ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ណែនាំ​ឲ្យ​ពល​រដ្ឋ​បែង​ចែក​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ​និង​ព្រមាន​ផាក​ពិន័យ


គំនរ​សំរាម​ដែល​ប្រជាពលរដ្ឋ​បាន​យក​មក​បោះចោល​នៅ សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ រាជធានីភ្នំពេញ ថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២១។ (មាស មល្លិកា/វីអូអេ)

រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ​ប្រជា​ពលរដ្ឋ​បែង​ចែក​សំរាម និង​សំណល់​រឹង​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​មាន​ការ​កំណត់​ប្រភេទ​ថង់​ច្រក​សំរាម ទៅ​តាម​សំរាម​សើម និង​ស្ងួត។ នេះ​បើ​យោង​តាម​សេចក្តី​ណែនាំ​មួយ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ឆ្នាំ​២០២១​។

សេចក្តី​ណែនាំ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ស្តី​ពី​«ការ​គ្រប់​គ្រង​សំរាម សំណល់​រឹង» នឹង​ចាប់​ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​១ខែ​វិច្ឆិកា ឆ្នាំ​២០២១​ត​ទៅ។ ហើយ​ក្នុង​ករណី​ពលរដ្ឋ​មិនអនុវត្ត​តាម នឹង​មាន​ការ​ពិន័យ​ទៅ​តាម​ច្បាប់។

សេចក្តី​ណែនាំ​ឲ្យ​ដឹង​ថា​សំរាម​ស្ងួត​ដូច​ជា​ក្រដាស ក្រដាស​កាតុង ឡាំង គ្រឿង​ប្លាស្ទីក ហ្វូម ជ័រ ដែក កំប៉ុង និង​ដប​ជា​ដើម ត្រូវ​ដាក់​ក្នុង​ថង់​ពណ៌​ស។ ចំណែក​សំរាម​សើម ដូចជា​សំណល់​ម្ហូបអាហារ សំណល់​សរីរាង្គ ផ្លែ​ឈើ និង​ផ្កា​ជាដើម ត្រូវ​ដាក់​ក្នុង​ថង់​ពណ៌​ខ្មៅ។ ក្នុង​ករណី​ការ​ទុក​ដាក់​សំរាម​មិន​ត្រឹម​ត្រូវ​តាម​ពណ៌​ថង់​ខ្មៅ និង​ស ដូច​ដែល​បាន​កំណត់​ខាង​លើ​ក្រុមហ៊ុន​នឹង​មិន​ប្រមូល​សំរាម​ឡើយ។

សេចក្តី​ណែនាំ​ឲ្យ​ដឹង​ថា៖ «ការ​ដាក់​សំរាម សំណល់​រឹង​ក្នុង​ថង់​ពណ៌​ផ្សេង​ក្រៅ​ពី​ពណ៌​ខ្មៅ​និង​ពណ៌​ស ក្រុមហ៊ុន​នឹង​មិន​ប្រមូល​សំរាម​ឡើយ​។ បង​ប្អូន​ប្រជា​ពលរដ្ឋ​អាច​រក​ទិញ​ថង់​ទាំង​២ពណ៌​ខាង​លើ​នេះ​នៅ​តាម​បណ្តាទី​ផ្សារ​នានា»។

ចំពោះ​សំណល់​ដែល​បង្ក​គ្រោះ​ថ្នាក់​មាន​ដូចជា​ អំបែង​កញ្ចក់ និង​សំណល់​មុត​ស្រួច​នានា មិន​ត្រូវ​វេច​ខ្ចប់​លាយ​ឡំនឹង​សំរាម​សើម និង​សំរាម​ស្ងួត​ឡើយ ពោល​ត្រូវ​ដាក់​ចូល​ក្នុង​ធុង​សំរាម​ឬ​ប្រអប់​ដោយ​ឡែក​ឲ្យ​បាន​ត្រឹមត្រូវ​បើ​មិន​ដូ​ច្នេះ​ទេ​ត្រូវ​ធ្វើ​ការ​ផាក​ពិន័យ​និង​ធ្វើ​កំណត់​ហេតុ​អំពី​កំហុស​ឆ្គង​លើក​ទី​១។ ករណី​នៅ​តែ​បន្ត​ដាក់​សំរាម​ប្រភេទ​គ្រោះ​ថ្នាក់​ពាស​វាល​ពាសការ​នឹង​ត្រូវ​ផាក​ពិន័យ​និង​លិខិត​បទដ្ឋាន​គតិ​យុត្តិ​ជាធរមាន​ព្រមទាំង​ប្តឹង​ទៅ​តុលាការ​តាម​កំហុស​ជាក់​ស្តែង។ នេះ​បើ​តាម​សេចក្តី​ណែនាំ។

សម្រាប់​ការ​ទុក​ដាក់​សំរាម​វិញ​គឺ​ត្រូវ​ទុក​ដាក់​ទៅ​តាម​ទីតាំង​ទុក​ដាក់​សំរាម​ដែល​កំណត់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រតិបត្តិ​ករ​ប្រមូល​សំរាម​ដោយ​ត្រូវ​សម្រិត​ទឹក​ចេញ​ពី​ថង់​សំរាម​ចង់​មាត់​ថង់​សំរាម​ឲ្យ​ជិត​ត្រឹមត្រូវ​មុន​នឹង​យក​ទៅ​បោះ​ចោល​ទៅ​តាម​ទីតាំង​ចោល​សំរាម។

សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​ថា៖ «ក្នុង​ករណី​មិន​អនុវត្ត​តាម​សេចក្តី​ណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ការ​ផាក​ពិន័យ​ទៅ​តាម​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ជាធរមាន​ព្រម​ទាំង​អនុវត្ត​វិធានការ​រដ្ឋបាល​និង​វិធាន​ការនានា​តាម​ការ​ចាំបាច់​ដទៃ​ទៀត​ដូចជា​ការ​បិទ​ការ​ធ្វើ​អាជីវកម្ម​បណ្តោះ​អាសន្ន​...»។

លោក ម៉េត​ មាស​ភក្តី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ប្រាប់​វីអូអេ​ថា​លោក​មិន​មាន​អ្វី​បញ្ជាក់​បន្ថែម​ពី​លើ​សេចក្តី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទេ។

គំនរ​សំរាម​ដែល​ប្រជាពលរដ្ឋ​បាន​យក​មក​បោះចោល​នៅ​ផ្សារ​អូរឬស្សី ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១៧ កញ្ញា ២០២១ ។ (មាស មល្លិកា/វីអូអេ)
គំនរ​សំរាម​ដែល​ប្រជាពលរដ្ឋ​បាន​យក​មក​បោះចោល​នៅ​ផ្សារ​អូរឬស្សី ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១៧ កញ្ញា ២០២១ ។ (មាស មល្លិកា/វីអូអេ)

អ្នកស្រី ចឹម ស័ក្ត ដែល​ជា​អ្នក​លក់​បាយ​ម្ហូបនៅ​ម្តុំ​ផ្សារ​អូរឫស្សី បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​ជា​ធម្មតា អ្នកស្រី​ខ្ចប់​សំរាម​លាយ​ចូល​គ្នា​មិន​ថា​សំរាម​រឹង​ស្ងួត ឬសើម​ ដូចជា​បាយ​ដែល​សល់​ពី​ការ​លក់​មិន​អស់​ជាដើម។ ប៉ុន្តែ​អ្នក​ស្រី​តែង​មាន​ទម្លាប់​វេច​ខ្ចប់​សំរាម​ដាក់​ពីរ​ជាន់​ចំពោះ​សំរាម​រាវ​ហើយ​ក៏​មិន​បាន​កំណត់​ថា​ដាក់​ថង់​ពណ៌​អី​នោះ​ដែរ។

អ្នកស្រី​ថ្លែង​ថា៖ «រាល់​ថ្ងៃ​សំរាម​បង​ដាក់​ចូល​គ្នា​ទាំង​អស់​ប្រសិន​ជា​សំរាម​ដូច​ថា​វា​ជា​សំរាម​ដូច​ថា​ទឹក​លំហូរ​សំរាម​អីណានី បង​ចង​ពីរ​ជាន់​ប៉ុន្តែ​គាត់​អត់​បាន​បែង​ចែក​រឿង​ថង់​ខ្មៅ​ថង់​សទេ»។

ចំណែក​អ្នកស្រី ​ពៅ​ ណាម​ ដែល​ជា​អាជីករ​លក់​ផ្លែ​ចេក​នៅមុខ​ផ្សារ​អូរ​ឫស្សី​បាន​សម្តែង​ក្តី​ត្រេកអរ​និង​ពេញ​ចិត្ត​ចំពោះ​ការ​គោល​ការណ៍​បែង​ចែក​សំរាម វេច​ខ្ចប់​ដាក់​តាម​ពណ៌​ថង់​ស និង​ខ្មៅ ដែល​កំណត់​ដោយ​សាលារាជធានី​ភ្នំពេញ។

អ្នកស្រី​បញ្ជាក់​ថា៖ «ខ្ញុំ​អរគុណ​គេ ព្រោះអី​អនាម័យ​យើង​សុខភាព​យើង​កំពុង​កូវីដ​ចឹង​ផង​យើង​មាន​ការ​អនាម័យ​ចឹង​ទៀត​យើង​ល្អ! កាល​ណា​យើង​អត់​អនាម័យ​ជំងឺ​អស់​នឹង​វា​ដូច​រុក​ចូល​យើង​ដែរ​នឹង​ហា៎ ធ្វើ​ចឹ​ង​ល្អ» ។

លោក ឆេង សុភ័ក្ត្រ ជា​អាជីករ​លក់​ដូង​ចល័ត​ដឹក​តាម​រម៉ក សំចត​នៅ​ទល់​មុខ​ផ្សារ​អូរឫស្សី បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​រូប​លោក​តែង​តែ​ប្រើ​ប៉ាវ​ដែល​លោក​តែង​ទៅ​សុំ​បាន​ដោយ​ឥត​គិត​ថ្លៃ​ពី​កន្លែង​លក់​ទឹកកក​ទុក​ដាក់​សំបក​ដូង។ លោក​យល់​ថា​ការ​បែង​ចែ​ក​សំរាម​ដោយ​កំណត់​តាម​ប្រភេទ​សំរាម ជា​ការងាយ​ស្រួល​ម៉្យាង​ដែរ ប៉ុន្តែលោក​យល់​ថា​នឹង​ត្រូវ​ចំណាយ​១៥០០​រៀល​ទៅ​លើ​ការ​ទិញ​ថង់​ប្លាស្ទីក​ពណ៌​ខ្មៅ​ទំហំ​ធំ​ចំនួន​៣​ជា​ប្រចាំថ្ងៃ ក្នុង​ការ​ខ្ចប់​សំបក​ផ្លែ​ដូង។

គំនរ​សំរាម​ដែល​ប្រជាពលរដ្ឋ​បាន​យក​មក​បោះចោល​នៅ​ផ្សារ​អូរឬស្សី ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១៧ កញ្ញា ២០២១ ។ (មាស មល្លិកា/វីអូអេ)
គំនរ​សំរាម​ដែល​ប្រជាពលរដ្ឋ​បាន​យក​មក​បោះចោល​នៅ​ផ្សារ​អូរឬស្សី ក្នុង​រាជធានី​ភ្នំពេញ ថ្ងៃទី១៧ កញ្ញា ២០២១ ។ (មាស មល្លិកា/វីអូអេ)

លោក សឿន សារ៉ន នាយក​ប្រតិបត្តិ​នៃ​សមាគម​ធាង​ត្នោត បាន​ប្រាប់​វីអូអេ​ថា​ប្រទេស​ជិត​ខាង​ក៏​ដូច​ជា​បណ្តា​ទីក្រុង​នៃ​ប្រទេស​អភិវឌ្ឍន៍​បាន​រើស​យក​វិធី​សាស្រ្ត​បែង​ចែក​សំរាម​បែប​នេះ​មក​អនុវត្ត ដើម្បី​ធានា​ដល់​ការ​ប្រមូល​សំរាម​ប្រសើរ​ឡើង ទៅ​តា​ម​បច្ចេក​ទេស​នៃបទដ្ឋាន​របស់បរិស្ថាន។

លោក​បន្ថែម​ថា៖ «ប៉ុន្តែអ្វី​ដែល​យើង​គួរ​តែ​គិត​ពិចារ​ណា​ឡើង​វិញ​ថែម​នោះ​គឺ​នៅ​បន្ត​អប់​រំ​បន្ថែម​ឲ្យ​ប្រជា​ពលរដ្ឋ​ទូទៅ​គាត់​បាន​យល់​ដឹង​អំពី​ការ​ទុក​ដាក់​សំរាម​ឲ្យ​បាន​បន្ថែម​ទៀត​មុន​នឹង​ចូល​ដល់​វិធាន​ការ​នៃ​ការ​ផាក​ពិន័យ» ។

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​«ការ​គ្រង់គ្រង​សំរាម​សំណល់​រឹង​ទី​ប្រជុំជន» មាត្រា​៣៩​ចែង​ថា៖ «ការ​មិន​អនុវត្ត​តាម​ការ​កំណត់​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រុង​ ស្រុក ខណ្ឌ ក្នុង​ការ​ញែក និង​ការ​វេច​ខ្ចប់​ដោយឡែក​នូវ​សំរាម​សំណល់​រឹងទី​ប្រជុំ​ជន​ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ឬ​កែច្នៃ​បាន ដូច​មាន​ចែង​ក្នុង​អនុក្រឹត្យ​នេះ ត្រូវ​ទទួល​ការ​ពិន័យ​អន្តរការណ៍​ជាប្រាក់ចន្លោះ​ពី​១​ម៉ឺន​រៀល​ទៅ​ដល់​២០​ម៉ឺន​រៀល។ ក្នុង​ករណី​មិនរាង​ចាល ត្រូវ​ទទួល​ការ​ពិន័យ​អន្តរ​ការណ៍​ជា​ប្រាក់​ទ្វេដងនៃ​ប្រាក់​ពិន័យ​អន្តរ​ការណ៍​លើក​មុន»៕

XS
SM
MD
LG