ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អេត្យូពី ស៊ូដង់ និង​អេហ្ស៊ីប មាន​សុទិដ្ឋិនិយម​ចំពោះ​ការ​ចរចា​លើ​បញ្ហា​ទំនប់​វារីអគ្គិសនី​នៅ​ទន្លេ​នីល


រូបឯកសារ៖ ទំនប់​វារី​អគ្គិសនី Grand Renaissance Dam នៅ​ប្រទេស​អេត្យូពី ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់ នៅ​ទន្លេ​នីល ក្នុង​ប្រទេស​អេត្យូពី (រូបថត​ កាល​ពី​ខែ​កញ្ញា ២០១៩)។
រូបឯកសារ៖ ទំនប់​វារី​អគ្គិសនី Grand Renaissance Dam នៅ​ប្រទេស​អេត្យូពី ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់ នៅ​ទន្លេ​នីល ក្នុង​ប្រទេស​អេត្យូពី (រូបថត​ កាល​ពី​ខែ​កញ្ញា ២០១៩)។

ប្រតិភូ​មក​ពី​ប្រទេស​អេហ្ស៊ីប អេត្យូពី និង​ស៊ូដង់ បន្ត​ចរចា​អំពី​បញ្ហា​ប្រើ​ប្រាស់​ទឹក​ពាក់ព័ន្ធ​នឹង​ទំនប់​វារីអគ្គិសនី Grand Ethiopian Renaissance Dam នៅ​ក្នុង​ប្រទេស​អេត្យូពី ដែល​កំពុង​សាង​សង់​នៅ​ក្នុង​ទន្ល​នីល។

បន្ទាប់​ពី​កិច្ច​ប្រជុំ​រយៈ​ពេល ២ ថ្ងៃ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​បញ្ចប់​មក ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្ដី​ប្រកាស​មួយ​កាល​ពី​ថ្ងៃ​ទី ១៤ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ ដោយ​បញ្ជាក់​ថា ក្រុម​បច្ចេកទេស និង​ក្រុម​ផ្នែក​ច្បាប់​មក​ពី​ប្រទេស​ទាំង​អស់​សម្រេច​បាន​ដំណើរ​វិវឌ្ឍ​មួយ​ចំនួន​ឆ្ពោះ​ទៅ​កាន់​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​មួយ ដែល​នឹង​ត្រូវ​ពិនិត្យ​ដោយ​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​នីមួយៗ។

លោក Steven Mnuchin រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក បាន​ថ្លៃង​ថា៖ «ដោយ​មាន​កិច្ច​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​ធនាគារ​ពិភពលោក សហរដ្ឋ​អាមេរិក​បាន​យល់ព្រម​សម្រប​សម្រួល​ការ​រៀបចំ​កិច្ច​ព្រមព្រៀង​ចុង​ក្រោយ​ដើម្បី​ឲ្យ​រដ្ឋមន្ត្រី និង​ប្រមុខ​រដ្ឋ​នានា​ពិនិត្យ​ដើម្បី​សម្រេច​នៅ​ចុង​ខែ​នេះ»។

រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អង់ហ្គោឡា អេត្យូពី និង​សេណេហ្គាល់ បាន​និយាយ​ថា លោក​កំពុង​តាម​ដាន​យ៉ាង​ដិត​ដល់​លើ​កិច្ច​ពិភាក្សា​នេះ។

លោក​បាន​និយាយ​ថា លោក​ចង់​លើក​ទឹក​ចិត្ត​ប្រទេស​ស៊ូដង់ អេហ្ស៊ីប និង​អេត្យូពី​ឲ្យ​បន្ត​ពិភាក្សា​លើ​បញ្ហា​នេះ ដើម្បី​ឲ្យ​ប្រាកដ​ថា ប្រទេស​នីមួយៗ​ទទួល​បាន​ទឹក​ដែល​ខ្លួន​ត្រូវ​ការ»។

ទំនប់ Grand Ethiopian Renaissance Dam ដែល​មាន​ទឹក​ប្រាក់​វិនិយោគ ៤ ពាន់​លាន​ដុល្លារ​នេះ គឺ​ជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ជាង​គេ​បង្អស់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទ្វីប​អាហ្វ្រិក។ ប្រទេស​អេត្យូពី​រំពឹង​ថា នឹង​បញ្ចប់​ការ​សាង​សង់​ទំនប់​នេះ​នៅ​ឆ្នាំ ២០២២ ហើយ​ជឿ​ថា ទំនប់​នេះ​នឹង​ផលិត​ថាមពល​អគ្គិសនី​បាន ៦ ពាន់​មេហ្គាវ៉ាត់ ដែល​ថាមពល​ខ្លះ​អាច​លក់​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន​ទៀត​ផង។

ប៉ុន្តែ​ប្រទេស​អេហ្ស៊ីប និង​ស៊ូដង់ មាន​ការ​ព្រួយ​បារម្ភ​ថា ទំនប់​នេះ​អាច​បង្ក​ការ​ប៉ះ​ពាល់​ដល់​លំហូរ​ទឹក។ ប្រទេស​អេហ្ស៊ីប​ពឹង​ផ្អែក​លើ​ទន្លេ​នីល​រហូត​ដល់ ៩០ ភាគរយ​សម្រាប់​តម្រូវការ​ទឹក​របស់​ខ្លួន។

រូបឯកសារ៖ ទំនប់វារី​អគ្គិសនី Grand Ethiopian Renaissance Dam ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់ នៅ​ប្រទេស​អេត្យូពី។
រូបឯកសារ៖ ទំនប់វារី​អគ្គិសនី Grand Ethiopian Renaissance Dam ដែល​កំពុង​ស្ថិត​ក្រោម​ការ​សាង​សង់ នៅ​ប្រទេស​អេត្យូពី។

រដ្ឋមន្ត្រី​ក្រសួង​ធារាសាស្ត្រ និង​ធនធាន​ទឹក​នៃ​ប្រទេស​ស៊ូដង់ លោក Yasser Abbas បាន​និយាយ​ថា ប្រទេស​របស់​លោក​មាន​សុទិដ្ឋិនិយម ក្រោយ​ពី​ការ​ប្រជុំ​នេះ។

លោក​ថ្លែង​ប្រាប់ VOA ថា៖ «ខ្ញុំ​អាច​និយាយ​បាន​ថា យើង​មាន​ការ​រីកចម្រើន​ច្រើន​ចាប់​ពីពេល​នោះ​មក ហើយ​ការ​ប្រជុំ​នេះ​ភាគ​ច្រើន​ផ្ដោត​លើ​របៀប​ចាក់​បំពេញ​ទំនប់​នៅ​ដំណាក់​កាល​ដំបូង និង​របៀប​ដំណើរ​ការ​ទំនប់​នោះ។ នៅ​ប្រទេស​ស៊ូដង់ យើង​យល់​ឃើញ​ថា ទំនប់​នេះ​ជា​ឱកាស​សក្ដានុពល​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់»។

Abbas និយាយ​ថា ទំនប់​នេះ​មាន​ផល​ប៉ះពាល់​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​សម្រាប់​ប្រទេស​ស៊ូដង់។ ចំណុច​វិជ្ជមាន​នោះ​គឺ​ថា វា​នឹង​សម្រួល​ដល់​លំហូរ​ទឹក ដែល​ធ្វើ​ឲ្យ​កម្រិត​ទឹក​នៅ​ចំណុច​ទន្លេ Blue Nile មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា។ លោក​បាន​បន្ត​ថា ចំណុច​អវិជ្ជមាន​វិញ​នោះ​គឺ​ទំនប់​នេះ​អាច​បង្ក​ផល​ប៉ះពាល់​ដល់​កសិករ​ដែល​ធ្វើ​កសិកម្ម​នៅ​តាម​មាត់​ទឹក​នៅ​តាម​តំបន់​ណា​ដែល​ទឹក​ឡើង​ផុត​ពី​ច្រាំង​ទន្លេ​នីល។

