ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​បង្កើន​កម្លាំង​សន្តិសុខ​ដល់​ជាង​៨ម៉ឺន​នាក់​ការពារ​ការ​បោះឆ្នោត​ជាតិ


រូបឯកសារ៖ សមាជិក​របស់​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​​ទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)
រូបឯកសារ៖ សមាជិក​របស់​គណកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត(គ.ជ.ប.)​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ភាគី​ពាក់ព័ន្ធអំពី​ការ​បោះឆ្នោត​សភា​ជាតិ​នីតិកាល​​ទី​៤​កាលពី​ថ្ងៃទី​២៥ កុម្ភៈ ២០១៨​ នៅ​ទីស្នាក់ការកណ្តាល​របស់​គ.ជ.ប. រាជធានី​ភ្នំពេញ​ ប្រទេស​កម្ពុជា។(ទុំ ម្លិះ/VOA)

​កង​កម្លាំង​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នេះ​ ​មាន​ចំនួន​ច្រើន​ជាង​កាល​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​ដែល​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្រ្គោះជាតិ​ ​កាលពី​ឆ្នាំ​២០១៧​ ​ដោយ​ពេល​នោះ​​រដ្ឋាភិបាល​ដាក់​ពង្រាយ​កម្លាំង​​ត្រឹម​តែ​ជាង​៥ម៉ឺន​នាក់​ប៉ុណ្ណោះ។​

ការ​បោះ​ឆ្នោតថ្នាក់ជាតិនៅ​ចុង​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​នេះ​ ​នឹង​មាន​ការ​ពង្រាយ​កង​កម្លាំង​ចំនួន​ជាង​៨ម៉ឺន​នាក់​ ​ដើម្បី​ការពារ​សន្តិសុខ។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)។

លោក​ ​ទេព នីថា​ ​អគ្គលេខាធិការ​ ​គ.ជ.ប​ ​ថ្លែងក្នុង​កិច្ចប្រជុំ​ភាគី​ពាក់ព័ន្ធ​ ​ស្តីពី​ការផ្សព្វផ្សាយ​ការ​ចាប់ផ្តើម​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​នីតិកាល​ទី៦​ ​ឆ្នាំ​២០១៨​ ​នា​ព្រឹក​ថ្ងៃ​អង្គារនេះ​ថា​ ​រដ្ឋាភិបាល​បាន​សម្រេច​ត្រៀមកម្លាំងចំ​នួន​ជាង​៨ម៉ឺន​នាក់​ ​ដោយ​ដាក់​ពង្រាយ​តាម​ការិយាល័យ​ ​និង​តាម​តំបន់​ផ្សេងៗ​ ​ដើ​ម្បី​ការពារ​សន្តិសុខ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់ជាតិ​នា​ពេល​ខាង​មុខ។​

រូបឯកសារ៖ លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីអំពី​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ (VOA)
រូបឯកសារ៖ លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គជប) ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីអំពី​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ។ (VOA)

លោក​បញ្ជាក់​ថា៖​

«នៅ​ពេល​បោះឆ្នោត​មាន​កម្លាំង​ច្រើន​ ​គឺ​មាន​ប្រមាណ​៨៤.៥៨៣​នាក់។​ ​កម្លាំង​នេះ​ភាគ​ច្រើន​ជា​កម្លាំង​ដែល​ការពារ​តាម​ការិយាល័យ​បោះឆ្នោតនីមួយៗ​ ​គឺ​ក្នុង​មួយ​ការិយាល័យ​យើង​មាន​កម្លាំង​ការពារ​បី​នាក់​ជា​ទូទៅ។​ ​ក៏​ប៉ុន្តែ​កន្លែង​ប្រមូល​ផ្តុំ​ខ្លះ​ ​កម្លាំង​នេះ​ត្រូវ​បន្ថយ​វិញ​ ​ព្រោះ​កន្លែង​ប្រមូល​ផ្តុំ​ ឧទា​ហរណ៍​ដូច​ជា​នៅ​តាម​សាលារៀន​ជាដើម»។​

ការ​ប្រកាស​ពីការ​ដាក់​ពង្រាយ​កម្លាំង​ការពារ​នេះ​ ​ធ្វើ​ឡើង​បន្ទាប់ពី​គណ​បក្ស​សង្គ្រោះជាតិ​ ដែល​មាន​អ្នក​បោះឆ្នោត​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេសកាលពី​ឆ្នាំ​២០១៧​ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​ដោយ​ចោទ​ថា​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​ ​កង​កម្លាំង​ត្រៀម​សម្រាប់​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នេះ​ ​មាន​ចំនួន​ច្រើន​ជាង​កាល​ពី​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​ដែល​មាន​ការ​ចូល​រួម​ពី​គណបក្ស​សង្រ្គោះជាតិ​ ​កាលពី​ឆ្នាំ​២០១៧​ ​ដោយ​ពេល​នោះរដ្ឋាភិបាល​ដាក់​ពង្រាយ​កម្លាំងត្រឹម​តែ​ជាង​៥ម៉ឺន​នាក់​ប៉ុណ្ណោះ។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត​អាណត្តិ​ទី​៦​ ​នៅ​ថ្ងៃទី​២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ ​ខាង​មុខ​ ​ដោយ​មាន​ការ​ប្រកាស​អះអាង​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ជា​ច្រើន​លើក​ថា ការ​បោះឆ្នោត​នឹង​នៅតែ​ប្រព្រឹត្ត​ទៅ​តាម​ការគ្រោង​ទុក​ បើ​ទោះ​បីមិនមាន​អ្នក​សង្កេត​ការណ៍​ ​មិន​មាន​គណ​បក្ស​ប្រឆាំង​ចូលរួម​ ​ឬ​មិនមាន​ការ​ទទួល​ស្គាល់ពីក្រុម​ប្រទេស​ប្រកាន់លទ្ធិប្រជាធិបតេយ្យ​ធំៗ​មួយ​ចំនួនក៏​ដោយ៕

XS
SM
MD
LG