ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​ច្រាន​ចោល​ញត្តិ​របស់​សភា​អឺរ៉ុប​ដោយ​ថា​ទទួល​របាយ​ការណ៍​ខុស​អំពី​​លំហ​នយោ​បាយ​និង​សេរី​ភាព​នៅ​កម្ពុជា


រូបឯកសារ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​មុខ​អគារ​រដ្ឋ​សភា​ក្នុង​ក្រុង​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី២ ខែឧសភា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)
រូបឯកសារ៖ បុរស​ម្នាក់​បើក​ម៉ូតូ​កាត់​មុខ​អគារ​រដ្ឋ​សភា​ក្នុង​ក្រុង​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី២ ខែឧសភា ឆ្នាំ២០១៨។ (អូន ឆេងប៉រ/វីអូអេ)

រដ្ឋ​សភា​កម្ពុជា​ដែល​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សម្តែង​ការ​ខកចិត្ត​និង​ច្រាន​ចោល​ទាំង​ស្រុង​ចំពោះសេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប កាល​ពី​ពេល​កន្លង​ទៅ​ស្តី​ពី​«ការ​បង្រ្កាប​ជា​បន្តបន្ទាប់​ទៅ​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​នៅ​កម្ពុជា» ដោយ​លើក​ឡើង​ថា​តំណាង​រាស្រ្ត​របស់​សភា​អឺរ៉ុប​ទទួល​បាន​របាយការណ៍​ខុស​ពី​អ្នក​នយោបាយ​មួយ​ចំនួន។

កាល​ពី​សប្តាហ៍​មុន សមាជិក​សភា​អឺរ៉ុប​ភាគ​ច្រើន​លើស​លប់ បាន​បោះឆ្នោត​សម្រេច​លើ​ញត្តិ​មួយ ដោយ​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បន្ត​បង្រ្កាប​នយោ​បាយ​នៅ​កម្ពុជា ហើយ​បាន​ជំរុញ​ឱ្យ​គណៈ​កម្មការ​អឺរ៉ុប​ត្រៀម​ខ្លួន​ក្នុង​ការ​ដក​ឋានៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ (Everthing But Arms ឬ EBA)​ទាំង​ស្រុង ប្រសិន​បើ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ មិន​យុត្តិធម៌។ សមាជិក​សភា​អឺរ៉ុប​បាន​បង្ហាញ ​«ក្តី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង» ​ទៅ​លើ​ការ​ដើរ​ថយ​ក្រោយ​នៃ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា នៅ​មុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ក្នុង​ខែ​មិថុនា ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០២៣។
ពួកគេ​ក៏​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​តាមដាន​សកម្មភាព​អនឡាញ និង​ការ​គំរាម​លើ​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​សិទ្ធិ​ឯកជនភាព។

ជា​ការ​ឆ្លើយ​តប រដ្ឋ​សភា​កម្ពុជា​ដែល​មាន​តំណាង​រាស្រ្ត​ទាំង​១២៥​រូប​មក​ពីគណបក្ស​ប្រជាជន​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២២ ដោយ​លើក​ឡើង​ថា​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​ គឺ​ជា​ «ការ​បំភ្លៃ ការ​លម្អៀង​ មាន​ចរិត​នយោ​បាយ» ប្រកាន់​ភាគី​ម្ខាង​ៗ និង​ខ្វះ​ការ​គោរព​ដល់​រដ្ឋ​អធិបតេយ្យ។

រដ្ឋសភា​បញ្ជាក់​ថា​ សេចក្តី​សម្រេចកាល​ពី​សប្តាហ៍​មុន ក៏​ដូចជា​សេចក្តី​សម្រេច​មុន​ៗ​របស់​សភា​អឺរ៉ុប មាន​ចេតនា​មើល​រំលង​វឌ្ឍនភាព​នៃ​កំណែ​ទម្រង់​លើ​ផ្នែក​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិប​តេយ្យនៅ​កម្ពុជា និង​ថា​សភា​អឺរ៉ុប​បែរ​ជា​ផ្អែក​ទាំង​ស្រុង​តែ​ទៅ​លើ​ប្រភព​ព័ត៌មាន​ដែល​គ្មាន​ការ​បញ្ជាក់​ច្បាស់​លាស់ ផ្តល់​ដោយ«អ្នក​នយោបាយ​ឆ្វេង​និយម» និង«ពួក​ប្រជា​កល​និយម» «សកម្ម​ជន​នយោបាយ​ជ្រុល​និយម» និង​អង្គការ​សិទ្ធិ​មនុស្ស​ ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ រដ្ឋសភា​បាន​ប្រកាន់​ជំហរ​ថា ​ការ​រិះគន់​របស់​សភា​អឺរ៉ុប​ចំពោះ​ការ​គ្រប់​គ្រង​ដោយ​ឯកបក្ស គឺ​ជា​ការ​រិះគន់​ដោយ​គ្មាន​ហេតុ​ផល ដោយសារ​គណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ដឹកនាំ​ប្រទេស​ ទទួល​បាន​ការ​បោះឆ្នោត​គាំទ្រ​ដោយ​ពលរដ្ឋ​កម្ពុជា​ តាម​លទ្ធិប្រជាធិប​តេយ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។

រដ្ឋសភា​បាន​បន្ត​លើកឡើង​ថា​ កម្ពុជា​បាន​ធ្វើ​វិសោធ​នកម្ម​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោ​បាយ ដើម្បី​ឱ្យ​អ្នក​នយោបាយ​ដែល​ត្រូវ​បាន​តុលាការ​ហាម​ឃាត់ អាច​អនុវត្ត​សិទ្ធិ​នយោ​បាយ​របស់​ខ្លួន​ឡើង​វិញ​ និង​ថា​ករណី​ជំនុំ​ជម្រះ​ក្តី​របស់​លោក​ កឹម សុខា តែង​ធ្វើ​ឡើង​ស្រប​តាម​គោល​ការណ៍​តម្លាភាព និង​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី។

ដំណាល​គ្នា​នេះ​ដែរ រដ្ឋសភា​ក៏​ជំរុញ​ឱ្យ​សហ​គមន៍​អឺរ៉ុប​បញ្ចៀស​ពី​ការ​អនុវត្ត​ស្តង់ដា​ពីរ​ដើម្បី​រក្សា​តម្លា​ភាព​និង​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ សមាគម និង​ការ​ជួបប្រជុំ​ដោយ​សន្តិវិធី​ ដូច​មាន​ចែង​ក្នុង​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ។

អ្នកវិភាគ​សង្គម​និងនយោបាយ​ លោក​ មាស នី និយាយ​ថា​ជា​សិទ្ធិ​របស់​រដ្ឋាភិបាល​ក្នុង​ការ​យល់​ស្រប​ ឬ​បដិសេធ​ណាមួយ។ ប៉ុន្តែ​ប្រសិន​បើ​អ្វី​ដែល​សភា​អឺរ៉ុប​បាន​លើក​ឡើង​ជា​ការណ៍​ពិត​ លោក​យល់​ថា​នឹង​មាន​ផល​វិបាក​ផ្សេងៗ បើ​សិន​រដ្ឋាភិបាល​មិនយក​ចិត្ត​ទុក​ដាក់​លើ​ការ​កែ​ប្រែ​ចំណុច​ចន្លោះ​ប្រហោង។ ​

​លោក​ថ្លែង​ថា៖ «ខ្ញុំ​មិន​រិះគន់​អី​ទៅ​លើ​ការ​ឆ្លើយ​តប​អី​នោះ​ទេ។ ខ្ញុំ​គិត​ថា នេះ​ជា​ការ​ឆ្លើយ​តប​ធម្មតា​របស់​ប្រទេស​នីមួយៗ​ ដើម្បី​ការពារ​ខ្លួន​ទេ ក៏​ប៉ុន្តែ​សំខាន់​គឺ​រឿង​ពិត​ជាក់ស្តែង​កើត​ឡើង​។ ប្រសិន​បើ​ការ​រំលោភ ឬ​ក៏​ការ​គំរាម​កំហែង​នៅ​តែ​មាន​បន្ត​ទៀត មែន​ដូច​គេ​ថា​នោះ​ អាហ្នឹង​វា​ នៅ​ខាង​ក្រោយ​ គឺ​វា​កាន់​តែ​មាន​រឿង​ច្រើន​ថែម​ទៀត ហើយ​អ្នក​ដែល​ទទួល​ផល​ប៉ះ​ពាល់​គឺ​រដ្ឋាភិបាល​កម្ពុជា និង​ពលរដ្ឋ​កម្ពុជា​»។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែង​ថា​ លទ្ធភាព​នៃ​ការ​ដាក់​បន្ទុក​បន្ថែម​លើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​កម្ពុជា​ដែល​ទទួល​បាន​ពី​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប អាច​មានកាន់​តែ​ខ្ពស់ ប្រសិន​បើ​រដ្ឋាភិបាលបន្ត​ប្រកាន់​យក​ទំនោរ​ច្រាន​ចោល​រាល់​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប ខណៈ​លោក​សង្កត់​ធ្ងន់ថា​ ការ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ EBA ចំនួន​២០​% កាល​ពី​ឆ្នាំ​២០២០ គឺ​បស្ចិម​ប្រទេស​ទាមទារ​ឱ្យ​គោរព​លទ្ធិ​ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

​លោកថ្លែង​ថា៖ «កម្ពុជា​យើង​តែង​តែ​ធ្វើការ​បដិ​សេធ​ចោល​ចំណុច​ទាំង​អស់​នេះ ហើយ​រដ្ឋសភា​ក៏​បាន​បដិសេធ។ អ្វី​ដែល​យើង​បារម្ភ​ យើង​បារម្ភ​ទាក់ទង​នឹង​ការ​អនុម័ត​បន្ថែម​ទៀត​ពាក់​ព័ន្ធ​នឹង​ការ​អនុគ្រោះ​ពន្ធ EBA ពីព្រោះ​អ្នក​ដែល​រង​ផល​ប៉ះពាល់​ ប្រសិន​បើ​មាន​ការ​ព្យួរ​ ឬ​ក៏​ការ​បន្ថែម​ការ​អនុគ្រោះ​ពន្ធ​ EBA នេះ គឺ​កម្មករ​កម្មការិនី​លើ​វិស័យ​វាយនភណ្ឌ និង​កាត់​ដេរ ក៏​ដូចជា​បងប្អូន​កសិករ​ផង​ដែរ»។

លោក​បន្ថែម​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​ចាត់​ទុក​ការ​ផ្តោត​លើ​ការ​កែតម្រូវ​ចំណុច​ខ្វះ​ខាត ឬ​បញ្ហា​ប្រឈម​ផ្សេងៗ​តាម​ការ​លើក​ឡើង​របស់​សភា​អឺរ៉ុប​ថា​ជា​ «រឿង​ល្អ» និង«ផល​ចំណេញ» ជា​ជាង​ការ​ចោទ​ប្រកាន់​ ឬច្រាន​ចោល​រាល់​សេចក្តី​សម្រច​ណា​មួយ​របស់​សភា​អឺរ៉ុប។

គួរ​បញ្ជាក់​ថា កាល​ពី​ខែ​សីហា ឆ្នាំ​២០២០ ​ សហ​ភាព​អឺរ៉ុប​បាន​សម្រេច​កាត់​ផ្តាច់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​ លើកលែង​សព្វាវុធ» ​ឬ​ Everything But Arms ​(EBA)​ ចំនួន​២០%​ពី​កម្ពុជា ​ដែល​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​សម្លៀកបំពាក់​ទៅ​ប្រទេស​នៅ​អឺរ៉ុប។ ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA ​មួយ​ផ្នែក​ នេះ​កើត​ឡើង​បន្ទាប់​ពី​សហភាព​អឺរ៉ុប​បាន​រក​ឃើញ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG