ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​ថា​ការ​ដំឡើង​តម្លៃ​សេវា​ប្រមូល​សំរាម ដើម្បី​ធានា​ការ​ប្រមូល​សំរាម​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់


បុគ្គលិកក្រុមហ៊ុន ស៊ីន ទ្រី ប្រមូលសំរាមក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)
បុគ្គលិកក្រុមហ៊ុន ស៊ីន ទ្រី ប្រមូលសំរាមក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១។ (លាស់ លីបលីប/វីអូអេ)

មន្រ្តី​សាលា​រាជធានី​ភ្នំពេញ​អះអាង​ថា​ការ​ឡើង​ថ្លៃ​សេវា​ប្រមូលសំរាម គឺដើម្បី​ឲ្យ​ក្រុម​ហ៊ុន​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្ពស់​ក្នុង​ការ​បំពេញ​ការ​ងារប្រមូល​សំរាម​ឲ្យមាន​ប្រសិទ្ធ​ភាព ខណៈ​រដ្ឋបាល​ក្រុង​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ទៅ​តាម​ខណ្ឌ​មួយ​ចំនួន​ដែល​បាន​កំណត់។

ប៉ុន្តែ​ប្រជា​ពល​រដ្ឋមួយ​ចំនួន​លើក​ឡើង​ថាតម្លៃ​នេះ​ហាក់​ខ្ពស់​បន្តិច បើ​ធៀប​នឹង​តម្លៃ​កាល​ពី​ពេល​មុន។

តម្លៃ​សេវា​ប្រមូល​សំរាមនេះ​គឺ​ខុស​គ្នា​ៗទៅ​តាម​ប្រភេទ​ទីតាំង​ប្រភេទ​ផ្ទះ​និង​ប្រភេទអាជីវ​កម្ម​នីមួយ​ៗ។

តារាង​ថ្មីនៃ​តម្លៃ​សេវា​គ្រប់​គ្រង​សំរាម​និង​សំណល់​រឹង​ក្នុ​ង​រាជធានី​ភ្នំពេញ ដែល​នឹង​ត្រូវ​អនុវត្តចាប់​ពីថ្ងៃ​ទី១​ខែ​វិច្ឆិកា ឆ្នាំ​២០២១​ឲ្យ​ដឹង​ថា​ប្រភេទ​ទីតាំង​ទី១រួម​មានផ្ទះ​មួយ​ល្វែង​ជាន់​ផ្ទាល់​ដី​ដែល​ជា​ទីតាំង​មិន​ប្រកប​អាជីវ​កម្ម​ត្រូវ​បង់​សេវា​២.៥​ដុល្លារ​អាមេរិក ឬ​ប្រហែល១​ម៉ឺន​រៀល​ខណៈ​ផ្ទះ​១​ល្វែង​ជាន់​ផ្ទាល់​ដី​ដូច​គ្នា​ដែល​ប្រកប​អាជីវ​កម្ម​សេវា​កម្ម ហាង​ទំនិញ ត្រូវ​បង់​១៥​ដុល្លារ​អាមេ​រិក​និង​ផ្ទះប្រកប​អាជីវ​កម្ម​ភោជ​នីយ​ដ្ឋាន​ត្រូវ​បង់​សេវា​២៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ចំណែក​ផ្ទះ​មួយ​ល្វែង​ជាន់​លើ​ត្រូវ​បង់​២​ដុល្លារ​អាមេ​រិក​។

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២២​ ខែតុលា ឆ្នាំ​២០២១​ឲ្យ​ដឹង​ថាការ​អនុវត្ត​ការ​បង់​ប្រាក់​ថ្លៃ​សេវា​ប្រមូល​និង​ដឹក​ជញ្ជូន​សំរាម​និ​ងសំណល់​រឹង​តាម​តារាង​បង់ប្រាក់​ឆ្នាំ​២០០៣ គឺ​មិន​ទាន់​ឆ្លើយ​តប​ទៅនឹង​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​ជាតិ​កំណើន​សន្ទស្សន៍​ថ្លៃ​ទំនិញ​និង​ជីវភាព​រស់​នៅ​នា​ពេល​បច្ចុប្បន្ន​ឡើយ។ ជា​ពិសេស​មិន​មាន​លទ្ធ​ភាព​ទូទាត់​ថ្លៃ​សេវា​សម្អាត ប្រមូល​និង​ដឹក​ជញ្ជូន​សំរាម​ទៅ​កាន់​ទីលាន​ជូន​ប្រតិ​បត្តិករ​ទាំង​៣ ដែល​បាន​ប្រើប្រាស់​រថយន្ត​ដឹក​សំរាម រថ​យន្ត​បោស​ថ្នល់ រថ​យន្ត​បាញ់​លាង​សម្អាត​ថ្នល់ និងសម្ភារ​ប្រមូល​សំរាម​ផ្សេង​ៗ​ព្រម​ទាំង​ប្រាក់​ខែ​បុគ្គលិក​កម្មករ ការ​ចំណាយ​រដ្ឋ​បាល​របស់​សហ​គ្រាស និង​ការចំណាយ​រៀប​ចំ​ទី​លាន​សុវត្ថិ​ភាព​នៅ​ឡើយ។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​គឺ​មាន​ក្រុម​ហ៊ុន​ចំនួន​៣​ដោយ​បែង​ចែក​តំបន់​ផ្សេង​ៗ​គ្នា​ក្នុង​ការ​ប្រមូល​សំរាម។ លោកបន្ត​ថា​តម្លៃ​ថ្មី​នេះ​គឺ​ដូច​គ្នា​សម្រាប់ក្រុម​ហ៊ុន​ទាំង​៣ ដែល​តម្លៃ​ត្រូវ​បាន​កំណត់​ទៅ​តាមប្រភេទ​អាជីវ​កម្ម និង​ប្រភេទ​ទីតាំង និ​ង​ប្រភេទ​ផ្ទះ។ លោក​បន្ថែម​ថា​តម្លៃ​នេះ គឺ​ដើម្បី​ឲ្យ​ក្រុម​ហ៊ុន​ប្រកួត​ប្រជែង​គ្នា​ខ្ពស់​ក្នុង​ការ​បំពេញ​ការ​ងារ​និ​ង​សំដៅ​ធ្វើ​យ៉ាង​ណាឲ្យ​ទីក្រុង​ស្អាត​និ​ង​មាន​ភាព​ល្អ​ប្រសើរ។

លោក​ថ្លែង​ថា៖ «យើង​ចង់​បាន​ប្រសិទ្ធភាព​ហ្នឹង​ខ្ពស់​ជាង​មុន​ល្អ​ប្រសើរ​ជាង​មុន​ទើប​យើង​សម្រេច​ឲ្យ​មាន​ក្រុម​ហ៊ុន​រហូត​ទៅ​ដល់​៣​ដែល​ចេញ​ជា​លទ្ធ​ផល ហើយ​កំពុង​ធ្វើ​ប្រតិបត្តិ​ការ​សព្វ​ថ្ងៃ​ហ្នឹង»។ លោក​បន្ត​ថា៖ «ជា​ការ​រំពឹង យើង​ចង់​ឲ្យ​ក្រុម​ហ៊ុន​ដែល​យើង​ធ្វើ​ការ​កែ​សម្រួល​ថ្មី​ហ្នឹង​ធ្វើ​ប្រតិបត្តិ​ការ​ឲ្យ​ប្រមូល​កើប​ដឹក​ជញ្ជូន សំរាម​របស់​យើង​ហ្នឹង​បាន​ល្អ​ប្រសើរ។ ហើយ​ពាក្យ​ថា​ល្អ​ប្រសើរ​ហ្នឹង​គឺ​សំដៅ​ថា​ធ្វើ​ម៉េច​ទីក្រុង​របស់​យើង​ស្អាត​គ្មាន​សំរាម​នៅ​រប៉េះ​រប៉ោះ​ផ្តេស​ផ្តាស​ក្រៅ​ធុង​សំរាម ឬក៏​នៅ​តាម​ដង​ផ្លូវ​ដែល​វា​មិន​មាន​អនា​ម័យ មិន​មាន​សោ​ភ័​ណ​ភាព​នៅ​ក្នុង​ទីក្រុង​»។

ក្រុម​ហ៊ុន​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ រួម​មាន​ក្រុម​ហ៊ុន​ 800​Su​per GAEA ក្រុមហ៊ុន Mizuda Sanitation និង​ក្រុមហ៊ុន​Cintri ដែល​ពី​ដើម​ឡើយ​ធ្លាប់​រង​ការ​រិះគន់​ថា​ប្រមូល​សំរាម​មិន​ទាន់​បាន​ល្អ​នៅ​ឡើយ​។​

ការ​ឡើង​ថ្លៃ​សេវា​ប្រមូល​សំរាម​នេះ ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ប្រាប់​វីអូអេ​ថាពីមុន​ថ្លៃសេវា​ប្រមូល​តែ​៤ពាន់​រៀល​ប៉ុណ្ណោះ ប៉ុន្តែ​ពេល​នេះ​ឡើង​ដល់​១​ម៉ឺន​រៀល​សម្រាប់​ផ្ទះ​ល្វែង​ដែល​រស់​នៅ​ និង​មិន​មាន​ប្រកប​អាជីវ​កម្ម​អ្វី។ ពួក​គេ​ថា​ការ​បង់​ប្រាក់​ក៏​មាន​ភាព​ស្មុគ​ស្មាញ​ជាង​មុន​ដោយលែង​បង់​ភ្ជាប់​គ្នា​ជា​មួយ​វិក្កយ​បត្រ​អគ្គិសនី ទោះ​បី​ជា​តម្លៃ​សំរាម​នៅ​តែ​ដាក់​ក្នុង​វិក្កយ​បត្រ​អគ្គិសនី​ក៏​ដោយ​។

អ្នក​ស្រី ទឹម​ សុ​ជាតិ ​អាយុ​៤២​ឆ្នាំ​រស់​នៅ​ក្នុង​ភូមិ​ទួល​រកា​១ សង្កាត់​ចាក់​អង្រែក្រោម​ខណ្ឌ​មាន​ជ័យ បាន​រៀប​រាប់​ពី​ការ​ឡើង​ថ្លៃ​សំរាម​នេះ​ថា​៖​«ពី​៤​ពាន់[​រៀល] ឡើង​ទៅ​៥​ឬ​៦​ពាន់[​រៀល]​ហ្នឹង​ជាល្មម​សមរម្យ​ហើយណា​តិច​ៗ​អ៊ីចឹង​ទៅណា។ អានេះ លេង​ហក់​ឡើង​គុណហ្នឹង​២​លើស​ហើយ​នៀក គុណ​នឹង​២​ជាង​ហ្ហេ។ ធម្មតា​តែ​៤ពាន់​ទេ បង់​ជា​មួយ​ភ្លើង​៤​ពាន់​តាស ៤​ពាន់រ​ហូតមក​ក្រោយ​មក​នេះ​បង់​ក្រៅ​ដក​ចេញ​ពីភ្លើង​ក៏​នៅ​តែ​៤​ពាន់ ដែរ​ ប៉ុន្តែ​ទើប​តែ​២​ខែ​ហ្នឹង​ទេ​បង់​ហើយ ខែ​មុន​ហើយ​ខែ​នេះ​ហក់​ឡើង​ដល់​១​ម៉ឺន​[រៀល]​»។

អ្នកស្រីបន្ត​ថា​រថយន្ត​ដឹក​សំរាម​បាន​មក​ប្រមូល​សំរាម​ញឹក​ញាប់​ជាង​លើក​មុន។ ប៉ុន្តែ​អ្នកស្រី​ថា​តម្លៃ​នេះ​ប៉ះ​ពាល់​អ្នក​ដែល​មាន​ជីវភាព​ខ្វះ​ខាត។

អ្នកស្រី​បញ្ជាក់​ថា៖​«​ប្រជា​ពលរដ្ឋ​ឥឡូវ​ខ្វះខាត​ច្រើន​។ វា​ទូទៅ​ហើយ​អ្នក​ខ្វះ​ខាត​ឥឡូវ​[មួយ​រយៈ​ពេល] កូវីដ​នេះ មក​សំរាម​ទៀត​សាំង​ទៀត​ឡើង​ថ្លៃ។ សាំង​ផង​សំរាម​ផង​ឡើងៗ អីវ៉ាន់​ក៏​ឡើង​ថ្លៃ អី​ក៏ឡើង​ថ្លៃ​វា​ពិបាក​ដែរ​ហ្នឹង​ណា»។

ចំណែក​អ្នកស្រី រឿង​ ហឿន អាយុ​៦០​ឆ្នាំ​រស់​នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ខណ្ឌ​មាន​ជ័យ ក៏​យល់​ឃើញ​ស្រដៀង​គ្នា​ដែរ ដោយ​បាន​លើក​ឡើង​ថា​ប្រសិន​បើ​តម្លៃ​នេះ​ឡើង​ម្តង​បន្តិច​ៗ​ គឺ​ល្អ​ដែល​វា​មិន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​របស់​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ដែល​ខ្វះខាត។

អ្នក​ស្រី​ថ្លៃង​ថា៖ «បើ​ត្រឹម​ថា​៦​ពាន់​អី​វា​ឡើង​ម្តង​បន្តិច​ៗ អ៊ីចឹង ទៅ​ណា ពី​៤​ពាន់​ឡើង​ម្តង​២​ពាន់​អ៊ីចឹង​ឡើង​សន្សឹម​ៗ​អត់​អីទេ។ អា​នេះ​ឡើង​គ្រាន់​តែ​៤​ពាន់​ឡើង​ដល់​១​ម៉ឺន​ហ្មង»។ អ្នក​ស្រី​បន្ត​ថា៖«​បើ​ជី​វភាព​អ្នក​ធូរធា គេ​អត់​ប៉ះ​ពាល់​ទេ​ណា​។ បើ​ជី​វភាព​អ្នក​អត់​ធូរធា គាត់​ថា​តម្លៃ​១​ម៉ឺន​ហ្នឹង ដូច​ថា​គាត់​អាច​ចែក​ចាយ​ម្ហូប​អី​ដោះ​ស្រាយ​អី​បាន​មួយ​ចំណែក​ទៀត​ហ្ហា​»។

លោក​យង់ គិមអេង ប្រធាន​មជ្ឈ​មណ្ឌល​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ប្រាប់​វីអូអេ​ថា​ការ​ឡើង​ថ្លៃនេះ​អាច​ប៉ះ​ពាល់​សេដ្ឋ​កិច្ច​របស់ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ចំណូល​ទាប។ លោក​ក៏​យល់​ស្រប​ចំពោះ​ការ​លើក​ឡើង​របស់​ប្រជា​ពលរដ្ឋ​ថា​គួរ​តែ​មាន​ការ​ឡើង​ម្តង​បន្តិច​ៗ​ទើប​ជា​ការ​ល្អ​ប្រសើរ។ លោក​បន្ថែម​ថា​ការ​ប្រមូល​សំរាម​ត្រូវ​តែ​ធ្វើ​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន។

លោកថ្លែងថា៖ «ខ្ញុំ​ឯក​ភាព​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ថា​មិន​គួរ​ឡើង​អីខ្លាំង​ពេក​ត្រឹម​៦​ពាន់​ត្រឹម​អីហ្នឹង ​វា​ជា​ការ​ប្រសើរ​ហើយ​។ ហើយ​ម្យ៉ាង​វិញ​ទៀត​រដ្ឋ​ក៏​ប្រឹង​ប្រែង​ប្រមូល​សំរាម​ឲ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន​អីអញ្ចឹង​ទៅ​ទន្ទឹម​នឹង​ការ​ឡើង​នេះ»។

ទាក់​ទង​ការ​បង់​ថ្លៃ​សេវា​សំរាម​នេះ​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​កាលពីថ្ងៃ​ទី១ ខែ​វិច្ឆិកា​ក៏​បានចេញ​សេច​ក្តីជូន​ដំណឹង​ទៅ​ប្រជា​ពល​រដ្ឋ​ដែល​ខក​ខាន​មិន​បាន​បង់​ថ្លៃ​សេវា​សំរាម​និង​សំណង់​រឹង​នៅ​រាជធានី​ភ្នំពេញ​នេះ​ឲ្យ​ទូ​ទាត់​តាម​លេខ​សម្គាល់អតិថិជន​ដែល​មាន​ក្នុង​វិក្កយ​បត្រ​អគ្គិសនី​កម្ពុជា តាម​រយៈ​ប្រព័ន្ធ​ទូទាត់​អេឡិច​ត្រូ​និក​លើ​ទូរសព្ទ​ដៃ ឬ​នៅ​តាម​ធនាគារ​ជា​ច្រើន​រួមមាន​អេស៊ី​លីដា ហត្ថា កាណា​ឌីយ៉ា ស្ថាបនា ប្រាសាក់ អម្រឹត​ ប្រៃ​សណីយ៍​កម្ពុជា វឌ្ឍនៈ​ABA WING ​AMK និង​ធនាគារ​មួយ​ចំនួន​ទៀត​ឬ​តាម​ភ្នាក់​ងារ​វេ​លុយ​នានា​។

ហើយ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ក៏​បាន​ព្រមាន​ចាត់​វិធានទៅ​ប្រជា​ពល​រដ្ឋ​ដែល​មិន​ព្រម​បង់​ថ្លៃ​ប្រមូល​សំរាម​និ​ង​សំណល់​រឹង​ក្នុង​រាជ​ធានី​ភ្នំពេញ​តាម​កាល​កំណត់​ទេនោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បញ្ចេញ​ឈ្មោះ​ជា​សា​ធារ​ណៈ តាម​បណ្តាញ​សង្គម ឬ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នានា កត់​ត្រា​ជា​បំណុល​និង​អាច​ឈាន​ទៅ​អនុវត្ត​វិធាន​ការ​រដ្ឋ​បាល​ដោយ​បិទ​អា​ជីវ​កម្ម ឬ​សេវា​កម្ម​ជា​បណ្តោះ​អាសន្ន៕

XS
SM
MD
LG