ភ្នំពេញ — ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២១ មក ជារៀងរាល់ព្រឹកម៉ោង ៩ និងរសៀលម៉ោង ៤ លោក អ៊ឹម ជឿន អាយុ ៥៤ ឆ្នាំ ជាអ្នកធាក់ស៊ីក្លូ តែងដឹកធុងសហគមន៍ចល័តតាមស៊ីក្លូ ចេញពីសមាគមស៊ីក្លូ ទៅកាន់ទីតាំងមួយនៃទីតាំងចំនួន ១០ ដើម្បីចែកជូនដល់អ្នកខ្វះខាត ក្នុងរាជធានីភ្នំពេញ។
កាលពីខែមេសា ឆ្នាំ ២០២១ ប្រជាពលរដ្ឋភាគច្រើននៅរាជធានីភ្នំពេញ បានប្រឈមនឹងវិធានការបិទខ្ទប់ដែលបានបង្កផលប៉ះពាល់ខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគេ ដោយសារតែការរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។
នៅរសៀលថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រមាណជា ៥ ខែក្រោយពីវិធានការបិទខ្ទប់ត្រូវបានលុបចោល និងបួនថ្ងៃបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសបើកសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសស្ទើរគ្រប់វិស័យឡើងវិញ លោក អ៊ឹម ជឿន នៅតែបន្តដឹកធុងសហគមន៍ចល័តដែលមានផ្ទុកអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីចែកចាយដល់អ្នកខ្វះខាត។ នៅពេលនោះ លោកសង្កេតឃើញថា អ្នកដែលមកទទួលយកជំនួយពីធុងសហគមន៍ចល័តដែលលោកបានដឹកជាប្រចាំថ្ងៃ នៅតែមានចំនួនច្រើនដដែល គឺពីចន្លោះ ៧០ នាក់ ទៅ ៨០ នាក់។
នៅពេលដែលស៊ីក្លូរបស់លោក ជឿន បានឈប់អែបជាប់នឹងខឿនសួនមុខព្រះបរមរាជវាំង ក្មេងៗជាច្រើននាក់បានរត់សំដៅមកស៊ីក្លូរបស់លោក ដែលមានធុងសហគមន៍ចល័ត ផ្ទុកទៅដោយមី ទឹកសុទ្ធ ស្បែកជើង សម្លៀកបំពាក់ ម៉ាស និងអាល់កុលជាដើម។
កំពុងចែកខោអាវ អាល់កុល និងម៉ាសទៅក្មេងៗបណ្តើរ លោក ជឿន និយាយប្រាប់ VOA បណ្តើរថា៖ «ថ្មើនេះ [ម៉ោង៤រសៀល] យើងចែកខោអាវ ទ្រនាប់ជើង មី អាល់កុលហ្នឹង យើងចែកឲ្យពួកគាត់។ ល្ងាចអ៊ីចឹងជួនកាលគេយកបាយយកមកដាក់អ៊ីចឹង មាន ២០០-៣០០ កញ្ចប់ ៥០ កញ្ចប់ ១០០ កញ្ចប់ ២០០ កញ្ចប់ អីអ៊ីចឹង យកមកខ្ញុំដើរចែកឲ្យពួកអ្នកក្មេងៗ ស៊ិនទ្រី ជនអនាថា មិនមែនប្រកាន់ថា លោកសង្ឃលោកអី ពួកខ្ញុំចែកឲ្យទាំងអស់»។
ធុងសហគមន៍ចល័ត ត្រូវបានបង្កើតឡើងដោយយុវជនម្នាក់ ដែលជាស្ថាបនិកគម្រោងឈ្មោះថា Local4Local កាលពីខែមេសា ឆ្នាំ ២០២១ កន្លងទៅ ដើម្បីផ្តល់ម្ហូបអាហារដល់អ្នកដែលខ្វះខាត ជាពិសេសអ្នកដែលស្ថិតក្នុងតំបន់ក្រហម នៅពេលរាជធានីភ្នំពេញ បានរងការបិទខ្ទប់ដោយសារតែការរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។
ហើយបើទោះបីជារដ្ឋាភិបាលបានប្រកាសពីការបើកសកម្មភាពសេដ្ឋកិច្ចស្ទើរតែគ្រប់វិស័យក្នុងប្រទេសឡើងវិញ កាលពីថ្ងៃទី ១ ខែវិច្ឆិកាក្តី ក៏លោក អ៊ឹម ជឿន នៅតែឃើញថា អ្នកខ្វះខាតជាច្រើននាក់ដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ នៅតែបន្តត្រូវការជំនួយជាម្ហូបអាហារ និងសម្ភារៈពីធុងសហគមន៍ចល័ត ដើម្បីសម្រួលជីវភាពរបស់ពួកគេ។
លោកបានរៀបរាប់ប្រាប់ VOA ថា ក្នុងមួយថ្ងៃ ក្មេងអនាថា និងអ្នកដែលមានជីវភាពខ្វះខាត ប្រមាណជាង ៧០ នាក់ បានមកទទួលយកអាហារ និងសម្ភារៈបរិច្ចាគនានាពីធុងសហគមន៍ចល័ត ដែលរូបលោក និងអ្នកធាក់ស៊ីក្លូ ៩ នាក់ ផ្សេងទៀត បានដឹកទៅតាមទីតាំងនីមួយៗ ដែលត្រូវបានកំណត់។
អ្នកស្រី នួន ឃាង ពលរដ្ឋដែលមានស្រុកកំណើតនៅខេត្តព្រៃវែង ដែលកំពុងយកមី និងទឹកពីធុងសហគមន៍ចល័តនៅខាងវត្តបុទុមវតី លើកឡើងថា អ្នកស្រីធ្វើដំណើរពីខេត្តព្រៃវែងមកកាន់រាជធានីភ្នំពេញ ដើម្បីរើសអេតចាយចិញ្ចឹមជីវិត។ ស្រ្តីវ័យ ៧៤ ឆ្នាំរូបនេះ បន្ថែមថា អ្នកស្រីមិនមានកូនចៅនោះទេ ហើយអ្នកស្រីតែងរំពឹងលើរបររើសអេតចាយ ដើម្បីដោះស្រាយជីវភាពដែលកំពុងទាល់ដូចពេលបច្ចុប្បន្ននេះ។
ដៃម្ខាងកំពុងឱបមី និងទឹក ហើយដៃម្ខាងមានកាន់ឈើច្រត់ផង អ្នកស្រី នួន ឃាង ថ្លែងពីអារម្មណ៍ដែលទទួលបានអាហារខ្លះពីធុងសហគមន៍ចល័តថា៖ «មានអារម្មណ៍សប្បាយចិត្ត អរ បានគេធ្វើទាន ដាក់សទ្ធា»។
លោក ជុំ សឿន ពលរដ្ឋរស់នៅរាជធានីភ្នំពេញម្នាក់ដែលទទួលបានមី ទឹក និងសាប៊ូដុំដុសខ្លួនពីធុងសហគមន៍ចល័ត លើកឡើងថា លោកជាអ្នកធាក់ស៊ីក្លូ និងបោសសំរាមនៅក្នុងសាលាបឋមសិក្សាដូនពេញ ដើម្បីរកចំណូលបន្ថែមសម្រាប់ដោះស្រាយជីវភាព។ លោកថា ភរិយារបស់លោកមានជំងឺប្រចាំកាយ ហើយចំណូលដែលលោករកបាន មិនគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ជីវភាពរបស់អ្នកទាំងពីរឡើយ។
