ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កណ្ដូប​ហ្វូង​ថ្មី​បង្ក​ការ​ប៉ះពាល់​ដល់​កសិផល និង​សន្តិសុខ​ស្បៀង​ក្នុង​ប្រទេស​អេត្យូពី


ក្មេង​ប្រុស​អេត្យូពី​ម្នាក់​ព្យាយាម​បណ្តេញកណ្តូង​ នៅ​ពេល​វា​ហើរ​នៅ​ក្នុង​ចម្ការ​មួយ​នៅ​ជាយក្រុង Jijiga ក្នុង​តំបន់ Somali ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។
ក្មេង​ប្រុស​អេត្យូពី​ម្នាក់​ព្យាយាម​បណ្តេញកណ្តូង​ នៅ​ពេល​វា​ហើរ​នៅ​ក្នុង​ចម្ការ​មួយ​នៅ​ជាយក្រុង Jijiga ក្នុង​តំបន់ Somali ប្រទេស​អេត្យូពី កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០។

សត្វ​កណ្ដូប​មួយ​ហ្វូង​ថ្មី​បាន​បង្ក​ការ​ប៉ះពាល់​នៅ​ក្នុង​ប្រទេស​អេត្យូពី ហើយ​ជា​ថ្មី​ម្ដង​ទៀត​កំពុង​គំរាម​កំហែង​ដល់​ដំណាំ​នានា និង​សន្តិសុខ​ស្បៀង។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​កសិកម្ម​អេត្យូពី។

លោក Dereje Hirpha ប្រធាន​ផ្នែក​គ្រប់គ្រង​សត្វ​កណ្ដូប​ប្រចាំ​តំបន់ Oromia បាន​ប្រាប់ VOA ថា ហ្វូង​កណ្ដូប​ថ្មី​ទាំង​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ដំបូង​ជា​ច្រើន​សប្ដាហ៍​កន្លង​មក​ហើយ​នៅ​ក្នុង​ស្រុក Raya ហើយ​តាំង​ពី​ពេល​នោះ​មក វា​បាន​រាតត្បាត​ដល់​កសិដ្ឋាន​រាប់​ពាន់​ហិកតារ​នៅ​ក្នុង​ស្រុក​ចំនួន ៤០ នៅ​ក្នុង​តំបន់។

ហ្វូង​កណ្ដូប​ដែល​ហោះ​លឿន​នេះ​កំពុង​គំរាមកំហែង​ដល់​កសិផល​នៅ​ក្នុង​ប្រទេស​អេត្យូពី ដែល​ជា​ប្រទេស​ដែល​ប្រជាជន​ជាង ៨០ ភាគរយ ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ។

ហ្វូង​កណ្ដូប​ស្រដៀង​គ្នា​នេះ​ដែរ​ធ្លាប់​បាន​បង្ក​ការ​ប៉ះពាល់​នៅ​ក្នុង​ប្រទេស​អេត្យូពី​កាល​ពី​មួយ​ឆ្នាំ​មុន។ ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ការ​អភិវឌ្ឍ​អន្តរជាតិ USAID បាន​បញ្ជាក់​ថា ខ្លួន​ជឿ​ថា ការ​ធ្លាក់​ភ្លៀង​ខ្លាំង​នៅ​ទ្វីប​អាហ្វ្រិក​ខាង​កើត​ជា​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​កើន​ឡើង​នូវ​ហ្វូង​កណ្ដូប​នៅ​ក្នុង​តំបន់។

ហ្វូង​កណ្ដូប​ថ្មី​នេះ​ធ្វើ​ដំណើរ​មក​ពី​ដែនដី Somaliland នៅ​ពេល​ដែល​ការ​បង្ក​កំណើត​នៃ​សត្វ​កណ្ដូប​នេះ​មាន​ជា​បន្ត​នៅ​ក្នុង​តំបន់​ទាំង​សង​ខាង​នៃ​សមុទ្រ​ក្រហម និង​នៅ​ក្នុង​ប្រទេស​ស៊ូដង់ និង​ប្រទេស​អេរីត្រេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ជំនាញ​នានា។

ទីភ្នាក់ងារ USAID មាន​គម្រោង​ធ្វើ​ការ​ជាមួយ​នឹង​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ទប់ស្កាត់ និង​គ្រប់គ្រង​ការ​រីក​សាយភាយ​នៃ​ហ្វូង​កណ្ដូប​ទាំង​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ការិយាល័យ​ផ្នែក​ទំនាក់ទំនង​នៃ​ទីភ្នាក់ងារ USAID។ ទីភ្នាក់ងារ​នេះ​កំពុង​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​សត្វ​ល្អិត​ជាង ៣ រយ​នាក់ និង​ផ្ដល់​ឧបករណ៍​ការពារ ៥ ពាន់​ឈុត សម្រាប់​ក្រុម​អ្នក​កម្ចាត់​សត្វ​កណ្ដូប។

អង្គការ Hirpha បាន​បញ្ជាក់​ថា អាជ្ញាធរ​ប្រើ​យន្តហោះ និង​រថយន្ត​ដើម្បី​បាញ់​ថ្នាំ​ដាក់​តំបន់​ដែល​រងគ្រោះ ក្នុង​គោល​បំណង​ដើម្បី​កម្ចាត់​សត្វ​កណ្ដូប​ទាំង​នេះ។

ចំណែក​ឯ​អ្នក​ស្រុក​វិញ ក៏​កំពុង​ចូលរួម​នៅ​ក្នុង​ការ​កម្ចាត់​សត្វ​ល្អិត​ទាំង​នេះ​តាម​វិធី​របស់​ពួកគេ​ផង​ដែរ។ នៅ​ពេល​ដែល​ហ្វូង​កណ្ដូប​ហោះ​ជិត​មក​ទល់ អ្នក​ស្រុក​ព្យាយាម​បន្លាច​ហ្វូង​កណ្ដូប​ទាំង​នោះ​ដោយ​ការ​ផ្លុំ​កញ្ចែ វាយ​ប៉ោត ដុត​ភ្លើង និង​បាញ់​ទៅ​លើ​អាកាស។

ក្រុម​អ្នក​ដេញ​ហ្វូង​កណ្ដូប​បាន​តាំង​ទី​នៅ​តំបន់​កសិដ្ឋាន​ដើម្បី​បំបែក​ហ្វូង​កណ្ដូប​ទាំង​នេះ​មុន​ពេល​ហ្វូង​កណ្ដូប​ទាំង​នេះ​ហោះ​ចុះ​មក​ដល់។

អ្នកស្រី Sora Kura ដែល​ជា​អ្នក​ដេញ​បំបែក​ហ្វូង​កណ្ដូប​ម្នាក់​នៅ​តំបន់ Borana បាន​និយាយ​ថា៖ «បើ​មើល​ពី​ចម្ងាយ ហ្វូង​កណ្ដូប​ទាំង​នេះ​មើល​ទៅ​ដូចជា​ពពក​ពណ៌​ត្នោត ឬ​ក៏​ព្យុះ​ខ្សាច់​អញ្ចឹង»។

ហ្វូង​កណ្ដូប​ទាំង​នេះ​ហោះ​តាម​ទិស​ខ្យល់​បក់ និង​ហោះ​តាម​ការ​បង្ហាញ​ផ្លូវ​របស់​ប្រមោយ​នៅ​លើ​ក្បាល​របស់​ពួកវា ដែល​ប្រមោយ​នេះ​អាច​ចាប់​ក្លិន និង​សញ្ញា​ផ្សេង​ទៀត​នៃ​ចំណី​អាហារ​បាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ Hirpha។ បើ​យោង​តាម​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ហ្វូង​កណ្ដូប​ទាំង​នេះ​អាច​ហោះ​បាន​ចម្ងាយ​រហូត​ដល់ ១៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ។

អង្គការ USAID បាន​បញ្ជាក់​ថា បន្ទាប់ពី​នេះ ហ្វូង​កណ្ដូប​ទាំង​នេះ​អាច​ហោះ​ទៅ​កាន់​តំបន់​ភាគ​និរតី​នៃ​ប្រទេស​អេត្យូពី និង​តំបន់​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កេនយ៉ា ហើយ​អាច​ហោះ​ទៅ​កាន់​ប្រទេស​អ៊ូហ្គាន់ដា និង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ផង​ដែរ។

អង្គការ Hirpha បាន​ឲ្យ​ដឹង​ថា សត្វ​កណ្ដូប​នៅ​តំបន់​វាលរហោឋាន​អាច​រស់នៅ​បាន​យ៉ាង​ស្រួល​នៅ​ក្នុង​បរិយាកាស​ដែល​មាន​ខ្សាច់ និង​សីតុណ្ហភាព​ក្ដៅ​ល្មម​ដូចជា​នៅ​ភាគ​ខាង​កើត​ប្រទេស​អេត្យូពី និង​ដែនដី Somaliland ជា​ដើម។

ប្រទេស​អេត្យូពី​មិន​ទាន់​បាន​រាយការណ៍​អំពី​ការ​វាយ​តម្លៃ​ណា​មួយ​លើ​ការ​ខាត​បង់​កសិផល​ដោយសារ​សត្វ​កណ្ដូប​នេះ​នៅ​ឡើយ​ទេ។ កាល​ពី​ឆ្នាំ ២០០៣ និង​ឆ្នាំ ២០០៥ ការ​ផ្ទុះ​ឡើង​នូវ​ហ្វូង​កណ្ដូប​ទាំង​នេះ​នៅ​ក្នុង​ប្រទេស​ជាង ២០ ដែល​ភាគ​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក​ខាង​ជើង បាន​ធ្វើ​ឲ្យ​កសិករ​ខាត​បង់​ថវិកា​អស់ ៣ ពាន់ ៦ រយ​លាន​ដុល្លារ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​នៃ​អង្គការ​សហប្រជាជាតិ៕

ប្រែ​សម្រួល​ដោយ ភី សុភាដា

XS
SM
MD
LG