ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​ជាតិ​នឹង​រៀបចំ​សិក្ខាសាលា​លើ​សេចក្តី​ព្រាង​ច្បាប់​អង្គការ​

  • ម៉ែន គឹមសេង

អ្នក​គាំទ្រ​និង​សកម្មជន​សិទ្ធិ​មនុស្ស​បាន​មក​ប្រមូល​ផ្តុំ​គ្នា​ ដើម្បី​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​មុខ​រដ្ឋសភា​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៥។ (នូវ​ ពៅ​លក្ខិណា/VOA)​

រដ្ឋសភា​ជាតិ​កម្ពុជា​គ្រោង​នឹង​ធ្វើ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ថ្ងៃពុធ​ទី​៨​ខែ​កក្កដា​មុន​នឹង​ដាក់​ឱ្យ​សភា​ពេញ​អង្គ​ពិភាក្សា​និង​អនុម័ត​នៅ​ថ្ងៃទី​១០​ខាងមុខ​នេះ។​ នេះ​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​សភាជាតិ​នៅ​ថ្ងៃ​សុក្រ​នេះ។

តាម​សេចក្តី​ជូនដំណឹង​គឺ​សភាជាតិ​នឹង​ចំណាយ​ពេល​ប្រហែល​ជាបួន​ម៉ោង​សម្រាប់​ការ​ឡើង​ថ្លែង​មតិ​បើក​ ​បិទ​ និង​ចំណាប់​អារម្មណ៍​របស់​លោក​ ឈាង វុន ​ប្រធាន​គណៈកម្មការ​ទី៥​នៃរដ្ឋ​សភា​ និង​ការធ្វើ​បទ​បង្ហាញ​របស់​លោក​ ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ដែល​ជា​ក្រសួង​សាមី​រៀបចំ​តាក់​តែង​ច្បាប់​អង្គការ​ដ៏​ចម្រូង​ចម្រាស​នេះ។​ អ្នក​ចូលរួម​មាន​ពេល​៣០នាទីដើម្បី​សួរ​និង​ឆ្លើយ។

​រីឯ​ក្រុមអង្គការ​សង្គម​ស៊ីវិល​បាន​ប្រកាស​ថា ​ពួកគេ​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ និយាយ​ពី ​សេចក្តី​ព្រាងច្បាប់​ ស្តីពី ​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ​ដែរ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ​ទី​៧ ខែ​កក្កដា ​ឆ្នាំ​២០១៥។

អង្គការ​សង្គម​ស៊ីវិល​ អង្គការ​អន្តរជាតិ ​សហគមន៍​ផ្តល់​ជំនួយ​និង​អង្គការ​សហ​ប្រជាជាតិ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ថា​សេចក្តី​ព្រាងច្បាប់​នេះ​នឹង​មាន​ផល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ដែល​មាន​តិចតួច​និង​ការ​អភិវឌ្ឍ​ដែល​កំពុង​មាន​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG