ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នកច្បាប់៖ ច្បាប់​អង្គការ​ត្រូវ​តែ​កែលម្អ​ព្រោះ​រិតត្បិត​សិទ្ធិ​ខ្លាំង


លោក តឹក វណ្ណរ៉ា (ពីស្តាំទី២) នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ (NGO Forum) និង​លោក សឿង សារឿន​ (ពីឆ្វេងទី២)នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហ​ប្រតិបត្តការ​ដើម្បី​កម្ពុជា និង​អ្នក​តំណាង​សហគមន៍​ធ្វើ​បទបង្ហាញ​សំដែង​ការមិន​ពេញ​ចិត្ត​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ស្តី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ប្រឹក្សា​យោបល់ស្តីពី​សេចក្តី​ព្រាង​ច្បាប់​នេះ នៅ​សណ្ឋាគារ​ខេមបូឌីយ៉ា​ណា នៅ​ថ្ងៃ​អង្គារ ទី០៧ ខែកក្កដា ឆ្នាំ២០១៥ ក្នុង​រាជធានី​ភ្នំពេញ។ (ហ៊ុល រស្មី នៃVOA)

អ្នកជំនាញ​ផ្នែក​ច្បាប់បាន​ហៅ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ថា​ ជាសេចក្តី​ព្រាង​ច្បាប់​ ដែល​មិនបាន​ធ្វើ​ឡើង​ទៅ​តាម​បទដ្ឋាន​អន្តរជាតិ​ និង​រិត​ត្បិត​ខ្លាំង​ដល់​ការ​បង្កើត​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។​

ការលើកឡើង​របស់​អ្នក​ជំនាញ​ច្បាប់​នេះ​ គឺ​ស្រប​ពេល​ដែល​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធំៗ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​បន្ត​ធ្វើ​យុទ្ធនាការ​ជំទាស់​នឹង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ ដែល​ប៉ុន​ប៉ង​គាប​សង្កត់​សកម្មភាព​ និង​បំបិទ​សំឡេង​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

ថ្លែង​ទៅ​កាន់​មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ តំណាង​សហគមន៍​ និង​សកម្មជន​សិទ្ធិមនុស្ស​រាប់​រយ​នាក់​ដែល​ចូល​រួម​ការពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាងច្បាប់​ដ៏​ចម្រូង​ចម្រាស​នេះ​ នៅ​ឯសណ្ឋាគារ​មួយ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ លោក​ហ្សាក ឆឺរីឡំពែល (Zach Lampell) ទីប្រឹក្សា​ច្បាប់​របស់​មជ្ឈមណ្ឌលច្បាប់អន្តរជាតិ​មិន​រក​ប្រាក់​ចំណូល​ ហៅកាត់ថា​INCL ​វិភាគឃើញ​ថា​ ច្បាប់​នេះ​មាន​ចេតនា​រារាំង​សកម្ម​ភាព​ការបើក​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ថ្ងៃ​អនាគត។​

«យើង​ជឿជាក់​ថា​ សេចក្តី​ព្រាង​ច្បាប់នេះ​ មានការ​រិតត្បិត​ដោយ​មិន​អនុញ្ញាត​ឲ្យ​មេដឹក​នាំ​សមាគម​ ឬអង្គការ​មិន​មែន​រដ្ឋាភិបាល​ ធ្វើជា​ស្ថាបនិក​បង្កើត​អង្គការ​មិនមែន​រដ្ឋាភិបាល​និង​សមាគមទៅ​ថ្ងៃ​អនា​គត»។​

អ្នកជំនាញ​ផ្នែក​ច្បាប់​រូប​នេះ​ បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ ការ​កែសម្រួល​ខ្លឹមសារ​នៃសេចក្តី​ព្រាង​ច្បាប់​នេះ​ គឺ​ជា​ការចាំបាច់​ ដោយសារ​មាត្រា​មួយ​ចំនួន​មាន​លក្ខណៈ​រិត​ត្បិត​ខ្លាំង​ក្នុង​ការ​ចុះ​បញ្ជី​ការ​ដែល​មិន​ត្រូវ​បាន​បញ្ជាក់​ច្បាស់ ហើយ​ថា​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​អាច​ត្រូវ​បាន​បិទ​តាម​អំពើ​ចិត្ត​ ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត។​

«បទដ្ឋាន​នៃ​ការ​ចុះ​បញ្ជី​មិន​ត្រូវ​បាន​បញ្ជាក់​ឲ្យច្បាស់​នោះ​ទេ​។ ហេតុដូច្នេះ​ វាមិន​អាច​ទៅ​រួច​ទេ​ដើម្បី​ដឹង​ថា​តើ​ដំណើរ​ការ​នៃ​ការ​ចុះ​បញ្ជី​នេះ​វាស៊ីគ្នា​ទៅ​នឹង​ច្បាប់​អន្តរជាតិ​ឬ​អត់។​ ជាង​នេះ​ទៅ​ទៀត​ នៅ​ពេល​ដែលសមាគម​ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​បាន​ចុះ​បញ្ជី​ សេចក្តី​ព្រាងច្បាប់​ពុំបាន​ផ្តល់​នូវ​បទដ្ឋាន​សម្រាប់​ចង្អុល​បង្ហាញ​ការ​ត្រួតពិនិត្យ​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាលច្បាស់​លាស់​ឡើយ។ ដោយ​គ្មានបញ្ជី​មូលដ្ឋាន​ច្បាស់លាស់​សម្រាប់​ការ​ផ្អាក​ និង​ការ​លុបចោល​ ហានិភ័យ​នឹង​កើត​មានដល់​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ផ្អាក​ និង​ការ​លុបចោល​ឈ្មោះ​ពី​បញ្ជីតាម​តែ​អំពើចិត្ត»។​

ក្រុម​សកម្មជន​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និងសង្គម​ស៊ីវិល បន្ត​យុទ្ធនាការ​ជំទាស់​នឹង​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ពួកគេ​ធ្វើការ​តវ៉ា​នៅ​មុខ​រដ្ឋសភា​ជាតិ ដែល​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​របាំង​ដែក​ការពារ​សន្តិសុខ​នៅ​ព្រឹក​ថ្ងៃអង្គារទី០៧ ខែកក្កដា ឆ្នាំ២០១៥។
ក្រុម​សកម្មជន​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ និងសង្គម​ស៊ីវិល បន្ត​យុទ្ធនាការ​ជំទាស់​នឹង​ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ពួកគេ​ធ្វើការ​តវ៉ា​នៅ​មុខ​រដ្ឋសភា​ជាតិ ដែល​អាជ្ញាធរ​បាន​ដាក់​ពង្រាយ​របាំង​ដែក​ការពារ​សន្តិសុខ​នៅ​ព្រឹក​ថ្ងៃអង្គារទី០៧ ខែកក្កដា ឆ្នាំ២០១៥។

នៅ​ពេលដែលមេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ តំណាង​សហគមន៍​ និង​សកម្មជន​សិទ្ធិមនុស្សស្តាប់​ការ​ពន្យល់​ពី​ផល​អវិជ្ជមាន​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ក្រុម​សកម្មជន​នៃអង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ប្រមាណ​១០០​នាក់​បាន​បន្ត​យុទ្ធនាការ​របស់​ពួក​គេ​ជំទាស់​នឹង​សេចក្តី​ព្រាង​ច្បាប់​នេះ​នៅ​មុខ​រដ្ឋសភា​ជាតិកាលពីព្រឹក​ថ្ងៃ​អង្គារ​នេះ។​

ទោះ​ជាមាន​ការ​រារាំង​ពី​អាជ្ញាធរ​ យុទ្ធនាការ​របស់​ពួក​គេ​បាន​ប្រព្រឹត្ត​ដោយ​ពុំមាន​អំពើហិង្សា​កើត​ឡើងនោះ​ទេ។

លោក William E. Todd ​ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ព្រះ​រាជា​ណា​ចក្រកម្ពុជាបាន​សរសេរ​នៅ​ក្នុង​គេហទំព័រ​ទស្សនៈ​ផ្ទាល់​ខ្លួន​ដោយ​រំលឹកអំពី​ការ​តវ៉ា​ជំទាស់​នឹង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​កាល​ពី​សប្តាហ៍មុន​ដែល​ប្រព្រឹត្តទៅ​ ​ដោយ​ពុំមាន​អំពើហិង្សា​ផងដែរ​។​

លោក​បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ធំៗ​ទាំងពី​រផ្តោតលើ​ការ​ជួបសន្ទនា​គ្នា​ ​បើក​ឲ្យ​មានការ​ពិភា​ក្សា​ដេញដោល​គ្នា​ និង​ជា​មួយ​ប្រជាពលរដ្ឋដែល​ខ្លួន​ធ្វើ​ជា​តំណាង​ ខណៈដែលកំពុង​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ការកែទម្រង់​ដ៏​ចាំបាច់​នានា​ រួម​ទាំង​ការ​បន្ត​ផ្តល់​សិទ្ធិសេរីភាព​ពេញ​លេញ​ដល់​សកម្មភាព​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ជួយ​បំពេញ​ចំណុច​ខ្វះ​ខាត​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ ​

​លោក​សរសេរ​ថា​៖ «​គេគ្មាន​ការ​សង្ស័យ​ទេ​ថា​ អង្គការ​មិន​មែន​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​ដទៃ​ទៀត​បាន​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍនៃប្រទេ​ស​កម្ពុជា។​ បណ្តាញ​ទាំង​នេះ​បាន​ជួយ​បំពេញ​ចន្លោះ​ប្រហោង​នៅ​ក្នុង​វិស័យ​សុខាភិបាល​អប់រំ​និង​វិស័យ​សាធារណៈដទៃ​ទៀត​ពិសេស​សម្រាប់​អ្នក​ដែល​រស់​នៅ​ក្នុង​សហគមន៍​ជន​បទ​ដែល​មិន​សូវ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់»​។​

ការពិគ្រោះ​យោបល់​ជា​សា​ធារណៈ​មួយ​នឹង​ត្រូវ​រៀប​ចំឡើង​នៅ​ថ្ងៃ​ស្អែក​នេះ​ នៅ​ឯរដ្ឋសភា​ជាតិ​ ដើម្បី​ជជែក​ពិភាក្សាលើ​សេចក្តី​ព្រាង​ច្បាប់​ ដែល​មេដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហៅ​ថា​ ជាសេចក្តី​ព្រាង​ច្បាប់​មួយ​ដែល​ធ្វើ​ឡើង​ដោយ​លាក់​លៀម​ និង​ត្រៀម​បង្អាក់​ដំណើរ​នៃ​សកម្មភាព​ការងារ​របស់​ពួកគេ។

ពីឆ្វេងទៅស្តាំ លោកស្រីចក់ សុភាព​ នាយិកាប្រតិបត្តិនៃ​មជ្ឈ​មណ្ឌល​សិទ្ធិកម្ពុជា​ លោកតឹកវណ្ណរ៉ា នាយកប្រតិបត្តិនៃវេទិកានៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ (NGO Forum) ​លោកសឿង សារឿន​ នាយក​ប្រតិបត្តិនៃ​គណៈកម្មាធិការសហ​ប្រតិបត្តការ​ដើម្បី​កម្ពុជា និង​លោក​ព្រាប​ កុល នាយក​ប្រតិបត្តិនៃ​អង្គការ​តម្លាភាពកម្ពុជា ធ្វើ​សន្និសីទ​កាសែត​ ដើម្បី​ស្នើរ​ឲ្យ​រដ្ឋសភា​ជាតិ​កែប្រែ​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគមនិង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ (ហ៊ុល រស្មី នៃVOA)
ពីឆ្វេងទៅស្តាំ លោកស្រីចក់ សុភាព​ នាយិកាប្រតិបត្តិនៃ​មជ្ឈ​មណ្ឌល​សិទ្ធិកម្ពុជា​ លោកតឹកវណ្ណរ៉ា នាយកប្រតិបត្តិនៃវេទិកានៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា​ (NGO Forum) ​លោកសឿង សារឿន​ នាយក​ប្រតិបត្តិនៃ​គណៈកម្មាធិការសហ​ប្រតិបត្តការ​ដើម្បី​កម្ពុជា និង​លោក​ព្រាប​ កុល នាយក​ប្រតិបត្តិនៃ​អង្គការ​តម្លាភាពកម្ពុជា ធ្វើ​សន្និសីទ​កាសែត​ ដើម្បី​ស្នើរ​ឲ្យ​រដ្ឋសភា​ជាតិ​កែប្រែ​មាត្រា​មួយ​ចំនួន​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគមនិង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ (ហ៊ុល រស្មី នៃVOA)

លោកស្រី​ចក់​ សុភាព​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ ក្រុម​ការងារ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​ចូល​រួម​ការ​ពិគ្រោះ​យោបល់​ តែ​អ្នកស្រី​ថាមជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ នឹង​ច្រាន​ចោល​ច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ​ ប្រសិន​បើ​អនុម័ត​ដោយ​គ្មាន​ការ​កែប្រែ។​

«បើ​សិន​មាន​លិខិត​អញ្ជើញ​យើង​នឹង​ចូលរួម​ប៉ុន្តែ​ការចូលរួម​របស់​យើងគឺ​ខ្ញុំ​សូម​បញ្ជាក់​ម្តងទៀត​មិនមែន​ដើម្បី​បង្គ្រប់​កិច្ច​ទេ​ដើម្បី​យក​ឱកាស​នោះ បង្ហាញ​ថា​សេចក្តី​ព្រាង​ដែល​គាត់​កំពុង​ធ្វើ​នេះ​ហើយ​បើ​អនុម័ត​ក្នុង​ទម្រង់​បច្ចុប្បន្ន​គឺ​យើង​មិន​អាច​ទទួល​យក​បាន​។ នេះ​គឺជា​ជំហរ​របស់​យើង»។​

អង្គការ​តម្លាភាព​អន្តរជាតិ​ដែល​មាន​ទី​តាំង​នៅ​ទីក្រុង​ Berlin ប្រទេស​អាល្លឺម៉ង់​ បាន​ចេញ​លិខិត​ថ្កោល​ទោស​ចំពោះ​សេចក្តី​ព្រាង​ច្បាប់​ដ៏គួរ​ឲ្យ​ព្រួយ​បារម្ភមួយនេះផងដែរ​ ដោយ​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​ចំណុចចម្រូង​ចម្រាស​ច្រើន​ និង​ភាពស្រពិចស្រពិល​ និងរិតត្បិត​សិទ្ធិសេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល​៕

XS
SM
MD
LG