ចំណុច​ប្រទាញប្រទង់​គ្នា​ខ្លាំង​គឺ​នៅ​ត្រង់​ថា​តើ​ប្រទេស​អេត្យូពី​នឹង​ចាក់​បំពេញ​ទំនប់​នោះ​បាន​លឿន​ប៉ុណ្ណា។ លោក Abbas និយាយ​ថា៖ «ក្ដី​បារម្ភ​ចម្បង​របស់​យើង​គឺ​ថា យើង​ចង់​ឲ្យ​ប្រទេស​ទាំង ៣ យល់​ស្រប​គ្នា​លើ​ការ​ចាក់​បំពេញ​ដី​នៅ​ដំណាក់​កាល​ដំបូង​ថា​តើ​វា​នឹង​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​ដើម្បី​ចាក់​បំពេញ​រួច​រាល់ ហើយ​ថា​តើ​ប្រតិបត្តិការ​នោះ​នឹង​ដំណើរការ​យ៉ាង​ម៉េច​នៅ​ពេល​បន្ទាប់​មក»។

ទំនប់​នេះ​នឹង​មាន​សមត្ថភាព​ទប់​ទឹក​បាន ១០ លាន ២ សែន​ម៉ែត្រ​គូប។ ប្រទេស​អេត្យូពី​បាន​ស្នើ​កាល​ពី​លើក​ដំបូងៗ​ឲ្យ​មាន​ការ​ចាក់​បំពេញ​ទំនប់​នោះ​ក្នុង​រយៈ​ពេល​ពី ៤ ទៅ ៧ ឆ្នាំ ប៉ុន្តែ​ប្រទេស​អេហ្ស៊ីប​បាន​ស្នើ​ឲ្យ​មាន​ដំណើរការ​យឺត​ជាង​នេះ ក្នុង​ស្ថានការណ៍​ដែល​មាន​គ្រោះ​រាំងស្ងួត ឬ​ក៏​កង្វះ​ទឹក។

នៅ​ក្នុង​កិច្ច​សម្ភាស​មួយ​ជាមួយ VOA ផ្សាយ​ជា​ភាសា Amharic ដែល​ជា​ភាសា​មួយ​នៃ​ប្រទេស​អេត្យូពី ឯក​អគ្គរដ្ឋទូត​អេត្យូពី​ប្រចាំ​សហរដ្ឋ​អាមេរិក​លោក Fitsum Arega បាន​និយាយ​ថា កិច្ច​ចរចា​បាន​ពិនិត្យ​មើល​លើ​សេណារីយ៉ូ​ផ្សេងៗ​ដែល​អាច​កើត​មាន ដូចជា​ការ​ធ្លាក់​ចុះ​នៃ​កម្រិត​ទឹក​ដោយ​សារ​តែ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ការ​រាំង​ស្ងួត​ជា​ច្រើន​ឆ្នាំ​បន្ត​បន្ទាប់​គ្នា​ជា​ដើម។

ក្រុម​បច្ចេកទេស​កំពុង​ព្យាយាម​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​ករណី​នីមួយៗ​ខាង​លើ។ លោក Fitsum និយាយ​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ដើម្បី​ចរចា​ពី​បញ្ហា​ទាំង​នេះ​ត្រូវ​បាន​រំខាន​ដោយ​ប្រទេស​មួយ​ចំនួន​ដែល​បាន​លើក​ឡើង​នូវ​បញ្ហា​មិន​ជាក់​លាក់​មួយ​ចំនួន​ដែល​ប្រទេស​អេត្យូពី​ចាត់​ទុក​ថា​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​ទំនប់​នេះ និង​កា​រប្រើ​ប្រាស់​ទឹក។

លោក Fitsum ថ្លែង​ប្រាប់ VOA យ៉ាង​ដូច្នេះ​ថា៖ «នៅ​ពេល​យើង​ឃើញ​អ្វី​ដែល​ប្រទេស​ទាំង ៣ បាន បង្ហាញ​ឡើង យើង​ឃើញ​ថា​ប្រទេស​ទាំង ៣ នោះ​មាន​ការ​រំពឹង​ទុក​ផ្សេងៗ​គ្នា។ សម្រាប់​ប្រទេស​អេត្យូពី យើង​គ្រាន់​តែ​ចង់​ផ្ដោត​ទៅ​លើ​គម្រោង​ទំនប់ Grand Ethiopian Renaissance នេះ តែ​ប៉ុណ្ណោះ។ នេះ​ជា​រឿង​តែ​មួយ​គត់​ដែល​យើង​ចង់​ពិភាក្សា»។

ប្រភព​នៃ​ការ​ជជែក​ដេញ​ដោល​មួយ​ផ្សេង​ទៀត​នោះ​គឺ​ថា​តើ​ប្រទេស​ស៊ូដង់ និង​អេហ្ស៊ីប​ទទួល​បាន​ថាមពល​អគ្គិសនី​ដែល​ទំនប់​នេះ​ផលិត​បាន​ក្នុង​កម្រិត​ណា។ លោក​ឯក​អគ្គ​រដ្ឋទូត Mohamed Higazy ដែល​ជា​អតីត​ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អេហ្ស៊ីប បាន​និយាយ​ថា លោក​ចង់​ឃើញ​ទំនប់​នេះ​ក្លាយ​ជា​យាន​សម្រាប់​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​តំបន់ ដែល​រួម​មាន​ទាំង​សមាហរណកម្ម​លើ​ថាមពល​អគ្គិសនី​របស់​ប្រទេស​ទាំង ៣ ផង​ដែរ។

លោក​បាន​ថ្លែង​ប្រាប់ VOA ថា៖ «ប្រទេស​អេហ្ស៊ីប និង​ស៊ូដង់ ជិត​សម្រេច​បាន​នូវ​ការ​តភ្ជាប់​បណ្ដាញ​អគ្គិសនី​ហើយ។ ហេតុ​អ្វី​មិន​ភ្ជាប់​អគ្គិសនី​នេះ​ទៅ​នឹង​ទំនប់ Renaissance ដែល​អគ្គិសនី​ផលិត​បាន​ពី​ទំនប់​នេះ​អាច​ប្រើ​ប្រាស់​បាន​នៅ​ប្រទេស​ស៊ូដង់ និង​អេហ្ស៊ីប ហើយ​បន្ទាប់​មក​អាច​នាំ​ចេញ​ទៅ​លក់​ឲ្យ​ទីផ្សារ​នៅ​ឯ​តំបន់​ឈូង​សមុទ្រ ឬ​ក៏​ទៅ​ដល់​ទ្វីប​អឺរ៉ុប​តាម​រយៈ​បណ្ដាញ​អគ្គិសនី​របស់​ប្រទេស​អេហ្ស៊ីប​នោះ?»។

លោក Higazy បាន​បន្ថែម​ថា លោក​មាន​សុទិដ្ឋិនិយម​ដោយ​ប្រុង​ប្រយ័ត្ន​អំពី​កិច្ច​ពិភាក្សា​នេះ ប៉ុន្តែ​លោក​សង្ឃឹម​ថា ភាគី​ទាំង​អស់​នឹង​សម្លឹង​មើល​លើ​ទិដ្ឋភាព​ទូលំទូលាយ​ជាង​នេះ​នៃ​ការ​រីកចម្រើន​ក្នុង​តំបន់ និង​ការ​គ្រប់​គ្រង​លើ​បរិស្ថាន ជា​ជាង​សម្លឹង​មើល​លើ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដ៏​ចង្អៀតចង្អល់​នោះ។

លោក​លើក​ឡើង​ដូច្នេះ​ថា៖ «ប្រសិនបើ​យើង​ចង់​ជួយ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​របស់​ទន្លេ ប្រសិនបើ​យើង​ចង់​ជួយ​ដល់​ប្រជាជន និង​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង ៣ យើង​ត្រូវតែ​ចាប់ផ្ដើម​នូវ​គម្រោង​ថ្នាក់​តំបន់​មួយ ដោយ​ផ្ដោត​លើ​បញ្ហា​សន្តិសុខ​ទឹក​ជា​រួម​ដើម្បី​ប្រយោជន៍​តំបន់​ទាំង​មូល មិន​មែន​ដើម្បី​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ណា​មួយ​នោះ​ទេ»៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG