ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចចរចា​​ពាក់ព័ន្ធ​នឹងជម្លោះ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​លើ​ទន្លេនីល​​ចាប់ផ្តើម​ឡើងវិញ ​បន្ទាប់​ពី​មាន​ការ​ជំរុញពី​អាមេរិក


រូបឯកសារ៖ កម្មករធ្វើការនៅទំនប់វារីអគ្គិសនី Grand Renaissance Dam នៅប្រទេសអេត្យូពី កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។
រូបឯកសារ៖ កម្មករធ្វើការនៅទំនប់វារីអគ្គិសនី Grand Renaissance Dam នៅប្រទេសអេត្យូពី កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩។

បន្ទាប់​ពី​មាន​កិច្ចប្រជុំ​មួយ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នា​ពេល​ថ្មីៗ​នេះ​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេសអេហ្ស៊ីប​ អេត្យូពី និង​ស៊ូដង់​បាន​តាំងចិត្ត​ធ្វើ​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ​ ពាក់ព័ន្ធនឹង​ជម្លោះ​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គសនី Grand Ethiopian Renaissance របស់​ប្រទេស​អេត្យូពីនៅ​ត្រឹម​ខែមករា​ឆ្នាំ​ក្រោយ។

នៅមុន​កិច្ចប្រជុំ​នេះ​ រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ទាំងបី​នេះ​បាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិកលោក Donald Trump​ នៅ​សេតវិមាន​សហរដ្ឋអាមេរិក។ លោក Trump បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ជម្លោះ​នេះ​ បន្ទាប់​ពី​ប្រធានាធិបតី​អេត្យូពី​លោក Abdel Fattah el-Sisi​ បាន​ស្នើ​ឲ្យ​លោក Trump ជួយ​ធ្វើ​ជា​អ្នកសម្រប​សម្រួល​នៅក្នុង​ជម្លោះ​នេះ។

គម្រោង​សាងសង់​ទំនប់​វារីអគ្គសនី​របស់​ប្រទេសអេត្យូពី​ដែល​មាន​ប្រវែង​ជិត២ គីឡូម៉ែត្រ​ត្រូវ​បាន​គ្រោង​ធ្វើឡើង​ដើម្បី​ផលិត​ថាមពល​អគ្គិសនី​៦០០០ម៉េហ្គាវ៉ាត់ ប៉ុន្តែ​គម្រោង​នេះ​បាន​ក្លាយ​ជា​បញ្ហា​រវាង​ប្រទេសអេហ្ស៊ីប​និង​ប្រទេសស៊ូដង់។

ជម្លោះ​អូសបន្លាយ​អស់​ជាច្រើន​ឆ្នាំ​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី Grand Ethiopian Renaissance របស់​អេត្យូពី​នេះ​ ត្រូវ​បាន​គេ​លើក​មក​ពិភាក្សា​នៅក្នុង​ការិយាល័យ​ប្រជុំ​របស់​ប្រធានាធិបតី​អាមេរិក។

ជំនួប​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump រវាង​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ទាំងបី​នេះ​ បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃពុធទី៦ ខែវិច្ឆិកា​កន្លង​ទៅ​នេះ។ កិច្ចប្រជុំ​នេះ​មិន​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​នៅក្នុង​តារាង​ប្រជុំ​របស់​លោក Trumpទេ។

គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ទេ​ថា តើ​អ្វី​ជា​ចំណាប់​អារម្មណ៍​របស់​សហរដ្ឋ​អាមេរិក​នៅក្នុងបញ្ហា​នេះ។ សេតវិមាន​បាន​បដិសេធ​មិន​ធ្វើ​ការបញ្ជាក់​អំពី​បញ្ហា​នេះ​ទេ។

អ្នកស្រី Kellyanne Conway ទីប្រឹក្សា​សេតវិមាន​បាន​ថ្លែង​ថា៖ «ខ្ញុំ​នឹង​មិន​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​នៅ​ថ្ងៃ​នេះ​ទេ‍»។

បន្ទាប់​ពី​លោក Sisi បាន​ស្នើ​ឲ្យ​លោក Trump ជួយ​សម្របសម្រួល​ជម្លោះ​នេះ​ លោក Trump បាន​តែងតាំង​រដ្ឋមន្រ្តី​ក្រសួង​ហរិញ្ញវត្ថុ​អាមេរិក​លោក Steven Mnuchin ឲ្យ​ដឹកនាំ​ការចរចា​លើ​បញ្ហា​នេះ។

លោក Aaron Salzberg នាយក​វិទ្យាស្ថាន Water Institute នៅ​ឯ​សាកលវិទ្យាល័យ North Carolina និង​ជា​អតីត​អ្នកសម្របសម្រួល​នៅ​ការិយាល័យ​ទទួល​បន្ទុក​បញ្ហា​ព្រំដែន​ទឹក​អន្តរជាតិ​នៃ​ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​ថា៖

«សហរដ្ឋអាមេរិក​មាន​ចំណាប់​អារម្មណ៍​ជា​យុទ្ធសាស្រ្ត​ខ្លាំង​នៅក្នុង​តំបន់​ភាគខាងត្បូង វាលខ្សាច់​សាហារ៉ា​នៃ​ទ្វីបអាហ្វ្រិក។ យើង​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ និង​ជំនួយ មនុស្សធម៌​ច្រើន​ណាស់​ទៅក្នុង​តំបន់​នេះ។ ជា​ការពិត​យើង​មាន​ក្តី​កង្វល់​ខ្លាំង​អំពី​ជម្លោះ​ដែល​អាច​កើតឡើង​នៅក្នុង​តំបន់​នេះ»។

បន្ទាប់​ពី​ការពិភាក្សា​ជាមួយ​លោករដ្ឋមន្រ្តី Mnuchin រដ្ឋមន្រ្តី​ការបរទេស​នៃប្រទេស​ទាំង​បី​នេះ​បាន​ប្តេជ្ញា​ថា​ នឹង​សម្រេច​ឲ្យ​បាន​នូវកិច្ចព្រមព្រៀង​គ្នា​មួយ​ត្រឹម​ខែមករា​ឆ្នាំ២០២០ខាងមុខ​នេះ។ សហរដ្ឋអាមេរិក​ និង​ធនាគារ​ពិភពលោក​នឹង​ធ្វើ​ជា​អ្នកសងេ្កតការណ៍​នៅក្នុង​ការចរចា​នៅ​កម្រិត​បច្ចេកទេស។

អ្នកស្រី Mirette Mabrouk នាយិកា​កម្មវិធី​សម្រាប់​ប្រទេសអេហ្ស៊ីប​នៃ​វិទ្យាស្ថាន Middle East បាន​ថ្លែង​ថា៖ «ប្រទេសទាំងពីរ​នេះ​គឺ​ជា​ប្រទេស​ដែល​ត្រូវ​ការ​ការវិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​ ត្រូវការ​ការងារ​សម្រាប់​ពលរដ្ឋ​របស់​ពួកគេ​ និង​ចង់​ក្លាយ​ជា​ប្រទេស​ដែល​ទាក់ទាញ​ការវិនិយោគ​ពី​បរទេស​ដើម្បី​ពង្រឹង​សេដ្ឋកិច្ច​របស់​ខ្លួន។ ដូច្នេះ​ការចូលរួម​របស់​ សហរដ្ឋអាមេរិក​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេបង្អស់​ក្នុង​ពិភពលោក​ជា​រឿង​សំខាន់​មួយ។»។

ប្រទេសអេហ្ស៊ីប​និង​អេត្យូពី​មាន​ការខ្វែង​គំនិត​គ្នា​អំពី​ការស្តុក​ទឹក​ក្នុង​ទំនប់​វារី​អគ្គិសនី។ រដ្ឋាភិបាល​ក្រុងកែរ​បារម្ភ​ថា​ គម្រោង​សាងសង់​នេះ​នឹង​ស្ទះ​ចរន្ត​ទឹកហូរ​នៅ​ទន្លេនីល និង​ធ្វើ​ឲ្យ​រីងទឹក​ទន្លេ​នៅផ្នែក​ខាងក្រោម​ក្នុង​ប្រទេស​របស់​ខ្លួន។
ប្រទេសអេហ្ស៊ីប​មាន​កិច្ចព្រមព្រៀង​ចែកចាយ​ទឹក​ជាមួយ​នឹង​ប្រទេស​ស៊ូដង់​តាំង​ពីឆ្នាំ​១៩៥៩មក ហើយ​ប្រទេស​អេត្យូពី​មិន​ស្ថិត​ក្នុង​កិច្ចព្រមព្រៀង​នេះ​ទេ។

លោក Aaron Salzberg នាយក​វិទ្យាសា្ថន Water Instituteបាន​និយាយ​ថា​ បើទោះបី​ជា​ប្រទេសស៊ូដង់​មិន​ស្ថិត​នៅក្នុង​ជម្លោះ​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ​ក៏ដោយ​ ក៏ការ​ជាប់ពាក់ព័ន្ធ​នឹង​ការចរចា​ដោះស្រាយ​ជម្លោះ​នេះ​មាន​សារៈសំខាន់។

លោក Salzberg បាន​ថ្លែង​ថា ៖ «ស៊ូដង់​ជា​ប្រទេស​មាន​សក្ខានុពល​ខ្លាំង​បំផុត​ក្នុងការ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ទំនប់​វារីអគ្គិសនី​នេះ​ ប៉ុន្តែ​ស្របពេល​ជាមួយ​គ្នា​នេះ​ពួកគេ​ក៏​ស្ថិត​នៅក្នុង​ស្ថានភាព​ងាយរងគ្រោះ​បំផុត​ផងដែរ ពាក់ព័ន្ធ​ទៅ​នឹង​ការចរចា​របស់​ប្រទេសអេហ្ស៊ីប និង​ការប្រើប្រាស់​ធនធាន​ទឹកផ្ទាល់​ខ្លួន​របស់​ពួកគេ‍»។

ប្រសិន​បើ​ប្រទេសទាំងនេះ​បរាជ័យ​មិន​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​គ្នា​នៅ​ត្រឹមខែ​មករា​ឆ្នាំ២០២០នេះ​ទេ​ នោះ​ពួកគេ​ប្រហែល​ជា​នឹង​ជ្រើសរើស​យក​ការសម្រុះ​សម្រួល​ពី​អន្តរជាតិ។ ក្រៅ​ពី​សហរដ្ឋអាមេរិក​ រុស្ស៊ី​ក៏​បាន​ស្នើ​ធ្វើ​ជា​អ្នកសម្របសម្រួល​នៅក្នុងការចរចា​គ្នា​នេះ​ផងដែរ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG