ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សមាគម​អាដហុក​ស្នើ​​អាជ្ញាធរ​បញ្ឈប់​សកម្មភាព​«តាមដាន»​និង​«បំភិតបំភ័យ»​អង្គការ​សង្គមស៊ីវិល​​​


មន្ត្រីនគរបាលប៉ុស្តិ៍កំពង់លាវម្នាក់ បានមកសួរនាំអ្នកសម្របសម្រួលខេត្តព្រៃវែង ពីរឿងសុំច្បាប់ការអនុញ្ញាតបើកវគ្គផ្សព្វផ្សាយ នៅការិយាល័យសមាគមអាដហុក ភូមិលេខ ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២។ (រូបថតដោយអាដហុក)
មន្ត្រីនគរបាលប៉ុស្តិ៍កំពង់លាវម្នាក់ បានមកសួរនាំអ្នកសម្របសម្រួលខេត្តព្រៃវែង ពីរឿងសុំច្បាប់ការអនុញ្ញាតបើកវគ្គផ្សព្វផ្សាយ នៅការិយាល័យសមាគមអាដហុក ភូមិលេខ ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង កាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២។ (រូបថតដោយអាដហុក)

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ ​ស្នើអាជ្ញាធរ​មូលដ្ឋានបញ្ឈប់​សកម្ម​ភាព«តាម​ដាន» និង«បំភិតបំភ័យ» ​ខណៈ​មាន​សេចក្តី​រាយ​ការណ៍​ថា​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ព្រៃ​វែង​បាន​ចុះ​ទៅ​កន្លែង​ពួក​គេ​រៀប​ចំ​កម្ម​វិធី ​កាល​ពី​ថ្ងៃ​អង្គារ។

សមាគម​នេះ​ចាត់​ទុក​ទង្វើ​របស់​សមត្ថកិច្ច​ថ្នាក់​ក្រោម​ក្នុង​ក្រុង​ព្រៃវែង​នេះ ​គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់ និង​ផ្ទុយ​ពី​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ​កាល​ពី​ឆ្នាំ​២០​១៨​ ដែល​មិន​តម្រូវ​ឱ្យ​សមាគម ឬអង្គការ​សង្គម​ស៊ីវិល​ដាក់​លិខិត​ទៅ​អាជ្ញាធរ​នោះ​ទេ។​

​ការ​ទាម​ទារ​នេះ​ កើត​ឡើង​នៅ​ពេល​ដែល​ការិយាល័យ​សមាគម​អាដហុក​ប្រចាំ​ក្រុង​ព្រៃវែង​បាន​រៀប​ចំ​សិក្ខា​សាលា​មួយ​ផ្សព្វ​ផ្សាយ​អំពី​សិទ្ធិមនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​ដល់​ប្រជា​ពល​រដ្ឋ​ចូល​រួម​ចំនួន​២៤​នាក់ ​កាល​ពី​ថ្ងៃ​ទី​២៦ ​ខែ​កក្កដា ​ប៉ុន្តែមន្ត្រី​នគរបាល​ប៉ុស្តិ៍​កំពង់​លាវ​ម្នាក់​ បាន​ចុះ​ទៅ​សួរ​នាំ​អ្នក​សម្រប​សម្រួល​របស់​សមាគម​នេះ​ប្រចាំ​ខេត្ត​ព្រៃ​វែង អំពី​ច្បាប់​អនុញ្ញាត​បើក​វគ្គ​បណ្តុះ​បណ្តាល​នេះ និង​ទាម​ទារ​សុំ​មើល​ឯកសារ​ផ្សេងៗ​ទៀត ​និង​តម្រូវ​ឱ្យ​ដាក់​លិខិត​ជូន​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន ​ដែល​សមាគម​នេះ​យល់ថា​ ការ​អនុវត្ត​របស់​មន្ត្រី​មូលដ្ឋាន គឺ​ផ្ទុយ​ពី​ច្បាប់ និង​សេចក្តី​ណែនាំ​របស់​ក្រសួង​មហា​ផ្ទៃ​កាល​ពី​ឆ្នាំ​២០១៨។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​សមាគម​អាដហុក កាល​ពី​ថ្ងៃ​អង្គារ។​ ​

​លោក ​ស៊ឹង សែនករុណា ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក យល់​ថា​សកម្មភាពនគរបាលចុះ​ទៅ​សួរ​នាំ​បុគ្គលិក​របស់​អាដហុក​នៅ​ទី​តាំងរៀប​ចំសិក្ខា​សាលា​អំពី​សិទ្ធិមនុស្ស​ គឺ​ជាការ​គំរាម​កំហែង បំភិត​បំភ័យ​ដល់​អ្នក​ចូល​រួម ការរឹត​ត្បិត​សេរីភាព​នៃការ​ជួប​ជុំ និង​សេរីភាព​ជាមូល​ដ្ឋាន ដែល​មិន​គួរ​ឱ្យ​កើត​មាន​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រកាន់​របប​ប្រជាធិប​តេយ្យ​។

លោក​ស្នើ​ឱ្យ​អាជ្ញាធរ​ទាំង​អស់ត្រូវ​បញ្ឈប់​សកម្ម​ភាព​ទាំងអស់​នេះ​ និងត្រូវ​អនុវត្ត​តាម​សេចក្តី​ណែនាំ​ឆ្នាំ​២០១៨​របស់​ក្រសួង​មហាផ្ទៃ​ឱ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​បើ​តាម​សេចក្តីណែនាំ​ថា​អង្គការ​មិនមែន​រដ្ឋាភិបាល សមាគម​ សហគមន៍​នានា​នៅ​មូលដ្ឋាន ដែល​បាន​ចុះ​បញ្ជី​ត្រឹមត្រូវ​ស្រប​តាម​ច្បាប់ គឺ​មិន​ចាំបាច់ជូន​ដំណឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ ចំពោះ​ការអនុវត្ត​សកម្ម​ភាព​ការ​ងារ​ណា​មួយ​នៅ​ក្នុង​មូលដ្ឋាន​។

លោក​ថ្លែង​ថា៖ ​«វា​ជា​រូប​ភាព​មួយ​បង្ហាញ​អំពី​ការ​គំរាម​កំហែង​ហើយ​ ទោះ​បី​គាត់​មិន​បាន​ទៅ​និយាយ​អ្វី​ឱ្យ​ដល់​ពល​រដ្ឋ​ដែល​ចូលរួម​ ប៉ុន្តែ​នៅ​ពេល​ដែល​ពលរដ្ឋ​ចូលរួម គាត់​ឃើញ​រូប​ភាព​ សមត្ថកិច្ច​មាន​ឯក​សណ្ឋាន​បែប​ហ្នឹង​ទៅ​សួរ​នាំ​ដល់​អ្នក​រៀបចំ​ ចង់​មិន​ចង់​អារម្មណ៍របស់​ពួក​គាត់ ​គឺ​មាន​ការ​ភ័យខ្លាច មាន​ការ​ព្រួយបារម្ភ​ក្នុង​ការ​ចូលរួម​ហើយ។ នេះ​គឺ​ជា​រូប​ភាព​មួយ​ដែល​យើង​មិន​ចង់​ឃើញ​ទេ នៅ​ក្នុង​កិច្ច​ការ​ងារ​ដែល​យើង​រៀប​ចំ​សកម្ម​ភាព​ក្នុង​ការ​អប់រំ​ផ្សព្វផ្សាយ​ហ្នឹង»។


អាជ្ញាធរ​មូល​ដ្ឋាន​បាន​ការ​ពារ​ខ្លួន​ថា​ការ​ចុះ​ទៅ​សួរ​នាំ​មន្ត្រី​របស់​សមា​គម​អាដហុក​នេះ​ គឺ​ដើម្បី​ការ​ពារ​សុខ​សុវត្ថិភាព​តែប៉ុ​ណ្ណោះ។

​លោក ​នុត ពិសិដ្ឋ មេ​ប៉ុស្តិ៍​នគរ​បាល​កំពង់​លាវ ​ក្រុង​ព្រៃវែង ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ មន្ត្រី​នគរ​បាល​ម្នាក់​ ពិត​ជា​បាន​ចុះ​ទៅ​ទីតាំង​របស់​អង្គការ​អាដហុក​ប្រចាំ​ក្រុងព្រៃវែង​ពិត​មែន​។ លោក​បាន​ការ​ពារ​ថាសមត្ថ​កិច្ច​ទៅពិនិត្យមើល គឺ​ដើម្បី​ការ​ពារ​សន្តិសុខ​តែ​ប៉ុណ្ណោះ ហើយមិន​មែនទៅ​គំរាម​កំហែង​ ឬ​បំភិត​បំភ័យ​អ្នក​ណា​ម្នាក់​នោះ​ទេ​។

