ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​លោក​​​សម រង្ស៊ី​ថា​​​​លោក​​​ហ៊ុន សែន​​«កំពុង​ជ្រួល​ច្របល់»​ចំពោះ​ឥទ្ធិពល​នៃ​ចលនា​សង្គ្រោះជាតិ​


លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/ឡេង ឡែន/VOA)
លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/ឡេង ឡែន/VOA)

ការ​ថ្លែង​របស់​លោក​ ​សម រង្ស៊ី​ ​ធ្វើឡើង​បន្ទាប់ពី​លោក​ ​ហ៊ុន សែន​​ ​បាន​ហៅ​លោក​ ​សម រង្ស៊ី​ ថា​​ជា ​«មេ​ភេរវកម្ម»​ ​និង​បាន​ព្រមាន​ចាប់​បញ្ជូន​ខ្លួន​លោក​ ​​ប្រសិន​បើ​អតីតប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាស៊ី​ណាមួយ។​​

បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ហៅ​លោក​ សម រង្ស៊ី​ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិថាជា ​«មេ​ភេរវកម្ម»​ ​និង​បាន​ព្រមាន​ចាប់​បញ្ជូន​មក​កាត់​ទោស​នៅ​កម្ពុជា​ ប្រសិន​បើ​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាស៊ី​ណាមួយ ​លោក​ ​សម រង្ស៊ី​ កាល​ពី​ថ្ងៃ​សៅរ៍​ ក៏​បានឆ្លើយ​តប​ទៅ​នឹង​ការ​ហៅ​នោះ​ថា​ ​លោក​ ​ហ៊ុន សែន​ ​កំពុង​បារម្ភពីឥទ្ធិពល​នៃ​ចលនាសង្គ្រោះជាតិ។

លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ ​ការពារ​ការ​បង្កើត​ចលនា​សង្គ្រោះជាតិ​ និង​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​បាន​ចោទលោកជា​មេ​ភេរវកម្ម។

បើ​តាម​វីដេអូ​ដែល​លោក​ ​សម រង្ស៊ី​ ​បាន​បង្ហោះ​លើ​ទំព័រ​ ​Facebook​ ​របស់​លោក​ ​កាល​ពី​ថ្ងៃសៅរ៍ លោក​ ​សម រង្ស៊ី ​ថ្លែង​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ថា​ ​ចលនា​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​បង្កើត​កាល​ពី​ចុង​ខែ​មករា​ ​នៅ​សហរដ្ឋ​អាមេរិក​ ​ជា​ចលនា​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អន្តរជាតិ។​ ​លោក​បន្ថែម​ថា​ ​ការ​ចោទចលនា​សង្គ្រោះជាតិ​ថា​ជាភេរវកម្ម ​គឺ​ជា​ការចោទ​ប្រកាន់​ដែល​បង្ហាញ​ពី​ការ​បារម្ភ​របស់​លោក​ ​ហ៊ុន សែន ចំពោះ​ឥទ្ធិពល​នៃ​ចលនា​នេះ។

លោក​បញ្ជាក់ថា៖​

«តាំងពី​យើង​បង្កើត​ចលនា​ ​ហើយ​យើង​បាន​បង្ហើប​ថា​យើង​បង្កើត​ចលនា គាត់​ជ្រួល​ច្របល់​មែនទែន គាត់​ស្លន់ស្លោរ​មែនទែន និយាយ​កាន់​តែ​ផ្តេសផ្តាសៗ។​ ​តែ​ខ្ញុំ​អស់​សំណើច ខ្ញុំ​បង្ហោះ​តាម​ហ្វេសប៊ុក​របស់​ខ្ញុំ​កាលពី​ម្សិលមិញ​ ​ថា​ខ្ញុំ​សុំ​ផ្តាំ​ទៅ​ ​ហ៊ុន សែន​ ​សុំ​ប្រាប់​ទៅ​ ហ៊ុន សែន ថា​ ​ហ៊ុន សែន​ ​អើយ!​ ​ឈប់​ឆ្កួត​ទៅ!»។​

លោក​ ​សម រង្ស៊ី​ ​បានបន្ថែម​ដោយ​ការពារ​ការ​បង្កើត​ចលនា​សង្គ្រោះជាតិ​របស់​លោក​ថា៖​

«បើខ្​ញុំ​ ​Terrorist​ ​(ភេរវករ)​ ​រឿង​អីខ្ញុំ​រស់​នៅ​ប្រទេស​បារាំង​យ៉ាង​សុខសាន្ត​ ​រឿង​អី​មាន​អ្នកគាំទ្រ​ដូច​........​រឿង​អីខ្ញុំ​ទៅ​ជួប​គេ........ ​ក្រសួង​ការបរទេស​បារាំង?​ ​រឿង​អី​ខ្ញុំ​ជួប​ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន?​ ​បើ Terrorist​ ​(ភេរវករ)​ ​មែន​គេ​អត់​មើល​មុខ​ទេ​ ​គេ​ចាប់​ដាក់​គុក​ ​គេ​បញ្ជូន​ទៅ​ណា​ ​ទៅ​ស្រុក​ដើម​ខ្លួន​ឯង​អី​បាត់​ហើយ»។

ការ​ថ្លែង​របស់​លោក​ ​សម រង្ស៊ី​ ​ធ្វើឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​កាលពីថ្ងៃ​ព្រហស្បតិ៍​ ​បាន​ហៅ​លោក​ ​សម រង្ស៊ី​ ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេស​ថាជា ​«មេ​ភេរវកម្ម»​ ​និង​បាន​ព្រមាន​ចាប់​បញ្ជូន​ខ្លួន​លោក​ ​មក​កាត់​ទោស​នៅ​កម្ពុជា​ ​ប្រសិន​បើ​អតីតប្រធាន​គណ​បក្ស​ប្រឆាំង​រូប​នេះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាស៊ី​ណាមួយ។

ចលនា​សង្រ្គោះជាតិ​ ​ត្រូវ​បាន​ប្រកាស​បង្កើត​ឡើងជា​ផ្លូវការ​ដោយ​លោក​ ​សម រង្ស៊ី​ ​និង​អតីត​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត កាល​ពី​ថ្ងៃ​ទី​២៨​ ​ខែ​មករា​ ​ឆ្នាំ​២០១៨​ ​ក្នុង​គោល​បំណង​ស្តារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​ ​លោក​ ​កឹម សុខា​ ​ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោតដោយ​សេរី​ ​និង​យុត្តិធម៌​នៅ​កម្ពុជា​ ​និង​ទាមទារ​ឲ្យ​គណបក្ស​សង្គ្រោះជាតិបាន​ចូល​រួម​ការ​បោះ​ឆ្នោតឡើង​វិញ។​ ​លោក​ ​សម រង្ស៊ី អះអាង​ថា​ ​ចលនា​នេះនឹងតស៊ូ​ដោយ​សន្តិវិធី តាម​រយៈ​ការរៀបចំ​បណ្តាញ​របស់​ខ្លួន​នៅ​ទូទាំង​ប្រទេស។​ ប៉ុន្តែ​មន្រ្តី​ដែល​មាន​អតីត​ភាព​ជាមួយ​គណបក្ស​សិទ្ធិ​មនុស្ស ដែល​បង្កើត​ឡើង​ដោយ​លោក​ កឹម សុខា​ ​ព្រមទាំងលោក​ ​កឹម សុខា​ ​ផ្ទាល់បាន​ប្រកាស​មិន​គាំទ្រ​នោះ​ទេ។

លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​ប្រាប់​ ​VOA​ ​នា​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​ការ​ថ្លែង​របស់​លោក​ ​សម រង្ស៊ី​ ​គឺជា​ការ​លើកឡើង​ដែល​ផ្ទុយ​ពី​ការពិត និង​ថាជា​ការ​បោក​ប្រាស់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​បរទេស។​ លោក​បន្ត​ថា ក្រុម​របស់​លោក​ ​សម រង្ស៊ី​ គឺ​ជា​ក្រុម​ខុស​ច្បាប់​ ​ដែល​ធ្វើ​សកម្មភាព​ញុះញង់​ឲ្យ​មាន​ការ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្របច្បាប់។

លោក​មាន​ប្រសាសន៍​ថា៖

«ក្រុម​មនុស្ស​ខុស​ច្បាប់​ទេ​ដែល​ច្របូក​ច្របល់​ ​ឥឡូវ​កំពុង​តែច្របូក​ច្របល់​នៅ​ឯនាយ​សមុទ្រ​ហើយ។ យើង​ដឹង​ហើយ​ថា​ ​សម រង្ស៊ី​ ​ជា​ទណ្ឌិត​ ​ជា​មនុស្ស​ខុស​ច្បាប់​ ​ទៅ​បង្កើត​អង្គការ​ចាត់​តាំងមួយ​ គឺ​អង្គការ​ចាត់​តាំងដែល​បង្កើត​ដោយ​មនុស្ស​ខុស​ច្បាប់​ហ្នឹង​ ​គឺ​ជា​អង្គការ​ចាត់​តាំង​ខុសច្បាប់។​ ​បាន​សេចក្តី​ថា ​ចលនា​សាង​គ្រោះជាតិ​ហ្នឹង​ជា​ចលនា​ខុស​ច្បាប់។​ ​អញ្ចឹង​មនុស្ស​ខុស​ច្បាប់​ ​និង​ចលនា​ខុស​ច្បាប់​ ​ធ្វើ​សកម្មភាពក្រៅ​ស្រុក​ដើម្បី​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋបះបោរ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ អាហ្នឹង​ហើយ​គឺជា​សកម្មភាពឧទ្ទាមនិយម​ក្រៅ​ច្បាប់»។

លោក​នាយករដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ​ក៏​បាន​បង្ហោះ​សារ​លើ​ទំព័រ​ ​Facebook​ ​របស់​លោកថា​ ​ប្រជា​ពល​រដ្ឋ​រីករាយ​ក្នុង​ការរស់នៅ​ជួបជុំ​គ្រួសារ​ ​មាន​ឱកាស​ប្រកប​មុខ​របរ​តាម​ចំណូល​ចិត្ត និង​ធ្វើដំណើរ​ទេសចរណ៍​កម្សាន្ត​ជិត​ឆ្ងាយ​ដោយ​គ្មាន​ការ​ភ័យខ្លាច​ ​និង​ថា​ ​ប្រជា​ពលរដ្ឋ​សព្វថ្ងៃ​ធុញ​ទ្រាន់​នឹង​សង្រ្គាម​ ​មិន​ចង់​ឮ​ ​មិន​ចង់​រំឭក​ដល់​ឡើយ។

លោក​បន្ថែម​ក្នុង​ន័យ​ដើម​ថា៖​

«បងប្អូន​គ្មាន​ត្រូវការ​សាកល្បង​ផ្លាស់​ប្តូរ​អ្វី​ទៀត​ទេ​ ​ព្រោះ​ពេល​នេះ​បង​ប្អូន​បាន​រស់នៅ​សុខ​ស្រួល​ហើយ។​ ​ទន្ទឹម​នឹង​នេះ​ ​បងប្អូន​ជនរួមជាតិ​ក៏​បាន​ដឹង​ច្បាស់​ហើយ​ថា​ ​មាន​តែ​គណបក្ស​ប្រជាជន​តែ​មួយ​គត់​ដែល​មាន​សមត្ថភាព​ពិត​ ​ក្នុង​ការ​ថែរក្សា​ការពារ​សន្តិភាព​ ​និង​ផ្តល់​ឱកាស​ពិត​ប្រាកដ​ដល់​ពល​រដ្ឋ»។

​ក្រោយពី​ការ​ចាប់​ខ្លួន​ និង​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ​ដែល​ទទួល​ការ​គាំទ្រ​ ​ពី​ពលរដ្ឋ​ខ្មែរជាង៤០​ភាគ​រយ​នា​ពេល​បោះ​ឆ្នោត​កន្លង​មក​ និង​ហាមប្រាម​មិន​ឲ្យ​អតីត​មន្រ្តី និង​អតីត​តំណាង​រាស្ត្រ​គណបក្ស​នេះចំនួន១១៨រូប មិន​ឲ្យ​ចូល​រួម​នយោបាយ​ចំនួន​៥ឆ្នាំ​ ​តំណាង​រាស្ត្រ​និង​មន្ត្រី​សំខាន់ៗ​មួយ​ចំនួន​របស់​គណបក្ស​នេះ​បាន​រត់​ភៀស​ខ្លួន​ទៅ​បរទេស។​ ​អតីត​មន្ត្រី និងតំណាង​រាស្ត្រ​ទំាង​នោះ​ ​រួមទាំង​លោក​ ​សម រង្ស៊ី​ ​បានសម្រេច​បង្កើត​ចលនា​សង្គ្រោះ​ជាតិមួយ​កាលពី​ខែ​មករា​កន្លង​ទៅ។

ក្រោយ​ការ​ប្រកាស​បង្កើត​ចលនា​សង្គ្រោះជាតិ​នេះ​ ​គេ​ឃើញ​មន្រ្តី​ជាន់ខ្ពស់​ដែល​ជា​មេ​ទាហាន​ ​និង​មេ​នគរបាល​ជាច្រើន​រូប រួម​មាន​ ​លោក​ ​ទៀ បាញ់​ ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ លោក​ ​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​លោក​ ​សៅ សុខា​ ​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជាដើម​ ​បាន​ហៅ​ចលនា​នោះ​ថា ជា​ភេរវកម្ម និង​បាន​ប្តេជ្ញា​បង្រ្កាប​ចលនា​នោះ​ ​មិន​ឲ្យ​កើត​មាន​នៅ​កម្ពុជា។

កាលពី​សប្តាហ៍​មុន​ ​គេ​ឃើញ​ទំព័រ​ហ្វេសប៊ុក​អនាមិក​មួយ​ឈ្មោះ​ ​«សារព័ត៌មាន​ជំនាន់​ថ្មី​»​ ​បានបង្ហោះ​ដោយ​អះអាង​ថា​ ​លោក​ឧត្តមសេនីយ៍​ត្រី​ ​នាក់ វង្ស​ ​មេបញ្ជាការ​រង​កងពល​តូច​ថ្មើរជើង​លេខ​ ៤២​ ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ប្រចាំ​ទិស​ប្រាសាទ​តា​មាន់​បា​នគាំទ្រ​ចលនា​សង្គ្រោះ​ជាតិ។

ក្រោយ​ការ​បង្ហោះ​នោះ​ ​គេ​ឃើញ​លោក​ ​នាក់ វង្ស​ ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដោយ​បដិសេធ​ការ​ចោទ​ប្រកាន់​ ​និង​ហៅ​ការ​ផ្សព្វផ្សាយ​នោះថា ជា​ព័ត៌មាន​មិន​ពិត​ ​ក្នុង​គោល​បំណង​បំបែក​បំបាក់​កងទ័ព។

ទោះ​ជា​យ៉ាង​ណា​ទំព័រ​ ​Facebook​ «​សារព័ត៌មាន​ជំនាន់​ថ្មី»​ ​ត្រូវ​បាន​គេ​លុប​ចេញ​ពី​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ​បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​បើក​ការ​ស៊ើបអង្កេតលើ​ការ​បង្ហោះ​នោះ៕

XS
SM
MD
LG