ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន ​ហៅ​លោក​​ សម រង្ស៊ី​ ថា​​​«មេ​ភេរវកម្ម»​ និង​ព្រមាន​ពី​​​​ការ​​ចាប់​ខ្លួន​នៅ​​អាស៊ី


រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​​​ចូលរួមមហា​សន្និបាត​បក្ស​​ដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​​​ចូលរួមមហា​សន្និបាត​បក្ស​​ដែល​មាន​រយៈពេល​បីថ្ងៃ​ ​នៅរាជធានីភ្នំពេញ កាលពីថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០១៨។⁣ (រូបដកស្រង់ពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

នាយ​ឧត្ដមសេនីយ៍ ​ខៀវ សុភ័គ​ ប្រាប់​ ​VOA​ ​ថា ​កម្ពុជា​មាន​បត្យាប័ន​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួន​​ក្នុ​ង​​តំបន់​អាស៊ី​ដើម្បី​ចាប់​បញ្ជូន​អ្នក​ប្រព្រឹត្ត​បទល្មើស​ ​ឬ​អ្នក​ទោស​ពី​ប្រទេស​ទាំង​នោះ​មក​កម្ពុជា។

លោក​ ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​ហៅលោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិថា​ ​ជា ​«មេ​ភេរវកម្ម»​ ​និង​បាន​ព្រមាន​ចាប់​បញ្ជូន​ខ្លួន​លោក​ ​មក​កាត់​ទោស​នៅ​កម្ពុជា​ ​ប្រសិន​បើ​អតីតប្រធាន​គណបក្សប្រឆាំង​រូប​នេះ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាស៊ី​ណាមួយ។​

លោក​ ​ហ៊ុន សែន​ ​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​ ​និង​សម្ពោធ​អគារ​ទេព​កោសល្យ​វិស្វកម្ម​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។​ លោក​លើក​ឡើង​ថា​ ​កម្ពុជា​ ​និង​បណ្តា​ប្រទេស​ផ្សេងៗ​កំពុង​មាន​ទំនាក់ទំនង​ល្អ​ក្នុង​ការ​ដោះដូរ​ទំនិញ​ផ្សេងៗ​ ​ប៉ុន្តែ​លោក​ថា​ លោក​ សម រង្ស៊ី​ តែង​អំពាវនាវ​ឲ្យ​បរទេស​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​ និង​បញ្ឈប់​ការ​បញ្ជា​ទិញ​ទំនិញ​ផ្សេងៗ។​ លោក​បន្ថែម​ថា​ ​ការ​អំពាវនាវ​ឲ្យ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​នឹង​អាច​ធ្លាក់​លើ​លោក​ សម រង្ស៊ី​ ខ្លួន​ឯង​ ​និង​បានព្រមាន​លោក ​សម រង្ស៊ី​ កុំ​បង្ហាញ​ខ្លួន​នៅ​ប្រទេស​ក្នុង​អាស៊ី។​

លោក​នាយករដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា៖​

«ខ្ញុំ​សូម​ផ្តាំ​កុំ​មក​អាស៊ី​ឲ្យ​សោះ​ ​សូម​កុំ​មក​ក្បែរ​អាស៊ី។​ បើ​អ្នក​ឯង​តាំង​ខ្លួន​ជាភេរវករ​ហើយ​ ​ខ្ញុំ​នឹង​តាម​យក​អ្នក​ឯង​ទាល់​តែ​បាន។​ ឥឡូវ​នេះ​គេ​កំពុង​ប្រកាស​ខ្លួន​ជា​មេ​ភេរវករ​ហើយ​ ​មិនមែន​ត្រឹម​តែ​ជា​អង្គការ​ក្រៅ​ច្បាប់​ ​ជា​ភេរវករ​តែ​ម្តង​ ​ជា​អង្គការ​ភេរវកម្ម សូម​អញ្ជើញ​ធ្វើ​ចុះ។​ ខ្ញុំ​ថា​ មិន​ចង់​បញ្ជូន​សារ​ហ្នឹង​ចេញ​ទេ​ ​ព្រោះ​ខ្ញុំ​ចង់​ឲ្យ​វា​ស្ងប់ ឲ្យ​វា​មក។​ ប៉ុន្តែ​បើ​វា​ជ្រុល​ហើយ ថា​ឲ្យ​វា​តែ​ម្តង​ទៅ​ ​កុំ​ឲ្យ​វា​មក។​ ជន​ភេរវករ​ ​យើង​អាច​តាមចាប់ខ្លួន​នៅ​ទី​កន្លែង​នេះ​ ​ឬ​ទី​កន្លែង​នោះ»។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ​សម រង្ស៊ី​ ​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​កំពុង​និរទេស​ខ្លួន​នៅ​បរទេសបាន​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

​នាយ​ឧត្ដមសេនីយ៍ ​ខៀវ សុភ័គ​ ប្រាប់​ ​VOA​ ​ថា ​កម្ពុជា​មាន​បត្យាប័ន​ជាមួយ​បណ្តា​ប្រទេស​មួយ​ចំនួនក្នុ​ងតំបន់​អាស៊ី​ដើម្បី​ចាប់​បញ្ជូន​អ្នក​ប្រព្រឹត្ត​បទល្មើស​ ​ឬ​អ្នក​ទោស​ពី​ប្រទេស​ទាំង​នោះ​មក​កម្ពុជា។ លោក​បន្ថែម​ថា​ ​កម្ពុជា​ក៏​នៅ​តែ​អាច​ស្នើ​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​តំបន់​អាស៊ី​ណាមួយ​ចាប់​បញ្ជូន​ជន​ល្មើស​ ​ឬ​អ្នកទោស​មក​ ​ដោយ​មិន​ចាំបាច់​មាន​បត្យាប័ន។​

កាល​ពី​ថ្ងៃ​ទី​២៨​ ​ខែ​មករា​ ​ឆ្នាំ​២០១៨​ ​លោក ​សម រង្ស៊ី​ បាន​ប្រកាស​បង្កើត​ចលនា​សង្គ្រោះ​ជាតិ​ជា​ផ្លូវការ​នៅ​ក្រៅ​ប្រទេស។​ លោក​អះអាង​ថា​ ការ​បង្កើត​ចលនា​សង្គ្រោះជាតិ​គឺ​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​ ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក​ កឹម សុខា​ និង​ទាមទារ​ឲ្យ​គណបក្ស​សង្រ្គោះ​ជាតិ​ ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ​ឆ្នាំ​កន្លង​ទៅ​ ​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឡើងវិញ៕

XS
SM
MD
LG