ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការស្រាវជ្រាវ​ថ្មី​មួយ​ព្រមាន​ពី​លទ្ធភាព​នៃ​អំពើ​ហិង្សា​ប្រឆាំង​ចិន បើ​គ្មាន​ដំណោះ​ស្រាយ​​ចំពោះ​ផល​ប៉ះពាល់​ពី​វិនិយោគ​ចិន


បុរសជនជាតិចិន​ម្នាក់​ដើរ​ទិញ​ទំនិញ​នៅផ្សារទំនើប​មួយក្នុង​ក្រុង​ព្រះសីហនុ ដែល​លក់​ផលិតផល​ភាគច្រើន​នាំចូល​ពីចិន ដែលមាន​ស្លាក​ឈ្មោះ​ទំនិញ និង​តម្លៃ​ជា​អក្សរចិន​ដើម្បី​បំពេញ​តម្រូវការ​អតិថិជនដែល​ភាគច្រើន​ជា​ជនជាតិ​ចិន នៅ​ខេត្តព្រះសីហនុ នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)
បុរសជនជាតិចិន​ម្នាក់​ដើរ​ទិញ​ទំនិញ​នៅផ្សារទំនើប​មួយក្នុង​ក្រុង​ព្រះសីហនុ ដែល​លក់​ផលិតផល​ភាគច្រើន​នាំចូល​ពីចិន ដែលមាន​ស្លាក​ឈ្មោះ​ទំនិញ និង​តម្លៃ​ជា​អក្សរចិន​ដើម្បី​បំពេញ​តម្រូវការ​អតិថិជនដែល​ភាគច្រើន​ជា​ជនជាតិ​ចិន នៅ​ខេត្តព្រះសីហនុ នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA)

​អត្ថបទ​នោះ​ បាន​ព្រមាន​ថា​ អំពើ​ហិង្សា​ទ្រង់ទ្រាយធំ​​ក៏​អាច​ផ្ទុះ​ឡើង​ផង​ដែរ​ ប្រសិន​បើ​រដ្ឋាភិបាល​ខកខាន​មិន​បាន​​រក​ដំណោះ​ស្រាយ​នានា​ទៅ​លើ​បញ្ហា​ដែល​បង្ក​ដោយ​ជនជាតិ​ចិន​មួយ​ចំនួន​នៅ​កម្ពុជា។

អត្ថបទ​ស្រាវជ្រាវ​ស៊ី​ជម្រៅ​ដំបូង​មួយ​ ដែល​រៀប​រៀង​ដោយ​អ្នក​ស្រាវជ្រាវ​ខ្មែរ​ពីរ​រូប​ដែល​កំពុង​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្រា្តលី​ បាន​បង្ហាញថា​ ការ​វិនិយោគ​របស់​ចិន​នៅ​កម្ពុជា​បាន​បង្ក​បញ្ហា​ជាច្រើន​ដល់​ការ​រស់នៅ​ និង​ការ​ប្រកប​របរ​រកស៊ី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ។ ​អត្ថបទ​នោះ​ បាន​ព្រមាន​ថា​ អំពើ​ហិង្សា​ទ្រង់ទ្រាយធំក៏​អាច​ផ្ទុះ​ឡើង​ផង​ដែរ​ ប្រសិន​បើ​រដ្ឋាភិបាល​ខកខាន​មិន​បានរក​ដំណោះ​ស្រាយ​នានា​ទៅ​លើ​បញ្ហា​ដែល​បង្ក​ដោយ​ជនជាតិ​ចិន​មួយ​ចំនួន​នៅ​កម្ពុជា។ ​ ប៉ុន្តែ​អ្នក​នាំ​ពាក្យក្រសួង​មហា​ផ្ទៃ​លើក​ឡើង​ថា​ នេះ​គ្រាន់​តែ​ជាការ​រក​ឃើញ​មួយ​ជ្រុង​ប៉ុណ្ណោះ​ ហើយ​វា​មិន​បាន​បញ្ជាក់​ពី​តថភាព​ពិត​ក្នុង​សង្គម​កម្ពុជា​នោះ​ទេ។​

ការណ៍​ដែល​រដ្ឋាភិបាល​កម្ពុជា​បន្ត​ទុក​ចោល​ មិន​ដោះ​ស្រាយចំណុច​អវិជ្ជមាន​ទាំង​ឡាយ​ ដែល​កើត​ចេញ​ពី​សកម្ម​ភាព​វិនិយោគ​ដ៏​ផុសផុល​របស់​ចិន​ និង​ឥរិយាបថ​របស់​ជនជាតិ​ចិន​ដែល​មិន​ស្រប​នឹង​ទំនៀម​ទម្លាប់​របស់​ពលរដ្ឋ​ខ្មែរ​ អាច​នឹង​ជំរុញឲ្យ​មានអំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំនិង​ភាព​ចលាចល​ក្នុង​សង្គម។​ នេះ​បើ​យោង​តាម​ការ​ព្រមាន​របស់​អត្ថបទ​សិក្សា​ស្រាវជ្រាវ​ស៊ី​ជម្រៅ​ដំបូង​ថ្មីមួយ ដែល​បាន​ធ្វើ​ការ​វាយ​តម្លៃលើ​ផល​ប៉ះពាល់​នានា​ ដែល​បណ្តាល​មកពីការ​វិនិយោគ​ទុន​យ៉ាង​គំហុក​របស់​ចិន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​ស្ថិត​នៅ​ប៉ែក​និរតី​ប្រទេស​កម្ពុជា។​

អាហារដ្ឋាន ជឹង ចុង លក់​ម្ហូប​ចិន នៅ​ខេត្តព្រះសីហនុ នៃ​ប្រទេស​កម្ពុជា នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)
អាហារដ្ឋាន ជឹង ចុង លក់​ម្ហូប​ចិន នៅ​ខេត្តព្រះសីហនុ នៃ​ប្រទេស​កម្ពុជា នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ២០១៨។ (ប៉ូច រាសី/VOA)

អត្ថបទ​សិក្សា​ស្រាវជ្រាវ​ដែល​មាន​កម្រាស់​១៩​ទំព័រនិងត្រូវ​ចេញ​ផ្សាយ​ដោយវិទ្យាស្ថាន​«វេទិកា​ប៉ាស៊ីហ្វិក»​ ​Pacific Forum​ ​ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ហាវ៉ៃ​ សហ​រដ្ឋ​អាមេរិក​នេះ​ បាន​វាយ​តម្លៃ​ជា​រួម​អំពី​ផល​ប៉ះពាល់​ទាំង​ឡាយ​ ដែល​ផ្តើម​ចេញ​ការ​វិនិយោគ​របស់​ចិនក្នុង​ខេត្ត​ព្រះសីហនុ។ ​អត្ថបទ​ស្រាវជ្រាវ​នេះ​បាន​ផ្អែក​ជា​សំខាន់​ទៅ​លើ​ការវិភាគ​របស់​អ្នក​ជំនាញ​ដែល​ត្រូវ​បាន​សេចក្តី​រាយ​ការណ៍​របស់​បណ្តាញ​ព័ត៌មាន​ជាតិ​ និង​ក្រៅ​ប្រទេស​ជា​ច្រើន​ដក​ស្រង់​អំពីខេត្ត​ព្រះសីហនុ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​

ការ​វាយ​តម្លៃ​នេះ​ រួមមាន​ផលប៉ះពាល់​ខាង​នយោបាយ​ វប្បធម៌​ បរិស្ថាន​ សង្គម ​និង​សេដ្ឋ​កិច្ច​ និង​អារម្មណ៍​ប្រឆាំង​នឹង​ជនជាតិ​ចិន។ ​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ​អារម្មណ៍​ប្រឆាំង​នឹង​ជន​ជាតិ​ចិន​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​បាតុភាព​ចលាចល​ និង​អំពើ​ហិង្សា​ទ្រង់ទ្រាយ​ធំ​ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​ និង​ចិនមិន​អាច​លើក​ឡើង​នូវ​វិធាន​ការ​ដោះ​ស្រាយចំណុច​រំខាន​ផ្សេងៗ​កន្លង​មក​បណ្តាល​មកពី​ជនជាតិ​ចិន​មួយ​ចំនួន​ ដែលមក​ធ្វើ​ការ​រក​ស៊ី ​និង​បោះទុន​វិនិយោគ​ក្នុង​សង្គម​ខ្មែរ។​

ក្រុម​អ្នក​និពន្ធ​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​របស់​វិនិយោគចិន​នៅ​កមុជា៖ ​ករណី​ខេត្ត​ព្រះ​សីហនុ»​បាន​កត់​សម្គាល់​នូវ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ដែល​កើត​ឡើង​នៅ​ខេត្ត​ព្រះ​សីហនុ​ និង​ដែល​អាច​ញ៉ាំង​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទប់​កំហឹង​មិន​បាន ​ហើយ​រក​វិធី​វាយ​បកប្រឆាំង​នឹង​ជនជាតិ​ចិន​វិញ។​

បញ្ហា​ទាំង​នោះរួម​មានកា​រកើន​ឡើង​ថ្លៃ​ជួល​ផ្ទះ​ ការ​កើន​ឡើង​ថ្លៃ​ចំណាយ​សម្រាប់​ការ​រស់​នៅ​ ការ​បាត់បង់​ប្រាក់ចំណូល​ដោយ​សារ​តែការ​ហូរ​ចូល​នៃ​ឈ្មួញ​រកស៊ី​របស់​ចិន​ សកម្ម​ភាព​ផ្តល់​កម្ចី​ឥណទាន​ខុស​ច្បាប់​ប្រព្រឹត្ត​ក្នុង​ចំណោម​ជន​ជាតិ​ចិន​គ្នា​ឯង​ ហើយ​និង​ការ​បើក​របរ​រកស៊ី ដែល​ពលរដ្ឋ​ខ្មែរ​ពិបាក​ទទួល​យកគឺការ​បើក​បនស្រី​ និង​សកម្ម​ភាព​បាញ់​បោះ វាយទាត់ធាក់​ និង​កាប់​ចាក់​គ្នា​ ក៏ដូចការ​បើក​បរ​បង្ក​គ្រោះ​ថ្នាក់​ជាដើម។​

ក្រុម​អ្នក​ស្រាវជ្រាវខ្មែរ​ទាំង​ពីរ​រូបដែល​ជា​និសិ្សតថ្នាក់​បណ្ឌិតកំពុង​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្រា្តលី​ផង​នោះ​ បាន​សរសេរ​ថា៖​

«ការ​ប្រែប្រួល​ទាំងឡាយ​ ដែល​កំពុង​កើត​មាន​ក្នុង​តំបន់​នេះ​បាន​ធ្វើ​ឲ្យ​សាធារណ​ជន​ខ្មែរ​គ្មាន​ទឹក​ចិត្ត​នឹង​ទៅ​លេង​ខេត្ត​ព្រះ​សីហនុ​នោះ​ឡើយ​ ទោះ​បី​ទី​នោះ​ធ្លាប់​ជា​កន្លែង​លំហែ​កាយ​ដ៏​ពេញ​និយម​ក្នុង​ប្រទេស​កម្ពុជាក៏​ដោយ»។ ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​មិន​ទៅ​លេង​ខេត្ត​ព្រះ​សីហនុ​នោះក៏​ដោយ​សារ​តែ​ហេតុផល​សន្តិសុខ​ វត្តមាន​ជន​បរទេស[ចិន] ​និង​អំពើ​ហិង្សា។​

បើ​ក្រឡេក​មើលផល​ប៉ះពាល់​ខាង​បរិស្ថាន​វិញ​នោះ​ ​ អត្ថបទ​ស្តីពី​ផល​ប៉ះពាល់​របស់​វិនិយោគ​ចិន​នៅ​ខេត្ត​ព្រះសីហនុបាន​ពណ៌នា​ត្រួសៗថា​ បន​ល្បែង​ស៊ីសង​ រោង​ចក្រ​ផលិត​ថាមពល​ និង កន្លែង​ចម្រាញ់​ប្រេង​ ដែល​ដំណើរ​ការ​ដោយ​ចិន​ ​បាន​បង្ក​ឲ្យមាន​ការ​ខូចខាត​គុណភាព​បរិស្ថាន​យ៉ាង​ដំណំ​ ដោយ​សារ​តែ​ការ​បោះ​ចោល​នូវ​សារធាតុ​បំពុល​ពីរោងចក្រ​ និង​កន្លែង​សាងសង់​ជាច្រើន​ដោយ​ប្រយោល​ចូល​ទៅ​ក្នុង​សមុទ្រ។​

ការ​សរសេរ​អក្សរ​ខ្មែរ​មិន​ត្រឹមត្រូវពី​សំណាក់​ជនជាតិ​ចិនក៏​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​អត្ថបទ​ដដែល​នេះ​ដែរ។​

លោក ​ប៉ូ សូវីនដា​ជា​និស្សិត​ថា្នក់​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ​ Griffith​ ប្រទេស​អូស្ត្រាលី​ ដែល​ជា​អ្នកនិពន្ធ​មួយ​រូប​នៃ​អត្ថបទ​ខាង​លើ​នេះ​ បាន​ប្រាប់​ VOA​ បន្ថែម​តាម​សារ​អេឡិចត្រូនិក​ ឬ ​Email​ ថា​ ទោះ​បី​ករណី​នៅ​ក្នុង​ខេត្ត​ព្រះសីហនុអាច​មាន​ទំហំ​ភូមិសាស្ត្រ​តូច​ក្តី ​តែ​ឥទ្ធិពល​របស់​វាគឺ​អាច​រីកសាយ​ធំ​ជាង​នេះ។ ​លោក​បាន​ពន្យល់​ថា​ ​បញ្ហា​ជាតិ​និយម​គឺគ្មាន​ព្រំដែន​នោះ​ទេ។​

លោក​ ប៉ូ សូវីនដា​ ដែល​ជា​អ្នក​ស្រាវជ្រាវ​មួយ​រូប​ដែរ​នៅ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ​និង​សន្តិភាព​ ឬ ​CICP​ បានបន្ត​ប្រាប់​ VOA ​តាម​សារជា​ភាសា​អង់​គ្លេស​ និង​ត្រូវបាន​ប្រែ​សម្រួល​ជាភាសា​ខ្មែរ​ថា៖​

«ប្រសិន​បើ​មនុស្ស​មាន​អារម្មណ៍​ថា​ ក្រុម​ពួក​ខ្លួនត្រូវ​បាន​គេ​បំពាន​ដោយ​ប្រការ​ណា​មួយ​នោះ​ នៅ​ទីណា​មួយ​ ក្នុង​ទឹក​ដី​របស់​ពួកគេ​ ពួក​គេ​នឹង​តប​ត​វិញ​រហូតដល់​ទីបញ្ចប់»។​

លោក​បាន​ឲ្យ​ដឹង​ទៀតថា៖

«យក​រឿង​អារ៉ែង​ជា​ឧទាហរណ៍!​ ​ប្រជាជន​មក​ពី​ទីក្រុង​បាន​រួមដៃ​គ្នា​ជា​មួយ​ប្រជាជន​មក​ពី​ទី​កន្លែង​ផ្សេង​ទៀត​ ដើម្បី​ជំទាស់​នឹង​ការ​សាងសង់​ទំនប់​ដោយ​ក្រុមហ៊ុន​ចិន។ ​ជា​រួម​មក ​បញ្ហា​នៅ​ខេត្ត​ព្រះ​សីហនុគឺ​មិន​មែន​ជា​រឿង​ក្នុង​ខេត្ត​មួយ​នោះ​ទេ​ តែ​វា​ជារឿង​របស់​ប្រជា​ជាតិ​មួយ»។​

នាយ​ឧត្តម​សេនីយ៍ ​ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​បានឃើញអត្ថបទ​ស្រាវជ្រាវ​របស់​និស្សិត​ខ្មែរ​ទាំង​ពីរ​នាក់​នោះ​ទេ។ ​យ៉ាងណាក៏​ដោយ​ លោក​មិន​បាន​ច្រាន​ចោល​ទាំង​ស្រុង​ថា​ អ្វី​ដែល​បាន​លើក​ឡើង​ក្នុង​អត្ថបទ​នោះ​សុទ្ធតែ​ខុស​ ឬ​ត្រូវ​នោះ​ទេ។​

តែ​លោក​ថា​ លោក​នឹង​មិន​ឲ្យ​ចំណាត់​ថ្នាក់​ល្អ​ទេចំពោះ​ការ​សរសេរដែល​មិន​បាន​ចុះមក​អង្កេត​ផ្ទាល់​អំពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ ដែល​កំពុង​ស្ថិត​ក្នុង​ការ​អភិវ​ឌ្ឍ ​ក្រោយ​ការ​បំផ្លាញ​ពី​ក្រុម​បញ្ញវ័ន្តដែល​បាន​សិក្សា​ពីក្រៅ​ប្រទេស​ ក្នុង​នោះ​មាន​លោក​ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ។​

«អ្នក​ទាំងអស់​គ្នា​ គេ​បាន​វាយ​តម្លៃល្អ​ណាស់ចំពោះ​និក្ខេបទ​ដុកទ័រ​ ថ្នាក់​បណ្ឌិត​របស់​ខៀវ សំផន។ ​ទី​បំផុត​ ខៀវ សំផនបាន​យកអាដេញ​ អ្វីដែល​គាត់​បាន​រៀន​នៅក្រៅប្រ​ទេសនេះ​មក​អនុវត្តនៅ​ស្រុក​ខ្មែរ រហូត​តាំង​ពី​គាត់​ធ្វើការងារ​ក្នុង​រាជ​រដ្ឋាភិបាល​ក្តី រហូត​គាត់​តស៊ូ​ក្នុង​ព្រៃ​ក្តី​ រហូត​គាត់​ដណ្តើម​បាន​ជ័យ​ជម្នះ​ឆ្នាំ​១៩៧៥​អី លទ្ធផល​ដឹង​ហើយនេះ​គឺ​ជា​លទ្ធផល​របស់​និស្សិត​ខ្មែរ​មួយ​រូប​ ដែល​បាន​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស»។​

អ្នក​នាំពាក្យ​រូប​នេះសុំ​មិន​ផ្តល់​ការ​អធិប្បាយ​បន្ថែម​ នៅពេល​ VOA ​ព្យាយាម​សួរ​លោក​ទាក់​ទង​ទៅនឹង​ចំណាត់​ការ​របស់​រដ្ឋាភិបាលដើម្បី​ដោះ​ស្រាយ​បញ្ហា ដែល​មាន​ជាប់ពាក់​ព័ន្ធ​នឹង​ជន​ជាតិ​ចិន។​ឮ

ចំណែក​លោក​បណ្ឌិតឈាង វណ្ណារិទ្ធ​ អ្នក​វិភាគ​កិច្ចការ​តំបន់​ យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​អត្ថបទ​ខាង​លើ​ ​ចំពោះ​ការ​យល់​ឃើញ​ចំណុច​អវិជ្ជមាន​មួយជ្រុង​នៃ​ការ​មក​រកស៊ី​របស់​ជន​ជាតិ​ចិន​នៅ​កម្ពុជា។ ​តែ​លោក​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​គ្មាន​គោល​នយោបាយ​បង្កើត​ឲ្យ​មាន​ចំណុច​អវិជ្ជមាន​ទាំង​នេះ​ទេ​ ដូច្នេះ ​អ្វី​ដែល​អាច​ដោះ​ស្រាយ​បា​ននោះ​គឺ​រដ្ឋាភិបាល​ខ្មែរ​ និង​ចិន​ត្រូវធ្វើការ​រួមគ្នា​ដើម្បី​រកច្រក​ដោះ​រាល់​ចំណុច​ខ្វះខាត​នានា ​ព្រោះ​ចំណុច​ទាំង​នោះ​ជា​ក្តី​កង្វល់​រួម​របស់​ចិន​ និង​កម្ពុជា។​

«អ៊ីចឹងទេ​ ជា​កង្វល់​រួម​ រវាង​ចិន​ និង​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថាន​ការណ៍​ហ្នឹង​វា​ប្រសើរ​ឡើង​ ធ្វើ​ម៉េច​ឲ្យ​ទំនាក់​ទំនង​ប្រជាជន​ និង​ប្រជាជន​ហ្នឹង​ល្អ​ប្រសើរ»។​

អត្ថបទ​ស្តីពី​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​របស់​វិនិយោគ​ចិន​នៅ​កមុជា៖ ​ករណី​ខេត្ត​ព្រះ​សីហនុ​ ​ បាន​លើក​យក​ឧទាហរណ៍​អតីត​កាល​មក​សង្កត់ធ្ងន់​អំពី​លទ្ធភាព​នៃ​ការ​ផ្ទុះអំពី​ហិង្សា​ទៅ​អនាគត​ថា៖​

«ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ទុក​ឲ្យអារម្មណ៍​ប្រឆាំង​នឹង​ជន​ជាតិ​កើត​មាន​ឡើង​ត​ទៅ​ទៀត​និង​នៅពេល​គ្មាន​វិធាន​ការ​ជាក់​លាក់​ត្រូវបាន​ធ្វើ​ឡើង​នោះ​ ​នោះ​ប្រជាជន​នឹង​ងាក​ទៅ​រក​អំពើ​ហិង្សា​ ដែល​មាន​សក្តានុពល​នាំ​ដល់​ចលាចល​សង្គម​ និង​អំពើ​ហិង្សា​ទ្រង់​ទ្រាយ​ធំ​ ដូច​ធ្លាប់​បាន​ឃើញ​ស្រាប់​ពេល​មាន​កុប្បកម្ម​ប្រឆាំង​នឹង​ប្រទេស​ថៃ​កាល​ពី​ឆ្នាំ​២០០៣​កន្លង​ទៅ​ ​យូរ​ហើយ​នោះ»។​

ក្រៅពី​លើក​ឡើងអំពី​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ និង​សង្គម​បង្ក​ដោយមុខ​របរ​រក​ស៊ី​របស់​ចិន​នៅ​កម្ពុជា​ ​ អត្ថបទ​ដដែលក៏​បាន​ព្រមាន​ផង​ដែរ​ថា​ ​ការ​ពឹង​ផ្អែក​ខ្លាំងក្លា​របស់​កម្ពុជា​ទៅ​លើ​ចរន្ត​វិនិយោគ​ទុន​របស់​ប្រទេស​ចិន​តែ​មួយ​នឹង​អាច​បង្ក​ផល​ប៉ះពាល់​រយៈ​ពេល​វែង​ដល់​ប្រជាជន​កម្ពុជា​ ហើយ​ប្រទេស​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​មួយ​នេះ​ត្រូវ​តែកែលម្អ​កំណត់​ត្រា​សិទ្ធិ​មនុស្សដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​រក្សា​លំហវិនិយោគ​ទុន​ទៅ​ប្រទេស​ផ្សេង​ទៀត​ ក្នុង​នោះ​មាន​ប្រទេសលោក​ខាង​លិច​ ដូចជា​សហ​រដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប។ ​សហភាព​អឺរ៉ុបកំពុង​យក​កំណត់​ត្រា​សិទ្ធិ​មនុស្ស​មិន​ល្អ​នេះមក​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​ព្យួរ​កម្មវិធី​អនុគ្រោះ​ពន្ធ​ដល់​ការ​នាំ​ទំនិញ​កម្ពុជា​ចូល​ទីផ្សារ​អឺរ៉ុប៕

XS
SM
MD
LG