ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ.ស.ប​និង​សហគមន៍​អឺរ៉ុប​រិះគន់​ការអនុម័ត​សេចក្តី​ព្រាង​ច្បាប់​អង្គការ


សកម្មជន​ម្នាក់​ ចូលរួម​យុទ្ធនាការ​​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​មុខ​រដ្ឋសភា​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)​

ខណៈពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​បាន​ទៅ​ដល់​ដៃ​ព្រឹទ្ធសភា​សម្រាប់ការពិភាក្សា​បន្ថែម​ទៀត​ មន្ត្រី​អង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ច្រាន​ចោល​ច្បាប់​ដ៏​រឹត​ត្បិត​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់លោក Maina Kiai ​បេសកជន​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​សេរីភាព​ក្នុង​ការ​ប្រមូល​ផ្តុំ​និង​ការ​ចងក្រង​សមាគម​ដោយ​សន្តិវិធី​នៃ​អង្គការ​សហប្រជាជាតិ​កើតមាន​ឡើង​ស្របគ្នា​នឹង​សហភាពអឺរ៉ុប​ដែល​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​សម្តែង​ការសោក​ស្តាយ​ចំពោះ​ការ​អនុម័ត​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ដោយ​រដ្ឋសភា​ជាតិ​កាល​ពី​ថ្ងៃ​ទី​១៣ខែ​កក្កដា​កន្លង​ទៅ។​

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចុះ​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ឆ្នាំ​២០១៥​របស់​លោក ​Maina Kiai​ បាន​សរ​សេរ​ថា៖

«ខ្ញុំ​សូម​ទទូច​ឲ្យ​ព្រឹទ្ធ​សភា​ច្រាន​ចោល​ច្បាប់​នេះ​ទាំងស្រុង​ ខណៈដែល​ច្បាប់​មាន​ការ​ខ្វះ​ចន្លោះ​ដ៏​ច្រើន​ពី​វិធាន​សិទិ្ធ​មនុស្ស​អន្តរជាតិ​នានា​លើ​ការ​គ្រប់​គ្រង​សេរី​ភាព​ចងក្រង​សមាគម ​ជា​ពិសេស​នៅ​ត្រង់​មាត្រា​២២​នៃ​សន្ធិ​សញ្ញា​សិទ្ធិ​ជន​ស៊ីវិល​ និង​នយោបាយ​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​បាន​ព្រម​ព្រៀង​ជាមួយ​នៅ​ឆ្នាំ​១៩៩២»។​

លោក Maina Kiai​ នាយក​ប្រតិបត្តិ​នៃ​ក្រុមប្រឹក្សា​គោល​នយោបាយ​សិទ្ធិមនុស្ស​អន្តរជាតិ​ បាន​ចាត់​ទុក​ច្បាប់​នេះ​ ថា​ជា​ការ​គំរាម​កំហែង​ដល់​សង្គម​ស៊ីវិល​ឯករាជ្យ​ និង​សេរី ​ពីព្រោះ​ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​តស៊ូ​មតិ​ក្នុង​វិស័យ​សិទ្ធិមនុស្ស​ សេរីភាព​មូលដ្ឋាន​ និង​អភិបាល​កិច្ច​ល្អ​ប្រឈម​នឹង​ការ​បញ្ចប់សកម្មភាព​របស់​ពួក​គេ ​ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​មាន​ផល​ប៉ះពាល់​ដ៏មហន្តរាយ​លើ​ការ​ចូលរួម​បែប​ប្រជាធិបតេយ្យ​នៃ​ពលរដ្ឋ​កម្ពុជា​ក្នុង​ការបន្ត​អភិវឌ្ឍន៍​ប្រទេស​របស់​ពួកគេ។​

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​តាម​រយៈ​សេចក្តី​ព្រាង​ច្បាប់​ដ៏ចម្រូង​ចម្រាស​នេះ​ ​អាជ្ញាធរ​អាច​លុប​ចេញ​ពី​បញ្ជី​នូវ​សមាគម​និង​អង្គការ​ជាតិ​និង​អន្តរជាតិ​ប្រសិន​បើ​សមាគម​និង​អង្គការ​ទាំង​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ពុំមាន​ឯករាជ្យភាព​ក្នុង​កិច្ចការ​នយោបាយ។​ ​

លើស​ពីនេះ​ទៅ​ទៀត ​លោក​បាន​លើកឡើង​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវបានដាក់​ឲ្យមាន​ការ​ចូល​រួម​ពិភាក្សា​ទូលំទូលាយ​ពី​ភាគី​ពាក់ព័ន្ធ​ ហើយ​ថាសេចក្តី​ព្រាងច្បាប់​នេះ​ត្រូវ​បាន​តាក់តែង​ដោយ​ខ្វះ​តម្លា​ភាព​និង​គណនេយ្យភាព។

លោក​សង្កត់​ធ្ងន់​ថា៖

«​តម្លាភាព ​ការចូលរួម​ជាសាធារណៈ​ និង​គណនេយ្យភាព​ គឺជា​គោលការ​ណ៍​គ្រឹះ​នៃដំណើរការ​តាក់តែង​បទប្បញ្ញត្តិនៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ»។​

រីឯ​អ្នក​នាំ​ពាក្យ​សហភាព​អឺរ៉ុបបាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃពុធ​ដែរ​ដោយ​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​អនុម័តសេចក្តី​ព្រាង​ច្បាប់​ដែល​មាន​ការ​រឹតបន្តឹង​ធ្ងន់​ធ្ងរ​លើ​សកម្មភាព​របស់​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

អ្នកស្រី​ Maja Kocijancic ​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​បានលើក​ឡើង​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖

«ច្បាប់​នេះ​ប៉ះ​លើ​បញ្ហា​រសើប​ជាច្រើន​ដែល​ទាមទារ​ឲ្យ​មាន​ការពិគ្រោះ​យោបល់​ឲ្យ​បាន​ស៊ី​ជម្រៅ​ជាមួយ​នឹង​អ្នក​ពាក់​ព័ន្ធ​ទាំងអស់។​ គួរឲ្យ​សោក​ស្តាយ​ បញ្ហា​ព្រួយ​បារម្ភ​សំខាន់ៗ​មួយ​ចំនួន​ មិន​ត្រូវ​បាន​យក​មក​ពិចារណារ​ឲ្យ​បាន​គ្រប់​គ្រាន់​ឡើយ។​ ច្បាប់​នេះ​មាន​សក្តានុពល​ភាព​យ៉ាង​ធំ​ធេង​ក្នុង​ការ​កំហិត​ដល់​សកម្មភាព​របស់​អង្គការ​មិនមែន​រដ្ឋា​ភិបាល»។​

កាលពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​៦៨​រូប​បានលើកដៃ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ដោយ​មិន​មាន​ការ​ពិភាក្សា​ដេញដោល​អ្វី​ទាំងអស់ ខណៈ​ពេល​ដែល​តំណាងរាស្ត្រ​ភាគតិច​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​រូប​ធ្វើ​ពហិការ​មិន​ចូល​រួម​កិច្ច​ប្រជុំនោះ។

លោក អ៊ុំ សារិទ្ធ ​អ្នកនាំ​ពាក្យព្រឹទ្ធសភា​ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​លើប្រតិកម្ម​ទាំង​ឡាយ​របស់​មន្ត្រី​ទទួល​បន្ទុក​សិទ្ធិមនុស្ស​នៃ​អង្គការ​សហ​ប្រជាជាតិ​ និង​អ្នកនាំពាក្យ​សហភាព​អឺរ៉ុប​ទេ។ លោក​គ្រាន់តែ​បញ្ជាក់​ថា​សេចក្តី​ព្រាងច្បាប់​នេះ​ នឹងត្រូវ​បញ្ជូន​ទៅ​ឲ្យគណៈកម្មការ​នីតិកម្ម​ និង​មហា​ផ្ទៃនៃ​ព្រឹទ្ធសភា​ធ្វើ​ការ​ពិនិត្យ​និង​ពិចារណា។​

«រឿង​ហ្នឹង ​ឥឡូវ​ហ្នឹង​ច្បាប់​ហ្នឹង​ចេញ​ពី​រដ្ឋសភា ​បាន​មកដល់​ព្រឹទ្ធសភា​ ហើយ​ព្រឹទ្ធសភា​កំពុង​ធ្វើ​នីតិវិធី​បញ្ជូន​ទៅ​ឲ្យ​គណៈកម្មការ​ពិនិត្យ»។​

ដោយឡែក​លោកគង់ គាំ​ សមាជិក​ព្រឹទ្ធ​សភា​ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ដោយបញ្ជាក់​ថា​ក្រុម​សមាជិក​ព្រឹទ្ធ​សភា​ពី​គណបក្ស​សម​ រង្ស៊ី​ នឹង​ធ្វើពហិការ​មិន​ចូលរួម​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ ក្នុងសម័យ​ប្រជុំ​ពេញ​អង្គ​របស់​ព្រឹទ្ធ​សភា​នៅ​ពេល​ខាង​មុខ​នោះ​ទេ។ លោក​បន្ថែម​ថា​ ការ​ដាក់​ឲ្យ​ប្រើ​ច្បាប់​នៅ​ពេល​នេះ​នឹង​បង្ក​ភាពស្មុគស្មាញ​និង​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​ដែល​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ខ្មែរ​កំពុង​ទទួល​បាន​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល៕

XS
SM
MD
LG