វ៉ាស៊ីនតោន — ចំណងទាក់ទងរវាងកម្ពុជានិងចិននឹងត្រូវពង្រឹងថែមទៀត ក្រោមផែនការ«សកម្មភាពកសាងសហគមន៍ជោគវាសនារួមគ្នា» រហូតដល់ឆ្នាំ ២០២៣ ជាឆ្នាំដែលនឹងមានការបោះឆ្នោតជាតិជាថ្មីនៅកម្ពុជា។
ប្រទេសទាំងពីរបានប្តេជ្ញាផ្តោតលើវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ប្រជាជននិងពហុភាគី ដែលចាក់ឫសពីថ្នាក់ជាតិរហូតដល់ថ្នាក់រដ្ឋបាលគ្រប់កម្រិត។ នេះបើតាមឯកសារដែលចេញផ្សាយដោយស្ថានទូតចិននៅកម្ពុជា។
កាលពីដើមខែឧសភា សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនថ្មីមួយ និងជាលើកដំបូងត្រូវបានសម្ពោធបើកជាផ្លូវការ ដើម្បីជំរុញឱ្យមានការផ្សាយព័ត៌មានល្អៗពីជនជាតិចិន និងជួយពង្រឹងបន្ថែមដល់ទំនាក់ទំនងរបស់ចិនជាមួយនឹងកម្ពុជា។
សម្រាប់អ្នកជំនាញខាងសារព័ត៌មានសេរី នៅរដ្ឋធានីវ៉ាស៊ីនតោន មើលឃើញថា តាមរយៈការវិនិយោគនិងបច្ចេកវិទ្យាប្រទេសចិនកំពុងតែពង្រីកឥទ្ធិពល និងការតាមឃ្លាំមើលលើប្រទេសដែលខ្លួនចងសម្ព័ន្ធភាព។
អ្នកជំនាញមើលឃើញថា «សង្គ្រាមប្រឆាំងនឹងការពិត» កំពុងត្រូវបានធ្វើឡើងនៅលើជ្រុងជាច្រើន ដែលមានតាមរយៈអ៊ីនធឺណិត ការបំភិតបំភ័យ ការដាក់ទណ្ឌកម្ម និងការផ្សាយព័ត៌មានក្លែងក្លាយដោយរដ្ឋាភិបាលផ្តាច់ការ។ ក្នុងនោះប្រទេសចិននិងរុស្ស៊ីត្រូវបានបន្ទោសថាជាអ្នកនៅពីក្រោយយុទ្ធនាការនេះ។
គំរូនៃភាពផ្តាច់ការខាងផ្នែកឌីជីថលរបស់ប្រទេសចិនមានតាមរយៈការបណ្តុះបណ្តាលសារព័ត៌មានដល់មន្ត្រីរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងព័ត៌មានដែលក្រោយមករដ្ឋាភិបាលនៃប្រទេសនោះយកមកអនុម័តច្បាប់គ្រប់គ្រង ដែលមានលក្ខណៈរឹតត្បិតដូចប្រទេសចិន។ បន្ទាប់មកតាមរយៈ ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មរបស់ចិន គឺចិនបានតម្រូវឱ្យសរសេរកូដសម្ងាត់អ៊ីនធឺណិត តាមក្បួនចិនដែលងាយស្រួលក្នុងការតាមដាន។
កាលពីចុងខែមេសា រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខានៅក្រុងប៉េកាំង ប្រទេសចិនលើអនុស្សារណៈយោគយល់គ្នារវាងទូរគមនាគមន៍កម្ពុជា (ទ.ក.) និងក្រុមហ៊ុន Huawei Technologies (Cambodia) Co.Ltd ស្តីពីភាពជាដៃគូក្នុងការអភិវឌ្ឍ និងការដាក់ឱ្យប្រើប្រាស់មុនគេ រួមគ្នានូវបច្ចេកវិទ្យាទូរគមនាគមន៍ជំនាន់ទី៥ (5G) ។ ពួកគេរំពឹងថា នឹងជួយជំរុញដល់បណ្តូរពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
លោកស្រី សារ៉ា រីពូស៊ី (Sarah Repucci) នាយកជាន់ខ្ពស់សម្រាប់ការស្រាវជ្រាវនិងវិភាគនៃអង្គការFreedom House បានបញ្ជាក់បន្ថែមប្រាប់ដល់អ្នកចូលរួម នៅឯវេទិកាសារព័ត៌មានដើម្បីលទ្ធិប្រជាធិបតេយ្យ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុនថា៖
«អ្វីដែលជាការព្រួយបារម្ភមួយ គឺប្រទេសចិនកំពុងតែព្យាយាមកំណត់ស្តង់ដាបច្ចេកទេសពីរបៀបសរសេរលេខកូដ និងការផ្សាយតាមរយៈកសាងហេដ្ឋារចនាសម្ព័ន្ធនេះ។ ហើយមានគ្រោះថ្នាក់ខ្ពស់ខ្លាំងណាស់ថា ប្រទេសចិននឹងមានលទ្ធភាពប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ដើម្បីធ្វើតាមដានមើល និងផ្តល់បច្ចេកវិទ្យានេះទៅសម្ព័ន្ធមិត្តប្រចាំប្រទេសទាំងនោះប្រើប្រាស់តាមដានពលរដ្ឋរបស់ខ្លួននៅពេលខាងមុខ»។
លោកស្រី សារ៉ា រីពូស៊ី បានបន្ថែមទៀតថា ចុងក្រោយគឺចិនប្រើប្រាស់បច្ចេកវិទ្យាបញ្ញានិម្មិត ដើម្បីតាមដានពលរដ្ឋនៅក្នុងប្រទេសទាំងនោះផងដែរ។
អ្នកជំនាញបានលើកឡើងពីសារៈសំខាន់នៃសារព័ត៌មានសេរី ដោយសារតែវាផ្តល់ដល់ពលរដ្ឋនូវសេរីភាព ព័ត៌មានគ្មានការរឹតត្បិត ការរីកចម្រើន សេរីភាពផ្ទាល់ខ្លួន និងការអភិវឌ្ឍនានា។ នេះបើតាមការបញ្ជាក់របស់លោកស្រី អាម៉ាន់ដា បឺណិត (Amanda Bennett) នាយិការបស់សំឡេងសហរដ្ឋអាមេរិក (វីអូអេ)។
លោកស្រី អាម៉ាន់ដា បឺណិត បានបន្ថែមថា៖
«ប្រទេសចិនមានបច្ចេកវិទ្យាទាំងនេះ។ ពួកគេមានថវិកាតាមរយៈគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម ប៉ុន្តែពួកគេមិនបានផ្តល់ដល់បណ្តាប្រទេសនៅអាមេរិកឡាទីន និងអាហ្វ្រិកនិងប្រទេសដទៃទៀតនៅលើពិភពលោកពីដំណើររឿងពិតទេ។ ពួកគេមិនបានឱ្យនរណាម្នាក់នូវហេតុផលថា ហេតុអ្វីបានជាពួកគេទៅទីនោះ និងអ្វីដែលពួកគេផ្តល់ជូនពលរដ្ឋ។ នៅត្រង់ចំណុចនេះ គឺយើងនៅគ្រប់គ្រងបាន។ នៅពេលដែលយើងផ្សាយចេញពីសំឡេងសហរដ្ឋអាមេរិក វិទ្យុអឺរ៉ុបសេរី និងវិទ្យុអាស៊ីសេរី គឺយើងផ្សាយពីទិដ្ឋភាពសេរីភាព និងការរីកចម្រើន និងការរំដោះនិងអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ ការផ្សាយរបស់យើងមានលក្ខណៈខ្លាំងជាង និងឥទ្ធិពលច្រើនជាង»។
ក្រោយពីមានការផ្សាយព័ត៌មានដែលផ្តោតខ្លាំងលើការរំលោភសិទ្ធិមនុស្សនៅប្រទេសចិនក្នុងពេលកន្លងមក រដ្ឋាភិបាលចិនបានប្រកាសកាលពីឆ្នាំ ២០០៩ ពីគម្រោងចាយវាយថវិកាចំនួន ៦,៦ ពាន់លានដុល្លារ ដើម្បីផ្សាយព័ត៌មានវិជ្ជមានពីប្រទេសចិននិងការអភិវឌ្ឍរបស់ខ្លួន។ បណ្តាញទូរទស្សន៍ពិភពលោកចិន (CGTV) របស់រដ្ឋាភិបាលចិនបានពង្រីកការផ្សាយជាភាសាអង់គ្លេសទៅប្រទេស និងតំបន់ជាង ១០០ ក្នុងនោះមានអឺរ៉ុប អាហ្វ្រិក សហរដ្ឋអាមេរិក និងអាស៊ីជាដើម។ នេះបើតាមសេចក្តីរាយការណ៍របស់ទស្សនាវដ្តី The Guardian កាលពីចុងឆ្នាំ ២០១៨។
ប្រទេសកម្ពុជាបានងាកទៅរកប្រទេសចិនកាន់តែខ្លាំងឡើងក្នុងរយៈពេលជាង ១ទសវត្សរ៍នេះ ហើយបានឈានទៅបង្កើតទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅខែធ្នូ ឆ្នាំ ២០១០។ ពាណិជ្ជកម្មរវាងចិននិងកម្ពុជាមានទំហំ ៥,៨ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០១៧ ដោយកម្ពុជានាំចូលពីចិនចំនួន ៤,៨ ពាន់លានដុល្លារ។ ចិនរំពឹងថា ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងដល់ ៦,០០០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២០។
តាមរយៈការបង្កើតសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិននេះ រដ្ឋាភិបាលកម្ពុជារំពឹងថាអ្នកសារព័ត៌មាននឹងសរសេរផ្តោតលើអំពើល្អរបស់អ្នកវិនិយោគទុនចិននៅកម្ពុជា ដោយ«កម្ចាត់»ចោលគំនិតដែលផ្តោតតែលើរឿងអាក្រក់របស់ចិន។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ខៀវ កាញ៉ារិទ្ធ បានបន្ថែមថា៖ «មិនមែនយើងលាក់អំពើអាក្រក់ទេ ប៉ុន្តែមានអំពើល្អច្រើនណាស់ដែលយើងអាចនិយាយបាន»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាមើលឃើញថា តាមរយៈលំហូរព័ត៌មានដែលចិននិងកម្ពុជាបង្កើតឡើង គឺនឹង«ជួយជំរុញដល់សាធារណជនឱ្យយល់ដឹងពីតម្លៃមហាសាលនៃទំនាក់ទំនងការទូត សេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗទៀត» រវាងប្រទេសទាំងពីរឱ្យក្លាយជា «មិត្តរឹងដូចដែកថែប ហើយគ្មាននរណាអាចបំបែកមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះបានឡើយ»។
យ៉ាងណាក៏ដោយ លោកសយ សុភាព សហប្រធានសមាគមនេះបានបញ្ជាក់ថា នៅមិនទាន់មានកញ្ចប់ថវិកាណាមួយសម្រាប់ដំណើរការនៅឡើយទេ។
អ្នកជំនាញ និងអ្នកតាក់តែងគោលនយោបាយសហរដ្ឋអាមេរិកយល់ថា នៅក្នុងយុគសម័យឌីជីថល គឺការផ្សាយព័ត៌មានបានរហ័ស ហើយអាចទៅដល់កន្លែងឆ្ងាយៗ។ ក្នុងពេលជាមួយគ្នានេះដែរប្រទេសអមិត្តរបស់សហរដ្ឋអាមេរិកបានប្រើប្រាស់បច្ចេកទេសនេះ ដើម្បីផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់សម្ព័ន្ធមិត្ត សង្គម និងសន្តិសុខរបស់សហរដ្ឋអាមេរិក។
រដ្ឋាភិបាលនៅជុំវិញពិភពលោកបង្ក្រាបលើលំហូរសេរីនៃសារព័ត៌មាន បំបិទសំឡេងអ្នកប្រឆាំង និងមិនឱ្យមានការជួបសន្ទនា និងបំភ្លៃការពិត។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញ។ ដោយសារសម្ពាធពីរដ្ឋាភិបាលនៃប្រទេសមួយចំនួន អ្នកសារព័ត៌មានខ្លះត្រូវបង្ខំចិត្តប្រយ័ត្នប្រយែងក្នុងការសរសេរព័ត៌មាន ដើម្បីសុវត្ថិភាពនិងការងារ។
លោក ស្រី លីប៊ី លីវ (Libby Liu) នាយិកាស្ថានីយវិទ្យុអាស៊ីសេរីបានបញ្ជាក់ថា៖
«ខ្ញុំគិតថា ការប្រយ័ត្នប្រយែងដោយខ្លួនឯងគឺជារឿងដ៏គ្រោះថ្នាក់បំផុតមួយ ដែលយើងឃើញនៅក្នុងពិភពលោកនេះ។ នៅពេលដែលអ្នកឃើញគេយកច្បាប់មកដាក់ទោសទណ្ឌការបញ្ចេញមតិ បច្ចេកវិទ្យាទំនើប និងការវិនិយោគនានាក្លាយជាសត្រូវនឹងសេរីភាពនៃការបញ្ចេញមតិ»។
វិទ្យុអាស៊ីសេរីបានផ្អាកប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយសារតែរដ្ឋាភិបាលបានប្រើប្រាស់ច្បាប់ពន្ធដារ ដើម្បីរារាំងមិនផ្តល់អាជ្ញាបណ្ណ។
លោកស្រី លីប៊ី បន្ថែមថា ទន្ទឹមនឹងនោះក្រុមហ៊ុន Apps ក៏បានរឹតត្បិត ហើយដកយកអត្ថបទខ្លះចេញ បូករួមនឹងការប្រើប្រាស់ឧបករណ៍ផ្សាយព័ត៌មានក្លែងក្លាយ និងការបំភិតបំភ័យនានា ដែលធ្វើឱ្យបរិយាកាសនៃការបំពេញការងារកាន់តែ «ជាការរឹតត្បិតដ៏គួរឱ្យខ្លាច»។
លោក ចន ឡែនស៊ីង (John Lansing) នាយកប្រតិបត្តិនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្តាញផ្សព្វផ្សាយសាកល បានចាត់ទុកថា ទង្វើទាំងនេះគឺជាការគំរាមកំហែងដល់ស្ថិរភាពពិភពលោក ហើយការប្រយុទ្ធនឹងសមភូមិនេះ គឺមានសារៈសំខាន់ណាស់នៅក្នុងវិស័យសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។
លោកចន ឡែនស៊ីង បានបន្ថែមថា៖
«ខ្ញុំជឿថា ជាលទ្ធផលគឺឈានដល់សង្គ្រាមប្រឆាំងនឹងការពិត។ សង្គ្រាមនេះធ្វើឡើងនៅលើសមរភូមិជាច្រើន ជាពិសេសនៅលើសមរភូមិព័ត៌មាន។ នេះគឺជាទីដែលព័ត៌មានត្រូវបានគេប្រើប្រាស់ជាអាវុធ ហើយពលរដ្ឋដែលនៅសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោកត្រូវបានគេគៃបន្លំដោយគ្មានការសង្ស័យអ្វីឡើយ... ពួកគេបំភាន់សាច់រឿងពិត ដោយមិនឱ្យពលរដ្ឋមើលឃើញជម្រើសប្រកបដោយការពិតត្រឹមត្រូវនិងស្មោះត្រង់ឡើយ»។
លោកចន ឡែនស៊ីង យល់ថា ការបាត់សំឡេងសារព័ត៌មានសេរី គឺជាគ្រោះថ្នាក់មួយ៖
«នៅពេលដែលយើងបាត់បង់សំឡេងឯករាជ្យ យើងប្រឈមនឹងការបោះបង់ចោលលំហរព័ត៌មានហើយឱ្យទៅរបបអមិត្ត ពួកជ្រុលនិយម និងពួកជនពាល។ វាត្រូវការខិតខំប្រឹងប្រែងរបស់ពួកយើង ដើម្បីធានាថារឿងនេះមិនបន្តកើតមានទេ។ ការចាត់ទុកសេរីភាពសារព័ត៌មានជាសិទ្ធិមនុស្ស និងអាទិភាពសាកលនឹងទាមទារឱ្យគ្រប់វិស័យទាំងអស់ ទាំងខាងផ្នែកសង្គមស៊ីវិល រដ្ឋាភិបាល វិស័យឯកជន និងប្រព័ន្ធឃោសនាធ្វើការជាមួយគ្នា»។
បើទោះបីជាមានបញ្ហាប្រឈមកំពុងតែកើតមានឡើង តែអ្នកតាក់តែងច្បាប់របស់សហរដ្ឋអាមេរិកលើកទឹកចិត្តដល់អ្នកសារព័ត៌មានបន្តផ្សាយការពិតដែលកើតមានឡើង ដើម្បីឱ្យពិភពលោកបានដឹងដោយមិនចាំបាច់ផ្សាយពីអ្វីដែលជាទស្សនៈរបស់រដ្ឋាភិបាលអាមេរិកាំងទេ។
លោកថេត គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកប្រចាំរដ្ឋតិចសាស (Texas) បានថ្លែងប្រាប់វេទិកាអ្នកសារព័ត៌មានថា៖
«ពួកជនផ្តាច់ការខ្លាចការពិត។ ពួកគេខ្លាចញ័រនឹងពន្លឺព្រះអាទិត្យ។ ដូច្នេះសូមផ្សាយការពិត ហើយខ្ញុំអាចប្រាប់អ្នកទាំងអស់គ្នាថា មានរឿងមួយចំនួនដែលមានសារៈសំខាន់ជាងការលើកឡើងតែពីក្រុមដែលប្រឆាំងរដ្ឋាភិបាល។ នោះគឺជាតួនាទីដែលខ្ញុំបានធ្វើនៅឯព្រឹទ្ធសភាក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ។ ខ្ញុំបានឡើងថ្លែងនៅអង្គប្រជុំព្រឹទ្ធសភាម្តងហើយម្តងទៀត បង្ហាញពីក្រុមប្រឆាំងរដ្ឋាភិបាលដែលហ៊ានក្រោកឈរប្រឆាំងនឹងជនផ្តាច់ការ ប្រឆាំងនឹងការជិះជាន់ ដោយសារតែការបំភ្លឺនិងរៀបរាប់រឿងរ៉ាវរបស់អ្នកទាំងនោះនឹងធ្វើឱ្យជនផ្តាច់ការភ័យខ្លាចនឹងផលពីទង្វើរបស់ខ្លួន»។
លោកថេត គ្រួស បានបន្ថែមថា ពាក្យពេចន៍និងការនិយាយពីការពិតហើយគោលការណ៍របស់សហរដ្ឋអាមេរិកអាចធ្វើឱ្យជនផ្តាច់ការធ្លាក់ចេញពីអំណាចបាននិងលើកកម្ពស់សិទ្ធិសេរីភាព។
លោកបន្ថែមថា៖
«ជម្រើសនិងគោលនយោបាយការបរទេសរបស់យើង គឺមិនចាំបាច់តែបញ្ជូនទាហានម៉ារីន ទៅដោះស្រាយវិបត្តិនៅជុំវិញពិភពលោកទេ។ ប៉ុន្តែអាមេរិកគួរតែជាសំឡេងនៃសេរីភាពជាប្រចាំ។ យើងគួរតែជាសំឡេងនៃសិទ្ធិមនុស្ស។ យើងគួរតែជាសំឡេងនៃលទ្ធិប្រជាធិបតេយ្យ ពីព្រោះការពិតមានអានុភាព ហើយវាអាចផ្លាស់ប្តូរពិភពលោកបាន»។
អ្នកជំនាញយល់ថា ដោយសារការរួមតូចនៃសេរីភាពសារព័ត៌មានទាមទារឱ្យមានការវិនិយោគបន្ថែមលើបច្ចេកវិទ្យាអ៊ីនធឺណិត បណ្តុះបណ្តាលឱ្យយល់ដឹងពីសារព័ត៌មានសេរី និងសារព័ត៌មានបែបស៊ើបអង្កេត៕