ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គរក្ស៣នាក់របស់លោកហ៊ុន សែនដែលវាយតំណាងរាស្ត្រត្រូវបានដំឡើងឋានន្តរសក្តិ


រូបឯកសារ៖ លោក ​​គង់ សភា ​និង​លោក​ ញ៉យ​ ចំរើន​ ទទួល​ការ​ព្យាបាល​នៅ​បាងកក។ (ហ៊ុល រស្មី/VOA)

កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៥ ​តំណាង​រាស្ត្រ​​២​រូប​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​ញ៉យ ចំរើន ​និង​លោក​គង់ សភា​ត្រូវ​បាន​បាតុករ​មួយ​ក្រុម​​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​​ មានគ្នា​ប្រមាណ​១០​នាក់​ ​បាន​​វាយ​ដំ​​ធ្វើ​ឲ្យ​រង​របួស​ធ្ងន់​នៅ​ក្បែរ​របង​រដ្ឋ​សភា។

ទាហាន​ម្នាក់នៃកងអង្គរក្សរបស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ចំនួន៣​នាក់​ ដែល​បានវាយ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ឱ្យ​រង​របួស​ធ្ងន់​កាល​ពី​ចុង​ឆ្នាំ​២០១៥ ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​ឧត្ដម​សេនីយ៍ត្រី រីឯទាហាន​២​នាក់​ទៀត​ក៏​ត្រូវ​បាន​ដំឡើង​ឋានៈ​ផង​ដែរ។ ​នេះ​បើ​យោង​តាម​ព្រះរាជ​ក្រិត្យ​ចេញ​កាល​ពី​ចុង​ឆ្នាំ​២០១៦ ​ដែល​ត្រូវ​បាន​គេ​ចែកចាយ​នា​ពេល​ថ្មីៗ​នេះ។​

កាល​ពី​ខែ​តុលា ​ឆ្នាំ​២០១៥ ​តំណាង​រាស្ត្រ២​រូប​របស់​គណបក្ស​សង្គ្រោះជាតិ​គឺ​លោក​ញ៉យ ចំរើន ​និង​លោក​គង់ សភា​ត្រូវ​បាន​បាតុករ​មួយ​ក្រុមដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មានគ្នា​ប្រមាណ​១០​នាក់​ ​បានវាយ​ដំធ្វើ​ឲ្យ​រង​របួស​ធ្ងន់​នៅ​ក្បែរ​របង​រដ្ឋ​សភា។​

ក្រោយ​ពី​មាន​ការ​ប្រកាស​ពី​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ឱ្យ​អ្នក​ដែល​វាយ​តំណាង​រាស្ត្រ​ទាំង​នោះ​ចេញ​ខ្លួន​សារភាព ​នៅ​ដើម​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ អង្គរក្ស​៣​នាក់​របស់​លោក​ហ៊ុន សែន​គឺលោក​សុត វណ្ណី ​លោក​ម៉ៅ ហឿន​ និង​លោក​ឆាយ សារិទ្ធ​បាន​ចេញមុ​ខ​សារភាព​ថា ​ពួកគេ​បាន​ព្រួត​គ្នា​វាយ​តំណាង​រាស្ត្រ​ទាំង​២​រូប។​

អង្គរក្ស​ទាំង​៣​នាក់​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ម្នាក់​៤​ឆ្នាំ​ តែ​ត្រូវ​ព្យួរ​ទោស​៣​ឆ្នាំ។ ​ពួក​គេ​ត្រូវ​បាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ​កាល​ពី​ថ្ងៃ​ទី​៤ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​ក្រោយ​ពេល​អនុវត្ត​ទោស​បាន​ជិត​១​ឆ្នាំ។​

យោង​តាម​ព្រះ​រាជ​ក្រឹត្យ​ចុះ​ថ្ងៃទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦​ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នាពេល​ថ្មីៗ​នេះ គឺ​២​សប្ដាហ៍​ក្រោយ​ពីអង្គរក្ស​ទាំងនោះ​ត្រូវបានដោះលែង​ ​អង្គរក្ស​ម្នាក់​ឈ្មោះ​ឆាយ សារិទ្ធ​ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​វរសេនីយ៍​ឯក​ សក្តិ​៥​ ទៅ​ជា​ឧត្តម​សេនីយ៍ត្រី​ ផ្កាយ​មួយ។​

ចំណែក​អង្គរក្ស​២នាក់​ទៀត​គឺ​លោក​សុត វណ្ណី ​និង​លោក​ម៉ៅ ហឿន​ត្រូវ​បាន​ដំឡើង​ឋានៈ​ពី​ថ្នាក់​វរសេនីយ៍​ទោ​(សក្តិ​៤​កន្លះ)​ ទៅ​ជា​វរសេនីយ៍​ឯក​ (សក្តិ៥) ​តាមរយៈ​អនុក្រិត្យ​ចេញ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ចុះ​ថ្ងៃទី​១៧ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៦ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ខែ​ធ្នូ​ ឆ្នាំ​ដដែល។

VOA ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក​ឧត្ដម​សេនីយ៍​ឈុំ សុជាតិ​ អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ទេ ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍។​ ទោះជាយ៉ាងណា ​លោក​បាន​ឆ្លើយ​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា​ ការ​ដំឡើង​ឋានៈ​ដល់​លោក​ឆាយ សារិទ្ធ​គឺ​យោង​តាមគុណ​សម្បត្តិ​ដោយ​មាន​ការ​វាយ​តម្លៃ​ត្រឹមត្រូវ។​

លោក​ត្រូវ​បាន​ដកស្រង់​សម្ដីដូច​នេះ​ថា៖​

«ក្រសួង​ការពារ​ជាតិមាន​គណៈ​កម្មាធិការ​វាយ​តម្លៃ​ ​ហើយ​វាយតម្លៃ​បុគ្គលដើម្បី​ទទួល​បាន​ការ​ដំឡើង​តំណែង​...គណៈកម្មាធិការ​វាយតម្លៃ​ត្រឹមត្រូវ»។​

លោក​គង់ សភា ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​ជន​រងគ្រោះ​ក្នុង​ការ​វាយ​ដំ​នោះ​ ​បាន​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការ​វាយ​តំណាង​រាស្ត្រ​ដែលជា​តំណាង​ប្រជា​ពលរដ្ឋគឺ​ជា​ទោស​ធ្ងន់មួយ​ ដោយ​លោកពន្យល់​ថា ​ ជនល្មើស​គួរ​ត្រូវ​បាន​ដេញ​ចេញ​ពី​ក្រប​ខណ្ឌ​រដ្ឋ។​

លោក​គង់ សភា​បន្ត​ថា ​ការ​ដែល​មិន​បណ្ដេញ​អ្នក​ទាំង​៣​ចេញ ​ហើយ​ថែម​ទាំង​ដំឡើង​តំណែងពួក​គេ​ទៀត​នោះ​គឺ​ជា​រឿង​ខុស​ច្បាប់​និង​ជា​ការ​លើក​ទឹកចិត្ត​ឱ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា។​

«អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ធ្ងន់ធ្ងរ​ វាយ​ដំ​តំណាង​រាស្ត្រ​ ដែល​ជា​តំណាង​ឱ្យ​ប្រជា​ពលរដ្ឋ​រាប់​លាន​នាក់​ បែរ​ជា​ត្រូវ​បាន​លើក​ទឹកចិត្ត​ ​ ជន​ល្មើស​ឡើង​បុណ្យ​សក្ដិ ​ដោយ​ជន​ល្មើស​ហ្នុង​ស្ថិត​នៅ​ក្នុង​ការ​ព្យួរ​ទោស ​មាន​ទោស​នៅ​ឡើយ។ ​គេ​ព្យួរ​ទោស​៣​ឆ្នាំ​ហ្នឹង​មិនទាន់​ផុត​ផង ​ស្រាប់តែ​គាត់​បាន​ទទួល​តួនាទី ​ដំឡើង​ឋានន្តរសក្ដិ។ ​ហ្នឹង​ជា​ការ​ស​បញ្ជាក់​ថា ​ជា​ការ​លើក​ទឹកចិត្ត​ដល់​ជន​ល្មើស​ដទៃ​ទៀត​ ហើយ​ដូច​ជា​បង្កើន​វប្បធម៌​ហិង្សា»។​

លោក​សុក សំអឿន ​ដែលជា​មេធាវី ប្រាប់​ VOA​ ថា ​មិនមាន​ច្បាប់​ហាមប្រាម​មិន​ឲ្យ​ដំឡើង​ឋានន្តរ​សក្តិ​ដល់​បុគ្គល​ដែល​ធ្លាប់​មាន​ទោស​នោះ​ទេ។ ​ទោះយ៉ាងណា ​លោក​ថា ​ការ​ដំឡើង​ឋានៈ​ដល់​អ្នកទាំង​៣​ភ្លាមៗ​ក្រោយ​ពី​ការ​ដោះលែង​នោះ​ គឺ​ជារឿង​លឿនពេក ​ដែល​អាច​នាំឱ្យមាន​ការ​សង្ស័យ​ពី​ប្រជា​ពលរដ្ឋ។​

«មិន​អាច​តែងតាំង​បាន​ ​ ​ទាល់​តែ​មាន​ច្បាប់​ហាម​អីចឹង​ទៅ​ណា៎!​ តែ​បើ​យើង​គ្រាន់​តែ​មើល​មួយ​ភ្លែត ​បើ​យើង​មើលពី​សីលធម៌​ វា​ធ្វើ​ឱ្យ​សាធារណជន​គេ​មាន​ការ​សង្ស័យ​ថា វា​ទៅ​ជា​រឿង​ការ​ធ្វើ​ហ្នឹង​ [វាយ​តំណាង​រាស្ត្រ]​ តាម​បញ្ជា​អីចឹង​ទៅ។​ និយាយ​រួម​ ការ​ធ្វើ​ហ្នឹង​ [ដំឡើង​ឋានៈ] ​វា​លឿន​ពេក»។​

តំណាង​រាស្ត្រ​គឺ​លោក​គង់ សភា​ ដែល​ជា​ជន​រង​គ្រោះ មាន​ប្រសាសន៍​ថា​ ការ​កាត់ទោស​ឱ្យ​ជនល្មើស​ទាំង​៣​នាក់​ជាប់​ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ​ហើយ​ព្យួរ​ទោស​៣​ឆ្នាំ​នោះ​ បង្ហាញ​ពី​រឿង​អយុត្តិ​ធម៌​មួយ​ទៀត​នៅ​ក្នុង​សង្គម។​

លោក​ថ្លែង​ថា ​រូបលោក​ក៏​ដូចជា​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ បាន​រងគ្រោះ​ពី​អំពើ​អយុត្តិ​ធម៌​ជា​ច្រើន​ ហើយ​លោក​បន្ត​ថា ​រដ្ឋាភិបាល​និង​តុលាការ​បច្ចុប្បន្ន​មិន​អាច​ផ្ដល់​យុត្តិធម៌​ឱ្យពួកគេ​បាន​នោះ​ទេ៕​

XS
SM
MD
LG