ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ចេញ​មុខ​ពន្យល់​ពី​ផែនការ​​បង្កើន​ទំនាក់​ទំនង​ស្អិត​ល្មួតជា​មួយ​កម្ពុជា​​​​​


ទិដ្ឋភាព​នៅលើ​ឆ្នេរ​អូរ​ឈើទាល​ប្រប​មាត់​សមុទ្រ នៅ​ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

ក្រុម​អ្នក​ឃ្លាំ​មើល​នយោបាយ​កម្ពុជា​ព្រមាន​អំពី​ហានិភ័យ​ចំពោះ​ការ​ងាក​ខិត​ទៅ​រក​ប្រទេស​ចិន​ខ្លាំង​ជ្រុល។​

កិច្ច​សហការ​ដែល​មាន​លក្ខណៈ «ពេញ​លេញ ពិតប្រាកដ ស៊ី​ជម្រៅ ​និង​មាន​លក្ខណៈ​ខ្ពស់» គឺ​ជា​ខ្លឹមសារ​នៃ​ផែនការ​សកម្មភាពរយៈ​ពេល​ប្រាំ​ឆ្នាំ ឆ្នាំ​២០១៩​ ដល់​ឆ្នាំ​២០២៣ ស្តី​ពី​ការ​កសាង​សហគមន៍​ជោគវាសនា​រួម​គ្នា​រវាង​កម្ពុជា​និង​ចិន។

ផែនការ​សកម្មភាព​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​រវាងកម្ពុជា​ និង​ចិនកាល​ពី​ចុង​ខែមេសា កន្លង​ទៅ​នៅ​ទីក្រុង​ប៉េកាំង ប៉ុន្តែ​ត្រូវ​បាន​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​លើក​យក​មក​បកស្រាយ​ពន្យល់​ជា​សាធារណៈ​នៅ​ថ្ងៃ​ពុធ នេះ។

ក្នុង​សំណេរ​បក​ស្រាយ​កម្រាស់​បួន​ទំព័រ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន​ បាន​ពន្យល់​មួយ​ចំណុច​ម្តងៗ។ ជាក់ស្តែង​ក្នុង​គោលដៅ​ធ្វើ​កិច្ច​សហការ​ដែល​មាន​លក្ខណៈ​ពេញ​លេញ ប្រទេស​កម្ពុជា​និង​ចិន​នឹង​បង្កើត​យន្តការ​សហការ​គ្នា​ចាប់​តាំង​ពី​កម្រិត ​«ស្ថាប័នបក្ស និង​រដ្ឋាភិបាល​ ស្ថាប័ន​នីតិបញ្ញត្តិ និង​រដ្ឋបាល​គ្រប់​កម្រិត»។ ក្នុង​នោះ​ដែរ កិច្ច​សហការ​នឹង​ត្រូវ​ផ្តោត​លើ​វិស័យ​ធំៗ​ចំនួន​ប្រាំ​មាន​ជា​អាទិ៍​វិស័យ​នយោបាយ សន្តិសុខ សេដ្ឋកិច្ច ប្រជាជន​ និង​ពហុភាគី។

ដោយ​ឡែក​ក្នុង​គោលដៅ​បម្រើ​កិច្ច​សហការ​ឲ្យ​មាន​លក្ខណៈ​ប្រាកដ​ប្រជា ប្រទេស​ចិន​ និង​កម្ពុជា​បាន​ផ្តោត​សំខាន់​លើ​ការ​បង្កើត​មុខ​របរ បណ្តុះ​បណ្តាល​វិជ្ជាជីវៈ សុខមាលភាព​ និង​កិច្ច​គាំពារ​សង្គម។ ​ក្នុង​នោះ​ក៏​មាន​ការ​ជំរុញ​លើ​វិស័យ​កសិកម្ម​ និង​ការ​នាំ​អង្ករ​ចេញ​ពី​កម្ពុជា​ផងដែរ។

រីឯ​កិច្ច​សហការ​ស៊ី​ជម្រៅ ប្រទេស​ចិន​ និង​កម្ពុជា ​ចង់​សំដៅ​លើ​កិច្ច​សហការ​កម្រិត​កំពូល​រវាង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ដោយ​ភាគី​ចិន​សន្យា «មិន​ជ្រៀត​ជ្រែក​លើ​ឯករាជ្យភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​កម្ពុជា និង​ការចេះ​ជួយ​យក​អាសារគ្នា។ បន្ថែម​ពី​នោះ​ទៀត​ប្រទេស​កម្ពុជា​នឹង​ចិន​បាន​សំដៅ​យក​កិច្ច​សហការ​គ្នា​លើ​ឆាក​នយោបាយ​អាស៊ី អឺរ៉ុប និង​កិច្ច​សហការ​រវាង​កម្ពុជា​ចិន លើ​ឆាក​អង្គការ​សហប្រជាជាតិ​ជាដើម។

ឯកអគ្គរដ្ឋទូតចិន លោក Wang Wentian ​បាន​ពន្យល់​បក​ស្រាយ​បន្ថែម​ថា ​ផែនការ​សកម្មភាព​នៃ​ការ​កសាង​សហគម​ន៍​នេះ ​«នឹង​ជួយ​ដល់​ទំនាក់ទំនង​ចិន ​និង​កម្ពុជា​ធ្វើ​ដំណើរ​ទៅ​មុខ​កាន់​តែ​វែង​ឆ្ងាយ​និង​មាន​ស្ថិរភាព»។

VOA មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក កេត សោផាន់ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា និង​អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បាន​ទេ​ នៅ​ថ្ងៃ​ពុធនេះ។

ដោយ​ឡែក​លោក​ សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​កាន់​អំណាច​ពន្យល់​ថា ផែនការ​សកម្មភាព​នៃ​ការ​កសាង​សហគមន៍ចិន​ និង​កម្ពុជា​ នឹង​ជួយ​ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំង​ពី​រឲ្យ​កាន់​តែ​ជិត​ស្និទ្ធ​ថែម​មួយ​កម្រិត​ទៀត។

លោក សុខ ឥសាន បញ្ជាក់​ថា៖ «ផែនការ​សកម្មភាព​នេះ​ខ្ញុំ​យល់​ថា​ ជា​ចេតនា​ល្អ​ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​សង្គម​កម្ពុជា ​និង​ចិន​ហ្នឹង គឺ​ថា​មាន​សុខដុមនីយកម្ម​ និង​ការ​រីក​ចម្រើន​អភិវឌ្ឍ​ទៅ​មុខ​ទាំង​អស់​គ្នា»។

​យ៉ាង​ណា​ក៏ដោយ​លោក​បណ្ឌិត មាស នី អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម​ និង​ជា​អ្នក​វិភាគ​នយោបាយ មាន​ប្រសាសន៍​ថា​ តាម​រយៈ​ផែនការ​សកម្មភាព​រួម​ដែល​មាន​កម្រិត​ស៊ីជម្រៅ​ជាមួយ​ប្រទេស​ចិន កម្ពុជា​អាច​នឹង​ធ្លាក់​ចូល​ក្នុងភូមិសាស្ត្រ​នយោបាយ​របស់​ប្រទេស​ចិន។

លោក​មាន​ប្រសាសន៍​ថា៖ «កាល​ណា​កម្ពុជា​ធ្លាក់​ទៅ​ក្នុង​ប្លុក​មួយ​ផ្សេង​ទៀត​ដែលក្រៅ​ពី​ប្លុក​បស្ចឹមលោកហ្នឹង​ គឺ​វា​អាច​នឹង​មាន​ការ​ដាក់​សម្ពាធ​ផ្សេងៗ​ពី​បស្ចឹមប្រទេស​ ដូច​ជា​យើង​បាន​ឃើញ​កន្លង​មក​ហើយ ដូចជា​ស្ថានភាព​ EBA ហ្នឹងហើយ​និង​ GSP របស់​សហរដ្ឋ​អាមេរិក​ហ្នឹង កំពុង​តែ​បន្ត​ដំណើរការ​នីតិវិធី​នៃ​ការ​សម្រេច​នៅ​ពេល​ចុង​ក្រោយ»។​

លោក​ មាស នី បន្ថែម​ថា រដ្ឋាភិបាល​កម្ពុជាគួរ​ពង្រឹង​សមត្ថភាព​ក្នុង​ការ​ទំនាក់ទំនង​ការ​បរទេស​រវាង​ប្រទេស​ដទៃ ធ្វើ​យ៉ាង​ណា​បង្ហាញ​ឲ្យ​ឃើញ​ថា កម្ពុជា​ជាប្រទេស​អព្យាក្រឹត្យ។

ចំណែក​លោក​បណ្ឌិត ឈាង វណ្ណារិទ្ធ អ្នក​វិភាគ​កិច្ចការ​តំបន់​ ទាញ​ចំណាប់​អារម្មណ៍​ថា ​ការងាក​ទៅ​រក​ប្រទេស​ចិន​តាម​បែប​បើក​ចំហ​របស់​កម្ពុជា ​អាច​នឹង​នាំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ថា​កម្ពុជា​ងាក​ទៅ​រក​ប្រទេស​ចិន​ខ្លាំង​ក្លា។

យ៉ាង​ណាក្តី​លោក សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​បកស្រាយ​ថា ​កម្ពុជា​បើក​ទ្វារ​ទៅ​រក​ប្រទេសនានា​ទាំង​អស់​៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG