ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គ.ជ.ប.កែ​សម្រួល​បទ​បញ្ជា​ផ្ទៃ​ក្នុង​ដោយ​មាន​ការ​ដាក់​ទណ្ឌកម្ម​ ខណៈ​​អតីត​មេ​បក្ស​ប្រឆាំង​​អំពាវនាវ​ឲ្យ​លើក​ពេល​បោះឆ្នោត


រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)
រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់អ្នកគាំទ្រគណបក្សតាមរយៈវីដេអូបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិត ពីប្រទេសអ៊ីតាលី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។ (រូបដកស្រង់ពីវីដេអូ)

គណៈកម្មាធិការ​ជាត​រៀបចំ​ការ​បោះឆ្នោត​បាន​កែប្រែ​បទ​បញ្ជា​ផ្ទៃ​ក្នុង​មួយ​ចំនួន ដោយ​ក្នុង​នោះ​មាន​ការ​ដាក់​ឲ្យ​ទំនេរ​គ្មាន​ប្រាក់​បៀវត្ស​មិន​លើស​មួយ​ឆ្នាំ​ចំពោះ​មន្ត្រី​បោះឆ្នោត​នៅ​ថ្នាក់​ឃុំ-សង្កាត់។​ អតីត​មេ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ថ្កោលទោស​ដំណើរ​ការ​រៀបចំ​ការ​បោះឆ្នោត​ដែល​គ្មាន​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​ចូលរួម​ ហើយ​បាន​ស្នើ​ឲ្យ​មានការ​លើក​ពេល​បោះឆ្នោត។​ អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ដែល​មិន​រណប​នឹង​រដ្ឋាភិបាល​លើក​ឡើង​​ថា ការ​អំពាវនាវ​របស់​អ្នក​នយោបាយ​នឹង​មិន​​មាន​ឥទ្ធិពល​លើការ​សម្រេច​ចិត្ត​ ចូលរួម​សង្កេត​ការណ៍​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ឡើយ។​

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់​ថា​ ​(គ.ជ.ប.)​ ​នៅ​សប្ដាហ៍​នេះ បាន​សម្រេច​កែ​ប្រែ​ប្រការ​មួយ​ចំនួន​នៅ​ក្នុង​បទ​បញ្ជា​ផ្ទៃ​ក្នុងដែល​មាន​រាប់​បញ្ចូល​ការ​ដាក់​ទណ្ឌកម្ម​និង​បណ្ដេញ​ចេញ​ពី​មុខ​តំណែង ក៏​ប៉ុន្តែ​ស្ថាប័ន​សាធារណៈ​មួយ​នេះ​មិន​បាន​ពន្យល់​ពី​មូល​ហេតុ​និង​កំហុស​ដែល​នាំ​ដល់​ការ​ដាក់​ទោស​ទណ្ឌ​ ឱ្យ​បាន​ច្បាស់លាស់​នោះ​ទេ។

សេចក្ដី​ប្រកាស​របស់​គ.ជ.ប.​ ចុះ​ថ្ងៃ​ទី​២៣​ ខែ​មេសា​ ​ឆ្នាំ២០១៨ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​កែ​ប្រែ​ប្រការ​ ១០៨ ​១០៩​ ១១០​ និង​ប្រការ​១៦២។

នៅ​ត្រង់ប្រការ​១៦២​ ថ្មី​នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ខ្លួន​ គ.ជ.ប.​ បាន​កំណត់​នូវ​ទណ្ឌកម្ម​ពីរ​ថ្នាក់​ រាប់​ពីចាប់​ការ​ស្ដីបន្ទោស​រហូតដល់​ការ​បណ្ដេញ​ចេញ​ពី​មុខ​តំណែង។

ផ្នែក​ខ្លះ​នៃ​ទណ្ឌកម្ម​ថ្នាក់​ទី២​របស់​ ​គ.ជ.ប.​ បាន​បញ្ជាក់​ឲ្យដឹង​តាម​ន័យ​ដើម​ថា៖«ដាក់​ឲ្យ​ចូល​និវត្តន៍​មុន​កំណត់​ ឬ​បញ្ឈប់​ពី​ការងារ​ដោយ​បង្ខំ​មិន​ឲ្យ​ចូល​បម្រើ​ការងារ​ជាមួយ​ គ.ជ.ប.​ឬ​គណៈកម្មការ​រៀប​ចំការ​បោះឆ្នោត​គ្រប់​លំដាប់​ថ្នាក់​ចាប់ពី​១ (មួយ) ឆ្នាំ​ ទៅ​ ៥ (ប្រាំ)​ ឆ្នាំ​ ចំពោះ​មន្ត្រី​បោះឆ្នោត​ ជាប់​កិច្ច​សន្យា​និង​បណ្ដេញ​ចេញ​ពី​មុខតំណែង»។​

ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ​ អាច​នឹង​ត្រូវ​ធ្វើ​តែ​ទៅលើ​សមាសភាព​របស់​គណៈកម្មការ​ឃុំ​សង្កាត់​ រៀបចំ​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ (គឃ.សប)​ ដោយសារ​តែ​គ.ជ.ប.​ បាន​លើក​ឡើង​អំពីភារកិច្ច​ប្រធាន​អនុប្រធាន​ និង​សមាជិក​គណៈកម្មការ​ឃុំ​សង្កាត់​ រៀប​ចំ​ការ​បោះឆ្នោត​ប៉ុណ្ណោះ។

យ៉ាងណា​ក៏​ដោយ​ គ.ជ.ប. មិនបាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​កែ​ប្រែ​ប្រការ​មួយ​ចំនួន​នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​ខ្លួន​នេះ​ទេ។

VOA ក៏​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​លោក​ ឌឹម សុណ្ណារុំ ​អ្នក​នាំ​ពាក្យ​របស់​គ.ជ.ប.​ បាន​ដែរ​នៅ​ថ្ងៃ​ពុធ​នេះ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទ៍​ តែ​គ្មាន​អ្នក​ទទួល។

គ.ជ.ប.​ កំពុង​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដែល​លោក សម រង្ស៊ី​ អតីត​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវឲ្យ​មាន​ការ​លើក​ពេល​ប្រសិន​បើ​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង​ចូលរួម។

ថ្លែង​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ VOA ​កាល​ពី​ពេល​ថ្មីៗនេះ​នៅ​ឯ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ លោក​សម រង្ស៊ី​ ចាត់​ទុក​ថា​ គ.ជ.ប.​បច្ចុប្បន្ន​នេះ​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ ដែល​មិន​អាច​ធានា​បាន​ការ​បោះឆ្នោត​មួយ​ ដែល​មាន​ភាព​សេរី ត្រឹមត្រូវ​ យុត្តិធម៌​ និង​ផ្ដល់​លទ្ធផលដែល​គួរ​ឲ្យ​ជឿជាក់​បាន​ទេ។

លោក​អំពាវនាវ​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​ មិន​ឲ្យ​ចូលរួម​សង្កេត​ការណ៍​បោះឆ្នោត​ ប្រសិន​បើ​គ្មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​នោះ។

«ការ​បោះឆ្នោត​អត់​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រជារាស្ត្រ​ខ្មែរ​ក៏​មិន​ត្រូវ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ អ្នក​សង្កេត​ការណ៍​ទាំង​ជាតិ​ ទាំង​អន្តរជាតិ​ ក៏​មិន​ត្រូវ​មក​ចូលរួម​សង្កេត​អី? សង្កេត​អ្វី ដែល​គ្រាន់តែ​ជា​ការ​រៀបចំ​ឆាកល្ខោន​លេង​សើច​ ហើយ​ដែល​លទ្ធផល​ដឹង​មុន​ទៅ​ហើយ​ មក​សង្កេត​ធ្វើ​អី?​ អញ្ចឹង​ កុំ​អញ្ជើញ​មក​សង្កេតការណ៍​ សូម​ថ្កោល​ទោស​ ជាមួយ​នឹង​ប្រជារាស្ត្រ​ខ្មែរ​ ថ្កោលទោស​ថា​ការ​បោះឆ្នោត​លេង​សើច​ហ្នឹង​ យើង​អត់​មកលេង​សើច​ជាមួយ​នឹង​គណបក្ស​ប្រជាជន​ និង​គ.ជ.ប.​ របស់​គេ​នោះ​ទេ»។​

គណ​បក្ស​សង្គ្រោះ​ជាតិ ​ត្រូវ​បាន​រំលាយ​តាម​បណ្ដឹង​របស់​រដ្ឋាភិបាល​កាលពី​ឆ្នាំ​ ២០១៧ ក្រោយ​ការ​ចាប់​ខ្លួន​មេដឹកនាំ​គណបក្ស​នេះ​ ​គឺ​លោក កឹម សុខា ដែល​បាន​រង​ការ​ចោទប្រកាន់​ថា​ លោក​បាន​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ​ ដោយ​ការ​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិកក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​របស់​លោក​ ​ហ៊ុន សែន​ ​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា។ ទាំង​លោក កឹម សុខា​ និង​សហរដ្ឋអាមេរិក​ បាន​ច្រានចោល​ការចោទប្រកាន់​នេះ។

លោក កន សាវាង្ស អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុមហ្វ្រែល​ (Comfrel) ​លើក​ឡើង​ថា​ ការ​សម្រេចចូលរួម​សង្កេតការណ៍បោះឆ្នោត​របស់​ ខុម​ហ្វ្រែល​នឹង​មិន​ត្រូវ​បាន​ធ្វើ​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អ្នក​នយោបាយ​នោះ​ឡើយ។

«ចំណុច​ខ្លះ​រឿង​របស់​អ្នកនយោបាយ​ គេ​អាច​ធ្វើការ​កិច្ច​ការ​ងារ​អំពាវនាវ​ ឬក៏​វាយតម្លៃ​ អា​ហ្នឹង​ជា​រឿង​នយោបាយ ជា​រឿង​របស់​គេ​ អា​ហ្នឹង​យើងមិន​មាន​គោលការណ៍​ណា​ដែល​ខុស​ពី​រឿង​ច្បាប់។ រឿង​កិច្ច​ការ​ងារ​ជា​គោលការណ៍​ច្បាស់​លាស់​នៃ​អន្តរជាតិ​ ឬ​ក៏​អ្វី​ដែល​យើង​ឲ្យ​ឈ្មោះ​ថា​ ការ​បោះឆ្នោត​ដោយសេរី​ យុត្តិធម៌​ ហ្នឹងទេ​បាទ។ យើង​អត់​អាច​ឃ្លាត​ចេញ​ពី​ហ្នឹង​បាន​ទេ​បាទ»។

ចំណែក លោក​ រ៉ុង ឈុន​ អតីត​សមាជិក​របស់​គ.ជ.ប.​ មក​ពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​ទី​ប្រឹក្សា​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ បាន​បញ្ជាក់​ VOAឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ថា​ ការ​បោះឆ្នោត​ គួរ​តែ​ត្រូវ​បាន​លើកពេល​ ដើម្បី​ទុកឲ្យ​គណបក្ស​ប្រឆាំង​ មាន​ពេល​គ្រប់គ្រាន់​ ដើម្បី​ពង្រឹង​បក្ស​របស់​ខ្លួន​វិញ​ សម្រាប់​ចូលរួម​ការ​ប្រកួត​យក​អាសនៈ​សភា។

លោក​ថា​ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​មាន​ភាព​ត្រឹម​ត្រូវ សេរី និង​យុត្តិធម៌​នោះ មេ​បក្ស​ប្រឆាំង​គឺ​លោក​ កឹម សុខា និង​អ្នកទោស​នយោបាយ​ផ្សេង​ទៀត ព្រម​ទាំង​សកម្មជន​ដីធ្លី ហើយ​និង​អ្នកកាសែតដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ​ផង​ ត្រូវតែ​ទទួល​បាន​សេរីភាព​ឡើងវិញ។

«ទី​មួយ​ ត្រូវតែ​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដោះលែង​អ្នកទោស​មនសិការ​ ដូចជា​អ្នកតំណាងរាស្ត្រ​ មាជ សុវណ្ណារ៉ា​ អ៊ុំ សំអាន​ សកម្មជន​ដីធ្លី​ដូច​ជា​ អ្នកស្រី​ទេព វន្នី​ ហើយ​និង​អ្នក​សារព័ត៌មាន​ ដូច​លោក​អួន​ ឈិន​ អតីត​អាស៊ី​សេរី​ហ្នឹង​ ឲ្យ​មាន​សេរីភាព​ហើយ​ ហ្នឹង​ហើយ​ដែល​គឺថា​ បោះឆ្នោត​មួយ​ ដោយសេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌»។​

ប្រទេស​កម្ពុជា​គ្រោង​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ នៅ​ថ្ងៃ​ទី២៩​ ខែ​កក្កដា​ ឆ្នាំ​២០១៨​ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដឹក​នាំ​ប្រទេស​សម្រាប់​អាណត្តិ​ទី៦​រយៈពេល​៥​ឆ្នាំ​ទៅ​មុខ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ប្រជា​រាស្ត្រ​ខ្មែរ​មួយ​ចំនួន​បាន​ប្រាប់ ​VOA កាល​ពី​កន្លង​មក​ថា​ ពួកគាត់​គ្មាន​ជំនឿ​ក្នុង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នោះ​ឡើយ​ បើ​សិន​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ទៅតាម​បណ្ដឹង​របស់​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១៧។

សម្រាប់​លោក​ ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​ប្រទេស​ជាង​៤០ឆ្នាំ​មក​នោះ​ ​បាន​ប្រកាសជា​ញឹក​ញាប់​នា​ពេល​កន្លង​មក​ថា​ ​ការ​បោះឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅជា​ធម្មតា​តាម​ការ​គ្រោង​ បើ​ទោះ​មិន​មាន​អ្នក​អង្កេត​ការណ៍​ ​ឬ​គណបក្ស​ប្រឆាំង​ចូលរួម​ ឬ​ក៏​គ្មាន​ការ​ទទួលស្គាល់​ពី​ប្រទេស​នៅ​បស្ចិម​លោក​ក៏ដោយ៕​

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG