មេដឹកនាំអង្គការក្រៅរដ្ឋាភិបាលបន្តការតស៊ូមតិនៅនាទីចុងក្រោយ ដោយស្នើឲ្យសមាជិកព្រឹទ្ធសភាធ្វើការពិចារណា និងកែសម្រួលចំណុចរស៊ើបមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលសហគមន៍អន្តរជាតិមើលឃើញថា ជាឧបករណ៍ដាក់ការគាបសង្កត់ធ្ងន់ធ្ងរលើសកម្មភាពរបស់ក្រុមសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។
ជំហរនៃការស្នើឲ្យមានការកែប្រែមាត្រាដែលរឹតត្បិតមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ កើតមានឡើងមួយថ្ងៃមុនពេលព្រឹទ្ធសភាធ្វើការប្រជុំ និងពិភាក្សាលើសេចក្តីព្រាងច្បាប់នៅថ្ងៃសុក្រស្អែកនេះ។
អ្នកស្រីចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមអង្គការសង្គមស៊ីវិលនៅតែទទូចសុំឲ្យព្រឹទ្ធសភាពិចារណាសារជាថ្មីលើការកែលម្អចំណុចមិនច្បាស់លាស់មួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់នេះ។
«ខ្ញុំសង្ឃឹមថា ក្នុងនាទីចុងក្រោយនេះ គាត់អាចបង្ហាញនូវឆន្ទៈ បង្ហាញឲ្យសាធារណជនជាតិ និងអន្តរជាតិបានឃើញថា ព្រឹទ្ធសភាបានបំពេញតួនាទីមួយនៅក្នុងការពិនិត្យឲ្យបានហ្មត់ចត់ទៅលើសេចក្តីព្រាងច្បាប់នេះ ហើយស្តាប់កង្វល់របស់សហគមន៍ជាតិ និងអន្តរជាតិ»។
អ្នកស្រីចក់ សុភាពសង្កត់ធ្ងន់ថា មតិរិះគន់ដែលថា ស្ថាប័នព្រឹទ្ធសភាគឺជាស្ថាប័នដែលចាំតែប្រថាប់ត្រានោះគឺពិតជាត្រឹមត្រូវ ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត ដោយច្រានចោលនូវមតិយោបល់របស់ក្រុមអង្គការសង្គមស៊ីវិល ដែលបានធ្វើឡើងកាលពីពេលកន្លងមក។
«ខ្ញុំគិតថា ការបដិសេធ និងការព្រងើយកន្តើយចំពោះមតិយោបល់របស់សង្គមស៊ីវិលនោះ នឹងធ្វើឲ្យមតិរិះគន់កន្លងមករឹតតែបញ្ជាក់ឲ្យឃើញច្បាស់ថា វាពិតជាត្រឹមត្រូវ ហើយមិនមានការផ្លាស់ប្តូរនោះទេ»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសរសេរលិខិតចំហមួយទៅកាន់លោកសាយ ឈុំ ប្រធានព្រឹទ្ធសភាកាលពីថ្ងៃពុធ ដោយស្នើសុំឲ្យកែសម្រួលជាបន្ទាន់លើសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ឬក៏បដិសេធសេចក្តីព្រាងច្បាប់នេះចោលតែម្តង។
លិខិតនោះសរសេរថា៖ «អង្គការសង្គមស៊ីវិលកម្ពុជា និងអន្តរជាតិ អ្នករាយការណ៍ពិសេសស្តីពីសេរីភាពខាងការជួបប្រជុំ និងបង្កើតសមាគម របស់អង្គការសហប្រជាជាតិ គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ តំណាងអង្គទូតជាច្រើន ហើយថ្មីៗបំផុតគឺសភាសហភាពអឺរ៉ុបបានស្នើទៅរដ្ឋាភិបាលម្តងហើយម្តងទៀតឲ្យពិចារណាឡើងវិញលើការអនុម័តច្បាប់នេះ ដើម្បីធានានូវតម្លាភាព និងចូលរួមក្នុងកិច្ចពិគ្រោះយោបល់ប្រកបដោយអត្ថន័យ»។
ប៉ុន្តែសេចក្តីស្នើទាំងអស់នេះមិនត្រូវបានយកមកពិចារណានោះទេ ដែលនាំឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងពាក់ព័ន្ធនឹងវិសាលភាពនៃច្បាប់នេះ។
ក្រុមមេដឹកនាំអង្គការក្រៅរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍រួមនៅថ្ងៃនេះដែរ ដោយស្នើសុំឲ្យព្រឹទ្ធសភាបញ្ជូនសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះមករដ្ឋសភាវិញ ដោយទាមទារឲ្យដាក់លក្ខខណ្ឌនៃការដាក់បញ្ចូលអនុសាសន៍របស់សង្គមស៊ីវិល ប្រសិនបើមិនដូច្នេះទេ សេចក្តីព្រាងច្បាប់ដ៏ចម្រូងសម្រាសនេះ នឹងបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់។
លោកអ៊ុំ សារិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះនឹងនៅស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំពេញអង្គរបស់ព្រឹទ្ធសភានៅព្រឹកស្អែកនេះ។ លោកបញ្ជាក់ថា ការកែសម្រួល ឬក៏ការបដិសេធចោលសេចក្តីព្រាងច្បាប់នេះគឺអាស្រ័យលើសេចក្តីសម្រេចរបស់កិច្ចប្រជុំពេញអង្គនៃព្រឹទ្ធសភា។
«អ្នកណាស្នើអីក៏ដោយ អ្នកណាក៏ដោយ ប៉ុន្តែទាល់តែដល់ប្រជុំព្រឹទ្ធសភាពេញអង្គ បានលោកជាអ្នកអារកាត់ថា ត្រូវសម្រេចយកដោយឥតកែប្រែ ឬក៏សុំឲ្យកែប្រែខ្លះ ឬក៏បដិសេធ។ អាហ្នឹងគឺសិទ្ធិលើសម័យប្រជុំពេញអង្គ»។
ប្រទេសកម្ពុជាដែលនៅពឹងលើជំនួយពីបរទេសបានប្រឈមនឹងបញ្ហាសង្គមជាច្រើន ក្នុងនោះមានអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងសិទ្ធិលំនៅដ្ឋាន និងអំពើនិទណ្ឌភាព។ លើសពីនេះទៅទៀត ប្រទេសនេះក៏ត្រូវបានញាំញីដោយជម្លោះដីធ្លីរ៉ាំរ៉ៃផងដែរ។ សហព័ន្ធអន្តរជាតិស្តីពីសិទិ្ធមនុស្សបានបញ្ចេញរបាយការណ៍ថ្មីមួយ ដោយបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរចំនួន៦០.០០០នាក់បានរងផលប៉ះពាល់ពីការដណ្តើមកាន់កាប់ដីធ្លី។ របាយការណ៍នេះធ្វើឡើងដោយយោងទៅលើភស្តុតាងថ្មីមួយដែលបានដាក់ជូនទៅរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ។
ប្រសិនបើសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តមែន នោះសមាគម និងអង្គការក្រៅរដ្ឋាភិបាលមុខជានឹងប្រឈមនឹងឧបសគ្គជាច្រើន រួមមានឧបសគ្គខាងផ្លូវច្បាប់ ពីព្រោះច្បាប់នេះតម្រូវឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាលចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ ក្រសួងមហាផ្ទៃអាចនឹងដើរតួជាអ្នកលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចេញពីបញ្ជីផងដែរ។ ឧបសគ្គនេះនឹងធ្វើឲ្យក្រុមអង្គការសង្គមស៊ីវិលពិបាកធ្វើការកែលម្អបញ្ហាអវិជ្ជមានខាងលើ ជាពិសេសគឺវិបតិ្តដីធ្លីដ៏ស្រួចស្រាវ។ នេះបើយោងតាមការបញ្ជាក់ពីសកម្មជនការពារសិទ្ធិមនុស្ស។
ដោយឡែក ក្រុមសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ីធ្លាប់បានចេញលិខិតបញ្ជាក់ថា សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ីនឹងមិនចូលរួមរាល់ការប្រជុំទាក់ទិននឹងការពិភាក្សាអំពីសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅព្រឹទ្ធសភានោះទេ៕