ក្រុមមន្រ្តី និងតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិព្រមទាំងអ្នកតាមដានស្ថានការណ៍នយោបាយ បង្ហាញមន្ទិលពីការប្រកាសរបស់លោក គុជ លី ស្ថាបនិកគណបក្សខ្មែរតែមួយក្នុងការគាំទ្រ និងចូលរួមជាមួយចលនាសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ីហើយសង្ស័យថាជាល្បិចទាក់ទាញអ្នកគាំទ្រនិងទាញអតីតបក្សប្រឆាំងឱ្យមានគ្រោះថ្នាក់។
ក្រុមមន្រ្តីជាន់ខ្ពស់ និងតំណាងរាស្រ្តមួយចំនួនរបស់គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយនិងព្យួរសិទ្ធិធ្វើនយោបាយ ដូចជាលោក មុត ចន្ថា លោក ម៉ៅ មុនីវណ្ណ និងលោក អ៊ូ ច័ន្ទរ័ត្ន ជាដើមសុទ្ធតែបានបញ្ជាក់ថា មិនបានស្គាល់ថា លោក គុជ លី ថាធ្លាប់ជាសមាជិកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនោះទេ។
លោក អ៊ូ ច័ន្ទរ័ត្ន តំណាងរាស្រ្តគណបក្សប្រឆាំងមួយរូបដែលត្រូវបានតុលាការព្យួរសិទ្ធិនយោបាយដែរនោះ ប្រាប់ VOA ថា៖
«វាអាចមានរឿងពីរ ទី១ទាក់ទាញឲ្យអ្នកបោះឆ្នោត អ្នកគាំទ្រសង្គ្រោះជាតិហ្នឹងបោះឆ្នោតឲ្យគាត់។ ទី២អាចជាអន្ទាក់ កាលណាមានអ្នកគាំទ្រចូលរួម ទៅតាមអ្វីដែលគាត់អំពាវនាវហ្នឹង គាំទ្រចលនាក្តី ឬក៏ធ្វើសកម្មភាពដើម្បីគាំទ្រចលនាក្តី វាអាចជាអន្ទាក់របស់រដ្ឋាភិបាល ព្រោះរដ្ឋាភិបាលលោកបានប្រកាសហើយ ថាលោកតាមដាន ត្រួតពិនិត្យទៅលសកម្មភាពចលនាសង្គ្រោះជាតិហ្នឹង។ មានទាំងអាចនឹងបង្រ្កាបសកម្មភាពចលនាហ្នឹងផងក៏មិនដឹងដែរ»។
លោកច័ន្ទរ័ត្នបន្ថែមថាទង្វើរបស់លោក គុជ លី នឹងមិនអាចទាក់ទាញការគាំទ្រណាមួយពីសកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិបាននោះទេ។
បើតាមលិខិតមួយច្បាប់របស់លោក គុជ លី ចេញនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ ផ្ញើជូនលោក សម រង្ស៊ី និងអ្នកស្រី មូរ សុខហួរ បានបញ្ជាក់ថា លោកអរគុណលោក សម រង្ស៊ី ដោយថា លោក សម រង្ស៊ី ចាប់អារម្មណ៍លើគណបក្សថ្មីរបស់លោក។ លោកបន្ថែមក្នុងលិខិតនោះដោយប្រកាសគាំទ្រ និងចូលរួមយ៉ាងសកម្មជាមួយចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី។
លោក គុជ លី សរសេរក្នុងលិខិតនោះថា៖
«ខ្ញុំបាទ គុជ លី សូមអំពាវនាវដល់អ្នកគាំទ្រ និងសកម្មជនអតីតសង្គ្រោះជាតិនៅក្នុង និងក្រៅប្រទេស សូមអញ្ជើញចូលរួមជាមួយគណបក្សខ្មែរតែមួយដើម្បីធ្វើបេសកកម្មជាមួយចលនាសង្គ្រោះជាតិ ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោក ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាដោះស្រាយរឿងខ្មែរ និងខ្មែរដោយសន្តិវិធី»។
លោក គុជ លី អនុប្រធានគណបក្សខ្មែរតែមួយ ប្រាប់ VOA នារសៀលថ្ងៃពុធនេះថា ការប្រកាសចូលរួម និងគាំទ្រចលនាសង្គ្រោះជាតិរបស់លោក សម រង្ស៊ី គឺធ្វើឡើងដើម្បីអំពាវនាវឲ្យអតីតសកម្មជន និងអ្នកគាំទ្រគណបក្សនេះ មកចូលរួមជាមួយគណបក្សខ្មែរតែមួយរបស់លោក ក្នុងគោលដៅការពារផលប្រយោជន៍ជាតិ។ លោកបន្ថែមថា លោកមិនបារម្ភពីការបង្រ្កាបណាមួយរបស់រដ្ឋាភិបាល ដែលបានហៅចលនាសង្គ្រោះជាតិថាជាចលនាឧទ្ទាមនោះទេ។
លោកបញ្ជាក់ថា៖
«បើសិនខ្ញុំអំពាវឲ្យប្រជាពលរដ្ឋស្រុកខ្មែរងើបឡើងបះបោរចូលរួមជាមួយចលនារបស់លោក សម រង្ស៊ី ហ្អាហ្នឹងខ្ញុំខុសច្បាប់។ តែដែលខ្ញុំអំពាវនាវនេះគឺក្នុងន័យបង្រួបបង្រួមជាតិ កុំឲ្យម្ង៉ៃៗយើងខ្មាសគេណាស់ យើងបើកតែភ្នែកឡើងមើលហ្វេសប៊ុក មើលព័ត៌មាន ឮសូរតែសម្តេចហ៊ុន សែន ជេរពួកប្រឆាំង ឮតែពួកប្រឆាំង ជេរសម្តេចហ៊ុនសែន [...] អញ្ចឹងហើយបានយើងបង្កើតគណបក្សខ្មែរតែមួយនេះ គឺគោលដៅបង្រួបបង្រួមឲ្យខ្មែរយើងចេះសាមគ្គីក្នុងន័យគណបក្សខ្មែរតែមួយហ្នឹងតែម្តង»។
លោក គុជ លី បានពន្យល់ពីការអះអាងរបស់លោកក្នុងលិខិតដែលថា លោក សម រង្ស៊ី បានចាប់អារម្មណ៍លើគណបក្សខ្មែរតែមួយរបស់លោកយ៉ាងដូច្នេះ៖
«វិទ្យុ RFI បានសម្ភាសន៍លោកប្រធាន សម រង្ស៊ី ទាក់ទងនឹងគណបក្សដែលតូចកើតឡើង គឺគណបក្សខ្មែរតែមួយ។ គាត់បានប្រកាសថាគាត់មិនបានគាំទ្រចលនាគណបក្សស្អីដែលកើតឡើងនោះទេ គាត់គាំទ្រអ្នកស្រី ប៊ូ រចនា គាត់មិនគាំទ្រលោក កែម រិទ្ធីសិត។ អញ្ចឹងបានន័យថាលោកប្រធាន សម រង្សី គាត់ទទួលស្គាល់ហើយ ព្រោះលោកស្រី ប៊ូ រចនា គឺជាភរិយារបស់លោក កែម ឡី ហើយគណបក្សនេះគឺជាគណបក្សរបស់លោក កែម ឡី អញ្ចឹងលោកប្រធានគាត់មិនហ៊ាននិយាយការពិតទេ តែគាត់និយាយប្រយោល គឺគាត់បានគាំទ្រពួកខ្ញុំបាត់ទៅហើយ»។
លោក សម រង្ស៊ី ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែល នាយប់ថ្ងៃពុធថា លោក គុជ លី និងគណបក្សខ្មែរតែមួយដែលទើបតែបង្កើតដោយលោក គុជ លី និងលោក កែម រិទ្ធីសិត មិនមានពាក់ព័ន្ធជាមួយនឹងគណបក្សសង្គ្រោះជាតិ ឬចលនាសង្គ្រោះជាតិនោះទេ។ ទោះយ៉ាងណាលោកថា លោកស្វាគមន៍រាល់ការគាំទ្រ និងចូលរួមជាមួយចលនាសង្គ្រោះជាតិរបស់លោក។
លោកបញ្ជាក់ថា «ខ្ញុំសូមស្វាគមន៍ការគាំទ្រណាមួយចំពោះគណបក្សសង្គ្រោះជាតិ និងចលនាសង្គ្រោះជាតិក្នុងការតស៊ូឥតឈប់ឈររបស់យើងដើម្បីឲ្យមានការផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតដោយពិតប្រាកដមួយ ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងដោយមានវត្តមានចូលរួមរបស់គណបក្សសង្គ្រោះជាតិ»។
លោក គុជ លី ដែលជាអ្នកនយោបាយទើបលេចមុខថ្មីថ្មោង អះអាងថា លោកធ្លាប់ជាសមាជិក គណបក្សសង្គ្រោះជាតិនៅប្រទេសបារាំង ក៏ប៉ុន្តែលោកថា លោកបានសម្រេចចិត្តចាកចេញពីគណបក្សនេះដោយសារមិនពេញចិត្តថ្នាក់ដឹកនាំគឺលោក សម រង្ស៊ី។
លើគណនីហ្វេសប៊ុករបស់លោក គុជ លី ដែលមានឈ្មោះថា «Kuch Kuch» បានបង្ហោះរូបថតជាច្រើនសន្លឹកដែលលោកបានថតជាមួយលោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំងជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួនទៀត។ ក្នុងនោះ លោក គុជ លី ក៏បានបង្ហោះលិខិតមួយច្បាប់ចេញកាលពីខែឧសភា ឆ្នាំ២០១៣ ស្តីពីការសម្រេចតែងតាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំង ដែលចុះហត្ថលេខាដោយ លោក កឹម សុខា ជាប្រធានស្តីទីគណបក្សនាពេលនោះ។ ក្នុងលិខិតនោះ ក៏ឃើញមានឈ្មោះ លោក គុជ លី ជាសមាជិកគណបក្សសង្គ្រោះជាតិប្រចាំប្រទេសបារាំងផងដែរ។
ក្រោយគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលរំលាយ ដោយចោទថាបានឃុបឃិតជាមួយបរទេស រៀបគម្រោងផ្តួលរំលំរដ្ឋាភិបាលកម្ពុជា លោក សម រង្ស៊ី និងអតីតតំណាងរាស្រ្តគណបក្សប្រឆាំងមួយចំនួនទៀត ដែលកំពុងស្ថិតនៅក្រៅប្រទេស បានចាប់ផ្តើមបង្កើតចលនាសង្រ្គោះជាតិ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨។
លោក សម រង្ស៊ី អះអាងថា ចលនានោះបង្កើតឡើងដើម្បី ទាមទារដោយសន្តិវិធីឲ្យមានការដោះលែងលោក កឹម សុខា និងមន្រ្តីគណបក្សប្រឆាំងផ្សេងទៀតដែលកំពុងជាប់ពន្ធនាគារ ទាមទារឲ្យមានការបោះឆ្នោតដោយត្រឹមត្រូវ និងទាមទារឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ តាមរយៈការរៀបចំបណ្តាញរបស់ខ្លួននៅទូទាំងប្រទេស។ លោក សម រង្ស៊ី បានអំពាវនាវកុំឲ្យថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្សសង្រ្គោះជាតិ ប្រកាសការគាំទ្ររបស់ខ្លួនចំពោះចលនានេះជាសាធារណៈ ដើម្បីធានាសុវត្ថិភាព និងធានាប្រសិទ្ធភាពការងាររបស់ចលនានេះ។
ក្រោយការប្រកាសបង្កើតចលនាសង្គ្រោះជាតិនេះ គេឃើញមន្រ្តីជាន់ខ្ពស់ដែលជាមេទាហាន និងមេនគរបាលជាច្រើនរូប រួមមាន លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាដើម បានហៅចលនានោះថា ជា«ភេរវកម្ម» និងបានប្តេជ្ញាបង្រ្កាបចលនានេះ មិនឲ្យកើតមាននៅកម្ពុជាជាដាច់ខាត។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃលើកឡើងថា ការប្រកាសរបស់លោក គុជ លី ពីការគាំទ្រ និងចូលរួមជាមួយចលនាសង្គ្រោះជាតិ គឺគ្រាន់តែជាការប្រកាស មិនមែនជាសកម្មភាពខុសច្បាប់ណាមួយនៅឡើយ។ លោកបន្ថែមថាក្រសួងនឹងចាត់វិធានការផ្លូវច្បាប់ ប្រសិនបើមានការធ្វើសកម្មភាពពាក់ព័ន្ធនឹងចលនានោះ នៅកម្ពុជា។
លោកមានប្រសាសន៍ថា៖
«ប្រកាសគ្រាន់តែជាការគាំទ្រទេ មិនមែនជាសកម្មភាពដែលធ្វើឲ្យគណបក្សសង្គ្រោះជាតិរស់រានមានជីវិតឡើងវិញទេ។ ខ្ញុំគិតថានេះជាការប្រកាសមួយ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនឹងបន្តឃ្លាំមើលសកម្មភាពជាក់ស្តែង តើសកម្មភាពជាក់ស្តែងហ្នឹងមានបំណងនាំមកឲ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ឬអត់ អាហ្នឹងទើបយើងចាត់វិធានការ។ ក្នុងករណីនេះ យើងគ្រាន់ចាត់ទុកថាជាការកត់សម្គាល់មួយរបស់សមត្ថកិច្ច»។
គណបក្សខ្មែរតែមួយ ជាគណបក្សដែលបង្កើតឡើងដោយប្អូនប្រុសរបស់លោក កែម ឡី និងត្រូវបានប្តូរមកពី គណបក្ស កែម ឡី បន្ទាប់ពីក្រសួងមហាផ្ទៃបញ្ជាក់ថា ការប្រើឈ្មោះបុគ្គល ធ្វើជាឈ្មោះគណបក្ស គឺផ្ទុយនឹងច្បាប់ស្តីពីគណបក្សនយោបាយ។
ភរិយារបស់លោកបណ្ឌិត កែម ឡី គឺអ្នកស្រី ប៊ូ រចនា ប្រកាសពីប្រទេសអូស្រ្តាលីមកថា អ្នកស្រីមិនគាំទ្រគណបក្សនយោបាយដែលយកឈ្មោះស្វាមីរបស់អ្នកស្រីមកប្រើនោះទេ ហើយថា ស្វាមីអ្នកស្រីមិនធ្លាប់មានបំណងណាមួយបង្កើតគណបក្សនយោបាយនោះដែរ។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា លើកឡើងថា ការប្រកាសរបស់លោក គុជ លី ក្នុងការគាំទ្រចលនាសង្គ្រោះជាតិដែលដឹកនាំដោយលោក សម រង្ស៊ី គឺគ្រាន់តែចង់ទាក់ទាញសំឡេងពីអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយប៉ុណ្ណោះ។ លោកបន្ថែមថា ការប្រើយុទ្ធវិធីរបស់លោក គុជ លី បែបនេះ នឹងមិនអាចទទួលផលណាមួយនោះទេ។
លោកមានប្រសាសន៍ថា៖ «មានយន្តការ នៅមានសកម្មភាពផ្សេងៗដែលអាចអូសទាញ ឬក៏ប្រើប្រាស់ដើម្បីឲ្យអ្នកចូលរួមរបស់ចលនាសង្គ្រោះជាតិ ដើរតាមសង្គ្រោះជាតិហ្នឹង ងាកមកគាំទ្រចលនា ឬក៏សកម្មភាពរបស់គណបក្សខ្មែរតែមួយបាន ទាល់តែមានសកម្មភាពនានាដែលបង្ហាញពីកិច្ចការដែលគេគាំទ្រ និងគេពេញចិត្ត។ អញ្ចឹងគ្រាន់តែការប្រកាសមិនអាចមានឥទ្ធិពលអ្វីខ្លាំងនៅក្នុងសង្គមទេ ទាំងនៅក្នុងសង្គមនយោបាយ ទាំងនៅក្នុងសេរីភាពនៃការបង្កើតគណបក្សនយោបាយ ក៏អត់ទាន់មានភាពរឹងមាំសម្រាប់បក្សហ្នឹងបានដែរ»។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគសង្គមដែលតែងតែរិះគន់ការដឹកនាំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅស្តាម៉ាត ស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ រាជធានីភ្នំពេញ។ ក្នុងពិធីដង្ហែសពលោកបណ្ឌិត កែម ឡី ទៅកាន់ស្រុកកំណើត ឯខេត្តតាកែវ គេឃើញមានប្រជាពលរដ្ឋដង្ហែរាប់ម៉ឺននាក់ចូលរួម៕