ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកសង្កេតការណ៍មើលឃើញថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដើរថយក្រោយ


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំឡុង​ពេល​សម្រាក​​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (Reuters)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំឡុង​ពេល​សម្រាក​​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។ (Reuters)

អ្នក​សង្កេត​ការណ៍​ក្នុង​ស្រុក​និយាយ​ថា ការ​បំភិត​បំភ័យ​ផ្នែក​នយោបាយ​ ការ​គាប​សង្កត់​ការ​បញ្ចេញ​មតិ​ក្នុង​រឿង​នយោបាយ​ និង​ការ​រឹត​បន្តឹង​សេរី​ភាព​ក្នុង​ការ​ជួប​ប្រជុំ​នានា​ បាន​ធ្វើ​ឲ្យ​លទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ក្មេង​ខ្ចីនៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថិត​ក្រោម​ការ​គម្រាម​កំហែង​។

មន្រ្តី​រដ្ឋា​ភិបាលនិយាយ​ថា ការ​ដាក់កំហិតទៅលើ​សេរី​ភាព​គឺ​ជាការ​ចាំបាច់ ដើម្បី​បញ្ចៀស​នូវ​អ្វី​ដែល​ពួក​គេ​មើល​ឃើញ​ថា​ អាច​នាំ​ឲ្យ​មាន​«បដិវត្តន៍​ពណ៌​»ដ៏គ្រោះ​ថ្នាក់​នៅក្នុង​ប្រទេស​កម្ពុជា ដូច​ដែល​ធ្លាប់​បានផ្ទុះ​ឡើង​នៅ​ប្រទេស​ស៊ីរី​កាល​ពីប្រាំឆ្នាំ​កន្លង​ទៅ​នេះ។ ការ​ងើប​ប្រឆាំង​តវ៉ា ដែលកើត​ឡើង​ចំពេល​នៃ​ការ​សង្ឃឹម​ថា នឹងមាន​ការ​រីក​រាល​ដាល​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ទូទាំង​តំបន់​អារ៉ាប់​ ​ចុង​ក្រោយ​បែរ​ជា​នាំ​ឱ្យប្រទេសនេះ ធ្លាក់​ចូលទៅក្នុង​ភាព​ចលា​ចល​ទៅ​វិញ។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន បានអះអាង​ថា​ រូបលោក​កំពុង​តែ​ការ​ពារ ​«សន្តិ​ភាពនិងស្ថិរ​ភាព​នយោ​បាយ ដែល​ទទួលបានយ៉ាង​លំបាក» សម្រាប់​ប្រទេស​កម្ពុជា​ នេះ​បើតាម​សំដី​របស់​លោក​ ព្រាប​ កុល​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។

​រដ្ឋា​ភិបាល​នៅតែទទួច​ថា ចំណាត់​ការ​របស់​ខ្លួន​ សុទ្ធ​តែធ្វើឡើងដោយ​ផ្អែកទៅ​លើ​ច្បាប់​។​ ប៉ុន្តែ​ការ​ចាត់វិធានការ​ខុស​គ្នា​ដោយ​ក្រុម​អាជ្ញាធរ ​ទៅលើ​បាតុករ​គាំទ្រ​រដ្ឋា​ភិបាល​ និង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ និងចំណាត់​ការ​តាមផ្លូវ​តុលាការជា​បន្តបន្ទាប់​ ដែលហាក់​ដូច​ជា​មានការជំរុញលើកទឹកចិត្ត​ផ្នែក​នយោបាយ​ បាន​បង្ហាញ​អំពីការអនុវត្តស្តង់ដារពីរ​ផ្សេងគ្នា។

រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជាចូល​រួម​ពិភាក្សា​អំពី​«តើយុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឆ្លង​ជំងឺ​ពុករលួយ​ដែរ​ឬ​ទេ?‍» នៅ​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ។
រូបឯកសារ៖ លោក ព្រាប កុល នាយកប្រតិបត្តិនៃ​អង្គការតម្លាភាពកម្ពុជាចូល​រួម​ពិភាក្សា​អំពី​«តើយុវជន​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឆ្លង​ជំងឺ​ពុករលួយ​ដែរ​ឬ​ទេ?‍» នៅ​ក្នុង​កម្មវិធី Hello VOA ប្រចាំ​ខែ​អំពី​ការ​ប្រឆាំង​អំពើ​ពុករលួយ។

«វានៅខ្វះភាពស្មើរគ្នា ឬក៏ខ្វះនូវយុត្តិធម៌សង្គម ដែល​យើងគិតថា ជាស្តង់ដានីតិរដ្ឋសំខាន់​មួយ» នេះ​បើតាម​សំដី​របស់​លោក ព្រាប​ កុល ដែលបាន​ប្រៀប​ធៀប​ការ​វិវត្ត​ថ្មីៗ​នៃ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា ទៅ​នឹង​ដំណើរ​ចង្វាក់​រាំ​ប្រពៃ​ណី​ខ្មែរមួយ «រាំទៅមុខ​៣ជំហាន រាំមកក្រោយ៣​ជំហាន។ លោក​បាន​ថ្លែងថា «វាទៅមុខ​យឺត» ហើយនៅក្នុង​កាលៈទេសៈខ្លះ «​ថយ​ក្រោយមក​វិញ​លឿនដែរ»។

វិធានការថ្មីៗនេះ ហាក់ដូច​ជាត្រូវ​បានរៀប​ចំឡើង​ ដើម្បី​បំបិទ​មាត់ដៃ​គូ​ប្រជែង​របស់​លោក ​ហ៊ុន សែន​ ដែលបាន​ចាប់ផ្តើមតាំងពីខែ​សីហា​ឆ្នាំមុន​នេះ។ ជាក់​ស្តែង​ សមា​ជិក​ព្រឹទ្ធ​សភា​មកពីគណបក្ស​ប្រឆាំង​ លោក​ ហុង​ សុខ​ហួរ​ ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ​ ពាក់​ព័ន្ធ​នឹង​សន្ធិ​សញ្ញា​ព្រំដែន​កម្ពុជា​-វៀតណាម​ឆ្នាំ​១៩៧៩​ បើទោះ​ជា​រូបលោ​កនៅ​មាន​អភ័យ​ឯក​សិទ្ធិ ដែលអាចរួចផុតពីការកាត់ទោសក៏ដោយ។

ក្នុង​ខែ​តុលា​ ការធ្វើទុក្ខបុកម្នេញ​មកលើ​គណបក្សប្រឆាំង បានក្លាយ​ទៅជា​អំពើ​ហិង្សា​ នៅ​ពេល​ដែល​តំណាង​រាស្រ្ត​ពីររូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ ញ៉យ​ ចំរើន​ និង​លោក​ គង់​ សភា​ ត្រូវបាន​វាយ​ ​យ៉ាង​ដំណំ​នៅក្រៅ​អគារ​រដ្ឋសភា​ជាតិ ពីសំណាក់​ក្រុម​យុវជន ​ដែល​ទំនង​ជាមាន​ទំនាក់​ទំនង​ជាមួយ​គណបក្ស​កាន់​អំណាច។ ក្រុម​នេះ​ទទួល​បាន​សិទ្ធិទូលំទូលាយជាង​ក្នុង​ការ​ធ្វើ​បាតុកម្ម​។ ក្រុម​បាតុករ​ បាន​ទាមទារ​ឲ្យ​លោក​ កឹម​ សុខា​ អនុ​ប្រធាន​គណបក្ស​ប្រឆាំង​ ចុះ​ចេញ​ពីតំណែង​អនុ​ប្រធាន​រដ្ឋសភា​។ ការ​ស៊ើប​អង្កេត​ផ្លូវការ​លើ​ការ​វាយ​ដំនេះ ហាក់ជាប់គាំងនៅតុលាការ​អស់រយៈពេល​យ៉ាងយូរ។

រូបឯកសារ៖ តំណាងរាស្ត្រ​របស់គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​កំពង់ចាម​ ​លោក​ ញ៉យ ចំរើន​ បង្ហាញ​ស្នាម​វះកាត់​ដល់អ្នករាយការណ៍​ព័ត៌មាន​ VOA នៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៦​ ខែ​វិចិ្ឆកា​ឆ្នាំ​២០១៥។​ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ តំណាងរាស្ត្រ​របស់គណបក្ស​សង្គ្រោះ​ជាតិ​ មណ្ឌល​កំពង់ចាម​ ​លោក​ ញ៉យ ចំរើន​ បង្ហាញ​ស្នាម​វះកាត់​ដល់អ្នករាយការណ៍​ព័ត៌មាន​ VOA នៅ​ក្នុង​ផ្ទះ​របស់​លោក​ក្នុង​ក្រុង​ភ្នំពេញ​ នា​ថ្ងៃ​ទី​២៦​ ខែ​វិចិ្ឆកា​ឆ្នាំ​២០១៥។​ (នៅ វណ្ណារិន/VOA)

ការ​បំភិត​បំភ័យ បាន​ឈានដល់កម្រិតកំពូលនៅក្នុង​ខែមករា ​នៅ​ពេល​មាន​ការ​ចោទ​ប្រកាន់​បន្ថែម​ទៅ​លើ​លោក​ សម​ រង្ស៊ី​ ដែលរួមបញ្ចូលទាំងការចោទប្រកាន់ថា មានជាប់​ពាក់​ព័ន្ធ​ទៅនឹង​ការ​ចែក​ចាយ​ឯកសារ​ក្លែង​ក្លាយ​របស់​លោក​ ហុង​ សុខ​ហួរ​ លើ​បណ្តាញ​សង្គមហ្វេស​ប៊ុករបស់​លោក។ បណ្តឹង​បរិ​ហា​កេរ្តិ៍​ប្រឆាំងលោក​ សម​ រង្ស៊ី​ ដែល​ត្រូវបានប្តឹងប៉ុន្មាន​ឆ្នាំ​កន្លង​មក ​ដោយ​អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស លោក​ ហោ​ ណាំ​ហុង​ ត្រូវ​បាន​សើ​រើ​ឡើង​វិញយ៉ាងតក់ក្រហល់។ លោកក៏ត្រូវបាន​ប្តឹង​បន្ថែម​ពីបទ​បរិហា​កេរ្តិ៍​មួយ​ទៀត ​ពីសំណាក់ប្រធាន​រដ្ឋ​សភា​ លោក​ ហេង សំរិន។

លោក​ សម​ រង្ស៊ី​ បាន​និរ​ទេស​ខ្លួន​ជា​លើក​ទី៤។ ​«វប្បធម៌​សន្ទនា​» ដែល​ទទួល​បានការ​សាទររវាង​គណបក្ស​ដៃគូប្រជែង​ទាំងពីរ​ ក្នុង​ការ​ដោះ​ស្រាយ​ការខ្វែង​គំនិតគ្នានៅក្នុង​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ត្រូវ​បាន​ប្រេះ​ស្រាំ មុន​ពេល​មាន​ចំណាត់ការ​ខាង​ផ្លូវ​តុលា​ការ​ទៅ​ទៀត។

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ​ សំ​អាន​ ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ខែ​មេសា​ ដោយសារការ​បញ្ចេញ​មតិទៅ​លើបញ្ហា​ព្រំដែន​កម្ពុជា​-វៀតណាម​។ ជាថ្មីម្តងទៀត អភ័យ​ឯក​សិទ្ធិ​សភា​ ត្រូវ​បានព្រងើយកន្តើយ ​ដោយហេតុផលថា ​លោក​ត្រូវបានចាប់ខ្លួន​នៅក្នុង​បទល្មើសជាក់ស្តែង។ លោក​ត្រូវ​បានបដិសេធសំណើរសុំនៅក្រៅ​ឃុំ ហើយ​បន្ត​ជាប់​ឃុំ​នៅក្នុង​ពន្ធ​នា​គារ។

រូបឯកសារ៖ លោក​ អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាលពី​ខែ​មេសា អំពី​យោបល់​ដែល​លោក​និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។
រូបឯកសារ៖ លោក​ អ៊ុំ សំអាន​ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ញុះ​ញង់​កាលពី​ខែ​មេសា អំពី​យោបល់​ដែល​លោក​និយាយ​អំពី​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម។

ការចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ផ្លូវភេទ​ ត្រូវ​បាន​បំផុសឡើង ដោយ​សកម្មជន​យុវជន​ដែល​ត្រូវបាន​គេជឿថា មានទំនាក់ទំនងជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​ដឹក​នាំ​ប្រទេស​។ ក្រុម​យុវជន​បាន​ទាមទារ​ឲ្យ​លោក​ កឹម​ សុខា ​ប្រឈម​នឹង​ចំណាត់​ការ​ផ្លូវ​ច្បាប់​ ចំពោះការចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវស្នេហា ​ដែល​ត្រូវ​បាន​បញ្ចេញ​តាម​ខ្សែ​អាត់​ថត​សម្លេង ដែលត្រូវបាន​បង្ហោះ​នៅលើ​បណ្តាញ​អ៊ីន​ធឺ​នេត​។

អ្នក​វិភាគ​នយោ​បាយ​ បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ និង​សូម្បី​តែ​បុគ្គ​លិក​អង្គការ​សហ​ប្រជា​ជាតិ​ ក៏​ត្រូវ​ជាប់​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​នេះ​ដែរ។ ពួកគេមួយចំនួនត្រូវ​បាន​ចោទ​ប្រកាន់ថា បាន​ពាក់​ព័ន្ធ​នឹង​ការ​បង្ខំឱ្យ​ស្រ្តី ដែល​ត្រូវបាន​គេ​សង្ស័យថា​ជាស្រីស្នេហ៍លួច​លាក់របស់​លោក កឹម សុខា ឱ្យបដិសេធ​ការចោទប្រកាន់ជា​សាធារ​ណៈ។ ជាការឆ្លើយ​តប​ លោក​ កឹម​ សុខា​ នៅ​តែ​ប្រកាន់​ទស្សនវិទ្យារបស់​លោក ​គឺ «មិន​ឆ្លើយ​ មិន​ឆ្លង​ មិន​ឈ្លោះ» ហើយសុខចិត្តប្រគល់ខ្លួនឱ្យ​តុលាការ​ ជាជាងការ​និរទេស​ខ្លួន។

ទី​ភ្នាក់​ងារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ បាន​ហៅ​ចំណាត់​ការ​នេះ​ ថា​ជា​ «ការធ្វើទុក្ខបុកម្នេញ ដែលមាន​ការលើកទឹកចិត្ត​ផ្នែក​នយោបាយ» និងបាន​ចាត់​ទុក​បណ្តឹងនេះថាជា «ដំណើរការដែល​មិនអនុលោម​ទៅតាម​ច្បាប់ឱ្យ​បាន​ត្រឹមត្រូវ»។ ទីភ្នាក់ងារនេះ​បាន​និយាយ​ថា បណ្តឹង​បរិហា​កេរ្តិ៍​លើ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ និង​ការ​ចាប់​ខ្លួន​បុគ្គលិក​សមា​គមន៍​សិទ្ធិ​មនុស្ស​អាដ​ហុក​ គឺ​ជា​ការ​រំលោភ​បំពាន​ «សិទ្ធិ​ជាសាកល​នៃ​សេរី​ភាពក្នុង​ការ​បញ្ចេញ​មតិ »។

រូប​ឯកសារ៖ លោក កឹម សុខា ជួបជុំជាមួយ​នឹង​សកម្មជន​និង​អ្នកគាំទ្រ​គណបក្សសង្រ្គោះ​ជាតិ កាល​ពីថ្ងៃទី០៦ ខែំមីនា ឆ្នាំ២០១៦ នៅខណ្ឌពោធិ័សែនជ័យ ភាគខាងលិច​ក្រុងភ្នំពេញ។ (អូន ឆេងប៉រ/VOA)
រូប​ឯកសារ៖ លោក កឹម សុខា ជួបជុំជាមួយ​នឹង​សកម្មជន​និង​អ្នកគាំទ្រ​គណបក្សសង្រ្គោះ​ជាតិ កាល​ពីថ្ងៃទី០៦ ខែំមីនា ឆ្នាំ២០១៦ នៅខណ្ឌពោធិ័សែនជ័យ ភាគខាងលិច​ក្រុងភ្នំពេញ។ (អូន ឆេងប៉រ/VOA)

អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ លោក​ ផៃ​ ស៊ី​ផាន​ បាន​អះអាង​ថា​ រាជ​រដ្ឋា​ភិបាល​បេ្តជ្ញា​អនុ​វត្ត​នីតិ​រដ្ឋ​ ហើយ​បាន​និយាយ​ថា​ ចំណាត់ការ​ថ្មីៗ​ក្នុងការជម្រុញឱ្យ​មន្រ្តីរដ្ឋាភិបាល ​ឆ្លើយ​តបភ្លាមៗទៅ​សា​ធារណ​ជន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ គឺជា​ការ​បង្ហាញ​ពី​ភាព​ប្រសើរ​ឡើង​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ។

លោក​បាន​បន្ត​ថា​៖ «ការពង្រឹងរវាងការប្រើប្រាស់សិទ្ធិ និង​ការគ្រប់គ្រងសិទ្ធិដោយអាជ្ញាធរ ត្រូវតែ​ឆ្លើយឆ្លងគ្នា​នៅក្នុង​សង្គមប្រជាធិបតេយ្យ។»

ប៉ុន្តែ​ អ្នក​ស្រី​ ចក់​ សុភាព​ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ យល់​ឃើញ​ថា​ ចំណាត់​ការ​ថ្មីៗ​របស់រដ្ឋា​ភិបាល​ បាន​ធ្វើ​ឲ្យ​ស្ថាន​ភាព​នយោ​បាយ​មាន«ភាពតានតឹង»។ អ្នក​ស្រី​បាន​បន្ថែម​ថា​ «វាជាសញ្ញាគម្រាមកំហែងដល់អង្គការសង្គមស៊ីវិលផ្សេងៗទៀត ដែលបាន​បំពេញតួនាទី​ស្រដៀង​គ្នា​ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស»។

អ្នក​ស្រី​ ចក់​ សុភាព​ កត់​សម្គាល់​ថា​ មន្រ្តីរដ្ឋាភិបាល​បាន​ចំណាយ​ពេល​វេលា​ដ៏ច្រើន​សន្ធឹក​សន្ធាប់​ធ្វើការទៅលើ​រឿង​អាស្រូវ​ផ្លូវ​ភេទ​ និង​ការ​បង្ក្រាប​ជាបន្តបន្ទាប់។ អ្នក​ស្រី​ បាន​បន្ថែម​ថា ​រដ្ឋាភិបាល​ និង​ក្រុម​អង្គការសង្គម​ស៊ីវិល​ ហាក់​បីដូច​ជា​និយាយ​ភាសា​ពីរផ្សេង​គ្នា​ និង​បក​ស្រាយ​អត្ថន័យនៃ​នីតិរដ្ឋ និង​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ខុសគ្នា​។

អ្នក​ស្រី​ បាន​បន្ត​ថា «គ្មាន​នរណា​ប្រឆាំង​នឹង​អ្វី​ដែល​រដ្ឋា​ភិបាលហៅ​ថា​សន្តិ​ភាព​ និងការអភិ​វឌ្ឍ​ទេ។​ តាម​ពិត សង្គម​ស៊ីវិល​កំពុង​ចូល​រួមជា​មួយ​រដ្ឋា​ភិបាល​ក្នុង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​វិញ​ទេ»៕

XS
SM
MD
LG