«ជីវភាពខ្ញុំ បើនិយាយទៅខ្ញុំអត់មានដីធ្វើស្រែទេ គឺពឹងលើលុយខ្ញុំរកបញ្ជូនទៅ។ បើយាយពិការសុខភាពមួយឆ្នាំៗ មួយខែៗទាល់ណាទាល់ណី»។
បុរសវ័យ ៧២ ឆ្នាំរូបនេះ បាននិយាយបន្ថែមថា កញ្ចប់អាហារដែលលោកទទួលបានពីធុងសហគមន៍ចល័តនេះ អាចជួយសម្រួលដល់ការខ្វះខាតខ្លះរបស់គ្រួសារលោក។
«ត្រេកអរដែរ សប្បាយដែរ បានគេជួយឧបត្ថម្ភដល់ខ្ញុំគ្រាន់រំដោះគែរមួយពេលៗដែរ។ ថ្ងៃហ្នឹងថារកទៅយកបាយទៀត ប៉ុន្តែអត់បានទៅយក ជាប់បោសសំរាម»។
«អ្នកមានដាក់ អ្នកខ្វះដក»
នៅលើធុងសហគមន៍ចល័តទាំង ១០ គេឃើញមានរូបគំនូរផ្សេងៗ អមដោយពាក្យស្លោកថា «អ្នកមានដាក់ អ្នកខ្វះដក»។
បើតាមលោក អ៊ឹម ជឿន នៅពេលដែលស៊ីក្លូដឹកធុងសហគមន៍ចល័តទៅដល់គោលដៅនីមួយៗ មិនមែនមានតែអ្នកខ្វះខាតមកទទួលយកអាហារ និងសម្ភារៈនោះទេ ក៏មានអ្នកដែលចង់បរិច្ចាគ យកសម្ភារៈមកដាក់ដល់ទីកន្លែងដែលមានធុងសហគមន៍ផងដែរ។
កញ្ញា អ៊ឹង ប៉ជីង សិស្សសាកលវិទ្យាល័យឯកជនមួយ ដែលបានយកសម្ភារៈមកបរិច្ចាគនៅសមាគមស៊ីក្លូដោយផ្ទាល់ និយាយថា ការបរិច្ចាគទៅកាន់អ្នកក្រីក្រ ឬអ្នកខ្វះខាត ធ្វើឲ្យកញ្ញាមានភាពសប្បាយរីករាយ និងមានមោទនភាព។
«អ្នកដែលអាចជួយបាន អ្នកដែលមានលទ្ធភាពជួយ គួរតែជួយមួយដៃមួយជើង។ ដោយសារយើងមិនអាចសង្ឃឹមថា ម្នាក់អាចជួយបានទាំងអស់ទេ។ យើងជួយម្នាក់បន្តិចបានយើងអាចធ្វើឲ្យ situation [ស្ថានភាព] ហ្នឹងល្អជាងមុន»។
តាមរយៈគម្រោង Local4Local អ្នកធាក់ស៊ីក្លូចំនួន ១០ នាក់ រួមទាំងលោក អ៊ឹម ជឿន ដឹកធុងសហគមន៍ចល័តដោយចាប់ផ្តើមចេញដំណើរពីសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ដែលមានទីតាំងនៅជិតវត្តកោះរាជធានីភ្នំពេញ ទៅកាន់ទីតាំងទាំង ១០ រៀងៗខ្លួន ដើម្បីចែកជូនម្ហូបអាហារ និងសម្ភារៈផ្សេងៗដល់អ្នកខ្វះខាតនៅចន្លោះម៉ោង ៩ ដល់ម៉ោង ១០:៣០ នាទី ព្រឹក និងពីម៉ោង ៤ ដល់ម៉ោង ៥ រសៀល។
ទីតាំងដែលមានធុងសហគមន៍ចល័តទាំង ១០ នោះ រួមមានមុខវត្តបទុម ផ្សាររាត្រី មាត់ទន្លេមុខវាំង តំបន់បឹងកេងកងស្ថិតលើផ្លូវ ៣១០ កែងផ្លូវ ៥១ គល់ស្ពានជ្រោយចង្វារ ផ្សារទួលទំពូង ផ្សារអូរឫស្សី ផ្សារថ្មី ផ្សារដេប៉ូ និងសួនច្បារក្ដាន់ពីរ។
