណ្ណ​ បាន​រៀបរាប់​បន្ត​ថា​ បើ​រៀប​ចំ​ប្រព័ន្ធ​ធារា​សាស្រ្ត​បាន​ល្អ​នោះ​ រាជធានី​ភ្នំពេញ​អាច​ចៀស​ផុត​ពី​ទឹក​លិច​បាន។​

ក្រុម​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេសប៊ុក​ក៏​បាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ ទៅ​នឹង​ការ​ជន់លិច​ទីក្រុង​ភ្នំពេញ​ដែរ។​

លោក​ ឱក សេរីសោភក្តិ៍​ អ្នក​ឯកទេស​ខាង​ផ្នែក​អភិបាល​កិច្ច​ល្អ​ បាន​កត់​សម្គាល់​លើ​ការ​ចោល​សំរាម​របស់​ពលរដ្ឋ​នៅ​ពេល​ទឹក​ជន់​លិច​ទីក្រុង​បណ្តាល ​ឲ្យ​សំរាម​អណ្តែត​រាយ​ប៉ាយ ពេញ​ផ្ទៃ​ទឹក។​ លោក​ក៏​បាន​រិះគន់​ការ​លុប​បឹង​នៅ​ក្នុង​ទីក្រុង​ផង​ដែរ​ ដូច​ជា​បឹងកក់​ដែល​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ​ត្រូវ​បាន​លុប​កាល​ពី​ជាង ​១០ ​ឆ្នាំ​មុន។​

លោក​មាន​ប្រសាសន៍​ថា៖​ «ឈប់​លុប​អាងស្តុក​ទឹក​ទៅ​មាន​តែត្រូវ​ជីក​បន្ថែម​ទៀត​ ព្រោះ​អាច​ថោក​ជាង​ការ​យក​លុយ​ទៅ​ព្យាបាល​ជំងឺ​ និង​ការ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​ដី​ស្រែ​ចម្ការ​ ហើយ​សង្គ្រោះ​ជីវិត​ប្រជា​ពលរដ្ឋ​បាន​ផង»។​

ក្រុម​អង្គការ​សង្គមស៊ីវិល​មួយ​ក្រុម ​គឺ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ បណ្តាញ​យុវជន​កម្ពុជា​ អង្គការ​សមធម៌​កម្ពុជា ​អង្គការ​សមាគម​ធាង​ត្នោត ​ធ្លាប់​បាន​ចេញ​របាយ​ការណ៍​ព្រមាន​ពី​លទ្ធភាព​នៃ​ការ​ជន់​លិច​ក្នុង​ទីក្រុង​ភ្នំពេញ​ ដោយសារ​ការ​ចាក់ដី​បំពេញ​ផ្ទៃ​បឹងធំៗ​ ដូច​ជា​បឹង​ទំពន់ ​ឬ​បឹង​ជើងឯក​ ហើយ«ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​ទំនង​ជា​នឹង​រង​ផល​ប៉ះពាល់​ពី​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ នៅ​តំបន់​បឹងទំពុន»។​

របាយ​ការណ៍​ឲ្យ​ដឹង​ថា​ បឹង​ទំពុន​កំពុង​រង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ និង​លំនៅដ្ឋាន​ថ្មីៗ។​

កាលពី​ចុង​ឆ្នាំ​ ២០១៩ ​សមាគម​ធាង​តោ្នត​ក៏​បាន​ចេញ​របាយ​ការណ៍​ដាច់​ដោយឡែក​មួយ​ ដែលមាន​ចំណងជើង​ថា ​«បឹង​ចុង​ក្រោយ​ក្នុង​រាជធានី​ភ្នំពេញ»។​ របាយ​ការណ៍​នោះ​បាន​ឲ្យ​ដឹង​អំពី​ការ​ចាក់​ដីលុប​ផ្ទៃបឹង​ធំមួយ​ទៀត​ គឺ​បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​មាន​ផ្ទៃដី​ចំនួន​ ៣២៣៩ ​ហិកតា៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG