ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សភា​សហភាព​អឺរ៉ុប​សុំ​ឱ្យ​កម្ពុជា​ដក​ច្បាប់​អង្គការ​ចេញ


សកម្មជន​ម្នាក់​ ចូលរួម​យុទ្ធនាការ​​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​មុខ​រដ្ឋសភា​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)​

សភា​នៃ​សហភាព​អឺរ៉ុប​នៅ​ដើម​សប្ដាហ៍​នេះ​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដក​ចេញ​សេចក្ដី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដោយ​សារ​តែ​ច្បាប់​នេះ​បាន​រំលោភ​ទៅ​នឹងរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បង្កប់​ខ្លឹម​សារ​រឹត​បន្តឹង​ដល់​សេរីភាព​នៃ​ការ​ចង​ក្រង​សមាគម​និង​ការ​បញ្ចេញ​មតិ។​

នេះ​បើ​យោង​ទៅ​តាម​ញត្តិ​រួម​មួយ​ដើម្បី​ស្វះស្វែង​រក​ដំណោះស្រាយ​របស់​សភា​នៃ​សហភាព​អឺរ៉ុប​ដែលបាន​ប្រកាស​ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី៨ ​ខែ​កក្កដា ​កន្លង​ទៅ​នេះ។

ញត្តិ​របស់​សភា​នៃ​សហភាព​អឺរ៉ុប​ធ្វើឡើង​នៅ​ក្នុង​ថ្ងៃតែមួយ​ដែល​រដ្ឋសភា​ជាតិ​នៃ​ប្រទេស​កម្ពុជា​បើក​ការពិគ្រោះ​យោបល់​រយៈ​ពេល​ជាង​បួន​ម៉ោង ដើម្បី​ពិភាក្សា​និង​ទទួល​យក​មតិ​សាធារណៈ​សម្រាប់​កែ​លម្អសេចក្ដី​ព្រាង​ច្បាប់​នេះ។ នៅ​ក្នុង​ការ​ពិគ្រោះ​យោបល់​ដែល​ធ្វើ​ឡើង​កាលពីថ្ងៃ​ពុធកន្លង​ទៅ​ តំណាង​សហភាព​អឺរ៉ុប​ក៏​បាន​ស្នើឲ្យ​រដ្ឋាភិបាល​ពិចារណា​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាប់​នេះ​មាន​តុល្យភាព​អាច​ទទួល​យក​បាន​ទាំង​រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល។​ តំណាង​រាស្ត្រ​នៃ​គណបក្ស​ជំទាស់​ក្នុង​រដ្ឋសភា​ពុំ​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នោះ​ទេ។​

នៅ​ក្នុង​ញត្តិរបស់​ខ្លួន​ដែល​ផ្ញើ​ជូន​មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាលក្នុង​ប្រទេស​កម្ពុជា​បាន​សរសេរ​ថា​៖ «សភា​នៃ​សហភាព​អឺរ៉ុប​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដកចេញ​នូវ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នេះ»។​

សភា​នៃ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​នៅ​ក្នុង​ញត្តិ​របស់​ខ្លួន​បន្ត​ទៀត​ថា៖ «សភា​នៃ​សហភាព​អឺរ៉ុប​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​ស្គាល់​តួនាទី​ស្រប​ច្បាប់​និង​មាន​សារៈ​ប្រយោជន៍​ដែល​បំពេញ​ដោយ​សង្គម​ស៊ីវិល​ សហជីព​ ​និង​គណបក្ស​ជំទាស់​ក្នុង​ការ​ចូល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ទូទៅ​របស់​ប្រទេស​កម្ពុជា​ក្នុង​ផ្នែក​សេដ្ឋកិច្ច​និង​នយោបាយ។ សភា​នៃ​សហភាព​អឺរ៉ុបសូមរំលឹក​ឡើង​ដែរ​ថា សង្គម​ស៊ីវិល​គឺ​ជា​សសរ​ទ្រូង​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​សរសរ​ទ្រូង​ជាច្រើន​សម្រាប់​ការ​អភិវឌ្ឍប្រទេស ដូច្នេះ​សភា​នៃ​សហភាព​អឺរ៉ុប​សូម​បញ្ជាក់​ថាច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិ​បាល​ គួរ​តែ​បង្កើត​បរិយាកាស​សម្របសម្រួល​ឲ្យ​សង្គម​ស៊ីវិល​បន្ត​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍនៃ​ប្រទេស​កម្ពុជា»។

នៅ​ក្នុង​ញត្តិ​ដដែល​នេះ​ សភា​សហភាព​អឺរ៉ុប​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដកចេញ​ផង​ដែរ​នូវ​សេចក្ដី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​ ដោយ​សភា​នៃ​សហភាព​អឺរ៉ុប​ចង់​ឃើញ​ការ​ដាក់​បង្ហាញ​ជាសេចក្ដី​ព្រាង​ច្បាប់​ស្តី​ពី​សហជីព​បច្ចុប្បន្ន​នេះ​ ដើម្បី​ឲ្យ​អ្នក​ជំនាញ​ និង​សមាជិក​សហជីព​ពិនិត្យ​សេចក្ដី​ព្រាង​ច្បាប់​ដ៏​រឹតត្បិត​នេះ​ឡើង​វិញ។

​លោក​ ឈាង វុន​ អ្នកនាំពាក្យ​នៃ​រដ្ឋសភា​ជាតិ​បាន​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​នៅ​ថ្ងៃសុក្រ​នេះ​ថា​ រដ្ឋ​សភា​ជាតិ​មិន​អាច​ធ្វើការ​តាម​ការ​ស្នើ​សុំ​ពី​សភា​នៃ​សហភាព​អឺរ៉ុប​បាន​ទេ​ពីព្រោះ​ប្រទេស​កម្ពុជា​ជា​ប្រទេស​មាន​អធិបតេយ្យភាព។​ លោក​បញ្ជាក់​ថា​ រដ្ឋសភា​ជាតិ​គ្រោង​នឹង​កោះ​ប្រជុំពេញ​អង្គនៅ​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ខាង​មុខ​នេះ។

«ព្រឹកមិញ​យើង​បាន​សម្រេច​ហើយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បាន​សម្រេច​ហើយ​ យើង​នឹង​កោះ​ប្រជុំ​សភា​ពេញ​អង្គ​ថ្ងៃ​ច័ន្ទ»។

លោក​យ៉ែម​ ប៉ុញ្ញឬទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​ថា​ ក្រុម​តំណាង​រាស្រ្ត​នៃ​គណបក្សសង្គ្រោះ​ជាតិ​ពុំ​ទាន់​បញ្ជាក់​ជំហរ​អំពី​ការ​ធ្វើពហិការ​មិន​ចូលរួម​ពិភាក្សា​ និង​អនុម័ត​សេចក្ដី​ព្រាងច្បាប់​នេះ​ទេ​ តែ​លោក​បញ្ជាក់​ថា តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​មិន​លើក​ដៃ​បោះ​ឆ្នោត​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ឡើយ ហើយស្នើ​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​បន្ថែម​ទៀត។

«ជា​រួម​យើង​យល់​ឃើញ​ថា​ យើង​គួរ​ពន្យារ ​ត្រូវ​ជជែក​គ្នា​ឲ្យបាន​ល្អិតល្អន់​សេចក្តី​ព្រាង​ច្បាប់​ពីព្រោះ​វា​មិនមែន​ជា​រឿង​អាទិភាព។ ហើយ​បច្ចុប្បន្ន​នេះ​ រឿង​អាទិភាព​គឺ​រឿង​ព្រំ​ដែន​ និង​រឿង​អន្តោប្រវេសន៍​ និង​ការ​បំផ្លាញ​ព្រៃ​ឈើ​ និង​បរិស្ថាន​តែ​ម្តង»។​

ដោយឡែក ក្រុម​មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ នៅតែ​បន្ត​ធ្វើការ​ប្រកែក​មិន​ទទួល​យក​សេចក្តី​ព្រាង​ច្បាប់​ដែលមាន​ចេតនាចាប់​បង្ខំ​ឲ្យ​ធ្វើ​អ្វី​តាម​បង្គាប់​រដ្ឋាភិបាល​នោះ​ទេ​ទោះ​ជា​រដ្ឋសភា​ជាតិ​មានៈ​ចង់​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​ក៏ដោយ។​ ពួកគេ​បាន​ស្វាគមន៍​សំណើ​របស់​សភា​នៃសហភាព​អឺរ៉ុប​នេះ​ផង​ដែរ៕

XS
SM
MD
LG