អង្គការសមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍ចុងឆ្នាំរបស់ខ្លួនមួយ ដោយអំពាវនាវកុំឲ្យរដ្ឋាភិបាលបន្តការលុបបឹង និងតំបន់ដីសើមផ្សេងទៀត ដោយលើកឡើងអំពីការបាត់បង់កន្លែងស្តុកទឹកដ៏សំខាន់សម្រាប់ទីក្រុង។
បើតាមរបាយការណ៍ដែលមានចំណងជើងថា «បឹងចុងក្រោយក្នុងរាជធានីភ្នំពេញ» ជាភាសាខ្មែរ កម្រាស់ជាង៣០ទំព័រ ដែលចេញផ្សាយនៅសប្ដាហ៍នេះ សមាគមធាងត្នោតបានលើកឡើងថា៖ «បឹងនិងតំបន់ដីសើមក្នុងរាជធានីភ្នំពេញ ជិតត្រូវបានបាត់បង់ទាំងស្រុង ហើយប្រសិនបើស្ថានភាពនេះ នៅតែបន្តដូចការស្មានទុក ទីក្រុងនិងតំបន់នៅជុំវិញអាចនឹងត្រូវរងគ្រោះពីទឹកជំនន់ធ្ងន់ធ្ងរ ការបាត់បង់ពូជត្រី ការបាត់បង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់បែបធម្មជាតិ និងការបាត់បង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន»។
របាយការណ៍បន្តថា ចាប់តាំងពីឆ្នាំ១៩៩០មកក្នុងចំណោមបឹងចំនួន២៦ក្នុងរាជធានីភ្នំពេញ មានបឹងចំនួន១៦ គឺស្មើនឹង៦០ភាគរយនៃផ្ទៃដីបឹងទាំងអស់ ត្រូវបានចាក់ដីលុបបំពេញ និងបឹងចំនួន១០ទៀត ត្រូវបានចាក់ដីលុបខ្លះៗរួចហើយ។ មូលហេតុចម្បងនៃការលុបបឹងនោះគឺ«បណ្ដាលមកពីការសាងសង់បុរី តំបន់លំនៅដ្ឋាន និងទីក្រុងរណប»។
សមាគមធាងត្នោតបានរកឃើញថា បឹងទំពុន១និង២ និងបឹងជើងឯក ត្រូវបានលុបដោយផ្នែក និងកំពុងលុបផងដែរ។ ចំណែកបឹងតាមោក ឬបឹងកប់ស្រូវ ក៏ត្រូវបានលុបខ្លះៗ និងមិនមានផែនការច្បាស់លាស់នោះទេ។
តាមរបាយការណ៍នោះ តំបន់ដីសើមនៅរាជធានីភ្នំពេញ ក៏រងការបាត់បង់យ៉ាងធ្ងន់ធ្ងរដែរ។ ចន្លោះឆ្នាំ២០០៣ដល់ឆ្នាំ២០១៩ តំបន់ដីសើមសំខាន់ៗជាង៤០ភាគរយ ត្រូវបានបាត់បង់ ដោយសារការចាក់ដីលុបបំពេញ ឬតាមរយៈការធ្វើអនុប្រយោគ និងការជួល។
សមាគមធាងត្នោត បានអំពាវនាវដល់រដ្ឋាភិបាលកុំឲ្យបន្តលុបបឹង និងតំបន់ដីសើមសំខាន់ៗ ដូចជាបឹងតាមោក និងតំបន់ដីសើមបឹងទំពុន ឬជើងឯក ដែលគួរត្រូវបានអភិរក្ស ក្រោមច្បាប់ពិសេសដែលមានការការពារយ៉ាងតឹងរ៉ឹង។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត បានថ្លែងប្រាប់VOAនៅថ្ងៃសុក្រនេះថា កន្លងទៅ ការលុបបឹងស្ថិតក្នុងរូបភាពមួយដែលគួរឲ្យព្រួយបារម្ភ ហើយរបាយការណ៍នៃការវាយតម្លៃផលប៉ះពាល់បរិស្ថាន មិនត្រូវបានដាក់បង្ហាញជាសាធារណៈនោះទេ។ លោកបន្តថាប្រជាពលរដ្ឋដែលទទួលបានផលប្រយោជន៍ពីបឹង គួរត្រូវបានអញ្ជើញជាដៃគូរក្នុងការប្រឹក្សាយោបល់ជាមួយរដ្ឋាភិបាល។
លោក សឿង សារ៉ន បានលើកឡើងថា រដ្ឋាភិបាលគួរតែរក្សាទុកបឹងដែលនៅសេសសល់ ដើម្បីទុកជាកន្លែងស្តុកទឹក និងរក្សាប្រព័ន្ធអេកូឡូស៊ីទីក្រុងផងដែរ។
លោកបានថ្លែងប្រាប់VOAថា៖
«ផលប៉ះពាល់បរិស្ថានវាមានច្រើនណាស់ ទាក់ទងនឹងការលុបបឹង។ បើយើងក្រឡេកមើលទៅប្រទេសជិតខាង ត្រឹមវៀតណាម ថៃអី គេអភិវឌ្ឍ គេទុកបឹងនៅកណ្ដាលទីក្រុង ព្រោះវារួមចំណែកច្រើនក្នុងការផ្ដល់ប្រព័ន្ធអេកូឡូស៊ីជួយធ្វើឲ្យទីក្រុងយើងត្រជាក់»។
ប្រជាជននៅទីក្រុងភ្នំពេញមានការកើនឡើងជាបន្តបន្ទាប់។ សព្វថ្ងៃនេះ ប្រជាជនជាង២លាននាក់កំពុងរស់នៅភ្នំពេញ។ រដ្ឋាភិបាល ក៏បានពង្រីកទីក្រុងនេះដើម្បីបំពេញតម្រូវការដ៏លើសលប់នេះផងដែរ។ ការលុបបឹងកក់នៅកណ្ដាលរាជធានីភ្នំពេញ បានក្លាយជាបញ្ហាចម្រូងចម្រាសមួយ កាលពីឆ្នាំ២០០៨។ បឹងនេះត្រូវបានគេមើលឃើញថា ជាកន្លែងស្តុកទឹកជិតបំផុតសម្រាប់ភ្នំពេញ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញគឺលោកម៉េត មាសភក្តី បានថ្លែងការពារថាការលុបបឹង គឺដើម្បីការអភិវឌ្ឍនៅរាជធានីភ្នំពេញ។ ប៉ុន្តែលោកថារដ្ឋាភិបាលបានគិតគូអំពីផលប៉ះពាល់ទាំងអស់ដែលកើតមាន ដើម្បី«ប្រយោជន៍រួម ប្រយោជន៍សាធារណៈ និងប្រយោជន៍សង្គមជាតិ»។
លោកមានប្រសាសន៍ថា៖ «ដល់ពេលហ្នឹង តំបន់ខ្លះ យើងត្រូវការអភិវឌ្ឍ មិនអាចទុកវាចោល។ ទីតាំងខ្លះ មានការតាំងនូវលំនៅដ្ឋាន បែបសំណង់មិនរៀបរយ អនាធិបតេយ្យ មិនមានសន្តិសុខ បរិស្ថានល្អ»។
ទាក់ទងនឹងបឹងដែលនៅសេសសល់ក្នុងរាជធានីភ្នំពេញ ដូចជាបឹងតាមោក និងបឹងទំពុន អ្នកនាំពាក្យសាលារាជធានីភ្នំពេញ មានប្រសាសន៍ថា៖ «អាពាក្យថាការលើកឡើងលុបបឹងតាមោក ខ្ញុំមិនដឹងថាជូន[ឆ្លើយ]ត្រឡប់ទៅវិញយ៉ាងម៉េចទេ។ គាត់ទៅមើលជាក់ស្ដែងថាបាត់បឹងហ្នឹងទៅណាទៅ បានជាមានការលើកឡើងបាត់បឹងតាមោក លុបបឹងតាមោក ខ្ញុំអត់យល់»។ ប៉ុន្តែលោកទទួលស្គាល់ថាផ្នែកមួយនៃបឹងត្រូវលុប ដើម្បីដោះស្រាយបញ្ហានៅក្នុងទីក្រុង។
លោកក៏បានច្រានចោលការលើកឡើងថាការលុបបឹងនៅភ្នំពេញ បានធ្វើឲ្យទីក្រុងភ្នំពេញ ងាយនឹងរងគ្រោះនឹងការលិចលង់ ដោយសារទឹកភ្លៀង ដែលតែងតែរងការរិះគន់ពីសាធារណជន។
លោកមានប្រសាសន៍ថា៖ «និយាយជាក់ស្ដែងទីក្រុងភ្នំពេញរបស់យើង ពីដើមឡើយ ភ្លៀងលិចតំបន់ខ្លះ លេងសុទ្ធតែពីរថ្ងៃ បីថ្ងៃ។ ឥឡូវនេះ បើភ្លៀងល្មមៗ កន្លះម៉ោង ទៅមួយម៉ោង អស់ហើយ»។
គួរបញ្ជាក់ថា ជាបន្តបន្ទាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា ការលិចផ្លូវ និងលិចផ្ទះពេលភ្លៀងម្តងៗនៅរាជធានីភ្នំពេញ គឺដោយសារភ្លៀងខ្លាំង៕