ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធាន​និង​សមាជិក​គ.ជ.ប​លាឈប់​ក្រោយ​ការរំលាយ​បក្ស​ប្រឆាំង


រូបឯកសារ៖ លោក​ គួយ​ ប៊ុនរឿន​ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ថ្មី​ ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​រៀបចំ​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី​ ឆ្នាំ​ ២០១៦​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ភោជនីយដា្ឋន​ទន្លេបាសាក់​២ កាល​ពីថ្ងៃ​ទី២៨​ ខែ​មករា​ ឆ្នាំ​២០១៦។ (ហ៊ុល​ រស្មី​/​VOA Khmer)
រូបឯកសារ៖ លោក​ គួយ​ ប៊ុនរឿន​ អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ថ្មី​ ផ្តល់​បទ​សម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន​ បន្ទាប់ពី​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ស្តី​ពី​ការ​រៀបចំ​បទបញ្ជា​ និង​នីតិវិធី​សម្រាប់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​ និង​រៀប​ចំ​បញ្ជី​បោះឆ្នោត​ថ្មី​ ឆ្នាំ​ ២០១៦​ ដែល​ធ្វើ​ឡើង​នៅ​ឯ​ភោជនីយដា្ឋន​ទន្លេបាសាក់​២ កាល​ពីថ្ងៃ​ទី២៨​ ខែ​មករា​ ឆ្នាំ​២០១៦។ (ហ៊ុល​ រស្មី​/​VOA Khmer)

ថ្នាក់ដឹកនាំ​និង​សមាជិក​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ចំនួន​បីរូប​បាន​សុំ​លាលែង​ពី​តំណែង​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​ដើម្បី​សម្តែង​ការ​មិនពេញ​ចិត្ត​នឹង​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ហើយ​នឹង​ការ​បែងចែក​អាសនៈ​របស់​គណបក្ស​នេះ​ ​ទៅ​ឱ្យ​គណបក្ស​នយោបាយ​ផ្សេងៗ​ដែល​មិន​បាន​ទទួល​ការ​គំាទ្រ​ពី​ប្រជា​ពល​រដ្ឋ​ ​ក្នុង​ការ​បោះឆ្នោត​កន្លងមក។​

យោង​តាម​ពាក្យ​សុំ​លាលែង​ចុះ​ថ្ងៃទី​២០​ ខែ​វិច្ឆិកា​ ឆ្នាំ​ ​២០១៧របស់​លោក គួយ​ ប៊ុនរឿន អនុ​ប្រធាន​គ.ជ.ប លោក​ រ៉ុង ឈុន​ និង​ លោកស្រី​ ​តែ ម៉ានីរ៉ុង​ ដែល​ជាសមាជិក​បាន​បញ្ជាក់​ឲ្យដឹងថា​ ការ​បើក​ផ្លូវ​ឲ្យ​គ.ជ.ប​ ​អនុវត្ត​ការ​បែង​ចែក​អាសនៈ​ ​នៃ​រដ្ឋសភា​អាណត្តិ​ទី​ ​៥​ និង​អាសនៈ​ក្រុមប្រឹក្សា​ឃុំ​ សង្កាត់​អាណត្តិ​ទី៤​ឡើងវិញ​ ​ដោយ​យក​ទៅចែក​ឲ្យ​គណ​បក្ស​នយោបាយ​ផ្សេងៗ​ ​ដែល​ប្រជាពលរដ្ឋ​មិន​បាន​បោះឆ្នោត​ជូន​ ​កាលពីឆ្នាំ​២០១៣​និង​២០១៧​ត្រូវ​បាន​មតិ​សាធារណៈ​ជាតិ​ និង​អន្តរ​ជាតិ​ ​ថា​ គឺ​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​ ច្បាប់​បោះឆ្នោត​ និង​បទបញ្ជា​ និង​នីតិវិធី​នៃការ​បោះឆ្នោត​ នៅ​ក្នុង​អាណត្តិ​នៃ​ការបោះឆ្នោត​នីមួយៗ​ជាពិសេស​គឺជា​ការ​រំលោភ​ឆន្ទៈ​ របស់​ប្រជាពលរដ្ឋ​ដែល​បាន​បោះឆ្នោត​ជូន​គណបក្ស​នយោបាយ​ដែល​ខ្លួន​ពេញចិត្ត​រួចហើយ។​

រូបឯកសារ៖ អ្នកស្រី​ តែ ម៉ានីរ៉ុង​ សមាជិកា​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប នៅក្នុង​សិក្ខាសាលា​ស្តី​ពីគោលការណ៍​ណែនាំ​ សម្រាប់​ស្វែងរក​មតិគាំទ្រ​ ដើម្បី​សិទ្ធិ​ជនពិការ​ ក្នុងរាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ អ្នកស្រី​ តែ ម៉ានីរ៉ុង​ សមាជិកា​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ គ.ជ.ប នៅក្នុង​សិក្ខាសាលា​ស្តី​ពីគោលការណ៍​ណែនាំ​ សម្រាប់​ស្វែងរក​មតិគាំទ្រ​ ដើម្បី​សិទ្ធិ​ជនពិការ​ ក្នុងរាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី២២ ខែឧសភា​ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លិខិត​ដដែល​បាន​បន្ត​ថា​ ទង្វើនេះ​ ​វាជះឥទ្ធិពល​ដោយ​ផ្ទាល់​ដល់​ដំណើរ​ការ​នៃការ​រៀបចំការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ​២០១៨​ នាពេល​ខាង​មុខ ដែល​មិន​អាច​ធានា​បាន​នូវការ​បោះឆ្នោត​មួយ​មាន​លក្ខណៈ​សេរី​ ត្រឹមត្រូវ​និង​យុត្តិធម៌​ ហើយ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ​ក៏​មិនមាន​ ​ការ​ទទួល​ស្គាល់​ពី​ប្រជាពល​រដ្ឋ​ម្ចាស់​ឆ្នោត​ ភាគី​ពាក់​ព័ន្ធ​ និង​សហគមន៍​អន្តរជាតិ​ផងដែរ។​

អ្នកដែល​សុំ​លាលែង​ទាំង​បី​បាន​សរសេរ​បញ្ជាក់​ក្នុង​លិខិត​លាលែង​ខ្លួន​ថា៖

«ដោយ​មូលហេតុ​ និងហេតុផល​ ​ដូចបាន​ជម្រាប​ជូនខាងលើ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ ជា​អនុ​ប្រធាន​ សមាជិក​ ​សមាជិកា​ ​គ.ជ.ប​ ​ក្នុង​នាម​ជា​អាជ្ញា​កណ្តាល​រៀបចំ​ការ​បោះឆ្នោត​ មិន​អាចនៅ​បន្ត​ធ្វើ​កិច្ចការ​ នៅ​ក្នុង​ស្ថាប័ន​ រៀបចំ​ការ​បោះឆ្នោត​នេះ​ តទៅ​ទៀត​បាន​ឡើយ​ ​ពីព្រោះ​វា​ក្បត់​ឧត្តម​គតិ​ មនសិការ របស់​យើង​ខ្ញុំ​ផ្ទាល់​ខ្លួន​ និង​ក្បត់​ឆន្ទៈពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ នាំ​ឲ្យ​ជាប់​ឈ្មោះ​អាក្រក់​ក្នុងប្រវត្តិសាស្ត្រ»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នេះ​កើត​ឡើង​ក្រោម​កិច្ច​ព្រម​ព្រៀង​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​ពី​មាន​វិបត្តិ​នយោបាយ​ជិត​មួយ​ឆ្នាំ​ក្រោយ​ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។ គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​បេក្ខជន​បួន​នាក់​គឺ​លោក​គួយ ប៊ុនរឿន លោក​រ៉ុង ឈុន​ លោកស្រី​តែ ម៉ានីរ៉ុង​និង​លោក​ហ៊ីង ធីរិទ្ធ​ប៉ុន្តែ​រហូត​មកដល់​ពេល​នេះ​លោក​ហ៊ីង​ធីរិទ្ធ​មិន​ទាន់​បាន​បញ្ជាក់​ជំហរ​អ្វី​នៅ​ឡើយ​ទេ។

តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​មាន​អ្នក​គាំទ្រ​ជិត​៤៤​ភាគរយ​នៃ​ចំនួន​អ្នក​បោះឆ្នោត​ឆ្នាំ​២០១៣​ ​និង​ប្រកាស​ព្យួរ​សិទ្ធិ​នយោបាយ​របស់ថ្នាក់​ដឹក​នាំ​គណបក្ស​នេះ​ចំនួន​១១៨​នាក់​រយៈពេល​៥​ឆ្នាំ។​ ការ​រំលាយ​បក្ស​ជំទាស់​ដែល​គេ​មើល​ឃើញ​ថា​ នឹង​អាច​ក្លាយជា​ដៃ​គូរ​ប្រជែង​ដ៏​ខ្លាំងក្លា​របស់​បក្សកាន់​អំណាច​ក្នុង​ពេល​បោះ​ឆ្នោតឆ្នាំ​២០១៨​ គឺធ្វើ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​និង​ការ​រំពឹង​ទុក​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល។​

ភ្លាមៗ​ក្រោយ​ការ​ចេញ​សាលដីកា​ ​រំលាយ​បក្ស​ជំទាស់​ដែល​មាន​អាយុ​៥ឆ្នាំ​នេះ​ ​លោក​ ​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ​បាន​ប្រកាស​គាំទ្រ​ការ​សម្រេច​របស់​តុលាការ​កំពូល​ ​ដោយ​ចាត់ទុក​ថា​ ការ​រំលាយ​នេះ​នឹង​ជួយ​ការពារ​សន្តិភាព​ ​ស្ថិរភាព​ ​និង​អធិបតេយ្យ​ ​ប្រទេស​កម្ពុជា​ ​ព្រម​ទាំង​បាន​អំពាវនាវ​ ​កុំ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ការ​ភ័យ​ខ្លាច​ក្រោយ​ការ​រំលាយ​គណបក្ស​ប្រឆាំង។​ ​លោក​ ហ៊ុន សែន​ ក៏​បាន​បន្ត​អំពាវនាវ​ឲ្យ​មន្រ្តី​គ្រប់​ជាន់​ថ្នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ មក​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច​របស់​លោក​ដដែល។

គ.ជ.ប​ក៏កំពុងតែ​ដំណើរការ​នីតិវិធី​ដើម្បី​បែងចែក​អាសនៈ​របស់​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ឈ្នះ​ក្នុង​ការបោះឆ្នោត​ជាតិ​និង​មូលដ្ឋាន​ទៅ​ឱ្យ​គណបក្ស​ផ្សេង​ទៀត​ផងដែរ។

រូបឯកសារ៖ លោក​រ៉ុង​ ឈុន ថ្លែង​នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​ស្ដីអំពី​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គជប) ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦ នារាជធានី​ភ្នំពេញ។​ ( ឡេង ឡែន/VOA)
រូបឯកសារ៖ លោក​រ៉ុង​ ឈុន ថ្លែង​នៅ​ក្នុង​សន្និសិទ​សារព័ត៌មាន​ស្ដីអំពី​ការ​ចុះឈ្មោះ​បោះ​ឆ្នោត​នៅ​ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គជប) ​នៅ​ថ្ងៃ​ពុធ ទី​១២ ខែតុលា ឆ្នាំ​២០១៦ នារាជធានី​ភ្នំពេញ។​ ( ឡេង ឡែន/VOA)

លោក​ រ៉ុង​ ឈុន​ ដែល​ជា​អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​បញ្ជាក់​ ប្រាប់​ ​VOA​ថា​ ​ការ​សម្រេច​លាឈប់​របស់​លោក​គឺ​ដើម្បី​រក្សា​ការ​ប្រកាស​របស់​លោក​កាល​ពី​ពេលមុនៗ​ថា​ លោក​នឹង​លាលែង​ប្រសិនបើ​មានការ​រំលាយ​គណបក្ស​ប្រឆាំង​ពិតមែននោះ។

លោក រ៉ុង​ ឈុន​ ​ថ្លែង​ថា៖​

«ដោយ​មូលហេតុ​ និងហេតុផល​ ​ដូច​បាន​ជម្រាប​ជូនខាងលើ​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ ជា​អនុ​ប្រធាន​ សមាជិក​ សមាជិកា​ គ.ជ.ប​ ក្នុង​នាម​ជា​អាជ្ញា​កណ្តាល​រៀបចំ​ការ​បោះឆ្នោត​ មិន​អាចនៅ​បន្តធ្វើ​កិច្ចការ​ នៅ​ក្នុង​ស្ថាប័ន​ រៀបចំការ​បោះឆ្នោត​នេះ​ តទៅ​ទៀត​បាន​ឡើយ​ ​ពីព្រោះវាក្បត់​ឧត្តម​គតិ​ មនសិការ​ របស់​យើង​ខ្ញុំ​ផ្ទាល់​ខ្លួន​ និង​ក្បត់​ឆន្ទៈ​ពិត​ប្រាកដ​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ នាំ​ឲ្យ​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ»។​

លោក​ បាន​អះអាង​ថា​ ​ការ​លាលែង​របស់​លោក​ ​និង​អ្នកផ្សេង​ទៀត​ ​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ដំណើរ​ការ​របស់​ គ.ជ.ប។​

​«យើង​មិន​អាច​ ទៅអង្គុយ​ចែក​ឆន្ទៈរាស្ត្រ ទៅជូន​គណបក្ស​ផ្សេងៗ​ ដែលប្រជាពលរដ្ឋ​មិន​គាំទ្រ​នោះ​ទេ​ ដូច្នេះហើយ​ ខ្ញុំ​ត្រូវតែ​គោរព​នូវ​ឆន្ទៈ​រាស្ត្រ​ជាងបី​លាន​នាក់‍​មានន័យ​ថា​ បើ​យើង​គិត​ទៅ​វា​ជាង​កន្លះ​នគរ​បាទ។​ ដូច្នេះ​ ខ្ញុំ​ត្រូវតែ​គោរព​ ឆន្ទៈ​រាស្រ្ត​ ពីព្រោះខ្ញុំ​ទៅ​ អង្គុយ​នៅកន្លែងហ្នឹង​ ខ្ញុំ​បាន​ប្តេជ្ញា​ថា​ទៅ​ការ​ពារ​នូវ​ឆ​ន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​ ហើយបើសិន​ជា​យើង​ យក​ឆន្ទៈ​ជាង​កន្លះ​នគរ​ ទៅចែក​ឲ្យ​គណ​បក្ស​មួយ​ ដែល​ប្រជាពល​រដ្ឋ​គាត់​មិន​គាំទ្រ​ អាហ្នឹង​យើង​មានន័យ​ថា​ យើង​ជាន់​ឈ្លី​នូវឆន្ទៈ​របស់​ពល​រដ្ឋ​បាទ»។​

VOA ព្យាយាម​សុំការ​អធិប្បាយ​ពីលោក​ ​ហង្ស​ ពុទ្ធា​ ​អ្នកនាំពាក្យ​របស់​គ.ជ.ប​ តែមិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​ នៅល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។​ ទោះយ៉ាង​ណា​ក៏​ដោយ​ លោក​ ឡេង ប៉េងឡុង​ ​អ្នក​នាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់ឲ្យ ​VOA ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​ថា​ ​សភា​បាន​ទទួល​ពាក្យ​សុំលាលែង​របស់​លោក​ ​រ៉ុង ឈុន​ ​និង​លោក​ គួយ​ ប៊ុនរឿន​ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​និង​លោកស្រី តែ ម៉ានីរ៉ុង។​ លោក​មានប្រសាស​ន៍​ថា​ សភានឹង​ធ្វើ​ការ​ជ្រើស​រក​អ្នកថ្មី​ មក​ជំនួស​អ្នកទាំងបី​ទៅតាម​ផ្លូវច្បាប់​។​

លោក​ ​ឡេង ប៉េងឡុង​ ​បញ្ជាក់​ថា៖

«ខាងខ្ញុំ​នេះ​គឺ​ ភារកិច្ច​គឺ​អនុវត្តន៍​តាម​ច្បាប់​ តាមច្បាប់​គឺថា​ ធ្វើម៉េច​រក​អ្នក​ជំនួស​ ហើយ​ទៅតាម​ការ​សម្រេច​របស់​ច្បាប់​តែ​ប៉ុណ្ណឹង​ទេ​បាទ»។​

ភ្លាមៗ​ក្រោយការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏ធំ​និង​តែមួយ​គត់​នៅ​សភាជាតិ​ខ្មែរ​ ប្រទេស​មហា​អំ​ណាច​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ព្រមាន​ដោយ​ការ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច​ ​រួម​ទាំង​ការ​ដក​ចេញ​នូវ​ការ​អនុ​គ្រោះ​ពន្ធ​ដល់​ទីផ្សារ​នាំ​ចេញធំ​បំផុត​របស់​កម្ពុជា​ហើយ​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ទាំង​អស់អាច​នឹង​ត្រូវ​បាន​ហាម​ប្រាម​មិន​ឲ្យ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​ក្រុម​ហ៊ុន​នានា​របស់​អាមេរិក។​

សហភាព​អឺរ៉ុប​ ​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ ​និង​សេតវិមានគឺ​ វិមាន​ប្រធានាធិបតី​ស.រ.អា.​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រិះ​គន់​រដ្ឋាភិបាល​កម្ពុជា​ខ្លាំងៗ​ ​ដោយ​បញ្ជាក់​ថា​ ​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹងការ​រុះរើ​ប្រព័ន្ធ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ តាម​រយៈ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

សេតវិមាន​បាន​បញ្ជាក់ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ ​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​សប្តាហ៍​មុន​នេះ​ថា​ ​យោង​តាម​ដំណើរ​ការ​បច្ចុប្បន្ន​នេះ​ ​ការ​បោះឆ្នោត​នៅ​កម្ពុជា​នាឆ្នាំ​ក្រោយ​នឹង​មិន​មាន​ភាព​ស្រប​ច្បាប់ ​មិន​សេរី ​និង​មិន​យុត្តិធ៌ម​ឡើយ។​ ​អាមេរិក​បញ្ជាក់​ថា​ ​ខ្លួន​នឹង​បញ្ឈប់​ការ​គាំទ្រ​ចំពោះ​គណៈ​កម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោតកម្ពុជា​(គ.ជ.ប.)​ ​និងកិច្ចការ​រដ្ឋបាល​របស់​គណៈ​កម្មាធិការ​នេះ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ៕

XS
SM
MD
LG