រដ្ឋមន្ត្រីក្រសួងការពារជាតិ គឺលោក ទៀ បាញ់ បានថ្លែងការពារការដំឡើងឋានន្តរសក្ដិដល់អង្គរក្សចំនួន៣រូបរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបចេញពីពន្ធនាគារ ក្រោយពីពួកគេ បានជាប់ទោស ដោយសារការវាយតំណាងរាស្ត្រគណបក្សប្រឆាំង ២ រូបកាលពីចុងឆ្នាំ២០១៥។
លោក ទៀ បាញ់ លើកឡើងថា ការដំឡើងឋានន្តរសក្ដិនោះ ធ្វើឡើងស្របតាមច្បាប់។
កាលពីខែតុលា ឆ្នាំ២០១៥ តំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិ គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានបាតុករមួយក្រុមប្រមាណជា១០នាក់ ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា វាយដំបណ្ដាលឲ្យរងរបួសធ្ងន់នៅក្បែររបងរដ្ឋសភា។
ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឲ្យអ្នកដែលវាយតំណាងរាស្ត្រទាំងនោះចេញសារភាពនៅដើមខែវិច្ឆិកា ឆ្នាំ២០១៥ អង្គរក្ស៣នាក់របស់លោកហ៊ុន សែនគឺលោក សុត វណ្ណី លោក ម៉ៅ ហឿន និងលោក ឆាយ សារិទ្ធ បានសារភាពថា ពួកគេជាអ្នកព្រួតគ្នាវាយតំណាងរាស្ត្រទាំង២រូបឲ្យរងរបួសយ៉ាងដំណំ។
អង្គរក្សទាំង៣នាក់ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់៤ឆ្នាំពីបទ «ប្រើអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស»។
ពួកគេត្រូវបានដោះលែងឲ្យស្ថិតនៅក្រៅឃុំវិញកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពេលអនុវត្តទោសបាន១ឆ្នាំ ខណៈទោសរយៈពេល៣ឆ្នាំទៀត ត្រូវព្យួរ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពេលអង្គរក្សទាំង៣នាក់ត្រូវបានដោះលែងរយៈពេល២សប្ដាហ៍ អង្គរក្សម្នាក់ឈ្មោះ ឆាយ សារិទ្ធ ត្រូវបានដំឡើងឋានៈពីវរសេនីយ៍ឯក (សក្ដិ៥) ទៅជាឧត្ដមសេនីយ៍ត្រី (ផ្កាយមួយ)។ ចំណែកអង្គរក្ស២នាក់ទៀតគឺលោក សុត វណ្ណី និងលោក ម៉ៅ ហឿន ត្រូវបានដំឡើងឋានៈពីថ្នាក់វរសេនីយ៍ទោ (សក្ដិ៤កន្លះ) ទៅជាវរសេនីយ៍ឯក (សក្តិ៥) តាមរយៈអនុក្រឹត្យដែលចេញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែវិច្ឆិកា កន្លងទៅ។
ថ្លែងក្រោយពេលបញ្ចប់វគ្គបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យការពារជាតិ កាលពីថ្ងៃព្រហស្បតិ៍នេះ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដំឡើងឋានន្តរសក្ដិដល់អង្គរក្សទាំង ៣នាក់ នោះ ធ្វើឡើងតាមច្បាប់។
លោកបន្ថែមថា ក្រសួងបានអនុវត្តទៅតាមលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទ ហើយថារាល់ការតែងតាំងគឺធ្វើទៅតាមពេលវេលាច្បាស់លាស់។
«រឿងឡើងស័ក្ដិឡើងយស អាហ្នឹងគឺខ្ញុំធ្វើតាមច្បាប់ ធ្វើតាមលក្ខន្តិកៈរបស់កងយោធពលខេមរភូមិន្ទមានចែងច្បាស់។ អ្នកយោធិនដែលហៅថាបំពេញការងារនៅក្នុងយោធិនហ្នឹង គឺមានថេរវេលារបស់វាច្បាស់លាស់ ដល់ណា? ឆ្នាំណា? ប៉ុន្មានឆ្នាំត្រូវឡើងស័ក្ដិម្ដង? មិនមែនថាអ្នកនោះនៅអង្គរក្សហើយយើងដំឡើងទេ។ អ្នកណាក៏ដោយ ដល់ពេលវេលារបស់គេត្រូវតែដំឡើងស័ក្ដិអញ្ចឹង។ ខ្ញុំដឹងតែប៉ុណ្ណឹង»។
លោក ទៀ បាញ់ លើកឡើងថា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោកត្រូវដំឡើងឋានន្តរសក្ដិទៅតាមពេលវេលា ដោយមិនខ្វល់ថាជននោះអនុវត្តទោសចប់ ឬក៏នៅនោះទេ។
លោកមានប្រសាសន៍ថា៖ «ខ្ញុំឃើញតែអ្នកហ្នឹងមានការរួចខ្លួនហើយស្រេចទៅហើយ មាននៅក្នុងពន្ធនាគារឯណា? អារឿងពន្ធនាគារហ្នឹង ជាឆន្ទានុសិទ្ធិរបស់ខាងតុលាការ ខាងពន្ធនាគារ មិនមែនខាងខ្ញុំទេ។ ខ្ញុំអត់ទទួលដឹងឮអារឿងហ្នឹងទេ»។
នាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាគឺលោក ហុង គឹមសួន ប្រាប់ VOA ថា បុគ្គលដែលកំពុងអនុវត្តទោសទាំងក្នុងពន្ធនាគារ ឬក្រៅពន្ធនាគារ គឺជាទណ្ឌិត។
លោកបន្ថែមថា ការផ្ដន្ទាទោសឲ្យអង្គរក្សទាំង៣រូបនោះឲ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំ ហើយអនុវត្តទោសក្នុងពន្ធនាគារ១ឆ្នាំ និងព្យួរទោស៣ឆ្នាំ មានន័យថា អង្គរក្សទាំង៣រូបនោះ នៅកំពុងអនុវត្តទោសនៅឡើយ គ្រាន់តែពួកគេនៅក្រៅពន្ធនាគារប៉ុណ្ណោះ។
លោកបញ្ជាក់ថា តាមច្បាប់ ទណ្ឌិតមិនអាចទទួលបានការដំឡើងឋានន្តរសក្ដិនោះទេ។
លោក ហុង គឹមសួន បន្ថែមថា ការដំឡើងឋានន្តរសក្ដិនេះ បង្ហាញពីការមិនឲ្យតម្លៃច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តច្បាប់នៅកម្ពុជា។
«តែកាលណាជនដែលត្រូវតុលាការផ្ដន្ទាទោសហ្នឹង គឺចាត់ទុកថាជាជនដែលបានប្រព្រឹត្តផ្ទុយនឹងច្បាប់ គឺជាជនទុច្ចរិតរួចទៅហើយ។ ហើយឲ្យជនទុច្ចរិតដែលច្បាប់មើលឃើញថាជាមនុស្សមិនអាចឲ្យឋានៈស្មើនឹងប្រជាពលរដ្ឋសាមញ្ញផង ឲ្យទៅមានឋានន្តរសក្ដិ ឲ្យទៅមានតំណែងទៅទៀត អាហ្នឹងគឺជាភាពកម្សោយនៃការមិនឲ្យតម្លៃទៅលើសង្គមដែលកំពុងតែលើកតម្កើងសង្គមប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស គោរពច្បាប់។ យកពួកមានទោសទៅឲ្យកាន់តំណែង កាន់អំណាចឡើងវិញ គឺមិនមានតម្លាភាពជាមួយការអនុវត្តទូទៅទេ»។
ថ្លែងទៅកាន់សិក្ខាកាមជាច្រើនរយនាក់ក្នុងវគ្គបណ្ដុះបណ្ដាលនៅសាកលវិទ្យាល័យការពារជាតិនោះ លោក ទៀ បាញ់ ក៏បានរិះគន់ក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងថាពួកគេតែងតែលើកឡើងពីគុណវិបត្តិ និងវាយប្រហាររដ្ឋាភិបាលដែលដឹកនាំដោយគណបក្សកាន់អំណាច៕