លោក​ថ្លែង​ថា៖ ​«អាហ្នឹង​ត្រូវ​ការ​ពារ​ ត្រូវ​ធ្វើ​អ៊ីចឹង​ ទោះ​បី​កន្លែង​ទី​ប្រជុំ​ជន​ណា​ក៏​ដោយ​ឱ្យ​តែ​មាន​[​ការ​ជួប​ជុំ] ពួក​ខ្ញុំ​ដឹង ​ខ្ញុំ​ទៅ​មើល​សិន ទៅ​មើល​ការ​ខុស​ត្រូវ​ខ្លះ។ វា​មិន​ទៅ​មើល​១០០​ភាគរយ​អី​ទេ គឺ​ទៅ​មើល​ខ្លះ​អ៊ីចឹង​ទៅ​ មើលក្រែង​លោក​មាន​ស្ថានភាព​អី​ចម្លែក។ អាហ្នឹង​ពួក​ខ្ញុំ[មាន]​វិធានការ ​ដូច​ជា​មាន​ចោរ​កម្ម ​លួច​ អីអ៊ី​ចឹង​ទៅ​ មាន​ក្មេង​លួច​របស់​របរ​លើ​ម៉ូតូ​ [​ឬ​]​មាន​កាតាប​ មាន​អី ក្រែង​លោក្មេង​វា​លួច​ ពួក​ខ្ញុំ​នៅ​ទី​នោះ​ស្រាប់»។

លោក ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​ថា​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មហា​ផ្ទៃ​ឆ្នាំ​២០​១៨​ ស្តីពីការ​ធ្វើ​សកម្ម​ភាព​របស់​សមាគម អង្គ​ការ​មិនមែន​រដ្ឋាភិបាល និង​សហ​គមន៍​នានា​នៅ​មូល​ដ្ឋាន​ គឺ​មិន​មាន​ការ​ផ្លាស់​ប្តូរ​អ្វី​នោះ​ទេ។ ប៉ុន្តែ​លោក​ទាមទារ​ឱ្យ​សមា​គម​អាដហុក និង​អង្គការ​ផ្សេង​ទៀត​ ត្រូវ​ចូល​រួម​សហ​ការ​ជាមួយ​អាជ្ញា​ធរ​ និង​ចៀស​វាង​ការ​មួល​បង្កាច់​អាជ្ញាធរ​។ ​

​លោក​បញ្ជាក់​ថា៖ ​«ស្អីក៏​ដោយ​ឱ្យ​តែ​ស្អប់​គ្នា​ហើយ​ គាត់​ឃើញ​ដាន​ជើង​អាជ្ញាធរ ក៏​គាត់​កើប​គ្រវាត់​ចោល​ដែរ»។

នៅ​ក្នុងសេចក្តី​ណែនាំ​ឆ្នាំ​២០១៨ របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្តី​ពីការ​ធ្វើ​សកម្ម​ភាព​របស់​សមាគម អង្គ​ការ​មិនមែន​រដ្ឋាភិបាល និង​សហ​គមន៍​នានា​នៅ​មូល​ដ្ឋាន លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ប្រាប់​ទៅ​អភិបាល​រាជធានី ខេត្ត និងអ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀតថា​សមាគម​ ​អង្គការ​មិនមែន​រដ្ឋាភិ​បាល ដែល​បាន​ចុះ​បញ្ជី ត្រឹមត្រូវ​ស្រប​តាម​ច្បាប់​ ព្រម​ទាំង​សហគមន៍​នានា​នៅ​មូលដ្ឋាន​មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ស្រប​តាម​ច្បាប់​ និង​លិខិត​បទ​ដ្ឋាន​គតិយុត្ត​នានា​ជា​ធរ​មាន​ ព្រម​ទាំង​លក្ខន្តិកៈ​របស់​ខ្លួន​ដែល​បាន​តម្គល់​ទុក​នៅ​ក្រសួង​មហាផ្ទៃ​ ដោយ​ពុំ​ចាំ​បាច់​ជូន​ដំណឹង​ដល់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​មុន​ពេល​ចាប់​ផ្តើម​សកម្ម​ភាព​នោះ​ទេ៕

XS
SM
MD
LG