សម្រាប់លោក អ៊ឹម ជឿន ដែលជាអ្នកធាក់ស៊ីក្លូដឹកធុងសហគមន៍ចល័តម្នាក់ លោកទទួលបានលុយចំនួន ១២,០០០ រៀល ក្នុងមួយថ្ងៃ។
មិនត្រឹមតែទទួលបានលុយតាមរយៈការផ្តល់សេវាដឹកធុងសហគមន៍ចល័តនោះប៉ុណ្ណោះទេ លោក ជឿន ក៏ថែមទាំងមានមោទនភាព ដែលលោកបានចូលរួមមួយផ្នែកដល់កិច្ចការជួយសង្គមមួយនេះ។
«សប្បាយចិត្តណាស់ពួកខ្ញុំរាល់ថ្ងៃ បានចែកទៅឃើញសប្បាយអរ ក្មេងៗខ្ញុំបង្ហោះ [រូបថត] ទៅដល់អាមេរិកអីអ៊ីចឹង […] ជួនកាលទៅមួយធុងហ្នឹងហៀរ ទាំងបាយទាំងទឹក ទាំងអីវ៉ែអីវ៉ាន់ហ្នឹង យកមកចែកពីរបីកន្លែងអីចឹង ១០គោលដៅ ដាក់ពេញៗធុង។ ដល់ពេលជុំគ្នាមើល បានសប្បាយចិត្តថាយើងដើរចែក។ គេក៏បានបុណ្យ យើងក៏បានបុណ្យ។ បានបុណ្យដូចគ្នា»។
លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ លើកឡើងថា ធុងសហគមន៍ចល័ត មិនត្រឹមតែបានផ្តល់អាហារ និងសម្ភារៈផ្សេងៗដល់ប្រជាជនដែលខ្វះខាតនោះទេ គម្រោងនេះថែមទាំងបានជួយសម្រួលដល់ជីវភាពរបស់អ្នកធាក់ស៊ីក្លូនៅរាជធានីភ្នំពេញផងដែរ។
លោក អ៊ឹម សម្បត្តិ បានប្រាប់ VOA បន្ថែមថា ជាទូទៅអ្នកដែលបានបរិច្ចាគអាហារ និងសម្ភារៈក្នុងចំនួនតិច តែងបរិច្ចាគផ្ទាល់នៅទីតាំងទាំង ១០ ដែលមានធុងសហគមន៍ចល័ត។ សម្រាប់អ្នកបរិច្ចាគក្នុងចំនួនច្រើន តែងមកផ្ទាល់នៅសមាគមដែលមានទីតាំងជិតវត្តកោះ។
«យើងធ្វើការនេះ ក្នុងន័យជួយទៅដល់អ្នកក្រីក្រ ក្នុងន័យចូលរួមសង្គម កាត់បន្ថយភាពលំបាក អ្នកខ្វះខាតនៅតាមដងផ្លូតែប៉ុណ្ណោះ។ អ៊ីចឹងអ្វីដែលបងប្អូនចង់ចូលរួម អាចអញ្ជើញមកបរិច្ចាគនៅស្នាក់ការសមាគមក៏បាន ឬក៏តាមរយៈស៊ីក្លូ pantry ដែលនៅតំបន់ទាំង ១០ ហ្នឹងក៏បាន»។
នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលកម្ពុជាបានប្រកាសបើកសកម្មភាពក្នុងប្រទេសឡើងវិញក្រោយពីបានចាត់វិធានការបិទអាជីវកម្មនិងជំនួញជាច្រើនប្រភេទ ដើម្បីជំរុញកម្លាំងសេដ្ឋកិច្ចឲ្យមានភាពប្រសើរឡើង ហើយតម្រូវឲ្យប្រជាជនរស់ក្នុងបរិបទថ្មី ជាមួយនឹងជំងឺកូវីដ១៩។
សម្រាប់ស្ថាបនិក Local4Local ដែលបានបង្កើតធុងសហគមន៍ចល័តទាំង ១០ លោកនៅតែបង្ហាញឆន្ទៈបន្តការចែកអាហារ និងសម្ភារៈដល់អ្នកខ្វះខាត និងគ្រោងពង្រីកគម្រោងនេះទៅតាមបណ្តាខេត្តផ្សេងៗទៀត បើទោះបីជាកម្ពុជាប្រកាសបើកប្រទេសឡើងវិញក្តី។
លោក តាំង ហួងហាវ ស្ថាបនិកគ្រោង Local4Local ដែលកំពុងសិក្សាថ្នាក់មហាវិទ្យាល័យនៅសហរដ្ឋអាមេរិក ប្រាប់ VOA ថា៖
«ទោះបីស្ថានភាពមានការល្អក្តី ក៏សង្ឃឹមថាការដែលយើងចេះចែករំលែក មិនថាតិចមិនថាច្រើន គឺនៅតែបន្តវប្បធម៌នៃការចែករំលែក។ មិនថាជាមី មិនថាជាបាយ អ៊ីចឹងទៅសង្ឃឹមថា ធុងសហគមន៍ចល័តហ្នឹងជាអ្វីដែលពួកគាត់នៅតែ ដូចថាពេលហ្នឹងគឺថាពិបាកណាស់ គឺទាល់ ទោះបីស្ថានភាពល្អមែនទែន តែជួនកាលគាត់អត់សូវមានភ្ញៀវទេថ្ងៃនេះ អ៊ីចឹងសង្ឃឹមថាធុងសហគមន៍ចល័តក្លាយជាអ្វីដែលគាត់អាចទៅយកនៅពេលដែលគាត់ត្រូវការចាំបាច់»។
យុវជនវ័យ ២១ ឆ្នាំរូបនេះ បានប្រាប់ VOA បន្ថែមថា គម្រោង Local4Local ដែលបានបង្កើតតាំងពីខែមេសា ឆ្នាំ២០២១ មកដល់ពេលបច្ចុប្បន្ននេះ បានផ្តល់អាហារ និងសម្ភារៈផ្សេងៗទៅដល់ប្រជាពលរដ្ឋប្រមាណជា ៩,០០០ នាក់ ដែលអ្នកខ្លះទទួលបានជារៀងរាល់ថ្ងៃ។
ក្រៅពីធុងសហគមន៍ចល័ត លោក តាំង ហួងហាវ ក៏គ្រោងបង្កើតគម្រោងចំនួន ៥ ទៀត ដើម្បីជួយសម្រួលជីវភាពរបស់ពលរដ្ឋ និងអ្នកធាក់ស៊ីក្លូ។ គម្រោងទាំងនោះមានដូចជា ការពង្រីកធុងសហគមន៍ចល័តក្នុងក្រុង និងតាមខេត្ត ការប្រកួតស៊ីក្លូ ការបង្កើតស៊ីក្លូឲ្យក្លាយជាស៊ីក្លូអេឡិចត្រូនិច ទេសចរណ៍ស៊ីក្លូ ការបញ្ចូលសេវាកម្មស៊ីក្លូទៅក្នុងប្រព័ន្ធអេឡិចត្រូនិច និងការបង្កើតស្ថានីយ៍ Local4Local ដែលអាចឲ្យប្រជាពលរដ្ឋបរិច្ចាគអាហារ និងសម្ភារៈសម្រាប់អ្នកខ្វះខាត។
ក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៧,៨% នៃប្រជាជនសរុបជាង ១៦ លាននាក់ បានរស់នៅក្រោមខ្សែបន្ទាត់ក្រីក្រ ក្នុងនោះអត្រាភាពក្រីក្រនៅភ្នំពេញមានចំនួន ៤,២% តំបន់ទីប្រជុំជនផ្សេងទៀតមានចំនួន ១២,៦% និងតំបន់ជនបទមានចំនួន ២២,៨%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផែនការ ចេញផ្សាយកាលពីខែវិច្ឆិកាកន្លងទៅនេះ។
ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩ នៅកម្ពុជា ពីដើមឆ្នាំ ២០២០ មក រដ្ឋាភិបាលបានផ្តល់ថវិកាសម្រាប់ជនជនក្រីក្រ ដែលមានបណ្ណក្រីក្រ ដើម្បីសម្រួលដល់ជីវភាពរបស់ពួកគេ។
លោក ឈួ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ប្រាប់ថា រដ្ឋាភិបាលបាននិងកំពុងបន្តឧបត្ថម្ភសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះនៅឡើយ។ លោកថា ចាប់តាំងពីរដ្ឋាភិបាលផ្តល់ថវិកាដល់គ្រួសារដែលមានបណ្ណក្រីក្រ រហូតមកដល់ពេលនេះ រដ្ឋាភិបាលផ្តល់ការឧបត្ថម្ភ ដល់គ្រួសារចំនួនជាង ៧០ ម៉ឺន ដែលថវិកាចំណាយសរុបមានប្រមាណជាជាង ៥០០ លានដុល្លារ។
លោក ឈួ សុបញ្ញា បានប្រាប់ VOA បន្ថែមថា រដ្ឋាភិបាលបាននិងកំពុងបន្តផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់រយៈពេលបីខែទៀត ដោយគិតចាប់ពីខែតុលានេះ ប៉ុន្តែលោកថា មិនទាន់មានការបញ្ជាក់ថានឹងបន្តផ្តល់ការឧបត្ថម្ភសាច់ប្រាក់នេះនៅខែមករាទៀត ឬយ៉ាងណានៅឡើយ។
«ចាប់ថ្ងៃទី ២៥ ខែតុលា រហូតដល់ថ្ងៃទី ២៤ ខែមករា។ ហើយចំពោះបន្ទាប់ពីនេះទៅទៀត យើងអត់ទាន់ច្បាស់ថាតើរាជរដ្ឋាភិបាបន្តឬក៏យ៉ាងណាទេ គឺស្របតាមអនុក្រឹត្យ ៨៨ ហ្នឹង ចុះខែមិថុនា ឆ្នាំ ២០២០ ការសម្រេចបន្ត ឬមិនបន្តអាស្រ័យលើសេចក្តីសម្រេចរបស់ប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម»។
បើទោះបីជាធុងសហគមន៍ចល័តបន្តដំណើរជារៀងរាល់ថ្ងៃទៅកាន់ទីតាំងគោលដៅសម្រាប់នាំយកអាហារ និងសម្ភារៈប្រើប្រាស់ចែកជូនប្រជាពលរដ្ឋដែលខ្វះខាត លោក អ៊ឹម ជឿន ដែលជាអ្នកធាក់ស៊ីក្លូដឹកធុងសហគមន៍ចល័ត ចង់ឲ្យមាន ការចូលរួមពីអាជ្ញាធរ ក្នុងការសម្រួលដល់អ្នកដឹកធុងសហគមន៍ទាំង ១០ ដើម្បីចែកជូនអ្នកត្រូវការបានងាយស្រួល។
«ខ្ញុំនេះយកមកសម្រាប់ចែកអ្នកក្រខ្សត់ គ្នាក្រ គ្នាអត់ បានពួកខ្ញុំយកមកនេះ។ មិនមែនមកថាឲ្យស្ទះចរាចរណ៍គេ ឬមកលំបាកកន្លែងគោលដៅគេទេ។ ខ្ញុំសុំថា ក្នុងមួយម៉ោង ឬកន្លះម៉ោង ខ្ញុំចែកក្មេងអស់ ខ្ញុំទៅកន្លែងគោលដៅខ្ញុំវិញហើយ។ សូមទ្រង់ឯកឧត្តមជួយមើលកូនចៅផង»៕