សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃអង្គារនេះ ប្រកាសតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញទុកជាបានការ ដោយសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិឲ្យនៅក្នុងឃុំដដែល។ ការសម្រេចនេះធ្វើឡើងភ្លាមក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានប្រកាសថា នឹងមិនដោះលែង ឬបន្ធូរបន្ថយទោសលោក កឹម សុខា ជាដាច់ខាត។
ថ្លែងក្នុងពិធីប្រគល់សញ្ញាប័ត្រដល់និស្សិតសាកលវិទ្យាល័យមួយនៅវិទ្យាស្ថានជាតិអប់រំ នៅព្រឹកថ្ងៃទី២៧ ខែមីនានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសយ៉ាងដាច់ណាត់ជាថ្មីថា លោកនឹងមិនចរចាជាមួយថ្នាក់ដឹកនាំគណបក្សប្រឆាំងនោះទេ ដោយលោកថា ក្រុមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបានតុលាការរំលាយ តែងប្រមាថលោក និងក្រុមគ្រួសាររបស់លោកជារឿយៗ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំបញ្ជាក់តែពីរចំណុចទេ ទី១ គ្មានការចរចាជាមួយពួកក្បត់ជាតិ ទី២ គ្មានការលើកលែងទោស ឬបន្ធូរបន្ថយទោសឲ្យក្រុមពួកក្បត់ជាតិនេះទេ»។
លោកនាយករដ្ឋមន្រ្តី ដែលកាន់អំណាចជាង៣០ឆ្នាំ បានបន្ថែមថា លោកជាអ្នកបញ្ជាឲ្យចាប់ខ្លួនលោក កឹម សុខា ទាំងយប់ ហើយលោកក៏មិនជឿថា តុលាការនឹងដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំនោះដែរ។
លោកបញ្ជាក់ថា៖
«ខ្ញុំមិនជឿថា ព្រឹកនេះ សាលាឧទ្ធរណ៍គេនឹងដោះលែងអាចោរក្បត់ជាតិនោះទេ ព្រោះនេះជាអំពើក្បត់ជាតិ។ ប៉ុន្តែខ្ញុំគោរពសេចក្តីសម្រេចរបស់តុលាការ ប្រសិនបើតុលាការអនុញ្ញាតឲ្យវានៅក្រៅឃុំ។ អាហ្នឹងខ្ញុំក៏មិនដឹងធ្វើម៉េច។ ប៉ុន្តែខ្ញុំមិនជឿទេថា តុលាការនឹងដោះលែងអាមេក្បត់ជាតិហ្នឹងទេ។ ហើយអ្នកដែលចាប់ខ្លួនដំបូង អ្នកដែលបញ្ជាឲ្យចាប់ខ្លួនដំបូងគឺ ហ៊ុន សែន អ្នកបញ្ជា គ្មានអ្នកណាផ្សេងទេ។ បើគ្មានបទបញ្ជាពី ហ៊ុន សែន គ្មានអ្នកណាហ៊ានចាប់ទេ! តែទោសក្បត់ជាតិគឺត្រូវចាប់ខ្លួនទាំងយប់អីចឹង»។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើឡើង ខណៈសភាស៊ើបសួរសាលាឧទ្ធរណ៍កំពុងបើកសវនាការលើបណ្តឹងរបស់លោក កឹម សុខា ដែលប្តឹងមិនសុខចិត្តទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានបន្តឃុំខ្លួនលោក ក្រោយការជាប់ឃុំរយៈពេល៦ខែបានបញ្ចប់។
ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្រ្តីបន្តិច សភាស៊ើបសួរសាលាឧទ្ធរណ៍បានប្រកាសតម្កល់ការសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគារដដែល។ ការសម្រេចនោះធ្វើឡើង ខណៈមានការយាមកាមពីសមត្ថកិច្ចចម្រុះរាប់សិបនាក់ ដោយមានការបិទផ្លូវជុំវិញតុលាការផងដែរ។ ទោះយ៉ាងណា គេមិនឃើញមានវត្តមានរបស់លោក កឹម សុខា ចូលរួមក្នុងសវនាការនោះទេ បើទោះបីជាអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍បានផ្ញើលិខិតទៅប្រធានពន្ធនាគារត្រពាំងផ្លុង ឲ្យបញ្ជូនខ្លួនលោក កឹម សុខា ទៅចូលរួមសវនាការក្តី។
ក្រោយបញ្ចប់សវនាការ មេធាវីមួយរូបក្នុងចំណោម៨រូប ដែលការពារក្តីឲ្យលោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី ប្រាប់ VOA នៅខាងក្រៅតុលាការថា ការសម្រេចរបស់តុលាការ គឺជាការសម្រេចដែលអយុត្តិធម៌ និងមិនអាចទទួលយកបាន។ អ្នកស្រីបន្ថែមថា ករណីកូនក្តីរបស់អ្នកស្រី គឺពាក់ព័ន្ធនឹងរឿងនយោបាយសុទ្ធសាធ។
អ្នកស្រីមានប្រសាសន៍ថា៖
«យើងខ្ញុំ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត យល់ឃើញថា រឿងហ្នឹងជារឿងនយោបាយទេ ព្រោះគាត់អត់មានប្រព្រឹត្តបទល្មើសអីទេ។ ណាមួយយើងឃើញថា ការស៊ើបអង្កេត៦ខែមកនេះ ចៅក្រមស៊ើបសួររកភស្តុតាងមកដាក់បន្ទុកអីមិនទាន់មានមូលដ្ឋានគ្រប់គ្រាន់ក្នុងការដាក់បន្ទុកគាត់នៅឡើយទេ។ ការពន្យារពេលហ្នឹងគឺជាការប៉ះពាល់សិទ្ធិរបស់គាត់ ពីព្រោះអី វាគ្មានភស្តុតាងអីដែលអាចមកដាក់បន្ទុកគាត់។ អីចឹង បើកាលណាពន្យារពេលឃុំខ្លួនហ្នឹងធ្វើប៉ះពាល់ដល់សិទ្ធិសេរីភាពកូនក្តីរបស់យើងខ្ញុំធ្ងន់ធ្ងរ»។
មេធាវីដដែលបន្ថែមថា ការថ្លែងធ្ងន់ៗរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកនេះ គឺជាការថ្លែងបែបអ្នកនយោបាយ ហើយថា ក្រុមមេធាវីនៅតែរំពឹងថា ដំណោះស្រាយសម្រាប់អ្នកនយោបាយនឹងនៅតែមាន។
អ្នកស្រីបញ្ជាក់ថា៖
«កន្លងមក យើងធ្លាប់ឃើញវិបត្តិនយោបាយនៅក្នុងប្រទេសកម្ពុជាយើងហ្នឹង មិនមែនមិនធ្លាប់មានទេ ធ្លាប់កើតមានជាហូរហែ ក៏ប៉ុន្តែចុងក្រោយគឺដំណោះស្រាយរវាងអ្នកនយោបាយគឺតែងតែកើតមាន។ ហេតុដូច្នេះ លើកនេះក៏ដូចគ្នា យើងខ្ញុំសង្ឃឹមថា នឹងមានដំណោះស្រាយវិបត្តិនយោបាយមួយនៅថ្ងៃខាងមុខ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្តាលយប់រំលងអាធ្រាត្រ កាលពីខែកញ្ញា ឆ្នាំ២០១៧ ដោយចោទលោកពីបទ «ក្បត់ជាតិ» និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែលជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ ក្រោយការចាប់ខ្លួនអតីតមេដឹកនាំគណបក្សប្រឆំាង តុលាការកំពូលកម្ពុជាបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិ និងព្យួរសិទ្ធិរបស់ក្រុមមន្ត្រី និងតំណាងរាស្ត្រគណបក្សប្រឆាំងនេះចំនួន១១៨រូប មិនឲ្យធ្វើនយោបាយម្នាក់ៗ៥ឆ្នាំ ទៅតាមបណ្តឹងរបស់រដ្ឋាភិបាលលោក ហ៊ុន សែន កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧។
រហូតមកដល់ពេលនេះ លោក កឹម សុខា ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលជាង៦ខែមកហើយ។ ចៅក្រមសាលាដំបូងរាជធានីកាលពីដើមខែមីនា បានបើកសវនាការនៅក្នុងពន្ធនាគារ ដោយសម្រេចបន្តឃុំខ្លួនលោក កឹម សុខា បន្ថែមទៀត ក្រោយការឃុំខ្លួនបណ្តោះអាសន្នរយៈពេល៦ខែបានបញ្ចប់។
កន្លងមក ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា បានប្តឹងទៅតុលាការគ្រប់ជាន់ថ្នាក់ ដើម្បីសុំមោឃភាពការចាប់ឃុំខ្លួនលោក កឹម សុខា ទាំងកណ្តាលយប់ ដោយអះអាងថា ការចាប់ឃុំឃាំងតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដែលមានអភ័យឯកសិទ្ធិសភានោះ គឺជាអំពើខុសច្បាប់កំពូលរបស់កម្ពុជា។ ក្រុមមេធាវីទាំងនោះក៏បានប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ សុំឲ្យលោក កឹម សុខា បាននៅក្រៅឃុំដើម្បីព្យាបាលជំងឺលើសឈាម និងទឹកនោមផ្អែម ប៉ុន្តែបណ្តឹងរបស់ពួកគេត្រូវបានតុលាការទាំងនោះច្រានចោល។
ពេលសាលាឧទ្ធរណ៍បើកសវនាការរបស់លោក កឹម សុខាសុំនៅក្រៅឃុំ នៅព្រឹកថ្ងៃអង្គារនេះ គេសង្កេតឃើញថា មានការដាក់របាំង និងកងកម្លាំងការពារសន្តិសុខជុំវិញសាលាឧទ្ធរណ៍យ៉ាងតឹងរ៉ឹង។ ជាមួយគ្នានោះដែរ មានក្រុមអ្នកគាំទ្ររបស់លោក កឹម សុខា ប្រមាណជាង៥០នាក់បានប្រមូលផ្តុំក្បែរតុលាការឧទ្ធរណ៍ផងដែរ។ ការប្រមូលផ្តុំរបស់អ្នកគាំទ្រ លោក កឹម សុខា បានឈានដល់ការប៉ះទង្គិចតិចតួចជាមួយសមត្ថកិច្ច ពេលដែលអាជ្ញាធរខណ្ឌដូនពេញបើការវាយប្រហារលើអ្នកគាំទ្រមួយរូប។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ការពង្រាយកងកម្លាំងចម្រុះនៅតាមបរិវេណសាលាឧទ្ធរណ៍ គឺដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់នៅទីនោះ។ ទោះយ៉ាងណា លោកបដិសេធមិនប្រាប់ពីចំនួនកងកម្លាំងចម្រុះដែលត្រូវបានពង្រាយកាលពីព្រឹកមិញនោះទេ។ ចំណែកករណីហិង្សាដែលកងសន្តិសុខខណ្ឌប្រព្រឹត្តលើបុរសអ្នកគាំទ្រលោក កឹម សុខានោះ លោកនិយាយថា លោកមិនទាន់បានដឹងព័ត៌មាននេះនៅឡើយ។
លោក ម៉េត មាសភក្តី បញ្ជាក់ថា៖
«ការដាក់កម្លាំងដើម្បីរៀបចំសណ្តាប់ធ្នាប់ ក៏ដូចជាសន្តិសុខនៅក្នុងរាជធានីភ្នំពេញរបស់យើង ផ្តោតទៅលើទីតាំងនៅបរិវេណជុំវិញសាលាឧទ្ធរណ៍នេះ គឺជាកិច្ចការដែលអាជ្ញាធររបស់យើងត្រូវតែរក្សា ត្រូវតែការពារជូនទៅដល់អង្គសវនាការផង ជូនទៅដល់អីៗអីចឹង ក៏ដូចជាការធ្វើដំណើរម្តុំហ្នឹងកុំឲ្យមានការកកស្ទះ កុំឲ្យមានអីដែលមានការរំខានដល់សវនាការ។ នេះជាភារកិច្ចដែលយើងត្រូវធ្វើជូនទៅស្ថាប័នតុលាការ»។
គិតមកដល់ពេលនេះ ក្រៅពីលោក កឹម សុខា ប្រធានបក្សសង្គ្រោះជាតិ យ៉ាងហោចណាស់មានសកម្មជននយោបាយ មន្ត្រី និងអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងជាង២០រូបកំពុងជាប់ឃុំក្នុងពន្ធនាគារ នៅទូទាំងប្រទេស។ ពួកគេត្រូវបានចាប់ឃុំខ្លួន និងកាត់ទោសជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០១៥មក ទាក់ទងនឹងសំណុំរឿងផ្សេងៗគ្នា រាប់ចាប់តាំងពីការបង្កអំពើហិង្សា និងការកកូរកកាយរឿងផែនទីរឿងព្រំដែនកម្ពុជា-វៀតណាមឡើងវិញ។
ក្រោយការចាប់ខ្លួនលោក កឹម សុខា ការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេស ព្រមទាំងការបិទស្ថាប័នមិនមែនរដ្ឋាភិបាល និងស្ថាប័នព័ត៌មានមួយចំនួនមកនោះ សហរដ្ឋអាមេរិកបានប្រកាសផ្ដាច់ជំនួយអភិវឌ្ឍន៍ជាច្រើនមកកម្ពុជា ដោយថា រដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យ និងមិនអើពើជុំវិញការទទូចឲ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានប្រកាសដកខ្លួនឈប់គាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ចំណែកសភាអឺរ៉ុប ក៏បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានទទូចឲ្យបណ្ដាប្រទេសនៅសហគមន៍អឺរ៉ុប ពន្លឿនការដាក់ទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលលោក ហ៊ុន សែន ផងដែរ៕