គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានដាក់វិធានការ៥ចំណុច ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងធានាបរិយាកាសនយោបាយល្អប្រកបដោយយុត្តិធម៌ ក្នុងដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នាចុងខែកក្កដាឆ្នាំ២០១៨ខាងមុខ។
បើតាមសេចក្តីណែនាំរបស់ គ.ជ.ប ស្តីពីកិច្ចសហការការពារសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ចេញកាលពីថ្ងៃទី១២ ខែមេសា បញ្ជាក់ថា គ.ជ.ប បានដាក់ចេញវិធានការ៥ចំណុចធំៗ ជំរុញឲ្យគណៈបញ្ជាការងារឯកភាពរដ្ឋបាលរាជធានី-ខេត្ត ពិសេសស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត អធិការដ្ឋាននគរបាល ក្រុង ស្រុក ខណ្ឌ ធ្វើយ៉ាងណាធានាសន្តិសុខឲ្យបានល្អក្នុងដែនដីរបស់ខ្លួន។
សេចក្តីណែនាំដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃពុធនេះបន្ថែមថា អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវតាមដានត្រួតពិនិត្យសភាពការណ៍ ស្នើសុំអន្តរាគមន៍កម្លាំងមានសមត្ថកិច្ចបន្ថែម ក្នុងករណីមានការអុកឡុក គំរាមកំហែងណាមួយ និងត្រូវរាយការណ៍ជាប្រចាំពីស្ថានភាពសន្តិសុខ សុវត្ថិភាពទៅអគ្គលេខាធិការដ្ឋាន គ.ជ.ប ដើម្បីទប់ស្កាត់ និងកាត់បន្ថយរាល់បាតុភាពនានាដែលអាចកើតមានឡើងជាយថាហេតុ នៅគ្រប់ដំណាក់កាលនៃការរៀបចំការបោះឆ្នោតខាងមុខនេះ។
សេចក្តីណែនាំរបស់ គ.ជ.ប ក្នុងចំណុចទី២ ត្រូវបានសរសេរក្នុងន័យដើមថា៖
«ត្រូវពង្រឹងកិច្ចសហការ ចាត់វិធានការ រក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈគ្រប់សកម្មភាពរបស់ភ្នាក់ងារ និងបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ និងប្រជាពលរដ្ឋដែលអញ្ជើញទៅបោះឆ្នោត ដែលចូលរួមក្នុងការបោះឆ្នោតជ្រើសតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ឲ្យបានមធ្យ័តបំផុតតាមសមត្ថកិច្ចដែនដីរបស់ខ្លួន»។
ថ្មីៗនេះរដ្ឋាភិបាលកម្ពុជាទើបតែប្រកាសពីការត្រៀមកងកម្លាំងជាង៨ម៉ឺននាក់ ដោយដាក់ពង្រាយតាមការិយាល័យ និងតាមតំបន់ផ្សេងៗ ដើម្បីការពារសន្តិសុខក្នុងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ។ កងកម្លាំងនេះមានចំនួនច្រើនជាងកាលពីការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលមានការចូលរួមពីគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៧ ដោយពេលនោះរដ្ឋាភិបាលដាក់ពង្រាយកម្លាំងត្រឹមតែជាង៥ម៉ឺននាក់ប៉ុណ្ណោះ។
ការប្រកាសពីវិធានការធានាសន្តិសុខ និងការដាក់ពង្រាយកម្លាំងការពារនេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ ដែលមានអ្នកបោះឆ្នោតគាំទ្រជាង៤០ភាគរយនៅទូទាំងប្រទេសកាលពីឆ្នាំ២០១៧ ត្រូវបានតុលាការកំពូលរំលាយ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ គេឃើញប្រទេសប្រជាធិបតេយ្យធំៗមួយចំនួនដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានប្រកាសដកខ្លួនឈប់គាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា។ សហរដ្ឋអាមេរិកក៏បានប្រកាសផ្ដាច់ជំនួយអភិវឌ្ឍន៍ជាច្រើនមកកម្ពុជា ដោយថារដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យ និងមិនអើពើជុំវិញការទទូចឲ្យមានការស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ ចំណែកអង្គការឃ្លាំមើលការបោះឆ្នោតមួយចំនួននៅកម្ពុជាបានស្ទាក់ស្ទើរក្នុងការចូលរួមសង្កេតការណ៍ការបោះឆ្នោត ដោយពួកគេលើកឡើងថា ការសម្រេចចិត្តថានឹងចូលរួមឃ្លាំមើលការបោះឆ្នោត ឬអត់ នឹងត្រូវធ្វើឡើងបន្ទាប់ពីការចុះបញ្ជីគណបក្សនយោបាយនៅត្រឹមពាក់កណ្តាលខែឧសភា ខាងមុខ។
លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរស់នៅឯបរទេស បានអំពាវនាវជាបន្តបន្ទាប់ ឲ្យប្រជាពលរដ្ឋខ្មែរធ្វើពហិការកុំចូលរួមការបោះឆ្នោតជាតិនៅពេលខាងមុខ ប្រសិនបើមិនមានវត្តមានរបស់គណបក្សសង្គ្រោះជាតិ។
ទោះយ៉ាងណាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងជាច្រើនដងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ នឹងនៅតែប្រព្រឹត្តទៅតាមការគ្រោងទុក បើទោះបីមិនមានអ្នកសង្កេតការណ៍ មិនមានគណបក្សប្រឆាំងចូលរួម ឬមិនមានការទទួលស្គាល់ពីក្រុមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនក៏ដោយ៕