ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាគម​ធាងត្នោត​បង្ហាញ​របាយការណ៍​ស្តីពី​ការគំរាម​កំហែង​លើ​ស្រ្តី​ក្នុង​សហគមន៍​ក្រីក្រ


រូបថត​របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត​​អំពី​ការប្រឈម​របស់​ស្ត្រី​នៅ​ក្នុង​សហគមន៍​ក្រីក្រ ដែល​បាន​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​ចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។(រូបថត​ពី​របាយការណ៍​សមាគម​ធាងត្នោត)
រូបថត​របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត​​អំពី​ការប្រឈម​របស់​ស្ត្រី​នៅ​ក្នុង​សហគមន៍​ក្រីក្រ ដែល​បាន​ចេញ​ផ្សាយ​​កាលពី​ថ្ងៃ​ចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។(រូបថត​ពី​របាយការណ៍​សមាគម​ធាងត្នោត)

នៅ​ក្នុង​របាយការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ​អង្គការ​សមាគម​ធាង​ត្នោត​បាន​បង្ហាញ​ការ​រក​ឃើញ​អំពី​ការគំរាម​កំហែង​ ការ​បំភិត​បំភ័យ​ ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព ​ការ​រើស​អើង​ និង​ការលាប​ពណ៌​នយោបាយ​ទៅ​លើ​ក្រុម​ស្ត្រី​ជា​តំណាង​សហគមន៍​ក្រីក្រ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន។​

កាលពី​ខែ​ឧសភា​ ឆ្នាំ​២០២២ ​អង្គការ​សមាគម​ធាង​ត្នោត​បាន​ចេញ​របាយ​ការណ៍​សិក្សា​ស្រាវ​ជ្រាវ​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ទៅ​លើ​បញ្ហា​ប្រឈម​របស់​ស្ត្រី​រស់​នៅ​ក្នុង​សហគមន៍​ក្រីក្រ​ដើម្បី​ឈ្វេង​យល់​ពី​វិសាល​ភាព​នៃ​បញ្ហា​ស្ត្រី​ទាំង​នោះ​លើបញ្ហា​ប្រឈម​ទាក់​ទង​ការ​តស៊ូ ​និង​បញ្ចេញ​មតិ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម។​

អង្គការ​សមាគម​ធាង​ត្នោត​បានសម្ភាសស្ត្រី​៦​នាក់​នៅ​ក្នុង​សហគមន៍​ផ្សេងគ្នា​ក្នុង​ខណ្ឌ​មួយ​ចំនួន​នៃ​រាជធានី​ភ្នំពេញ ​ដោយ​ពួក​គេជា​តំណាង​សហគមន៍​ ជា​ប្រធាន​សហគមន៍​ និង​អនុ​ប្រធាន​សហគមន៍។ ​បន្ទាប់​ពីសម្ភាស​ស្ត្រី​ទាំង​៦​នាក់ ​អង្គ​ការ​បាន​រក​ឃើញ​នូវ​បញ្ហា​ប្រឈម ​ដូចជាការ​ញុះ​ញង់​ ​ការ​លាប​ពណ៌​នយោបាយ​ ការ​រើស​អើស​ក្នុ​ងការ​ផ្តល់​សេវា​សាធារណៈ​ពី​សំណាក់​អាជ្ញាធរ​ ការ​បំភិត​បំភ័យ​ ការ​គំរាម​កំហែង​ និង​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​ជា​ដើម។​

សមាគម​ធាង​ត្នោត​កត់​សម្គាល់​ថា​ ជា​រឿយៗ ​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ចាត់​ទុក​ការ​តស៊ូមតិ​ និង​ការ​និយាយ​ស្តី​ពី​បញ្ហា​ប្រឈម​នៅ​ក្នុង​សហគមន៍​របស់​ស្រ្តី​ខាង​លើ​ជា​ការ​ប្រឆាំង​នឹង​រដ្ឋា​ភិបាល។​
បើ​តាម​របាយ​ការណ៍​ដដែល ​ស្ត្រី​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ទាំង​អស់​រងការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព ​ក្រោមរូប​ភាព​ផ្សេងៗ​គ្នា ​ដូច​ជា​ការ​ដាក់​កង​កម្លាំង​មាន​សមត្ថ​កិច្ច​ឃ្លាំ​មើល​សកម្ម​ភាព​ ​ការ​គំរាម​កំហែង ​និង​ការនាំ​ខ្លួន​ទៅសាលា​សង្កាត់​ដើម្បី​សាក​សួរ ​និង​ផាក​ពិន័យ​ជា​ដើម។​

បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ ​មីង ចាន ​ដែលអង្គការ​សមាគម​ធាង​ត្នោត​បាន​ចង​ក្រង ​សហគមន៍​របស់​អ្នកស្រី ​ចាន់ ​កាល​ពី​ខែ​កញ្ញា ​ឆ្នាំ​២០១៨ ​បាន​ប្រារព្ធ​ពិធី​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភព​លោក ​ប៉ុន្តែ​អ្នកស្រីត្រូវ​បាន​អាជ្ញាធរ​ហៅ​ទៅ​សង្កាត់ ​ដោយ​អាជ្ញាធរ​ដែល​សុទ្ធ​តែ​ប្រុសៗ​ បាន​គំរាម​កំហែង ​ស្រែក​គំហក​ និង​ចោទ​ប្រកាន់​អ្នកស្រី​ថា​ ធ្វើ​សកម្ម​ភាព​មិន​ត្រឹមត្រូវ​ ដោយគួរ​តែ​លុប​ចោល​ការ​បង្ហោះលើ​បណ្តាញ​សង្គមអំពី​សកម្ម​ភាព​នានា​ និង​មាន​សកម្ម​ភាព​ទះ​តុ ​និង​មិន​អនុញ្ញាត​ឱ្យ​បន្ត​សកម្ម​ភាព​ណា​ដែល​អាជ្ញាធរ​ថា​ ជា​រឿង​ប៉ះ​ពាល់​រាជ​រដ្ឋា​ភិបាល​ជា​ដើម។ ​អ្នក​ស្រី ​ចាន់​ ត្រូវ​បាន​ដក​ស្រង់​សម្តី​ថា​ អាជ្ញាធរ​មិន​បាន​ពន្យល់​ណែនាំ​ដោយ​សន្តិវិធី​ និង​ផ្តល់​ដំណោះ​ស្រាយ​សមរម្យ​ឡើយ​ ដែល​អ្នកស្រី​ថា​ វា​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្ស​ រំលោភ​សិទ្ធិ ​និង​សេចក្តី​ថ្លៃថ្នូរ​របស់​អ្នកស្រី។​

ស្ត្រី​៥​នាក់​ផ្សេង​ទៀត​ក៏​ផ្តល់​បទ​សម្ភាសន៍​ទៅ​កាន់សមាគម​ធាង​ត្នោត​អំពី​បញ្ហា​ស្រដៀង​គ្នា​នឹងអ្នកស្រី ​ចាន់​ ផង​ដែរ។

របាយ​ការណ៍​របស់សមាគម​ក៏​បាន​រក​ឃើញ​ថា​ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​៦​នាក់​នេះ ​គឺ​អាជ្ញាធរ​ហាម​ឃាត់​មិន​ឱ្យ​បង្ហោះ​រូប​ភាព​អំណោយ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​ផ្តល់​ឱ្យ​ក្នុង​អំឡុង​ពេល​កូវីដ១៩ទេ ​ដោយ​អាជ្ញាធរ​ហៅ​ថា​ ការ​ផ្តល់​អំណោយ​នោះ​ជា​«កិច្ច​កល​នយោបាយ»។​

អ្នកស្រី ​ប្រាក់ សុធារី ​ទី​ប្រឹក្សា​តស៊ូ​មតិ ​និង​ស្រាវ​ជ្រាវ​នៃ​អង្គការ​សមាគម​ធាង​ត្នោត​ បានប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​សមាគម​បាន​ចុះ​ជួប​ជាមួយ​ស្រ្តី​ជា​ច្រើន​ ប៉ុន្តែ​ស្រ្តី​មួយ​ចំនួន​ធំ​ដែល​រស់​នៅ​ក្នុងសហគមន៍​ក្រីក្រ​មិន​ផ្តល់​ព័ត៌​មាន ​ដោយ​ហេតុ​ផល​ផ្សេងៗ​គ្នា។ ​ចំណែក​ស្រ្តី៦​នាក់​ក្នុង​របាយ​ការណ៍​នេះ​គឺ​បាន​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​នេះ។​

​អ្នក​ស្រី​យល់​ថា​ ប្រសិន​បើ​ករណី​ទាំង​អស់​នេះ ​នៅ​តែ​បន្ត​កើត​មាន​ នោះ​វា​ធ្វើ​ឱ្យប៉ះ​ពាល់​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​បញ្ចេញ​មតិ​យ៉ាង​ខ្លាំង​ ដូច្នេះរដ្ឋាភិបាល​គួរ​តែ​ពិចារណា​ ដោះ​ស្រាយបញ្ហា​ទាំង​អស់​នេះ​ ដោយអនុញ្ញាត​ឱ្យ​ប្រជា​ពល​រដ្ឋ​អាចបញ្ចេញ​មតិ ​និងលើក​ឡើង​ពី​បញ្ហា​ប្រឈមឱ្យ​បាន​ពេញ​លេញ​ ដោយ​កុំ​ឱ្យ​មាន​ការ​ភ័យខ្លាច។

អ្នក​ស្រី​ថ្លែង​ថា៖ ​«កាល​ណា​សិទ្ធិ​សេរី​ភាព​អត់​ត្រូវ​បាន​ផ្តល់ឱ្យ​ សូម្បី​និយាយ​ពី​បញ្ហា​របស់​ខ្លួន​ឯង​ជួប​ប្រទះ​រាល់​ថ្ងៃ​ក៏​អត់​បាន​ផង​ ​អាហ្នឹង​យើង​ដឹង​ហើយ​ថា ​សិទ្ធិ​របស់​គាត់​គឺ​ប៉ះ​ពាល់​ខ្លាំង​មែន​ទែន ​គឺ​វា​ចូល​លក្ខណៈរំលោភ​សិទ្ធិ​មនុស្ស​ គឺ​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​របស់​គាត់។ ​ហើយ​អាហ្នឹង​បើ​គាត់​បញ្ចេញ​មតិ​អត់​បាន ​គាត់​និយាយ​ពី​បញ្ហា​អត់​បាន​ អ៊ីចឹង​ការ​រស់នៅ​របស់​គាត់ ​ការ​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​គាត់​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ​ ក៏​វា​ជំរុញ​ទៅ​តាម​ក្រោយហ្នឹង​ដែរ»។

លោក​ ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ការពារ​ថា​ ​មិន​មាន​ការ​គំរាម​កំហែង​ ដូច​របាយ​ការណ៍​របស់​សមាគម​ធាង​ត្នោត​ឡើយ។ ​លោក​ថែម​ទាំង​ចោទ​ថា ​របាយ​ការណ៍​នេះ​ធ្វើ​ដើម្បី​តម្រូវ​ចិត្តម្ចាស់​ជំនួយ​តែ​ប៉ុណ្ណោះ។​

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖​ «គាត់​និយាយ​អ៊ីចឹង​ធម្មតា​ ព្រោះ​អង្គការ​ធាង​ត្នោត​ជា​អង្គការ​ដែល​ទទួល​លុយ​ពី​បរទេស​ ដូច្នេះ​គាត់​ត្រូវ​ធ្វើ​របាយ​ការណ៍​យ៉ាង​ណា ​ដើម្បី​យក​ចិត្ត ​ឬ​លួង​លោម​ឱ្យ​ចៅ​ហ្វាយ​គាត់​ពេញ​ចិត្ត»។​

លោក​បន្ថែម​ថា៖ ​«ការ​គំរាម​កំហែង ​ឬ​មិន​គំរាម​កំហែង​មិន​មែន​អាស្រ័យ​លើ​ពូ​និយាយ​ម្នាក់​ឯង​ទេ​ គឺ​យើង​មើល​ទៅ​លើ​សន្លឹក​ឆ្នោត​ដែល​ពល​រដ្ឋ​បោះ​ឆ្នោត​ជូន​គណ​បក្ស​ប្រជា​ជន​ដែល​បង្កើត​រដ្ឋាភិបាល​ហ្នឹង​បាន​ហើយ»។​

បើ​តាម​របាយ​ការណ៍​នេះ ​ អង្គការ​សមាគម​ធាង​ត្នោត​បាន​ផ្តល់​អនុសាសន៍​ថា​ ​អាជ្ញាធរ​មូលដ្ឋាន​គួរ​លើក​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​ក្នុង​ការបញ្ចេញ​មតិ ​និង​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ និង​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ទាំង​នោះ ​ដោយ​មិន​ត្រូវ​ចាត់​ទុក​ការ​បញ្ចេញ​មតិ​ជា​ការ​ប្រឆាំងរដ្ឋា​ភិបាល ​ហើយ​រដ្ឋ​បាល​ថ្នាក់​ជាតិ​ត្រូវ​ពិនិត្យ​មើល​ការ​អនុវត្ត​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ​ទាក់​ទង​ការ​ការ​ពារ​ គោរព ​និង​ធានា​សិទ្ធិ​ពលរដ្ឋ ​និងបញ្ឈប់​ការ​បំភិត​បំភ័យ​តាម​គ្រប់​រូប​ភាព​ទាក់​ទង​ការ​បញ្ចេញ​មតិ និង​ត្រូវ​អនុវត្ត​គោល​នយោបាយ ​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​គោល​នយោបាយ​សុខដុម​នីយកម្ម​សង្គម​ទាំង​មូល​ ប្រឆាំង​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ បែង​ចែក​សង្គម​ជា​ដើម៕

XS
SM
MD
LG